តុលាការ​បើក​សវនាការ​ជម្រះ​ក្ដី​សំណុំរឿង មូរ សុខហួរ

តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថៃ្ង​សុក្រ​នេះ​បាន​បើក​សវនាការ​ជម្រះ​ក្តី​សំណុំរឿង​របស់​លោកស្រី មូរ សុខហួរ ជាមួយ​នឹង​លោក ហ៊ុន សែន ក្រោម​បទ​រិហារ​កេរ្តិ៍ ក្រោម​ការឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់​ពី​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​រយ​នាក់ តំណាង​ស្ថានទូត​នានា ក្រុម​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ ព្រមទាំង​អ្នក​កាសែត​ជាតិ​និង​អន្តរជាតិ​ផងដែរ។
ដោយ សុខ សេរី
2009-07-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកស្រី មូរ សុខហួរ លើក​ដៃ​ស្វាគមន៍​អ្នក​គាំទ្រ​លោកស្រី​ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នា​ថ្ងៃ​២៤ កក្កដា ២០០៩។
លោកស្រី មូរ សុខហួរ លើក​ដៃ​ស្វាគមន៍​អ្នក​គាំទ្រ​លោកស្រី​ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នា​ថ្ងៃ​២៤ កក្កដា ២០០៩។
RFA Photo/Mean Riddh

សវនាការ​នោះ​មិន​មាន​វត្តមាន​របស់​លោក ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទេ ដែល​ជា​អ្នក​ដើម​ចោទ ប៉ុន្តែ​គេ​ឃើញ​មាន​តែ​អ្នក​ចុង​ចោទ គឺ​អ្នកស្រី មូរ សុខហួរ តែ​ម្នាក់​ឯង គ្មាន​មេធាវី​ការពារ​ឡើយ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ដែល​តាម​គាំពារ​លោកស្រី​បាន​ដុត​ទៀន​ទាមទារ​រក​យុត្តិធម៌​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​នោះ។

>>>ទស្សនា​វីដេអូ>>>

នៅ​ក្នុង​សវនាការ​ដេញដោល​គ្នា​នោះ លោក សុខ កល្យាណ ជា​ព្រះរាជអាជ្ញា​នៃ​តុលាការ​ក្រុង​ភ្នំពេញ បាន​លើក​ទ្បើង​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មិន​បាន​និយាយ​ប៉ះពាល់​ដល់​ស្រ្តី​ទាំង​មូល​នោះ​ទេ គឺ​សំដៅ​លើ​ស្រ្តី​មួយ​រូប​ដែល​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ ប៉ុន្តែ​លោកស្រី មូរ សុខហួរ បាន​មួល​បង្កាច់​សម្ដី​នោះ​ថា​បាន​ប៉ះពាល់​ដល់​ស្រ្តី​ទាំង​មូល គឺ​ជា​ចេតនា​ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទៅ​វិញ។ លោក​បាន​សុំ​ឲ្យ​តុលាការ​ផ្តន្ទា​ទោស​លោកស្រី មូរ សុខហួរ តាម​ច្បាប់។

ចំណែក​ឯ លោក គី តិច ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ចោទ​ប្រកាន់​ថា លោកស្រី មូរ សុខហួរ បាន​មួល​បង្កាច់​សម្ដី​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដោយ​ចេតនា​ដើម្បី​បរិហារ​កេរ្តិ៍ ដោយ​លោក​បាន​ទាមទារ​ឲ្យ​តុលាការ​ផ្តន្ទា​ទោស លោកស្រី មូរ សុខហួរ នោះ និង​ផាក​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល​ក្រោម​បទ​បរិហារ​កេរ្តិ៍​នោះ។

ទាក់ទង​នឹង​ការទម្លាក់​កំហុស​ព្រមៗ​គ្នា​ខាង​លើ​នេះ លោកស្រី មូរ សុខហួរ តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​ដែល​មិន​បាន​ឆ្លើយ​ឬ​និយាយ​អ្វី​នៅ​ក្នុង​សវនាការ​នោះ បាន​មាន​សំណូមពរ​ជា​ចុង​ក្រោយ​ថា លោកស្រី​សុំ​ឲ្យ​ចៅក្រម​ជា​ស្រ្តី​ដូច​គ្នា​នោះ​ផ្តល់​យុត្តិធម៌​ឲ្យ​លោកស្រី​ជា​តំណាង​រាស្រ្ត​ស្រ្តី​ភេទ។ លោកស្រី​បាន​សុំ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​កុំ​ធ្វើ​ជា​ឧបករណ៍​នយោបាយ​របស់​អ្នក​មាន​អំណាច។

លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​បាន​ចូលរួម​តាមដាន​សវនាការ​នេះ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​សង្ឃឹម​ថា តុលាការ​នឹង​ធ្វើ​សេចក្ដី​សម្រេច​ដោយ​ឯករាជ្យ។ សោក​ស្ដាយ​ដែរ​ដោយសារ​ឃើញ​ថា លោកស្រី មូរ សុខហួរ រក​មេធាវី​មិន​បាន»

លោកស្រី មូរ សុខហួរ តំណាង​រាស្រ្ត​ខាង​គណបក្ស​សមរង្ស៊ី បាន​រង​ការប្តឹង​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្រោម​បទ​បរិហារ​កេរ្តិ៍ ក្រោយ​ពី​លោកស្រី​បាន​ធ្វើ​សន្និសីទ​កាសែត​កាលពី​ថៃ្ង​ទី​២៣ ខែ​មេសា​កន្លង​ទៅ ជាមួយ​នឹង​អតីត​មេធាវី​របស់​លោកស្រី គឺ​លោក គង់ សំអុន អំពី​គម្រោងការ​របស់​លោកស្រី​ក្នុង​ការប្តឹង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្រោម​បទ​បរិហារ​កេរ្តិ៍​លោកស្រី ចំពោះ​ប្រសាសន៍​របស់​លោក ហ៊ុន សែន ជា​ប្រមុខ​រដ្ឋាភិបាល បាន​ថែ្លង​នៅ​ក្នុង​ខេត្ត​កំពត កាលពី​ថៃ្ង​ទី​៤ ខែ​មេសា​កន្លង​ទៅ ថា មាន​ស្រ្តី​ជើង​ខ្លាំង​ម្នាក់​រត់​ទៅ​ឱប​គេ​សោះ ថា​គេ​ប្រទ្បេះ​ទ្បេវ​អាវ។

ការជជែក​ដេញដោល​គ្នា​រយៈពេល​ជាង​បី​ម៉ោង​ក្រោយ​មក លោកស្រី សែម សក្ត័កាទ្បា ជា​ចៅក្រម​ជម្រះ​ក្តី បាន​ប្រកាស​ពន្យារ​ពេល​នៃ​ការប្រកាស​សាលក្រម​រហូត​ដល់​ថៃ្ង​ទី​៤ ខែ​សីហា​ខាង​មុខ​នេះ។

នៅ​ក្នុង​ដំណើរការ​នៃ​ការជម្រះ​ក្តី​នោះ គេ​សង្កេត​ឃើញ​មាន​វត្តមាន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោកស្រី Carol Rodley តំណាង​ទូត​អង់គ្លេស អូស្រ្តាលី កាណាដា តំណាង​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ និង​លោក សម រង្ស៊ី ព្រមទាំង​តំណាង​រាស្រ្ត​ជា​ច្រើន​រូប​ទៀត បាន​មក​ចូលរួម​តាមដាន​ដំណើរការ​សវនាការ​នោះ​យ៉ាង​ណែនណាន់​តាន់តាប់​នៅ​ក្នុង​បន្ទប់​សវនាការ​នោះ៕

ព័ត៌មាន (0)
Share

Promo Box target not set

អត្ថបទ​ដែល​ទាក់ទង

គេហទំព័រ​ទាំងមូល