ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ម្នាក់​ទៀត​ទទួល​មរណភាព

សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ម្នាក់​ទៀត​បាន​ស្លាប់​បាត់បង់​ជីវិត ក្រោយពី​បាន​រង​របួស​ធ្ងន់ នៅ​ក្នុង​ការ​បង្រ្កាប​អំពើ​ជួញដូរ​គ្រឿងញៀន​មួយកន្លែង នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថៃ្ង​អង្គារ​កន្លងទៅ​ថ្មីៗ​នេះ ។

0:00 / 0:00

រហូតមកដល់​ពេលនេះ​មាន​សមត្ថកិច្ច​នគរបាល​ចំនួន​ពីរ​នាក់​ហើយ​បានស្លាប់​បាត់បង់​ជីវិត ក្រោម​បេសកកម្ម​បង្រ្កាប​អំពើ​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ។

លោក មឹក ដារ៉ា ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​របស់​ក្រសួង​មហាផៃ្ទ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថៃ្ង​ព្រហស្បតិ៍​នេះ​ថា អ្នក​ដែល​ស្លាប់​នោះ​មាន​ឈ្មោះ ស្រេង ប៊ុនណារ៉េត អាយុ​៣៩​ឆ្នាំ ដោយសារ​បាន​រង​របួសធ្ងន់ ដែល​ជន​សង្ស័យ​ជួយដូរ​គ្រឿងញៀន​បានបាញ់​ធ្លាយ​ចង្កេះ​និង​ពោះ ។

លោក មឹក ដារ៉ា បាន​ទទូច​សុំ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ ផ្តន្ទាទោស​ជនសង្ស័យ​ទាំងនោះ ពីព្រោះ​ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​ធំៗ​ចំនួន​ពីរ គឺ​អំពើរ​ជួញដូរ​គ្រឿងញៀន និង​អំពើ​មនុស្សឃាត ។

សូម​រំឭក​ថា​ការ​ស្លាប់​របស់​លោក ស្រេង ប៊ុនណារ៉េត ដែល​ជា​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​នោះ គឺ​បន្ទាប់ពី​លោក ឆឹង វីរៈ ដែល​ជា​សមត្ថកិច្ច​នគរបាល​ម្នាក់​ទៀ ត ត្រូវ​បាន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន បាន​បាញ់​សម្លាប់​នៅនឹង​កន្លែង​ដំបូងគេ នៅគ្រា​ដែល​សមត្ថកិច្ច​បាន​បើក​ការ​វាយ​ឆ្មក់​បង្រ្កាប​កន្លែង​ជួញដូរ​គ្រឿងញៀន​មួយកន្លែង នៅ​ផ្ទះ​សំណាក់​ឈ្មោះ លីម៉េងថ្មី នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌ​ដូនពេញ ក្រុង​ភ្នំពេញ កាលពី​ថៃ្ងអង្គារ​កន្លងទៅ​ថ្មីៗ​នេះ ។

នៅ​ពេល​នោះ​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន គឺ​មាន​ឈ្មោះ កែប សាម៉ុន អាយុ ២៧​ឆ្នាំ ។

លោក ស្រេង ទ្បុងឌី បង​ប្រុស​របស់​សព ស្រេង ប៊ុនណារ៉េត បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​កនែ្លង​បូជា​សព​នៅ​វត្ត​លង្កា​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថៃ្ង​ព្រហស្បតិ៍​នេះ​ថា ៖ «ខ្ញុំ​ទាមទារ​ឲ្យ​តុលាការ រក​យុត្តិធម៌​ឲ្យបាន​ត្រឹមត្រូវ មិន​ឲ្យ​ឃ្លាត​ពី​ច្បាប់​ឡើយ ។ ខ្ញុំ​ឈ្មោះ ស្រេង ទ្បុងឌី ជា​បង​ប្រុស​បង្កើត ។ ពលី​នេះ​មិន​មែន​ធម្មតា​ឡើយ»

លោក ជីវ កេង ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ មិន​អាច​ទាក់ទង​ដើម្បី​សុំ​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ នៅ​ថៃ្ង​ព្រហស្ប តិ៍​នេះ ប៉ុនែ្ត​ប្រភព​ជិតស្និទ្ធ​នឹង​មន្រ្តី​តុលាការ​បាន​ឲ្យ​ដឹង​ថា តុលាការ​ក្រុងភ្នំពេញ​បាន​ចោទប្រកាន់​ជនសង្ស័យ​នោះ ក្រោម​បទល្មើស​ចំនួន​បី គឺ​អំពើ​ជួញដូរ​គ្រឿងញៀន អំពើ​មនុស្សឃាត និង​ការ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។

លោក យឹម សុវណ្ណ តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី និង​ជា​ប្រធាន​គណៈកម្មាការ​មហាផ្ទៃ ការពារ​ជាតិ អង្កេត​បោសសម្អាត និង​មុខងារ​សាធារណៈ​របស់​សភា​ជាតិ បាន​មាន​ប្រសាសន៍​ថា ៖ «ដោយសារ​តែ​អំពើ​ពុករលួយ​ដោយសារតែ​ការ​អនុវត្ត​ច្បាប់​មាន​ការ​ទន់​ខ្សោយ​បែប​នេះ​ហើយ បានជា​នៅ​ប្រទេស​កម្ពុជា​កើតមាន​បទឧក្រិដ្ឋ​ហើយ​និង​ឃាតកម្ម​គួរឲ្យ​សោកស្ដាយ ។ បញ្ហានេះ​យើង​ត្រូវ​តាមដាន​ស៊ើបអង្កេត​ឲ្យបាន​ដិតដល់​ជាទីបំផុត ។ តាម​ធម្មតា​អ្នក​ជួញ​គ្រឿងញៀន​នៅ​ស្រុក​ខ្មែរ​មិនមែន​ធម្មតា​ទេ ។ ចរាចរណ៍​គ្រឿងញៀន​ឬ​ផលិត​គ្រឿងញៀន​ហ្នឹង មាន​អ្នក​ដែល​មាន​អំណាច​ក្នុង​រដ្ឋាភិបាល​នៅ​ពី​ក្រោយ​ខ្នង ។ អ៊ីចឹង​បានជា​ចេះតែ​ធ្វើ​អ្វីៗ ដោយ​គ្មាន​ការ​ខ្លាច​រអែង ។ នេះ​គឺ​បណ្ដាល​មក​អំពី​ទន់​ភាព​ដែរ អ៊ីចឹង​បានថា រដ្ឋាភិបាល​ត្រូវ​ប្រយ័ត្ន​រឿងហ្នឹង​ឲ្យ​មែនទែន»

លោក​អំពាវនាវ​សុំឲ្យ​តុលាការ​ក្រុង​ភ្នំពេញ ផ្តន្ទាទោស​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​នោះ ឲ្យ​បាន​ធ្ងន់ធ្ងរ​ដើម្បី​ព្រមាន​ទៅ​ជនឧក្រិដ្ឋ​ជួញដូរ​គ្រឿងញៀន​ដទៃទៀត​ឲ្យមាន​ការ​រាងចាល ៕