វិញ្ញាសា​រូប​វិទ្យា​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ​សំណួរ​ផ្សេង​ចម្លើយ​ផ្សឹង

បុគ្គលិក​សិក្សា​អះអាង​ថា សំណួរ​វិញ្ញាសា​រូប​វិទ្យា ដែល​មន្ត្រី​ក្រសួង​អប់រំ​ដាក់​ចេញ​ក្នុង​សម័យ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​ សិក្សា​កម្រិត​ទី​២ ឆ្នាំ​នេះ គឺ​វិញ្ញាសា​ចេញ​ខុស​នៅ​ទូទាំង​ប្រទេស។
ដោយ ដែន អយុធ្យា
2010-08-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប៉ូលិស​ឈរ​យាម​ការ​ពារ​នៅ​ខាង​ក្រៅ​របង​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ក្នុង​ទីក្រុង​ភ្នំពេញ ខណៈ​សិស្ស​កំពុង​ប្រលង​បញ្ចប់​ថ្នាក់​ទី​១២ នៅ​ថ្ងៃ​ចុង​ក្រោយ នា​ថ្ងៃ​ទី​២៩ កក្កដា ២០០៩។
ប៉ូលិស​ឈរ​យាម​ការ​ពារ​នៅ​ខាង​ក្រៅ​របង​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ក្នុង​ទីក្រុង​ភ្នំពេញ ខណៈ​សិស្ស​កំពុង​ប្រលង​បញ្ចប់​ថ្នាក់​ទី​១២ នៅ​ថ្ងៃ​ចុង​ក្រោយ នា​ថ្ងៃ​ទី​២៩ កក្កដា ២០០៩។
RFA Photo/Zakariya

លោក សៀ ស៊ុន​ថា​រ៉ុន គ្រូ​ឯក​ទេស​មុខ​វិជ្ជា​រូប​វិទ្យា បង្រៀន​នៅ​វិទ្យាល័យ​បឹង​ត្របែក ក្រុង​ភ្នំពេញ បាន​អះអាង​ថា វិញ្ញាសា​មុខវិជ្ជា​រូប​វិទ្យា ដែល​ក្រសួង​អប់រំ​ដាក់​ជា​វិញ្ញាសា​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​កម្រិត​២ ឆ្នាំ​នេះ គឺ​បាន​ចេញ​ខុស​នៅ​ទូទាំង​ប្រទេស។ មាន​ន័យ​ថា​សំណួរ និង​ចម្លើយ​មិន​ស៊ី​សង្វាក់​គ្នា សំណួរ​ផ្សេង ចម្លើយ​ផ្សឹង។

លោក​ថា វិញ្ញាសា​ខុស​នេះ លោក​ធ្លាប់​ស្នើ​ទៅ​មន្ត្រី​ក្រសួង​អប់រំ​ឲ្យ​កែ​តម្រូវ​ម្ដង​ហើយ កាល​ពី​ឆ្នាំ​២០០៥ ប៉ុន្តែ​ក្រសួង​មិន​ត្រឹម​តែ​មិន​កែ​តម្រូវ ថែម​ទាំង​យក​វិញ្ញាសា​ខុស យក​មក​ធ្វើ​វិញ្ញាសា​សម័យ​ប្រឡង​ឆ្នាំ​នេះ និង​បាន​ចោទ​រូប​លោក ដែល​ដឹង​វិញ្ញាសា​ខុស​ថា ជា​មនុស្ស​ឡប់​សតិ​ទៅ​វិញ។

លោកគ្រូ ស៊ុន​ថា​រ៉ុន មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា​ដូច្នេះ ៖ «អ្នក​ដែល​ចេញ​វិញ្ញាសា​ឆ្នាំ​ហ្នឹង គឺ​ស្រង់​លំហាត់​កាល​ពី​ឆ្នាំ​២០០៥ ដែល​ខុស​ម្ដង​ហើយ យក​មក​ដាក់​ម្ដង​ទៀត។ ហើយ​នៅ​ក្នុង​វិទ្យាល័យ​បឹង​ត្របែក ខ្ញុំ​បាន​ដាក់​សំណើ​សុំ​ឲ្យ​កត់​ត្រា​ផ្ញើ​ទៅ​ក្រសួង​អប់រំ ឲ្យ​បាន​ត្រឹម​ត្រូវ។ ពី​ព្រោះ​នៅ​ស្រុក​ខ្មែរ គឺ​អត់​មាន​អ្នក​ណា​ដឹង​ទេ ខុស​កាល​ពី​លើក​ទី​១ មុន​នោះ។ ឆ្នាំ​នេះ​ចេញ​ម្ដង​ទៀត ម្ដង​នេះ​ចេញ គឺ​មិន​មែន​ចេញ​ក្នុង​ពេល​ឆមាស​ទេ គឺ​ចេញ​ក្នុង​ពេល​ប្រឡង​សញ្ញាប័ត្រ​តែ​ម្ដង គឺ​ខ្ញុំ​ទៅ​ពន្យល់​គេ​មួយ​ព្រឹក គេ​ចោទ​ខ្ញុំ​មនុស្ស​ឡប់​សតិ​ទៅ​វិញ»

ទោះ​យ៉ាង​នេះ​ក្តី លោក ខេង គា គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ស្អាង ខេត្ត​កណ្ដាល មាន​ប្រសាសន៍​ថា វិញ្ញាសា​មុខ​វិជ្ជា​រូប​វិទ្យា សម័យ​ប្រឡង​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​កម្រិត​ទី​២​ឆ្នាំ​នេះ លោក​រក​មិន​ឃើញ​មាន​កំហុស​ឆ្គង​នោះ​ទេ។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា សំណួរ​ខ្លះ​នៃ​មុខ​វិជ្ជា​រូប​វិទ្យា គឺ​ចេញ​ហួស​ពី​សមត្ថភាព​របស់​សិស្ស។

លោក​គ្រូ ខេង គា មាន​ប្រសាសន៍ ៖ «មាន​លំហាត់​មួយ​នោះ ហាក់​ដូច​ជា​ចង់​លើស​កម្រិត ប៉ុន្តែ​បើ​សិន​ជា​វិញ្ញាសា​នោះ​មិន​ចេញ​ខុស​អី​ទេ»

ក្រុម​យុវជន-យុវតី ដែល​ទើប​ប្រឡង​ជាប់​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​កម្រិត​២ ឆ្នាំ​២០១០​នេះ បាន​ឲ្យ​ដឹង​ប្រហាក់​ប្រហែល​គ្នា​ថា សំណួរ​វិញ្ញាសា​លើ​មុខ​វិជ្ជា​រូប​វិទ្យា ពួក​គេ​មិន​បាន​ដឹង​ថា​សំណួរ​ក្នុង​វិញ្ញាសា​នេះ​ខុស ឬ​ត្រូវ​នោះ​ទេ គ្រាន់​តែ​ដឹង​ថា មាន​សំណួរ​ខ្លះ ក្នុង​មុខ​វិជ្ជា​រូប​វិទ្យា ពួក​គេ​ដោះ​ស្រាយ​ចម្លើយ​មិន​ចេញ​ប៉ុណ្ណោះ។

ក្រុម​យុវជន​មាន​ប្រសាសន៍​ដូច្នេះ ៖ «មុខ​វិជ្ជា​រូប​វិទ្យា​ហ្នឹង​ខ្ញុំ​អត់​សូវ​ចេះ​ផង។ ខ្ញុំ​សរសេរ​ទៅ​វា​ច្រឡូក​ច្រឡំ​គ្នា​ដែរ។ នៅ​ក្នុង​ថ្នាក់​ខ្ញុំ​មើល​គេ​ខ្លះ អា​ណា​ចេះ​ធ្វើ​ខ្លួន​ឯង​ខ្លះ»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់ លោក អ៊ូ អេង អគ្គ​នាយក​រង​ក្រសួង​អប់រំ យុវជន និង​កីឡា មាន​ប្រសាសន៍​ថា មិន​មាន​សំណួរ​លើ​វិញ្ញាសា​រូប​វិទ្យា​ចេញ​ខុស​នា​សម័យ​ប្រឡង​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​កម្រិត​ទី​២ ឆ្នាំ​នេះ។ សម័យ​ប្រឡង​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​កម្រិត​ទី​២ ឬ​ប្រឡង​បាក់​ឌប់​ឆ្នាំ​នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​២៨ ខែ​កក្កដា មាន​សិស្ស​ចូល​រួម​ប្រឡង​ជាង​១​សែន​នាក់។

លោក អ៊ូ អេង ចាត់​ទុក​អ្នក​លើក​ឡើង​ពី​សំណួរ​លើ​វិញ្ញាសា​រូប​វិទ្យា​ខុស ជា​ការ​យល់​ខុស​ខ្លួន​ឯង ៖ «គ្រូ​ហ្នឹង​ឡប់​សតិ។ គ្រូ​ហ្នឹង​តាំង​ពី​ឆ្នាំ​ទៅ​ម្ល៉េះ ក៏​អ៊ីចឹង​ដែរ គាត់​ច្រងេង​ច្រងាង​តែ​អ៊ីចឹង។ ហើយ​ថា ខ្ញុំ​ម៉េច​ក៏​ឲ្យ​មក​កែ ថា​សាលា​គេ​បញ្ជូន​ឈ្មោះ​មក​ឲ្យ​កែ»

យ៉ាង​ណា​ក៏​ដោយ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ មាន​ប្រសាសន៍​ថា វិញ្ញាសា​ប្រឡង​ចេញ​ខុស គឺ​មិន​មែន​ជា​រឿង​ថ្មី​សម្រាប់​ក្រសួង​អប់រំ​នោះ​ទេ ព្រោះ​កំហុស​នេះ​បាន​កើត​មាន​ជា​រឿយៗ។ លោក​ថា កំហុស​ឆ្គង​លើ​វិញ្ញាសា​ប្រឡង​ម្ដង​ៗ មន្ត្រី​ក្រសួង​អប់រំ មិន​ដែល​ហ៊ាន​ចេញ​ទទួល​ស្គាល់​កំហុស ឬ​កែ​តម្រូវ​ម្ដង​ណា​ឡើយ។

លោក រ៉ុង ឈុន មាន​ប្រសាសន៍ ៖ «មុខ​វិជ្ជា​រូប​វិទ្យា ដែល​យើង​ទើប​តែ​ទទួល​បាន​ព័ត៌មាន​ថា ចេញ​ប្រធាន​បទ​ខុស ហើយ​ធ្វើ​អត្រា​កំណែ​ត្រូវ។ អា​ហ្នឹង​វា​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​របស់​មន្ត្រី​ថ្នាក់​ដឹក​នាំ​ក្រសួង ក្នុង​ការ​ត្រួត​ពិនិត្យ​វិញ្ញាសា​មិន​បាន​ដិត​ដល់ ហើយ​ក្រសួង​អប់រំ​មិន​បាន​ធ្វើ​ការ​កែ​លម្អ»

សម័យ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​កម្រិត​២ ឆ្នាំ​២០១០​នេះ ត្រូវ​បាន​សាធារណៈ​ជន​កត់​សម្គាល់​ថា កើត​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន ដូច​ជា​ការ​បែក​ធ្លាយ​វិញ្ញាសា​មុន​ថ្ងៃ​ប្រឡង ឬ​មាន​អំពើ​ពុក​រលួយ​លើ​ការ​បែង​ចែក​តួ​នាទី​មេ​ប្រយោគ និង​អនុរក្ស​ជា​ដើម។

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​ថា សម័យ​ប្រឡង​សញ្ញាប័ត្រ​ឆ្នាំ​នេះ លទ្ធផល​ប្រឡង​ល្អ​ជាង​ឆ្នាំ​កន្លង​ទៅ គឺ​សិស្ស​ប្រឡង​ជាប់​បាន​ចំនួន​៨១,៩០% ប្រៀប​ធៀប​ឆ្នាំ​២០០៩ មាន​ចំនួន​៧៧,៧៩%៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល