រូបត្លុកនយោបាយ​៖ លោក ហ៊ុន ម៉ានី និង​ការបំបែក​កំណត់ត្រា​ឯតទគ្គកម្ម​ពិភពលោក

កូនប្រុស​ពៅ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បាន​ក្លាយជា​បុគ្គល​ប្រចាំ​ត្រកូល ​«ហ៊ុន»​ ម្នាក់ ដែល​ជំនាញ​ខាង​ដឹកនាំ​ក្រុមយុវជន​បំបែក​ឯតទគ្គកម្ម​ពិភពលោក។ ថ្មីៗ នេះ លោក និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដែល​រងនូវ​ការរិះគន់​ថា​បង្កើតឡើង​ ដើម្បី​ពង្វក់​ខួរក្បាល​យុវជន​ជំនាន់​ក្រោយ​ឱ្យ​គាំទ្រ​ត្រកូល «ហ៊ុន» និង​បក្ស​កាន់អំណាច​នោះ បាន​បំបែក​កំណត់ត្រា​ឯតទគ្គកម្ម​ពិភពលោក​ខាង​បត់​បេះដូង​ក្រដាស​ដ៏ច្រើន​បំផុត​រហូតដល់​ទៅ​ជិត​៤លាន។

លោក ហ៊ុន ម៉ានី និង​ឪពុក​របស់​លោក គឺលោក ហ៊ុន សែន តែង​អួតអាង​ថា «កម្ពុជា​ជា​ប្រទេសតូច​តែ​មាន​បេះដូង​ធំ»។ ក៏ប៉ុន្តែ ការពិត​នៅ​ពីក្រោយ ​«បេះដូង​ធំ» ​ក្រោមការដឹកនាំ​របស់​ឪ​និងកូន​ត្រកូល ​«ហ៊ុន» ​រូបនេះ កំពុង​ដិតដាម​ទៅដោយ​ស្លាកស្នាម​នៃ​អំពើហិង្សា ការគំរាម​សម្លាប់ ការលួច​វាយ​ពីក្រោយខ្នង ការចាប់ដាក់គុក និង​ការធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​រាប់មិនអស់​ទៅលើ​ក្រុមអ្នករិះគន់ សង្គមស៊ីវិល និង​ប្រព័ន្ធផ្សព្វផ្សាយ។ កន្លងទៅ លោក ហ៊ុន ម៉ានី ក៏ធ្លាប់​ហែកហួរ​ទៅដោយ​រឿងរ៉ាវ​អាស្រូវ​ផ្លូវភេទ​បែប​ហិង្សានិយម​ទៅលើ​ស្ត្រីខ្មែរ​មួយចំនួន ដែល​ត្រូវបាន​បែកធ្លាយ និង​ធ្វើឱ្យ​កក្រើក​បណ្តាញ​សង្គម។

ក្រុមអ្នកវិភាគ រិះគន់ថា អ្វីដែល​ឪ​និង​កូន​​ត្រកូល «ហ៊ុន»​ កំពុងធ្វើ​នាពេល​នេះ គឺជា​កេរដំណែល ​«សំរាម» ជា​សមិទ្ធផល ​«អបាយមុខ» ដែល ​«ជាន់ឈ្លី​» លើ​កេរដំណែល​ប្រវត្តិសាស្ត្រ​របស់​ដូនតា​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។