បញ្ហា​របស់​ស្ត្រី​ខ្មែរ​មួយ​ចំនួន​និង​វិធានការ​ដោះស្រាយ

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ស្រ្តី​ខ្មែរ​បច្ចុប្បន្ន​ទទួល​បាន​សិទ្ធិ​សេរីភាព​ពេញលេញ និង​យល់​ច្បាស់​អំពី​សារសំខាន់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ​ជាមួយ​ដៃគូ​បុរស។
ដោយ ម៉ៅ សុធានី
2012.03.08
បុរី​កីឡា ៣០៥ ១២-មករា-២០១២៖ អ្នក​ភូមិ​បុរី​កីឡា​ដែល​ជាប់​ឃុំ​នៅ​ក្នុង​មជ្ឈមណ្ឌល​សង្គមកិច្ច​រាជធានី​ភ្នំពេញ នា​ខណ្ឌ​ដង្កោ។
RFA/Uon Chhin

អ្នកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋ​សភា ព្រឹទ្ធ​សភា និង​អធិការកិច្ច បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​យក​ចិត្ត​ទុក​ដាក់ និង​ពង្រឹង​តួនាទី​ស្ត្រី​ដឹកនាំ​ឲ្យ​មាន​ចំនួន​កាន់​តែ​ច្រើន ទាំង​នៅ​កម្រិត​ថ្នាក់​ជាតិ និង​មូលដ្ឋាន។

អ្នកស្រី ម៉ែន សំអន៖ «បញ្ហា​ពី​រឿង​សិទ្ធិ​នោះ យើង​មាន​ក្នុង​ច្បាប់​តាក់តែង​ហើយ ហើយ​ទទួល​បាន​សិទ្ធិ​ពេញ​លេញ​ដែរ ក្នុង​ការ​ធ្វើ​ការងារ​ការ​រៀន​សូត្រ ការ​ទទួល​សេដ្ឋកិច្ច​ពី​គ្រួសារ មាន​សិទ្ធិ​គ្រប់គ្រាន់ និយាយ​រួម​គឺ​យើង​មាន​សិទ្ធិ​ជា​យូរ​ឆ្នាំ​មក​ហើយ មិន​មែន​តែ​ឆ្នាំ​នេះ​ទេ ដោយសារ​រាជ​រដ្ឋាភិបាល​យើង​បាន​ផ្ដល់​ឱកាស ដូច​នេះ​គាត់​បាន​ឆក់​ឱកាស​នេះ​ឲ្យ​គាត់​មាន​សមត្ថភាព​ដើម្បី​គេ​បាន​ទទួល​ស្គាល់...»

ក៏​ប៉ុន្តែ​ទាំង​មន្ត្រី​សង្គម​ស៊ីវិល​ជាតិ និង​គណបក្ស​ប្រឆាំង​មួយ​ចំនួន​បាន​អះអាង​ថា ទោះ​បី​ជា​រដ្ឋធម្មនុញ្ញ​បាន​ចែង​ច្បាស់លាស់​អំពី​សិទ្ធិ​សេរីភាព​ស្មើ​គ្នា​រវាង​ស្ត្រី​បុរស​ក៏ដោយ ប៉ុន្តែ​ការ​រស់​នៅ​ជាក់​ស្ដែង​ក្នុង​សង្គម​បច្ចុប្បន្ន ស្ត្រី​និង​យុវតី​ខ្មែរ​ជួប​បញ្ហា​ច្រើន​ណាស់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​សេរីភាព ដូច​ជា​ការ​ជួញដូរ​ផ្លូវ​ភេទ អំពើ​ហិង្សា​ក្នុង​គ្រួសារ ភាព​ក្រីក្រ ការ​រើសអើង​ជាដើម។

អ្នកស្រី​វេជ្ជបណ្ឌិត លី ស្រីវីណា តំណាងរាស្ត្រ​នៃ​គណបក្ស សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ទោះ​បី​ជា​មាន​ស្ត្រី​ខ្មែរ​ជា​ច្រើន​បាន​ចូល​រួម​អបអរ​សាទរ​ទិវា​នារី​អន្តរជាតិ​រៀងរាល់​ឆ្នាំ​ក៏​ពិត​មែន តែ​នេះ​គ្រាន់​តែ​ជា​រូបភាព​ខាង​ក្រៅ​ប៉ុណ្ណោះ៖ «ស្ត្រី​ខ្មែរ​មើល​ទៅ​ដូច​ជា​មាន​សិទ្ធិ​អ៊ីចឹង ប៉ុន្តែ​ការ​ពិត​ជា​សិទ្ធិ​ក្លែងក្លាយ​ទេ។ អ្វី​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ខ្មែរ​លំបាក​ជាង​គេ​នោះ គឺ​ទី​១ ការ​ខ្វះខាត​សេវា​ពេទ្យ។ ពេល​គាត់​ឈឺ ឬ កូន​ឈឺ ស្ត្រី​ខ្មែរ​ត្រូវ​រែក​ពុន​ការ​លំបាក​ទាំង​អស់​នេះ ត្រូវ​ខ្ចី​បុល​គេ។ ទី​២ បញ្ហា​លំបាក​ទី​២ គឺ​ការ​ខ្វះខាត​សេវា​អប់រំ។ ខ្លួន​គាត់​ខ្លះ​អត់​មាន​ការ​អប់រំ​នាំ​ឲ្យ​កូន​ចៅ​របស់​គាត់​មិន​បាន​សិក្សា​ខ្ពង់ខ្ពស់​ទេ ហើយ​ម្យ៉ាង​ទៀត ដែល​យើង​ខំ​ធ្វើ​អ៊ឹកធឹក​នេះ គឺ​ដើម្បី​លួង​ចិត្ត​ប៉ុណ្ណោះ។ នេះ​យើង​មិន​គិត​ដល់​ការ​បំផ្លាញ​ផ្ទះសម្បែង​ពួក​គាត់ ហើយ​មាន​ខ្លះ​ស្ត្រី​ត្រូវ​គេ​ចាប់​ដាក់​គុក​ទៀត​ក៏​មាន​ដែរ»

ប្រទេស​កម្ពុជា មាន​ប្រជាពលរដ្ឋ​ជាង ១៤​លាន​នាក់។ ក្នុង​នោះ ៥២% ជា​ស្ត្រី​ភេទ ដែល​ភាគ​ច្រើន​ជា​ស្ត្រី​មេម៉ាយ និង​មាន​ជីវភាព​រស់​នៅ​ទីទ័លក្រ។

របាយការណ៍​ឆ្នាំ​២០១១ របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) បាន​បង្ហាញ​ថា ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន គឺ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដែល​កត្តា​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​កាន់​តែ​កើន​ច្រើន​ឡើង​របស់​ប្រជាពលរដ្ឋ ភាគ​ច្រើន​ជា​ស្ត្រី​ភេទ និង​សហគមន៍​របស់​គេ ដូច​ជា​នៅ​តំបន់​បឹងកក់ និង​បុរី​កីឡា​ជាដើម។

ស្ត្រី​ម្នាក់​ឈ្មោះ ប្រាក់ សុផា កំពុង​ព​កូន​តូច​នៅ​នឹង​ដៃ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំបន់​បុរី​កីឡា បាន​និយាយ​ត្អូញត្អែរ​ថា ពួកគាត់​មក​តស៊ូ​រស់​នៅ​ជិត​គំនរ​សំរាម​នេះ ពីព្រោះ​ក្រីក្រ​ពុំ​មាន​ប្រាក់​រាប់​ពាន់​ដុល្លារ​បង់​ឲ្យ​ទៅ​សហគមន៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​ថ្នូរ​នឹង​ការ​បាន​ទៅ​រស់​នៅ​ក្នុង​អគារ ដែល​ក្រុមហ៊ុន​កំពុង​សាងសង់។

ស្ត្រី ប្រាក់ សុផា៖ «តាំង​ពី​គេ​រុះ​ផ្ទះ​តាំង​ពី​ថ្ងៃ​៣ មករា មក វេទនា​ណាស់! គ្មាន​កន្លែង​ដេក​កន្លែង​ពួន​ទាំង​អស់​ហ្នឹង។ ឥឡូវ​ត្រង់​កូន​ត្រង់​ចៅ​នៅ​វេទនា​នៅ​មួយ​គ្រែ​ហ្នឹង សុំ​គេ​ខាង​ក្រុមហ៊ុន​គេ​មក​ចាប់​ទៀត។ ឃើញ​ស្រាប់​ហើយ​កន្លែង​នេះ​ធុង​សំរាម​សុទ្ធ ខ្ញុំ​សុខ​ចិត្ត​វេទនា​រស់​នៅ កូន​ផង​ចៅ​ផង​ទើប​តែ​ប៉ុណ្ណឹង​គ្មាន​កន្លែង​ទេ សូម្បី​តែ​គេ​ដើរ​ជិត​ក៏​គេ​ខ្ពើម​ដែរ...»

ពាក់ព័ន្ធ​នឹង​ចំនួន​បុរស​ស្ត្រី​ចូល​រួម​កាន់​តែ​ច្រើន​ឡើងៗ នាំ​គ្នា​ប្រារព្ធ​អបអរ​សាទរ​នារី​អន្តរជាតិ ៨ មីនា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នេះ។

អ្នកស្រី ធីតា ឃិះ នាយិកា​អង្គការ​សីលការ និង​ជា​អគ្គលេខាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ បាន​មាន​ប្រសាសន៍​ថា ជា​ការ​ប្រសើរ​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ រាជ​រដ្ឋាភិបាល​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​ស្ត្រី​ខ្មែរ​នៅ​កម្ពុជា​នេះ។

អ្នកស្រី ធីតា ឃិះ៖ «ភាគ​ច្រើន​គឺ​ស្ត្រី​មាន​បន្ទុក​ធ្ងន់​ក្នុង​ការ​គ្រប់គ្រង និង​គាំទ្រ​ទៅ​ដល់​គ្រួសារ គឺ​ត្រូវ​រក​ស៊ី​ចិញ្ចឹម​កូន​ចៅ។ កត្តា​មួយ​ទៀត​ស្ត្រី​ពុំ​បាន​ទទួល​ការ​អប់រំ​បាន​ច្រើន ចង់​ឲ្យ​កូន​រៀន​ដែរ តែ​ពុំ​មាន​លទ្ធភាព ហើយ​កូនៗ​ត្រូវ​រត់​ចោល​សាលា​ច្រើន។ ដូច​នេះ​ស្ត្រី​ភាគ​ច្រើន​មក​រក​ការងារ​កាត់​ដេរ និង​ខ្លះ​ទៅ​ធ្វើ​ការ​នៅ​ស្រុក​គេ ធ្វើ​ឲ្យ​នារី​របស់​យើង​រង​គ្រោះ​ច្រើន។ មាន​ន័យ​ថា ទទួល​អំពើ​ហិង្សា ត្រូវ​គេ​រំលោភ​បំពាន និង​ទទួល​ការងារ​ពុំ​សមស្រប។ យើង​ដឹង​ហើយ​ថា តម្លៃ​ម្ហូប​អាហារ​ឡើង​ថ្លៃ​ខ្ពស់ ហើយ​ប្រាក់​ខែ​គ្នា​តិច ការ​ហូប​ចុក​ត្បិតត្បៀត ដើម្បី​សន្សំ​លុយ​ផ្ញើ​ទៅ​ឲ្យ​ឪពុក​ម្តាយ តើ​ប៉ះពាល់​ដល់​សុខភាព​គ្នា​ប៉ុណ្ណា?»

ស្ថានភាព​រស់​នៅ​ទីទ័លក្រ និង​ពុំ​មាន​ដី​ស្រែ​ចំការ​គ្រប់គ្រាន់​បង្កបង្កើន​ផល កូន​ស្រី​ជា​ច្រើន​ដែល​រស់​នៅ​តាម​តំបន់​ជនបទ​ត្រូវ​ឈប់​រៀន ដើម្បី​រក​ការងារ​ធ្វើ​នៅ​រោងចក្រ រក​ប្រាក់​ចិញ្ចឹម​គ្រួសារ ដែល​ខ្លះ​មាន​សមាជិក​ច្រើន​ក្នុង​បន្ទុក។ បច្ចុប្បន្ន​ប្រទេស​កម្ពុជា មាន​កម្មករ​ធ្វើ​ការ​ក្នុង​រោងចក្រ​ជិត ៥០​ម៉ឺន​នាក់ ដែល​ជាង ៩០% គឺ​ជា​ស្ត្រី​ភេទ។

ក្រៅ​ពី​ការងារ​ក្នុង​រោងចក្រ ក៏​មាន​ស្ត្រី​ខ្មែរ​រាប់​សែន​នាក់​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​ជា​កម្មការិនី​នៅ​ប្រទេស​ក្រៅ រួម​មាន​ថៃ វៀតណាម ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី ជាដើម។

ស្ថិតិ​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​មាន​ពលការិនី​ខ្មែរ​ជាង ៣​ម៉ឺន​នាក់ ធ្វើ​ការ​ជា​ស្ត្រី​បម្រើ​ក្នុង​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី។ របាយការណ៍​ជា​ច្រើន​របស់​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា ពលការិនី​ភាគ​ច្រើន​ត្រូវ​រង​ការ​វាយ​ដំ​ធ្ងន់ធ្ងរ​ពី​ថៅកែ​ម្ចាស់​ផ្ទះ បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់ យូរ​ម៉ោង​ពុំ​មាន​ពេល​ឈប់​សម្រាក និង​មាន​ករណី​ខ្លះ​ត្រូវ​រង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ និង​ជួញដូរ​ជាដើម។

នាយិកា​អង្គការ​សីលការ អ្នកស្រី ធីតា ឃិះ បន្ត​ថា សង្គម​ស៊ីវិល​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​សុខុមាលភាព​របស់​ស្ត្រី និង​ក្រុម​គ្រួសារ​របស់​គេ។ អ្នកស្រី​ថា រាជរដ្ឋាភិបាល​ត្រូវ​ពង្រឹង​គោល​នយោបាយ​ជាតិ​ច្បាស់លាស់ ដើម្បី​បង្កើត​ឲ្យ​មាន​កម្មវិធី​ជា​ច្រើន​ជួយ​ដល់​ស្ត្រី។

អ្នកស្រី ធីតា ឃិះ៖ «រឿង​នេះ​ហើយ​ដែល​យើង​ជំរុញ​ឲ្យ​មាន​ស្ត្រី​ឲ្យ​បាន​ច្រើន ដើម្បី​តាមដាន​ចូល​រួម​ធ្វើ​គោលនយោបាយ ធ្វើ​យ៉ាង​ណា​ឲ្យ​គោលនយោបាយ​ជាតិ​បម្រើ​ផល​ប្រយោជន៍​របស់​ស្ត្រី។ ការ​ផ្ដល់​អាទិភាព​លើ​កម្មវិធី​ផ្សេងៗ ដូច​ជា​អប់រំ​សុខភាព ការ​ផ្ដល់​សេវា​ផ្សេងៗ​ឲ្យ​ស្ត្រី​យើង។ ហើយ​ការងារ​ទៀត​សោត គួរ​ពិនិត្យ​មើល​តើ​ប្រាក់​ខែ​អប្បបរមា​គួរ​មាន​ប៉ុន្មាន ដើម្បី​ឲ្យ​គ្នា​រស់​បាន​ដោយ​សមរម្យ បង្កើត​ជា​សេវា​សម្រាប់​លំនៅឋាន ការ​មើល​កូន​ជា​ដើម​ដែល​ស្ត្រី​ទាំង​អស់​ត្រូវ​ការ...»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​បាន​អះអាង​ដូច​គ្នា​ថា ប្រការ​ដែល​មាន​អត្រា​ស្ត្រី​ដឹកនាំ​នៅ​តាម​មូលដ្ឋាន​ច្រើន និង​បង្កើន​កម្មវិធី​នានា​បន្ថែម​ទៀត ជា​ផល​ប្រយោជន៍​សម្រាប់​ស្ត្រី​នៅ​តាម​តំបន់​ជនបទ​នោះ ស្ថានភាព​ស្ត្រី​នឹង​អាច​បាន​ប្រសើរ​ជាង​នេះ។ ការ​សិក្សា​ស្រាវជ្រាវ​របស់​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ និង​អង្គការ​ផ្សេង​ទៀត​ កាល​ពី​ចុង​ឆ្នាំ​២០១១ បាន​រក​ឃើញ​ថា ស្ត្រី​ដឹក​នាំ​នៅ​តាម​មូលដ្ឋាន មាន​ការ​ប្រឹងប្រែង​តស៊ូ​មោះមុត ដើម្បី​ធ្វើ​ការ​សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​នានា​នៅ​ក្នុង​សហគមន៍​របស់​គេ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Mar 07, 2012 03:28 PM

ជំរាបសួរអ្នកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន៖តាម
ប្រសាសរបស់អ្នកស្រីបានឱ្យដឹងថាស្ត្រីខ្មែរសព្វថ្ងៃមានសិទ្ធ
ស្មើគ្នានឹងបុរស។ដំណឹងនេះធ្វើឱ្យខ្ញុំរំភើបណាស់ហើយនាំ
ឱ្យខ្ញុំចង់សួរអ្នកស្រីនូវសំនួរខ្លះ៖ទី១ថាតើស្រុកខ្មែរសព្វថ្ងៃ
មានប្រុសពិស្យាដែរឬទេ​?។ទី២តើសព្វថ្ងៃអ្នកស្រីអាចមាន
ប្រុសក្រៅពីប្ដីអ្នកស្រីបានឬទេ?។ទី៣តើអ្នកស្រីអាចមានប្ដី
ចុងមួយឬពីបានដែរឬទេ?។ប្រសិនជាចម្លើយទាំងអស់ថា
មិនអាចឬក៍មិនមានទេ នោះសិទ្ធស្រ្ដីនៅស្រុកយើងមិនទាន់
ស្មើគ្នានិងបុរសទេសូមកុំបំភាន់មតីជាតិនិងអន្តរជាតិអី។