កម្មករ​​៥០​នាក់​​​សន្លប់​ជា​លើក​ទី​៣​​នៅ​រោងចក្រ​​ក្នុង​ខេត្ត​កំពង់ឆ្នាំង​

កម្មការិនី​រោងចក្រ​កាត់​ដេរ អ៊ឹម​វ៉េ អន្តរជាតិ លីមីធិត (M&V INTERNATIONAL MANUFACTURING LTD.) ដែល​មាន​ទីតាំង​នៅ​ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ប្រមាណ ៥០​នាក់​បាន​ដួល​សន្លប់​ជា​លើក​ទី​៣ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ខែ​សីហា។
ដោយ មណ្ឌលកែវ
2010.08.25
កម្មករ កំពង់ឆ្នាំង ៣០៥ ២១-សីហា-២០១០: រថយន្ត​សង្គ្រោះ​បន្ទាន់ ចូល​ដឹក​កម្មករ​ដែល​សន្លប់​ចេញ​ពី​រោងចក្រ​កាត់​ដេរ អ៊ឹម​វ៉េ អន្តរ​ជាតិ លីមីធិត (M&V INTERNATIONAL MANUFACTURING LTD.) នៅ​​ក្នុង​ខែត្រ​​កំពង់ឆ្នាំង។
RFA/Mundolkeo

កម្មការិនី​ឈ្មោះ មឿន ចម្រើន បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ឯ​មុខ​រោងចក្រ​​នៅ​ពេល​ដែល​កម្មករ​រូប​នេះ​បាន​ដឹង​ខ្លួន​ឡើង​វិញ បន្ទាប់​ពី​បាន​សន្លប់​ថា គាត់​បាន​ចូល​ធ្វើការ​នៅ​ម៉ោង ៧:៣០​នាទី​ព្រឹក​ដូច​ធម្មតា ស្រាប់​តែ​ដល់​ម៉ោង​ប្រមាណ​ជាង ១០ គាត់​ចាប់​ផ្ដើម​ទទួល​អារម្មណ៍​ថប់​ដង្ហើម ៖ «អត់​មាន​គិត​អី​ទេ។ តែ​ចាប់​ផ្តើម​ឡើង​ណែន​ទ្រូង ថប់​ដង្ហើម និង​ត្រជាក់​ចុង​ដៃ​ចុង​ជើង​តែម្តង»

ឯ​កម្មការិនី​ម្នាក់​ទៀត​ដែល​បាន​ដឹង​ខ្លួន​នៅ​ឯ​មន្ទីរពេទ្យ​ខេត្ត ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «ខ្ញុំ​ភ័យ​ហើយ​ណែន​ទ្រូង ថប់​ដង្ហើម ត្រជាក់​ស្ពឹក​អស់​ទាំង​ខ្លួន»

កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី​២០ ខែ​សីហា កម្មករ​ជាង ២០០​នាក់​បាន​ដួល​សន្លប់​បន្ទាប់​ពី​មាន​ហេតុការណ៍​ទុស្សេ​ខ្សែ​ភ្លើង និង​ផ្ទុះ​ម៉ូទ័រ​មួយ​ក្នុង​អគារ​ទី​៥។ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​សៅរ៍ ទី​២១ ខែ​សីហា កម្មករ​ចំនួន ១៦៥​នាក់​ថែម​ទៀត បាន​ដួល​សន្លប់​នៅ​ក្នុង​រោងចក្រ​នេះ​ទៀត ដោយ​ពុំ​ដឹង​ពី​មូលហេតុ។ ក្រោយ​ព្រឹត្តិការណ៍​នេះ គណៈកម្មការ​ចម្រុះ​ថ្នាក់​ខេត្ត​បាន​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​ដោយ​បាន​បញ្ជាក់​ថា ពុំ​មាន​បញ្ហា​ទាំង​ផ្នែក​វេជ្ជសាស្ត្រ និង​បរិស្ថាន​នោះ​ទេ។ បន្ទាប់​ពី​ឲ្យ​កម្មករ​សម្រាក ៣​ថ្ងៃ នៅ​ថ្ងៃ​អង្គារ ទី​២៤ ខែ​សីហា ពេល​កម្មករ​ចូល​ដល់​បន្ទប់​ធ្វើការ និង​ទើប​តែ​ចាប់​ផ្ដើម​ការងារ​បាន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ព្រឹត្តិការណ៍​ដដែល​បាន​កើត​ឡើង​ជា​លើក​ទី​៣ ដោយ​មាន​កម្មករ​ប្រមាណ ៥០​បាន​ដួល​សន្លប់​ទៀត។

បណ្ដា​ផ្នែក​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កំពង់ឆ្នាំង បាន​សម្ដែង​ការ​ងឿង​ឆ្ងល់​ចំពោះ​ឧប្បត្តិហេតុ​សន្លប់​នៃ​កម្មករ។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ប្រាក់ វ៉ុន មាន​ប្រសាសន៍​ថា ការ​ពិនិត្យ​ឈាម​កម្មការិនី​ចំនួន ៥​នាក់ ដែល​បាន​សន្លប់ និង​ដឹក​មក​ដល់​មន្ទីរពេទ្យ​មុន​គេ​នោះ លទ្ធផល​បង្ហាញ​ថា ៖ «យើង​ពិបាក​ធ្វើការ​សន្និដ្ឋាន ព្រោះ​បូម​ឈាម​មើល​ទៅ​វា​មាន​តែ​ម្នាក់​ទេ​ដែល​ខ្វះ​ជាតិ​ស្ករ ក្រៅ​ពី​នោះ​ធម្មតា​ទាំង​អស់។ មិន​មាន​សារធាតុ​ពុល​អ្វី​ទេ»

អនុ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ពៅ ប៊ុនថុន អះអាង​ចំពោះ​បញ្ហា​បរិស្ថាន​សម្រាប់​រោងចក្រ អ៊ឹមវ៉េ ថា ស្ថិត​ក្នុង​និយាម​ដែល​អាច​ទទួល​យក​បាន​លើ​ផ្នែក​បរិស្ថាន ដោយ​មាន​ខ្យល់​អាកាស​ចេញ​ចូល​គ្រប់គ្រាន់ ៖ «ផ្នែក​បរិស្ថាន​រោងចក្រ គឺ​មាន​លក្ខណៈ​ស្តង់ដារ មាន​ខ្យល់​ចេញ​ចូល​គ្រប់គ្រាន់»

យ៉ាង​ណា​ក៏ដោយ ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា គឺ​លោក ជា មុនី បាន​ចាត់​ទុក​ថា ការ​ដួល​សន្លប់​របស់​កម្មករ-​កម្មការិនី​រោងចក្រ អ៊ឹមវ៉េ គឺ​បណ្ដាល​មក​ពី​កត្តា​បរិស្ថាន។

លោក ជា មុនី មាន​ប្រសាសន៍​ថា ៖ «រោងចក្រ​នេះ​ខ្យល់​ចេញ​ចូល​មិន​គ្រប់គ្រាន់ ហើយ​ការ​សម្អាត​ក្លិន​ឈួល​នៃ​ការ​ទុស្សេ​ខ្សែ​ភ្លើង​មិន​ទាន់​បាត់​នៅ​ឡើយ គួប​ផ្សំ​នឹង​កម្លាំង​កម្មករ​មិន​ទាន់​ស្ការ​ឡើង​វិញ​គ្រប់គ្រាន់​បន្ទាប់​ពី​សន្លប់​ពេល​កន្លង​ទៅ ទើប​បណ្ដាល​ឲ្យ​កម្មករ​សន្លប់​យ៉ាង​ដូច្នេះ»

លោក ជា មុនី សំណូមពរ​ឲ្យ​ភាគី​រោងចក្រ​ត្រូវ​កែ​លម្អ​បញ្ហា​បរិស្ថាន​ឡើង​វិញ និង​គួរ​អនុញ្ញាត​ឲ្យ​កម្មករ​សម្រាក​ដោយ​ពុំ​កាត់​ប្រាក់​ខែ និង​ប្រាក់​បន្ថែម​ផ្សេងៗ រហូត​កម្មករ​ទាំង​នោះ​មាន​កម្លាំង​ធម្មតា​ឡើង​វិញ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។