ការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះ ទំនងជាមានវាសនាមិនខុសពីព្រឹត្តិការណ៍បោះឆ្នោតដ៏ចម្រូងចម្រាស កាលពីឆ្នាំ២០១៨ កន្លងទៅឡើយ។ មិនខុសគ្នាព្រោះគេអាចដឹងលទ្ធផលច្បាស់ជាមុនរួចជាស្រេចទៅហើយថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងបន្តឈ្នះជារៀងរហូត ព្រោះគ្មានគូប្រជែង។ លើកនេះ លោក ហ៊ុន សែន មិនចាំបាច់ប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីរំលាយគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងធំជាងគេ ដូចការរំលាយគណបក្សសង្គ្រោះជាតិ កាលពីនៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ ឡើយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលរងនូវការរិះគន់ថាមិនឯករាជ្យ និងស្ថិតក្រោមខ្សែញាក់របស់លោក ហ៊ុន សែន ពេលនេះ កំពុងដើរតួធ្វើជារបាំងការិយាធិបតេយ្យមិនឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតបាន។ ការសម្រេចនេះ រងនូវការថ្កោលទោសស្ទើរជុំទិសពីសហគមន៍អន្តរជាតិ ថាជាទង្វើ «មិនត្រឹមត្រូវ» និង «មិនសមាមាត្រ» ដែលជាការចូលរួម «សម្លាប់» លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាស្ថាពរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។