គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​អនុម័ត​សេចក្ដី​សម្រេច​រឿង​ព្រះវិហារ

កិច្ចប្រជុំ​របស់​សមាជិក​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៅ​​ទីក្រុង ប្រេស៊ីលៀ (Brasillia) ប្រទេស​ប្រេស៊ីល បាន​អនុម័ត​សេចក្ដី​សម្រេច​ដែល​គាំទ្រ​ដោយ​ភាគី​កម្ពុជា និង​ថៃ ទាក់ទិន​នឹង​ទីតាំង​បេតិកភណ្ឌ​ពិភពលោក ប្រាសាទ​ព្រះវិហារ។
ដោយ យន់ សាមៀន
2010-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រាសាទ​ព្រះវិហារ នៅ​លើ​កំពូល​ភ្នំ​ដងរែក ខេត្ត​ព្រះវិហារ។
ប្រាសាទ​ព្រះវិហារ នៅ​លើ​កំពូល​ភ្នំ​ដងរែក ខេត្ត​ព្រះវិហារ។
RFA Photo/Uy Sophea

ឆ្លើយ​តប​ទៅ​នឹង​ជម្លោះ​សង្គ្រាម​ពាក្យ​សម្ដី​វាង​កម្ពុជា និង​ថៃ កាល​ពី​ថ្ងៃ​សុក្រ ទី​៣០ កក្កដា អង្គការ​យូណេស្កូ បាន​ប្រកាស​ថា ជម្លោះ​កម្ពុជា និង​ថៃ​ត្រូវ​បាន​បញ្ចប់​ហើយ បន្ទាប់​ពី​កម្ពុជា និង​ថៃ បាន​ទទួល​យក​ការ​សម្រេច​ចិត្ត​របស់​សមាជិក​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក ជុំវិញ​ការ​គ្រប់​គ្រង​ទីតាំង​បេតិកភណ្ឌ​ពិភព​លោក ប្រាសាទ​ព្រះវិហារ​ខ្មែរ។

ការ​សម្រេច​ចិត្ត​នេះ​បាន​ទទួល​ស្គាល់​ថា មជ្ឈ​មណ្ឌល​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ បាន​ទទួល​យក​ឯកសារ​ដាក់​ដោយ​ភាគី​កម្ពុជា ដើម្បី​ធ្វើ​ការ​ពិចារណា​នៅ​ឯ​កិច្ច​ប្រជុំ​លើក​ទី​៣៥ ឆ្នាំ​២០១១ នៅ​ប្រទេស​បារ៉េន (Bahrain)។

សេចក្ដី​សម្រេច​ចិត្ត​នេះ ដែល​បាន​ដាក់​ជូន​ដោយ​ប្រធាន​​ដឹក​នាំ​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក ហើយ​និង​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​របស់​ប្រទេស​ប្រេស៊ីល ជូកា ហ្វឺរីរ៉ា (Juca Ferreira) នៅ​ឯ​ទីក្រុង​ប្រេស៊ីលៀ (Brasillia) នៅ​ប្រទេស​ប្រេស៊ីល។ ក៏​បាន​ស្វាគមន៍​ជំហាន​ទាំង​ឡាយ​របស់​កម្ពុជា ដែល​ឈាន​ទៅ​បង្កើត​គណៈ​កម្មាធិការ​សម្រប​សម្រួល​អន្តរ​ជាតិ សម្រាប់​អភិវឌ្ឍ​ចិរភាព​នៃ​ប្រាសាទ​ព្រះវិហារ។

កម្ពុជា​កាល​ពី​ដើម​សប្ដាហ៍​នេះ បាន​ដាក់​គម្រោង​ការ​អភិរក្ស និង​អភិវឌ្ឍ​តំបន់​ទ្រនាប់​នៃ​ប្រាសាទ​ព្រះវិហារ​ខ្មែរ ទៅ​ឲ្យ​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព ដើម្បី​អនុមតិ​ទទួល​យក ប៉ុន្តែ​ភាគី​ថៃ​បាន​ជំទាស់ មិន​ឲ្យ​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​ទទួល​យក​គម្រោង​រៀបចំ​ប្រាសាទ​ព្រះវិហារ​ទេ ដោយ​លើក​ហេតុ​ផល​ថា គម្រោង​របស់​កម្ពុជា​អាច​ប៉ះ​ពាល់​ដល់​តំបន់​ជម្លោះ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ខ្មែរ។ ថៃ​បាន​អះអាង​ថា តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ខ្មែរ ចំនួន​ ៤,៦​គីឡូ​ម៉ែត្រ​ការ៉េ ជា​របស់​ភាគី​ថៃ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ភាគី​កម្ពុជា​ទាត់​ចោល​ថា ជា​ការ​មិន​ពិត។ តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ គ្មាន​តំបន់​ជម្លោះ​ទេ គឺ​ជា​ទឹក​ដី​កម្ពុជា។

ឧបនាយក​រដ្ឋ​មន្ត្រី និង​រដ្ឋ​មន្ត្រី​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី លោក សុខ អាន បាន​ប្រកាស​ពី​ថ្ងៃ​សុក្រ ទី​៣០ កក្កដា​ថា កម្ពុជា​ទទួល​បាន​ជោគជ័យ ដោយ​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​បាន​ទទួល​ផែនការ​រៀបចំ​ប្រាសាទ​ព្រះវិហារ​ជា​ផ្លូវ​ការ។ លោក​ថា លទ្ធផល​នៃ​កិច្ច​ប្រជុំ​នៅ​ឯ​ប្រទេស​ប្រេស៊ីល ជា​ជ័យ​ជម្នះ​ដែល​កម្ពុជា​ទទួល​រង​ចាំ​ជា​យូរ​មក​ហើយ។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ពន្យារ​ពេល​ពិចារណា​ពី​គម្រោង​រៀបចំ​ប្រាសាទ​ព្រះវិហារ​របស់​ភាគី​កម្ពុជា បាន​ធ្វើ​ឲ្យ​ភាគី​ថៃ ប្រកាស​ថា​ខ្លួន​បាន​ឈ្នះ​ក្នុង​ការ​ប្រឆាំង​ទាម​ទារ​មិន​ឲ្យ​គណៈ​កម្មាធិការ​ពិភព​លោក​នេះ ទទួល​ស្គាល់​ផែនការ​របស់​កម្ពុជា។

ការ​សែត Bangkok Post របស់​ថៃ នៅ​ថ្ងៃ​សៅរ៍ ទី​៣១ កក្កដា បាន​ដក​ស្រង់​សំដី​រដ្ឋ​មន្ត្រី​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ថៃ លោក Suwit Khunkitti ដែល​មាន​ប្រសាសន៍​ថា ការ​ពន្យារ​ពេល​នេះ បណ្ដាល​មក​ពី​កម្ពុជា​មិន​បាន​ដាក់​ផែនការ​របស់​ខ្លួន ប្រាំ​មួយ​សប្ដាហ៍​មុន​កិច្ច​ប្រជុំ។ លោក​ថា ការ​មិន​ដាក់​ជា​មុន​នេះ បណ្ដាល​ឲ្យ​ថៃ​តវ៉ា​ថា ថៃ​គ្មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​សិក្សា​គម្រោង​នេះ ដែល​អាច​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​បូរណភាព​ទឹក​ដី​របស់​ខ្លួន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក កុយ គួង មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍​ដែរ កម្ពុជា​មិន​ខ្វល់​នឹង​ការ​លើក​ឡើង​របស់​ថៃ​ទេ ពី​ព្រោះ​ថៃ​មិន​ដែល​ទទួល​យក​ការ​ពិត​មក​និយាយ​ទេ។ លោក​ថា កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​ក្នុង​កិច្ច​ប្រជុំ​នេះ។

ការ​សែត Bangkok Post ដដែល​នេះ​បាន​ដក​ស្រង់​សំដី​លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ អាភីស៊ិត វេត​ឆា​ឈី​វ៉ាក់ (Abhisit Vejjajiva) ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ ទី​៣០ ខែ​កក្កដា​ថា រដ្ឋាភិបាល​ថៃ​នឹង​ចំណាយ​ថវិកា​ផ្ទាល់​សម្រាប់​រយៈ​ពេល​១២​ខែ ដើម្បី​សិក្សា​គំរោង​ការ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ទ្រនាប់​នៃ​ប្រាសាទ​ព្រះវិហារ​ខ្មែរ។ មន្ត្រី​ជាន់​ខ្ពស់​ថៃ​ប្រកាស​ថា ការ​ពន្យារ​ពេល​នេះ មិន​បណ្ដាល​ឲ្យ​មាន​ភាព​តាន​តឹង​រវាង​កម្ពុជា និង​ថៃ​ទេ ហើយ​ការ​ពន្យារ​ពេល​អាច​ឲ្យ​ប្រទេស​កម្ពុជា​អាច​ធ្វើ​ការ​ងារ​អំពី​ជម្លោះ​ព្រំដែន។

អ្នក​នាំ​ពាក្យ​របស់​គណៈ​រដ្ឋ​មន្ត្រី លោក ផៃ ស៊ីផាន នៅ​ថ្ងៃ​សៅរ៍ ទី​៣១ កក្កដា បាន​បដិសេធ​សេចក្ដី​ថ្លែង​ការណ៍​របស់​នាយក​រដ្ឋ​មន្ត្រី​ថៃ។ លោក ផៃ ស៊ីផាន ថ្លែង​ថា កម្ពុជា​បាន​ដាក់​ផែនការ​សង្ខេប​គម្រោង​រៀបចំ​ប្រាសាទ​ព្រះវិហារ​របស់​ខ្លួន​ចំនួន​ ៤​សន្លឹក មុន​ពេល​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក ប៉ុន្តែ​ថៃ​បាន​យក​លេស​ថា ខ្លួន​គ្មាន​ពេល​ពិនិត្យ​មើល។

លោក​ថា ការ​ពន្យារ​ពេល​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក គ្មាន​ប៉ះពាល់​ដល់​កម្ពុជា ក្នុង​ការ​រៀបចំ​គម្រោង​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​ទេ។ ការ​ពន្យារ​ពេល​នេះ គ្រាន់​តែ​ទុក​ពេល​ឲ្យ​ថៃ​មាន​ឱកាស​ពិនិត្យ​មើល​គម្រោង​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ។

លោក ផៃ ស៊ីផាន បន្ថែម​ថា មជ្ឈ​មណ្ឌល​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ បាន​ទទួល​យក​សំណើ​របស់​កម្ពុជា​ហើយ ដូច្នោះ​អង្គការ Unesco គ្មាន​តួ​នាទី​ក្នុង​ការ​អនុមតិ​លើ​គម្រោង​រៀបចំ​របស់​កម្ពុជា​ទេ។ ក្នុង​ការ​ជំទាស់​គម្រោង​របស់​កម្ពុជា​នេះ តាម​ពិត​ថៃ​ចង់​បាន​ការ​គ្រប់គ្រង​រួម ទៅ​លើ​ប្រាសាទ​ព្រះវិហារ។

ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​តុលាការ​អន្តរ​ជាតិ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហុល្លង់ កាត់​សេចក្ដី​ឲ្យ​កម្ពុជា​ឈ្នះ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២។ ហើយ​ប្រាសាទ​ព្រះវិហារ​ដ៏​ចំណាស់​នេះ ត្រូវ​បាន​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក សម្រេច​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០០៨។ ប្រទេស​ថៃ​បាន​បញ្ជូន​កង​ទ័ព​រាប់​រយ​នាក់ ចូល​លុក​លុយ​ទី​វត្ត​ខ្មែរ កែវ​សិក្ខា​គិរីស្វៈ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា បណ្ដាល​ឲ្យ​កើត​មាន​ជម្លោះ​ព្រំដែន​ខ្មែរ និង​ថៃ អូស​បន្លាយ​រហូត​ដល់​ពេល​ជិត​៣​ឆ្នាំ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល