នាយករដ្ឋមន្ត្រី​ប្រកាស​ថា​គ្មាន​មន្ត្រី​ណា​ម្នាក់​តម្រូវ​ឲ្យ​លាលែង​ពី​តំណែង​ទេ

រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ឲ្យ​ដឹង​ថា គ្មាន​មន្ត្រី​រដ្ឋាភិបាល និង​សមត្ថកិច្ច​ណា​ម្នាក់ ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក​នឹង​ត្រូវ​នាំ​ទៅ​កាត់​ទោស ឬ​ក៏​តម្រូវ​ឲ្យ​លាលែង​ចេញ​ពី​តំណែង ទាក់ទង​នឹង​ឧបទ្ទវហេតុ​ជាន់​គ្នា​ស្លាប់​នៅ​ស្ពាន​ពេជ្រ​របស់​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាល​ពី​រាត្រី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​កន្លង​មក​នោះ​ទេ។
ដោយ យន់ សាមៀន
2010-11-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​​សម្លឹង​រក​មើល​​រូប​ថត​សាច់ញាតិ​ដែល​បាត់​ខ្លួន​នៅ​ក្នុង​ឧបទ្ទវហេតុ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១០។
ប្រជាពលរដ្ឋ​​សម្លឹង​រក​មើល​​រូប​ថត​សាច់ញាតិ​ដែល​បាត់​ខ្លួន​នៅ​ក្នុង​ឧបទ្ទវហេតុ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១០។
RFA/Ouk Savborey

មួយ​សប្ដាហ៍​ក្រោយ​ពី​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​ស្លាប់ ជា​ព្រឹត្តិការណ៍​ដ៏​អាក្រក់​បំផុត​សម្រាប់​កម្ពុជា ក្នុង​រយៈ​ពេល ៣១​ឆ្នាំ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ៣៥១​ស្លាប់ និង ៣៩៥​នាក់​រង​របួស លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​វិច្ឆិកា បាន​ប្រកាស​ជា​សាធារណៈ​លើក​ដំបូង បន្ទាប់​ពី​មាន​​ឧបទ្ទវហេតុ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​ថា សោកនាដកម្ម​នេះ​កើត​ឡើង​ដោយ​ការ​ធ្វេសប្រហែស និង​ជា​កំហុស​រួម​គ្នា​របស់​រដ្ឋាភិបាល និង​ជន​រង​គ្រោះ។

លោក ហ៊ុន សែន ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា សោកនាដកម្ម​ដែល​បាន​កើត​ឡើង​ជា​កំហុស​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​មេរៀន​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។ ប៉ុន្តែ​រដ្ឋាភិបាល​នឹង​មិន​ដាក់​ទោស​មន្ត្រី​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក​នោះ​ទេ ហើយ​ក៏​មិន​បង្ខំ​ឲ្យ​មន្ត្រី​ណា​ម្នាក់​លាលែង​ចេញ​ពី​តំណែង​ដែរ។

សេចក្ដី​ថ្លែងការណ៍​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​មុន​ពេល​ដែល​គណៈកម្មការ​ទទួល​បន្ទុក​ការ​ដោះស្រាយ​ករណី​ឧបទ្ទវហេតុ​នៅ​លើ​ស្ពាន​ពេជ្រ បាន​ប្រកាស​បញ្ចប់​ការ​ស៊ើប​អង្កេត​សោកនាដកម្ម​នេះ ដោយ​បាន​រក​ឃើញ​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ជាន់​គ្នា​ស្លាប់​នោះ គឺ​បណ្តាល​មក​ពី​ភាព​ភ័យ​ស្លន់ស្លោ គឺ​មិន​មែន​ដោយសារ​ឆក់​ខ្សែ​ភ្លើង អំពី​ភេរវកម្ម ឬ​ជា​អំពើ​ឃាតកម្ម​គ្រោង​ទុក​ជា​មុន​នោះ​ទេ។

របាយការណ៍​ស៊ើប​អង្កេត​ក៏​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​កកស្ទះ​នៅ​លើ​ស្ពាន គឺ​ដោយសារ​តែ​ភាព​តូច​ចង្អៀត​របស់​ស្ពាន​ពេជ្រ ដែល​មាន​ប្រវែង ១០០​ម៉ែត្រ និង​ទទឹង ៧​ម៉ែត្រ។

យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ប្រមាណ ៤​លាន​នាក់​បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​អុំ​ទូក ហើយ​មាន​មនុស្ស​ចំនួន​ប្រហែល ៨​ពាន់​នាក់​នៅ​លើ​ស្ពាន​ពេជ្រ នៅ​មុន​ពេល​សោកនាដកម្ម​បាន​កើត​ឡើង។ របាយការណ៍​ស៊ើប​អង្កេត​បន្ត​ទៀត​ថា នៅ​ម៉ោង​ប្រមាណ ៩​យប់​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​វិច្ឆិកា មាន​មនុស្ស​ដើរ​ឆ្លង​កាត់​ស្ពាន​បញ្ច្រាស​ទិស​គ្នា ហើយ ៣០​នាទី​ក្រោយ​មក មាន​សំឡេង​ស្រែក​ថា ស្ពាន​បាន​បាក់​ទើប​បាន​បណ្ដាល​ឲ្យ​មាន​ការ​ជាន់​គ្នា។ ជន​រង​គ្រោះ​នៃ​ការ​រត់​ជាន់​គ្នា​បាន​ស្លាប់​ដោយសារ​ថប់​ដង្ហើម ជាន់​គ្នា និង​ការ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន។

ជន​រង​គ្រោះ​នៃ​សោកនាដកម្ម​ស្ពាន​ពេជ្រ និង​គណបក្ស​ប្រឆាំង បាន​សម្ដែង​ក្ដី​អស់​សង្ឃឹម​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​មិន​បាន​រក​ឲ្យ​ឃើញ​អ្នក​ទទួល​ខុស​ត្រូវ ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ហើយ​គ្មាន​មន្ត្រី​រដ្ឋាភិបាល​ណា​ម្នាក់​ត្រូវ​បាន​ដាក់​ទោស​ដោយសារ​កំហុស​របស់​ខ្លួន​នោះ​ទេ។

ជន​រង​គ្រោះ​ដែល​រួច​ផុត​ពី​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ លោក រស់ គង់ នៅ​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​វិច្ឆិកា បាន​បន្ទោស​ភាព​យឺតយ៉ាវ​របស់​សមត្ថកិច្ច​ការពារ​សន្តិសុខ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក ដែល​មិន​បាន​សង្រ្គោះ​ជន​រង​គ្រោះ​ឲ្យ​បាន​ទាន់​ពេល​វេលា។ លោក រស់ គង់ ក៏​បាន​សម្ដែង​ការ​សោកស្ដាយ​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ណា​មួយ​ចំពោះ​សោកនាដកម្ម​ស្ពាន​ពេជ្រ។

លោក ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​អគារ​មួយ​នៅ​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ទទួល​យក​ការ​ចោទ​ប្រកាន់​ដែរ​ថា រដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ​កុំ​ឲ្យ​មាន​ឧបទ្ទវហេតុ​ស្លាប់​មនុស្ស។ ប៉ុន្តែ​គ្មាន​មន្ត្រី​រដ្ឋាភិបាល​ណា​មួយ​នឹង​ត្រូវ​ដាក់​ទោស​ដោយសារ​តែ​ឧបទ្ទវហេតុ​នេះ​ទេ។

សាក្សី​ជា​ច្រើន​នាក់​បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី ឲ្យ​ដឹង​ថា ការ​រត់​ជាន់​គ្នា​ស្លាប់​កើត​ឡើង​បណ្ដាល​មក​ពី​មនុស្ស​ផ្អើល​ពី​ការ​បាក់​ស្ពាន និង​មាន​ការ​អុកឡុក​របស់​ក្រុម​ក្មេង​មួយ​ក្រុម​នៅ​លើ​ស្ពាន។ ឧបទ្ទវហេតុ​នេះ​កើត​ឡើង​នៅ​ថ្ងៃ​បញ្ចប់​នៃ​ពិធី​បុណ្យ​អុំ​ទូក ដែល​មាន​មនុស្ស​រាប់​លាន​នាក់​មក​ពី​ខេត្ត​ក្រុង​មួយ​ចំនួន ចូល​រួម​មើល​ការ​ប្រណាំង​ទូក​នៅ​មុខ​បរម​រាជវាំង។

រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​វិច្ឆិកា បាន​ប្រារព្ធ​ពិធី​កាន់​ទុក្ខ​ជាតិ សម្រាប់​ជន​រង​គ្រោះ​នៅ​ស្ពាន​កោះ​ពេជ្រ។ លោក ហ៊ុន សែន ក្នុង​ពិធី​កាន់​ទុក្ខ​ជាតិ​នេះ បាន​ស្រក់​ទឹក​ភ្នែក​នៅ​ចំពោះ​មុខ​មហាជន​នៅ​គល់​ស្ពាន​ពេជ្រ​នៅ​ពេល​ដែល​លោក​កំពុង​ដុត​ធូប និង​ដាក់​កម្រង​ផ្កា។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​បដិសេធ​មិន​ទទួល​យក​ការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​ទេ ពីព្រោះ​សមាជិក​របស់​គណៈកម្មការ​នេះ មាន​សមាជិក​មក​ពី​ក្រុមហ៊ុន​កោះ​ពេជ្រ និង​សមត្ថកិច្ច​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ឧបទ្ទវហេតុ​សោកនាដកម្ម​នៅ​លើ​ស្ពាន​ពេជ្រ។

លោក យឹម សុវណ្ណ បន្ថែម​ទៀត​ថា រដ្ឋាភិបាល​ត្រូវ​តែ​រក​ឲ្យ​ឃើញ​ចំពោះ​មន្ត្រី​ដែល​ទទួល​ខុស​ត្រូវ​ឧបទ្ទវហេតុ​សោកនាដកម្ម​នៅ​លើ​ស្ពាន​ពេជ្រ ដើម្បី​ធានា​ជៀស​វាង​ឧបទ្ទវហេតុ​សោកនាដកម្ម​នេះ​កើត​ឡើង​ម្ដង​ទៀត។

លោក ឆាល វ៉ាន់ (Charles Vann) អគ្គ​នាយក​រង​ធនាគារ​កាណាឌីយ៉ា ដែល​មាន​ភាគ​ហ៊ុន​ក្នុង​គម្រោង​​អភិវឌ្ឍន៍​កោះ​ពេជ្រ នៅ​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​វិច្ឆិកា បដិសេធ​មិន​អត្ថាធិប្បាយ​ចំពោះ​សោកនាដកម្ម​នោះ​ទេ។

មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ស្ពាន​ពេជ្រ​ជា​កន្លែង​សោកនាដកម្ម​នេះ នឹង​បើក​ឲ្យ​សាធារណជន​ប្រើប្រាស់​នៅ​ថ្ងៃ​ខាង​មុខ​ឆាប់ៗ​នេះ ហើយ​ក្រុមហ៊ុន​កោះ​ពេជ្រ​នឹង​សាងសង់​ស្ពាន ៣​បន្ថែម​ទៀត។បច្ចុប្បន្ន​នេះ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​មាន​តែ​ស្ពាន​ចំនួន​ពីរ សម្រាប់​ធ្វើ​ចរាចរណ៍​ចូល និង​ចេញ។

លោក ហ៊ុន សែន មាន​គម្រោង​នឹង​ដឹក​នាំ​កិច្ច​ប្រជុំ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្ស​នយោបាយ​នៅ​អាស៊ី នៅ​កោះ​ពេជ្រ​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៤ ខែ​ឆ្នូ។

លោក ហ៊ុន សែន កាល​ពី​ខែ​កញ្ញា បាន​ប្រកាស​យក​កោះ​ពេជ្រ ដើម្បី​សាងសង់​អគារ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី ដែល​មាន​កម្ពស់​រហូត​ទៅ​ដល់ ៥៥៥​ម៉ែត្រ និង​គ្រោង​ចំណាយ​ទឹក​ប្រាក់ ២០០​លាន​ដុល្លារ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល