រូបត្លុកនយោបាយ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

ដោយ អាស៊ីសេរី
2018.05.24

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

 

ទន្លេ​មេគង្គ ឬ​ហៅ​ជា​ភាសា​ចិន​ថា ទន្លេ​ឡានឆាង គឺជា​បេះដូង​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ដី​គោក ដែល​មាន​ប្រជាជន​សរុប​ជាង ៦០លាន​នាក់ និង​ជា​ទន្លេ​ដែល​វែង​ជាង​គេ​ទី១២ នៅ​លើ​ពិភព​លោក មាន​ប្រវែង​ប្រមាណ​ជិត ៥​ពាន់​គីឡូ​ម៉ែត្រ។

កាលពី​ដើម​ខែ​មករា​នេះ មេ​ដឹក​នាំ​មកពី​ប្រទេស​ចំនួន​៦ នៃ​តំបន់​ទន្លេ​មេគង្គ រួម​មាន កម្ពុជា វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា ឬ​ភូមា និង​ចិន បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង លើក​ទី២ នៅ​ក្រុង​ភ្នំពេញ​ ដែល​ធ្វើ​ឡើង​ក្រោម​មូលបទ «ទន្លេ​របស់​យើង​ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព»។

យន្តការ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង​នេះ ទទួល​រង​នូវ​ការ​រិះគន់​ថា អាច​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ប្រទេស​ចិន ដើម្បី​ប្រើ​ប្រាស់​ឥទ្ធិពល​របស់​ខ្លួន ក្នុង​ការ​ដោះស្រាយ​វិវាទ​នានា​នៅ​លើ​តំបន់​ទន្លេ​មេគង្គ ដែល​កើត​ចេញ​ពី​ការ​សាងសង់ ឬ​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី​របស់​បណ្ដា​ប្រទេស​ជាប់​ទន្លេ​មេគង្គ និង​ការ​ចែក​រំលែក​អត្ថប្រយោជន៍​រួម​រវាង​បណ្ដា​ប្រទេស​ខ្សែ​ទឹក​ខាង​លើ និង​ខ្សែ​ទឹក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ។ ប្រទេស​ចិន ដែល​ជា​ប្រទេស​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​លើ​នៃ​ទន្លេ​មេគង្គ បាន​សាង​សង់​ទំនប់​វារី​អគ្គិសនី​ធំ​បំផុត​ចំនួន​៧ ហើយ​គ្រោង​នឹង​សង់​វារីអគ្គិសនី​ជាង ២០ ទៀត នៅ​លើ​ផ្ទៃ​អាង​ទន្លេ​មេគង្គ​នេះ។ ប្រទេស​ចិន ក៏​គ្រោង​នឹង​ស្នើ​ឲ្យ​មាន​ការ​ស្តា​ផ្ទៃ​អាង​ទន្លេ​មេគង្គ​កាត់​តាម​ប្រទេស​ទាំង​៦​នេះ ដើម្បី​បើក​ផ្លូវ​ឲ្យ​នាវា​ដឹក​ជញ្ជូន​ទំនិញ អាច​ធ្វើ​ដំណើរ​បាន​តាម​ទន្លេ​នេះ​នា​ពេល​អនាគត។ ក្រុម​អ្នក​បរិស្ថាន និង​រដ្ឋាភិបាល​ប្រទេស​ខ្សែ​ទឹក​ខាង​ក្រោម ជា​ពិសេស​ប្រទេស​វៀត​ណាម ធ្លាប់​បាន​ព្រមាន​ពី​ផល​ប៉ះពាល់​លើ​ប្រព័ន្ធ​​អេកូឡូស៊ី ដោយសារ​តែ​មហិច្ឆតា​អនុ​វត្ត​​គម្រោង​អភិវឌ្ឍន៍​វារីអគ្គិសនី​ទាំង​នេះ​របស់​ប្រទេស​ចិន៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។