កម្ពុជារៀបចំការបោះឆ្នោតថ្នាក់មូលដ្ឋានឃុំ-សង្កាត់នៅទូទាំងប្រទេសនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា។ គណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាគណបក្សនយោបាយដ៏ធំតែមួយគត់នៅកម្ពុជាដែលមានលទ្ធភាពអាចដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតនៅតាមគ្រប់ឃុំ-សង្កាត់ សរុបចំនួន ១.៦៥២ នៅទូទាំងប្រទេស។ ការណ៍ដែលលោក ហ៊ុន សែន កំពុងកាន់មុខតំណែងស្រាប់ និងមានបណ្តាញខ្សែស្រឡាយអំណាចចាក់ស្រេះដែលលោកបានបង្កើតឡើងក្នុងពេលកាន់អំណាចរយៈពេល ៣៧ ឆ្នាំ បានអនុញ្ញាតឱ្យបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជាមានប្រៀបក្នុងចំណោមបេក្ខជនឈរឈ្មោះបោះឆ្នោតសរុបជាង ៨ម៉ឺន៦ពាន់នាក់ មកពីគណបក្សនយោបាយចំនួន១៧គណបក្សដែលចូលរួមប្រកួតប្រជែងដណ្តើមយកអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ១១.៦២២ អាសនៈនៅក្នុងប្រទេសមួយដែលមានប្រជាជនប្រមាណ ១៦លាននាក់។
ការបោះឆ្នោតឃុំ-សង្កាត់ថ្ងៃទី០៥ ខែមិថុនា គឺជាការសាកល្បងឥទ្ធិពលអំណាចនយោបាយគ្របដណ្តប់របស់គណបក្សប្រជាជនកម្ពុជា និងការកម្រិតសេរីភាពនយោបាយមកលើដៃគូប្រកួតប្រជែងរបស់គណបក្សនេះ ក្រោយពីលោក ហ៊ុន សែន បានបើកយុទ្ធនាការបង្ក្រាបជាប្រព័ន្ធអស់រយៈពេលប្រាំឆ្នាំមកលើសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពលើបណ្តាញអ៊ីនធឺណិត។
ទោះជាយ៉ាងណា ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត កំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើគណបក្សប្រឆាំងធំជាងគេមួយគឺគណបក្សភ្លើងទៀន ដែលមានប្រភពតាំងពីឆ្នាំ១៩៩៥។ ប៉ុន្តែ ក្រោយមកអតីតគណបក្សនេះ គឺគណបក្ស សម រង្ស៊ី បានរួមគ្នាជាមួយគណបក្សសិទ្ធិមនុស្ស បង្កើតគណបក្សសង្គ្រោះជាតិ ដែលក្លាយជាសម្ព័ន្ធភាពនៃកម្លាំងរបស់ក្រុមអ្នកនិយមលទ្ធិប្រជាធិបតេយ្យ។
គណបក្សភ្លើងទៀនត្រូវបានបង្កើតឡើងដោយដៃគូប្រកួតប្រជែងនយោបាយដ៏ស្វិតស្វាញរបស់លោក ហ៊ុន សែន គឺលោក សម រង្ស៊ី។ គណបក្សនេះបានធ្វើសកម្មភាពឡើងវិញ ចេញពីគំនរផេះផង់នៃគណបក្សសង្គ្រោះជាតិ ដែលទទួលបានការគាំទ្រខ្លាំងនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់កាលពីឆ្នាំ២០១៧។ ហេតុការណ៍នេះបានជំរុញឱ្យលោក ហ៊ុន សែន ឈានទៅរំលាយគណបក្សសង្គ្រោះជាតិ ដើម្បីបើកផ្លូវឱ្យគណបក្សប្រជាជនកម្ពុជារបស់លោកអាចក្រសោបយកអាសនៈសភាទាំងស្រុងចំនួន ១២៥ អាសនៈ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨។ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២នេះ គណបក្សភ្លើងទៀនបានបន្តទទួលរងនូវការយាយីពីសំណាក់អាជ្ញាធរមូលដ្ឋានដែលជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា។
នៅមុនពេលបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាចំនួន ៦៤ស្ថាប័ន បានអំពាវនាវឱ្យរដ្ឋាភិបាលធានាឱ្យបាននូវលក្ខខណ្ឌអប្បបរមាចំនួន ៦ចំណុច សម្រាប់ភាពស្របច្បាប់នៃការបោះឆ្នោតនេះ។ លក្ខខណ្ឌអប្បបរមាទាំងនោះ រួមមាន បរិយាកាសនយោបាយដោយសេរី សិទ្ធិនយោបាយ និងសិទ្ធិឈរឈ្មោះបោះឆ្នោត ការការពារឆន្ទៈអ្នកបោះឆ្នោត និងសិទ្ធិបោះឆ្នោត ឯករាជ្យរបស់ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កងកម្លាំងប្រដាប់អាវុធ និងតុលាការឯករាជ្យ និងអព្យាក្រឹត្យ តួនាទីរបស់អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ជាទៀងទាត់បានជំរុញឱ្យកម្ពុជាបើកលំហរសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយនៅមុនការបោះឆ្នោតនេះ ដោយធានាថាមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងទម្លាក់ចោលរាល់បទចោទបែបមន្ទិលប្រឆាំងនឹងអ្នកទោសនយោបាយ។ កាលពីពេលថ្មីៗនេះទៀតសោត សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយដោយព្រមានថាកម្ពុជាអាចនឹងបាត់បង់ទាំងស្រុងនូវប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម EBA របស់សហភាពអឺរ៉ុប ប្រសិនបើរកឃើញថាការបោះឆ្នោតខាងមុខនេះប្រព្រឹត្តទៅដោយអយុត្តិធម៌។
គណបក្សនយោបាយចំនួន១៧ ក្នុងចំណោមគណបក្សនយោបាយចំនួន៤៥ដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ បានប្រកាសចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ។
1. ថ្ងៃទី២១ ខែឧសភា - ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២៖ យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល១៤ថ្ងៃ
2. ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២៖ ថ្ងៃបោះឆ្នោត រាប់សន្លឹកឆ្នោត និងបិទផ្សាយលទ្ធផលនៅការិយាល័យបោះឆ្នោត
3. ថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២៖ ប្តឹងជំទាស់លើលទ្ធផលបណ្តោះអាសន្ន
4. ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២៖ ប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោត
5. ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២៖ បោះឆ្នោតសាជាថ្មី (បើមាន)
• យ៉ាងហោចណាស់មានបេក្ខជនឃុំ-សង្កាត់ជាង ៣០០នាក់ មកពីគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ត្រូវបាន គ.ជ.ប លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ក្រោមការចោទប្រកាន់ថាពួកគេបានក្លែងបន្លំស្នាមមេដៃ ពុំចេះអក្សរ និងធ្វើជីវប្រវត្តិក្លែងបន្លំ ជាដើម។
• ក្រសួងមហាផ្ទៃបានបដិសេធមិនចុះបញ្ជីគណបក្សបេះដូងជាតិដោយចោទប្រកាន់ស្ថាបនិកគណបក្សនេះ គឺលោក សៀម ភ្លុក ថាទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីលោក សម រង្ស៊ី។ លោក សៀម ភ្លុក ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារក្រោយរងការចោទប្រកាន់ថាបានក្លែងបន្លំឯកសារដើម្បីចុះបញ្ជីគណបក្សរបស់លោក។
• យ៉ាងហោចណាស់ បេក្ខជនគណបក្សភ្លើងទៀនចំនួន៦នាក់ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារនៅមុននិងក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងពេលដែលបេក្ខជនដទៃទៀតរបស់គណបក្សនេះទទួលរងនូវការបង្ខិតបង្ខំឱ្យដកបេក្ខភាពរបស់ពួកគេចេញពីការឈរឈ្មោះបោះឆ្នោតជាថ្នូរនឹងការមិនចោទប្រកាន់តាមផ្លូវច្បាប់ ឬការមិនធ្វើទុក្ខបុកម្នេញនានា។
• មានករណីសង្ស័យអំពើឃាតកម្មនយោបាយមួយ បានកើតឡើងលើអនុប្រធានប្រតិបត្តិរបស់គណបក្សភ្លើងទៀនប្រចាំខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺលោក ជឿន សារឹម។
• មានអ្នកទោសនយោបាយសរុបជាង ៦០នាក់កំពុងជាប់ពន្ធនាគារ ខណៈសកម្មជននយោបាយដទៃទៀតដែលជាប់ពាក់ព័ន្ធជាមួយនឹងគណបក្សសង្គ្រោះជាតិ ព្រមទាំងសកម្មជនសង្គម សកម្មជនបរិស្ថាន និងសកម្មជនសិទ្ធិការងារ ប្រឈមនឹងការចាប់ខ្លួន ការឃុំខ្លួន និងការបង្ខាំងខ្លួនខុសច្បាប់ ជាដើម។