សិក្ខាសាលា​ស្ដីពី​អភិបាល​កិច្ច​ល្អ​ខាង​វិស័យ​ឧស្សាហកម្ម រ៉ែ ប្រេង និង​ឧស្ម័ន

តំណាង​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល មក​ពី​ប្រទេស ១៥ បាន​ជួប​ប្រជុំ​គ្នា​ក្នុង​សិក្ខាសាលា​មួយ ក្នុង​គោលដៅ​ស្វែងរក​យុទ្ធសាស្ត្រ​រួម​គ្នា និង​សហការ​គ្នា ស្ដីពី​អភិបាលកិច្ច​ល្អ​ខាង​វិស័យ​ឧស្សាហកម្ម រ៉ែ ប្រេង និង​ឧស្ម័ន ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។
ដោយ សេក បណ្ឌិត
2010-03-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អ្នក​ជំនាញ​សិក្សា​ពី​ធនធាន​រ៉ែ​នៅ​ក្រោម​ដី​បាន​បង្ហាញ​តាមរយៈ​សិក្ខាសាលា​មួយ​នៅ​ភ្នំពេញ ស្ដីពី​អភិបាល​កិច្ច​ល្អ​នៃ​ឧស្សាហកម្ម​និស្សារណកម្ម ឬ​ធនធាន​រ៉ែ ប្រេង និង​ឧស្ម័ន ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ នៅ​ថ្ងៃ​ទី​៣០ មីនា​នេះ ថា កម្ពុជា​មាន​សក្ដានុពល​ខាង​ធនធាន​រ៉ែ ប្រេង និង​ឧស្ម័ន​ច្រើន​គួរសម ប៉ុន្តែ​ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​អាច​ទាញ​យក​ផល​បាន​នៅ​ឡើយ។ ទន្ទឹម​នឹង​នេះ ប្រទេស​កម្ពុជា​ក៏​នៅ​ខ្វះខាត​ធនធាន​មនុស្ស​ក្នុង​ការ​គ្រប់គ្រង​ធនធាន​រ៉ែ​នេះ​ឲ្យ​បាន​ពេញលេញ​ដែរ។

នាយក​អង្គការ អុកស្វាម អាមេរិកាំង ប្រចាំ​តំបន់​អាស៊ី​ខាង​កើត លោក ប្រាយអ៊ិន ឡុន ឲ្យ​ដឹង​ថា មាន​សក្ដានុពល​ដ៏​ច្បាស់​មួយ ដែល​ថា ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ធនធាន​ប្រេង ឧស្ម័ន និង​ធនធាន​រ៉ែ​ផ្សេង​ៗ​ទៀត អាច​ឲ្យ​ប្រជាពលរដ្ឋ​រួច​ផុត​ពី​ភាព​ក្រីក្រ។ ប៉ុន្តែ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ បញ្ហា​អភិបាល​កិច្ច​ល្អ ទាំង​កម្រិត​ថ្នាក់​ជាតិ និង​តំបន់ ត្រូវតែ​លើក​យក​មក​ដោះស្រាយ។

លោក​បាន​ពន្យល់​ទៀត​ថា កិច្ចការ​ដែល​ចម្បង​ដែល​គេ​ត្រូវ​ធ្វើ គឺ​ការ​កសាង​សមត្ថភាព​ស្ថាប័ន និង​ក្រសួង​ពាក់ព័ន្ធ​សំខាន់​ៗ បរិយាកាស​ផ្នែក​ច្បាប់ និង​បទដ្ឋាន​នានា ក្នុង​ការ​គ្រប់គ្រង​ឧស្សាហកម្ម ធនធាន​រ៉ែ ប្រេង និង​ឧស្ម័ន គ្រប់​ដំណាក់កាល រាប់​ទាំង​ការ​ទាញ​យក​ធនធាន​ពី​ធម្មជាតិ រហូត​ដល់​ការ​ប្រមូល​ប្រាក់​ចំណូល និង​ការ​ចាយវាយ​ប្រាក់​ចំណូល​ត្រូវ​មាន​តម្លាភាព។

លោក ប្រាយអ៊ិន ឡុន បាន​មាន​ប្រសាសន៍​ថា ៖ «ប្រទេស​កម្ពុជា​អាច​ចៀស​ផុត​ពី​បណ្តាសា​ធនធាន​ហ្នឹង ដោយ​មាន​វិធីសាស្រ្ត​សំខាន់ គឺ​ធ្វើ​ម៉េច​រៀបចំ​ផែនការ​ក្នុង​ការ​ចំណាយ ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ធនធាន​ហ្នឹង​ឲ្យ​បាន​ល្អ។ ឧទាហរណ៍ យើង​បាន​ថវិកា​ពី​ធនធាន​ទាំង​អស់​ហ្នឹង យើង​ត្រូវ​យក​ទៅ​វិនិយោគ​ឡើង​វិញ​នៅ​ក្នុង​វិស័យ​ណា​ខ្លះ។ អា​ហ្នឹង​ហើយ​គឺ​ជា​រឿង​សំខាន់»

ឯកសារ​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា​បោះពុម្ព​នៅ​ឆ្នាំ​២០០៨ បាន​ឲ្យ​ដឹង​ថា តាម​ការ​ប៉ាន់ស្មាន​របស់​អាជ្ញាធរ​ប្រេងកាត​កម្ពុជា ដែល​ផ្អែក​ការ​វិភាគ​កម្រិត​អាង បាន​បង្ហាញ​ថា បរិមាណ​ប្រេង និង​ឧស្ម័ន​ដែល​ផ្តុំ​គ្នា​នៅ​តំបន់​ផ្ទៃ​ទឹក​កម្ពុជា​អាច​មាន​ដល់ ៤០០​លាន​ធុង​នៃ​ប្រេង​ឆៅ និង ៣​សែន​កោដិ​ហ្វីត​គូប​នៃ​ឧស្ម័ន។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ច្បាស់លាស់​ថា ការ​វាយ​តម្លៃ​នេះ​ត្រឹមត្រូវ ឬ​យ៉ាង​ណា​នោះ​ទេ។

លោក​បណ្ឌិត ហង្ស ជួនណារ៉ុង អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​ជាន់​ខ្ពស់​សេដ្ឋកិច្ច​ជាតិ បាន​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​សិក្ខាសាលា បាន​ឲ្យ​ដឹង​តាមរយៈ​អ្នក​បក​ប្រែ​ថា កម្ពុជា​អំណោយ​ផល​ពី​ធម្មជាតិ​ដែល​មាន​តំបន់​រ៉ែ​ច្រើន ប៉ុន្តែ​មួយ​ចំនួន​ស្ថិត​នៅ​មិន​ទាន់​ដាច់​ស្រេច​ពាក់ព័ន្ធ​នឹង​តំបន់​ត្រួត​ស៊ី​គ្នា​ជាមួយ​ប្រទេស​ជិត​ខាង ដែល​ចាំបាច់​ត្រូវការ​សមត្ថភាព និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ដោះស្រាយ​លើ​បញ្ហា​អស់​ទាំង​នោះ។

លោក​បណ្ឌិត ហង្ស ជួនណារ៉ុង បាន​បញ្ជាក់​ថា ៖ «ហេតុ​នេះ​ហើយ​ដើម្បី​ឲ្យ​ធានា ហើយ​ឲ្យ​មាន​ការ​គ្រប់គ្រង​កាន់តែ​ប្រសើរ ខ្ញុំ​គិត​ថា នៅ​ទី​នេះ​យើង​ចាំបាច់​ត្រូវ​កសាង​សមត្ថភាព​នៅ​ក្នុង​ផ្នែក​ផ្សេង​ៗ»

ទាក់ទិន​បញ្ហា​នេះ​ដែរ អង្គការ​​អុកស្វាម​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​៣០ មីនា ថា អុកស្វាម បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូលរួម​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​អាស៊ាន ក៏​ដូច​ជា​ជាមួយ​ក្រុមហ៊ុន និង​ដៃគូ​សំខាន់​ៗ​ផ្សេង​ទៀត ក្នុង​ការ​ជំរុញ​ឲ្យ​មាន​បរិយាកាស​អំណោយផល​សម្រាប់​ការ​រៀន​សូត្រ និង​ចែក​រំលែក​បទពិសោធន៍ ជុំវិញ​អភិបាលកិច្ច​ល្អ​លើ​ធនធាន​ធម្មជាតិ និង​ការ​អនុវត្ត​ល្អ​ៗ​ក្នុង​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល