អគ្គិភ័យ​បំផ្លាញ​ផ្ទះ​និង​កុដិ​មួយ​ចំនួន​​នៅ​វត្ត​នាគវ័ន្ត

ប្រជាពលរដ្ឋ​នៅ​តំបន់​វត្ត​នាគវ័ន្ត សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក ក្រុង​ភ្នំពេញ បាន​ជួប​នឹង​គ្រោះ​ភ័យ​ភ្លើង​ឆេះ​ផ្ទះ​សម្បែង និង​ទ្រព្យ​សម្បត្តិ រូម​ទាំង​កុដិ​វត្ត​មួយចំនួន​ផងដែរ។
ដោយ ឱម ឧត្ដម
2010-03-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភ្លើង​ឆាប​ឆេះ​កុដិ​លោក​នៅ​វត្ត​នាគវ័ន្ត ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៨ មីនា ២០១០។
ភ្លើង​ឆាប​ឆេះ​កុដិ​លោក​នៅ​វត្ត​នាគវ័ន្ត ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៨ មីនា ២០១០។
RFA/Uy Sophea

លោក ឱម ឧត្តម ដែល​បាន​ទៅ​ដល់​ទី​កន្លែង​អគ្គិភ័យ​កាល​ពី​យប់​មិញ ដែល​ត្រូវ​ជា​ថ្ងៃ​ច័ន្ទ ទី​៨ មីនា រាយ​ការណ៍​ជូន​លម្អិត​អំពី​ឧប្បត្តិហេតុ​នេះ ៖

ឱម ឧត្តម ៖ មាន​អគ្គិភ័យ​មួយ​បាន​កើត​ឡើង​ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ តាម​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែង​ឆេះ​នេះ​បាន​ឲ្យ​ដឹង​ថា ភ្លើង​បាន​ឆេះ​ក្នុង​រង្វង់​ប្រហែល​ម៉ោង ៦​ល្ងាច​នេះ។

>>>ទស្សនា​វីដេអូ>>>

តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​របស់​ប្រធាន​ក្រុម​នៅ​សង្កាត់​បឹងកក់​២​នេះ ផ្ទះ​ដែល​ឆេះ​ហ្នឹង​មាន​ចំនួន​ប្រហែល​ជាង ២០០​ខ្នង ហើយ​កំពុង​តែ​ឆេះ​រាល​ដាល​ជា​បន្ត​បន្ទាប់​ទៀត។ ផ្ទះ​ដែល​ឆេះ​ភាគ​ច្រើន​ជា​ផ្ទះ​ឈើ ហើយ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​កន្លែង​ឆេះ​នេះ​ភាគ​ច្រើន​គាត់​ប្រកប​របរ​រើស​អេតចាយ លក់​ពោត​ស្ងោរ ​និង​លក់​លៀស​ហាល។

ភ្លើង​នេះ​តាម​ប្រជាពលរដ្ឋ​ដែល​គាត់​នៅ​ផ្ទះ​ឆេះ​ដំបូង​ហ្នឹង គាត់​ថា ប្រហែល​ជា​មក​ពី​ការ​ធ្វេស​ប្រហែស ដោយសារ​ភ្លើង​ចង្ក្រាន​ឆាប​ឆេះ​ជា​ជំហាន​ដំបូង ប៉ុន្តែ​គាត់​អត់​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា​យ៉ាង​ម៉េច​ទេ! ហើយ​ក៏​បាន​ឆាប​ឆេះ​ដល់​កុដិ​លោក​ប្រហែល​ជិត​១០​ខ្នង​ដែរ នៅ​វត្ត​នាគវ័ន្ត​ហ្នឹង។

ខ្ញុំ​មិន​បាន​ជួប​អាជ្ញាធរ​អី​បន្ថែម​ទេ ដោយសារ​អាជ្ញាធរ​កំពុង​តែ​មមាញឹក​បាញ់​ទឹក​បាញ់​អី។ ឥឡូវ​នេះ​ប្រជាពលរដ្ឋ​ដែល​ផ្ទះ​គាត់​ត្រូវ​ឆេះ​ហ្នឹង​ខ្លះ​យំ អ្នក​ខ្លះ​ជញ្ជូន​អីវ៉ាន់​រត់។ អ្នក​ខ្លះ​បាន​ត្រឹម​តែ​ឈរ​មើល​ផ្ទះ​របស់​ខ្លួន​ដែល​ភ្លើង​ឆេះ​អស់ ដោយ​មិន​មាន​បាន​ជញ្ជូន​អី្វ​ទាំង​អស់។ ផ្ទះ​ខ្លះ​សល់​តែ​សរសរ​ថ្ម។

តាម​ប្រភព​​ពីប្រជាពលរដ្ឋ និង​អ្នក​ដែល​ឃើញ​ហេតុការណ៍​ហ្នឹង​ដំបូងៗ​ថា មិន​ទាន់​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ណា​នៅ​ឡើយ​ទេ​នៅ​ក្នុង​ជំហាន​ដំបូង៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល