កម្មករ​រោងចក្រ​ជាង​៣០០​នាក់​នៅ​ឫស្សីកែវ​ធ្វើ​កូដកម្ម

កម្មករ​រោងចក្រ សេង យ៉ុង នៅ​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ប្រមាណ ៣០០​នាក់​បាន​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ នៅ​ថ្ងៃ​ទី​១៩ ឧសភា ដោយ​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ទទួល​យក​តំណាង​កម្មករ និង​កម្មករ​មួយ​ចំនួន​ចូល​ធ្វើ​ការ​វិញ។
ដោយ ទីន ហ្សាការីយ៉ា
2010-05-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រោងចក្រ​កាត់ដេរ​និង​កម្មករ​និយោជិត​ពី​វិស័យ​ផ្សេងៗ​ទៀត​ជា​ច្រើន​ពាន់​នាក់​ដើរ​ដង្ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​ភ្នំពេញ​ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ២០០៩។
កម្មករ​រោងចក្រ​កាត់ដេរ​និង​កម្មករ​និយោជិត​ពី​វិស័យ​ផ្សេងៗ​ទៀត​ជា​ច្រើន​ពាន់​នាក់​ដើរ​ដង្ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​ភ្នំពេញ​ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ២០០៩។
RFA Photo/Uon Chhin

ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​រោងចក្រ​កាត់ដេរ សេង យ៉ុង នេះ នៅ​បន្ទាប់​ពី​ថៅកែ​បាន​បញ្ឈប់​ប្រធាន​សហព័ន្ធ​សហជីព​និយោជិក ២​រូប និង​កម្មករ​ចំនួន ១៨​នាក់​ផ្សេង​ទៀត កាល​ពី​ពេល​ថ្មី​ៗ​នេះ។

ប្រធាន​សហព័ន្ធ​សហជីព​លើក​តម្កើង​ជីវភាព​និយោជិក​ខ្មែរ និង​ជា​សមាជិក​គណៈកម្មការ​នាយក​សហព័ន្ធ​សហភាព​ជាតិ​កម្ពុជា ដែល​បាន​ចូលរួម​ធ្វើ​អន្តរាគមន៍ បាន​មាន​ប្រសាសន៍​ថា គោលបំណង​នៃ​ការ​ធ្វើ​កូដកម្ម គឺ​ទាមទារ​ចំនួន​៣ ទី​១ សុំ​ឲ្យ​ថៅកែ​ទទួល​យក​ប្រធាន​សហជីព ២​រូប និង​កម្មករ ១៨​នាក់​ឲ្យ​ចូល​ធ្វើ​ការ​វិញ ទី​២ សុំ​ឲ្យ​ប្ដូរ​ម៉ោង​ធ្វើ​ការ សុំ​ធ្វើ​ការ​ចូល​ម៉ោង ៧​ព្រឹក ចេញ​ម៉ោង ៤​ល្ងាច និង​ទី​៣ សុំ​ឲ្យ​រោងចក្រ​រៀបចំ​បោះឆ្នោត​រើស​តំណាង​កម្មករ​ឡើង​វិញ ៖ «លក្ខណៈ​រើសអើង​សហជីព​អ៊ីចឹង​ណា៎! ព្រោះ​សហជីព​ពី​មុន​គាត់​អត់​សូវ​ដោះស្រាយ​ឲ្យ​កម្មករ​ទេ ដល់​ពេល​សហជីព​ថ្មី​ចូល​ទៅ គាត់​ទៅ​តវ៉ា​ឲ្យ​កម្មករ ចាប់ផ្ដើម​មាន​បញ្ហា។ ដល់​ពេល​មួយ​រយៈ​ក្រោយ​មក គាត់​មាន​គំនិត​ខូច ហើយ​ដក​ថ្នាក់​ដឹកនាំ​សហជីព​ហ្នឹង»

ក្រុម​កម្មករ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​នឹង​ចូល​ធ្វើ​ការ​វិញ នៅ​ពេល​ណា​ថៅកែ​ទទួល​យក​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិក ឈ្មោះ កន កឿន និង​ឈ្មោះ ស្រ៊ុន គឹមហ៊ាន ព្រម​ទាំង​កម្មករ​ចំនួន ១៨​នាក់​ផ្សេង​ទៀត ឲ្យ​ចូល​ធ្វើ​ការ​ដូច​ដើម​វិញ ៖ «បញ្ឈប់​កិច្ច​សន្យា​ការងារ អ៊ីចឹង​ពួក​ខ្ញុំ​ចង់​ឲ្យ​ពួក​គាត់​មាន​ការងារ​ធ្វើ ខ្ញុំ​ចង់​ឲ្យ​បន្ត​ឲ្យ​ពួក​គាត់​មាន​ការងារ​ធ្វើ​ទាំង​អស់​គ្នា។ រាល់​ការ​ចរចា​របស់​ខ្ញុំ​ទាំង​ប៉ុន្មាន​គេ​អត់​ដែល​យក​ទៅ​គិត ...អត់​ដែល​ខ្វល់​ទេ! រហូត​ដល់​គេ​សួរ​ថា អ្នក​ឯង​ចង់​ឡើង​ទៅ​ដល់​ក្រសួង​ទៀត ក៏​បាន​ដែរ អត់​បញ្ហា! ហាក់​ដូច​ជា​គេ​មាន​បង្អែក​មួយ​យ៉ាង​ធំ​នៅ​ពី​ក្រោយ​ស្រាប់»

តំណាង​រោងចក្រ​កាត់​ដេរ សេង យ៉ុង លោក ឈឹម ឡា បាន​អះអាង​ថា ការ​បញ្ឈប់​កម្មករ​នេះ ដោយសារ​តែ​មិន​មាន​ការងារ​ឲ្យ​ធ្វើ ពីព្រោះ​ការ​បញ្ជា​ទិញ​ពី​ខាង​ក្រៅ​មិន​សូវ​មាន និង​មួយ​ទៀត​អ្នក​ទាំង​នោះ​ចប់​កិច្ច​សន្យា​ការងារ ហើយ​ខាង​រោងចក្រ​បាន​ធ្វើ​លិខិត​ជូន​ទៅ​ក្រសួង​ការងារ​ហើយ​ដែរ។

លោក ឈឹម ឡា បាន​បញ្ជាក់​ថា ៖ «វា​អត់​សូវ​មាន​អី​ធ្វើ​ហ្នឹង ដោយសារ Buyer បញ្ជា​ទំនិញ​ហ្នឹង​វា​អត់​សូវ​មាន, ទី​២ កិច្ច​សន្យា​ការងារ​ដល់​កំណត់ ម្ល៉ោះ​ហើយ​ក្រុមហ៊ុន​នឹង​បញ្ឈប់​បុគ្គលិក​ណា​ដែល​ដល់​កំណត់​ហ្នឹង គឺ​ឈប់​សិន ហើយ​ដល់​ពេល​ណា​ដែល​មាន​ការងារ​ធ្វើ​វិញ នឹង​ហៅ​ចូល​មក​វិញ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក ព្រំ វាសនា អនុ​ប្រធាន​ការិយាល័យ​វិវាទ​ការងារ នាយកដ្ឋាន​ការងារ​នៃ​ក្រសួង​ការងារ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ឧសភា ដែល​លោក​បាន​ទៅ​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ​ដែរ​នោះ។

កម្មករ​រោងចក្រ សេង យ៉ុង បាន​ធ្វើ​កូដកម្ម​តាំង​ពី​ថ្ងៃ​ទី​១៨ ឧសភា​កន្លង​មក ហើយ​ពួក​គាត់​បាន​លើក​ឡើង​ថា ពួក​គាត់​នឹង​បន្ត​ធ្វើ​កូដកម្ម​ទៀត​រហូត​ដល់​មាន​ដំណោះស្រាយ​សមរម្យ ទើប​ចូល​ធ្វើ​ការ​ដូច​ដើម​វិញ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល