កម្មករ​​​នៅ​ខណ្ឌ​មានជ័យ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​តំណាង​ចូល​ធ្វើការ​វិញ

ក្រុម​កម្មករ​រោងចក្រ​ថាហ្គេត ស៊ូ ជាង​១​ពាន់​នាក់ ស្ថិត​នៅ​ក្នុង​ខណ្ឌ​មានជ័យ ក្រុង​ភ្នំពេញ បាន​បន្ត​ធ្វើ​បាតុកម្ម​តាំង​ពី​ថ្ងៃ​៨ រហូត​ដល់​ថ្ងៃ​១៤ មករា ឆ្នាំ​២០១០​នេះ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​អនុញ្ញាត​ឲ្យ​តំណាង​កម្មករ​៣​នាក់​ដែល​ថៅកែ​រោងចក្រ​បាន​បញ្ឈប់​នោះ​បាន​ចូល​ធ្វើ​ការ​វិញ។
ដោយ មុំ សុផុន
2010-01-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​មួយ​នា​ទីក្រុង​ភ្នំពេញ​ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ ១ ឧសភា ២០០៩។
កម្មករ​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​មួយ​នា​ទីក្រុង​ភ្នំពេញ​ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ ១ ឧសភា ២០០៩។
RFA Photo

លោក ស្វាយ ផនស៊ីថា ជា​បុគ្គលិក​បក​ប្រែ​ភាសា​នៅ​ក្នុង​រោងចក្រ​ដែល​ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​និយាយ​ឲ្យ​ដឹង​ថា ការ​បញ្ឈប់​របស់​ថៅកែ​រោងចក្រ​នោះ គឺ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ឡើយ។ ការ​បញ្ឈប់​គឺ​ដោយសារ​តែ​ពួកគាត់​ទាំង​បី​នាក់​បាន​នាំ​គ្នា​បង្កើត​សហជីព​ដើម្បី​ការពារ​ផល​ប្រយោជន៍​ឲ្យ​កម្មករ​នោះ។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ដើម្បី​សិទ្ធិ​កម្មករ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ថៅកែ​រោងចក្រ​បាន​បញ្ឈប់​តំណាង​កម្មករ​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​បង្កើត​សហជីព​នៅ​ក្នុង​រោងចក្រ ៖ «រហូត​ដល់​ថ្ងៃ​នេះ​ក្រុមហ៊ុន​មិន​មាន​ដំណោះស្រាយ ប៉ុន្តែ​គោលជំហរ​ខាង​បង​ប្អូន​កម្មករ​យើង​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​លុះត្រា​ណា​តែ​ក្រុមហ៊ុន​រក​ដំណោះ​ស្រាយ​មួយ​ដ៏​សមស្រប បាន​ន័យ​ថា លុះត្រា​តែ​គាត់​ទទួល​យក​ថ្នាក់​ដឹកនាំ​ទាំង​៣​នាក់​ឲ្យ​ចូល​ធ្វើ​ការ​វិញ ហើយ​និង​គាត់​ព្រម​ក្នុង​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ដែល​បង​ប្អូន​ទាមទារ​មាន​សរុប​ទាំង​អស់​៣០​ចំណុច»

ក្រុម​កម្មករ​ដែល​នៅ​បន្ត​ធ្វើ​បាតុកម្ម​ទាំង​នោះ​នៅ​តែ​ទន្ទឹង​រង់ចាំ​រក​ដំណោះ​ស្រាយ​ពី​ថៅកែ​រោងចក្រ ប៉ុន្តែ​កិច្ច​ទន្ទឹង​រង់ចាំ​នោះ​ស្ថិត​នៅ​ការ​ចរចា​នៅ​ឡើយ។

តំណាង​រោងចក្រ​ថាហ្គេត ស៊ូ វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទំនាក់​ទំនង​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា​នេះ។

ក្រុម​កម្មករ​បាន​ថ្លែង​ទៀត​ដែរ​ថា គេ​ឃើញ​អភិបាល​រង​ខណ្ឌ​មានជ័យ ចូល​រួម​ចរចា​រក​ដំណោះ​ស្រាយ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​លទ្ធផល​នៅ​ឡើយ​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​មករា​នេះ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

very good job! Keepup the fight!

Jan 14, 2010 07:06 PM

គេហទំព័រ​ទាំងមូល