ទ្រព្យសម្បត្តិនៅក្រៅប្រទេសរបស់ពួកអ្នកមានលុយមានអំណាចខ្មែរ
សូមចុចលើទីកន្លែងនៅលើផែនទីនេះដើម្បីអានព័ត៌មានបន្ថែម

ការទិញផ្ទះសម្បែងនៅបរទេសរបស់មន្ត្រីជាន់ខ្ពស់ និងក្រុមគ្រួសារពួកគេ បង្ហាញឲ្យឃើញពីការមិនទុកចិត្តលើរបបដឹកនាំសព្វថ្ងៃ
ដោយ ហ្សាក់ ដេវី (Jack Davies)
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០
ក្នុងរយៈពេលពីរទសវត្សរ៍ ចុងក្រោយនេះ ក្រុមគ្រួសារក្នុងជួរថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានទិញផ្ទះសម្បែង និងទ្រព្យសម្បត្តិយ៉ាងសម្បើម ប៉ុន្តែទិញយ៉ាងស្ងាត់ៗ នៅក្រៅប្រទេស ដែលមានតម្លៃរាប់លានដុល្លារ។ អចលនទ្រព្យរបស់មនុស្សបក្សកាន់អំណាចនេះ មាននៅពាសពេញពិភពលោក ប៉ុន្តែ ទើបតែត្រូវបានរកឃើញក្នុងពេលថ្មីៗនេះតែប៉ុណ្ណោះ។ គ្មានការចងក្រងជារបាយការណ៍ជាក់លាក់អំពីទ្រព្យសម្បត្តិមហាសាលរបស់ពួកគេនៅក្រៅប្រទេសនោះទេ ហើយសេចក្ដីរាយការណ៍ជាបន្តបន្ទាប់តាមសារព័ត៌មាន ត្រូវអ្នកវិភាគម្នាក់ថា គ្រាន់តែជា «ចំណែកតូចមួយ» នៃទ្រព្យសម្បត្តិទាំងមូលរបស់ពួកគេប៉ុណ្ណោះ។
ចាប់ពីពេលនេះតទៅ វិទ្យុអាស៊ីសេរី នឹងផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់អំពីចំនួនអចលនទ្រព្យ និងទ្រព្យសម្បត្តិនៅក្រៅប្រទេសរបស់គ្រួសារពួកអ្នកមានលុយមានអំណាចខ្មែរទាំងនេះ។
ការទិញផ្ទះទាំងនេះ ត្រូវគេមើលឃើញថា អាចជាមធ្យោបាយសម្រាប់ថែរក្សាទ្រព្យ និងវិធីលាងលុយ ដែលបានមកពីអំពើទុច្ចរិត។ ទ្រព្យទាំងនេះ ក៏អាចជាទីស្នាក់អាស្រ័យដ៏មានសុវត្ថិភាពនាថ្ងៃអនាគត ប្រសិនបើរបបលោក ហ៊ុន សែន សព្វថ្ងៃដួលរលំទៅ។

ខាងក្រោយពីឆ្វេងទៅស្តាំ៖ លោក សុខ ពុទ្ធិវុធ, លោក ហ៊ុន ម៉ាណែត, អ្នកស្រី ហ៊ុន ម៉ាលី, លោក ហ៊ុន ម៉ានិត, និង លោក ប៉ា សុជាតិវង្ស។ ខាងមុខពីឆ្វេងទៅស្តាំ៖ អ្នកស្រី ហ៊ុន ម៉ាណា និង លោក ហ៊ុន សែន។ (ប្រភព៖ ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន)
នយោបាយ និងការបង្កើនភាពមានបាន
ក្រោយរចនាសម្ព័ន្ធខ្មែរក្រហម បានដួលរលំទៅជាស្ថាពរក្នុងឆ្នាំ១៩៩៧ សេដ្ឋកិច្ចកម្ពុជា បានកើនឡើង ៨ ដង។ ជាមួយគ្នានេះ មន្ត្រីគណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេ ក៏កើនទ្រព្យ ដូចជាផ្ទះសម្បែង និងលំនៅឋាននៅក្រៅប្រទេស យ៉ាងច្រើនសន្ធឹកណាស់ដែរ។ ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរប្រមាណ ៣៥% នៅតែបន្តរស់នៅក្រោមបន្ទាត់ក្រីក្រ។
នៅឆ្នាំ ២០០៩ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ បណ្ឌិត អ៊ុន ឃាង និង បណ្ឌិត សូ សុខប៊ុនធឿន សរសេររៀបរាប់អំពីជីវភាពរបស់វណ្ណៈ ឬក្រុមអ្នកកាន់អំណាចទាំងនេះ។ បណ្ឌិតទាំងពីរសរសេរថា «អ្នកទាំងនោះ ចាត់ទុកស្ថាប័នរដ្ឋ និងធនធានធម្មជាតិ ជាមធ្យោបាយផ្ដាច់មុខរបស់ខ្លួន ដើម្បីទិញការគាំទ្រពីប្រជាពលរដ្ឋ រក្សាខ្សែបណ្ដាញស្មោះស្ម័គ្ររបស់ខ្លួន និងដើម្បីបង្កើនទ្រព្យសម្បត្តិរបស់ខ្លួន។»


ឥឡូវនេះ ក្រោយការរកឃើញថា មន្ត្រី និងអ្នកនយោបាយគ្រាក់ៗ មានលុយរាប់លានដុល្លារ ទិញផ្ទះសម្បែងនៅក្រៅប្រទេសបែបនេះ គឺត្រូវដូចតាមការអះអាងរបស់បណ្ឌិតវិទ្យាសាស្ត្រនយោបាយទាំងពីររូបនេះមែន។
បើនិយាយពីប្រាក់ខែរបស់មន្ត្រីរាជការខ្មែរវិញ ភាគច្រើនគឺបានតែប៉ុន្មានរយដុល្លារអាមេរិកក្នុងមួយខែប៉ុណ្ណោះ។ ប៉ុន្តែ មន្ត្រីទាំងនោះ កើនទ្រព្យពីការជួលផ្ទះ អំពើស៊ីសំណូកសូកប៉ាន់ និងអំពើពុករលួយ បក្សពួកនិយម ជាដើម។ អចលនទ្រព្យ ដែលអាស៊ីសេរី និងស្ថាប័នឯទៀតរកឃើញ នឹងបង្ហាញឲ្យឃើញកាន់តែច្បាស់ អំពីភាពមានបាន ពីការបន្តក្រាញអំណាច។


«កន្លែងដែលពួកគេអាចសម្ងំសោយសុខបានដោយសុវត្ថិភាព»
កម្ពុជា ជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលមានអំពើពុករលួយខ្លាំងជាងគេបំផុតមួយនៅលើពិភពលោកលេខ ១៦១ ក្នុងចំណោម ១៨០ ប្រទេស នៅ ក្នុងសន្ទស្សន៍យល់ឃើញអំពីអំពើពុករលួយ របស់អង្គការតម្លាភាពអន្តរជាតិ (Transparency International)។ ទោះបីជាអំពើពុករលួយ អាចធ្វើឲ្យមន្រ្តីកាន់អំណាច ចំណេញកប់ក្ដោងយ៉ាងណាក្តី ក៏បញ្ហានេះ អាចបញ្ជាក់ឲ្យឃើញច្បាស់អំពីភាពបរាជ័យរបស់ពួកគេនោះដែរ។
នៅឆ្នាំ ២០១៦ គណបក្សប្រជាជនកម្ពុជា បានជួលក្រុមហ៊ុនអ៊ីស្រាអែលមួយ ដោយស្ងាត់ៗ ដើម្បីស្ទង់មតិប្រជាពលរដ្ឋខ្មែរ។ របាយការណ៍ស្ទង់មតិនេះ ត្រូវបានបែកធ្លាយ ទៅខាងសារព័ត៌មាន កាលពីឆ្នាំ២០១៧។ ការស្ទង់មតិនេះ រកឃើញថា បញ្ហាអំពើពុករលួយ គឺជាអ្វីដែលម្ចាស់ឆ្នោត ខ្វាយខ្វល់បំផុត។ ពលរដ្ឋខ្មែរ ដែលឆ្លើយសំណួរស្ទង់មតិនោះ ពេញចិត្តគណបក្សសង្គ្រោះជាតិ ក្នុងការលុបបំបាត់អំពើពុករលួយ។
ប្រាំខែក្រោយចេញផ្សាយលទ្ធផលនៃការស្ទង់មតិដោយស្ងាត់ៗនេះ តុលាការកំពូលកម្ពុជា បានរម្លាយគណបក្សសង្គ្រោះជាតិចោលទាំងស្រុងតែម្តង។

ចំពោះមន្រ្តីកាន់អំណាច នៅក្នុងប្រទេសផ្ដាច់ការ ការទិញអចលនទ្រព្យនៅក្រៅប្រទេស គឺដើម្បីរក “កន្លែងដែលពួកគេអាចសម្ងំសោយសុខបានដោយសុវត្ថិភាព” ពេលរបបសព្វថ្ងៃដួលរលំទៅ។ នេះបើតាមប្រសាសន៍របស់លោក ចេសិន ស្សាមែន (Jason Sharman) អ្នកសិក្សាស្រាវជ្រាវមួយរូប នៅឯសាកលវិទ្យាល័យ ខេមប្រ៊ីជ ( Cambridge University) ដែលមានឯកទេសខាងអំពើពុករលួយឆ្លងដែន។
បណ្ឌិត អៀ សុផល នៃមហាវិទ្យាល័យ Occidental College នៅរដ្ឋកាលីហ្វ័រញ៉ា (California) ឯណោះវិញ ជឿថា នេះគឺរឿងពិត ដែលកំពុងកើតឡើងនៅប្រទេសកម្ពុជា។
លោកមានប្រសាសន៍ថា៖ «បើសិនជាអ្នកទាំងឡាយណាចង់ឲ្យប្រាកដថា ពិតជាមានការការពារចំពោះទ្រព្យសម្បត្តិរបស់ពួកគេនាពេលអនាគត នោះការទិញអចលនទ្រព្យនៅក្រៅប្រទេស គឺជាការធានារ៉ាប់រងមួយដែលពួកគេត្រូវតែមាន។ អ្នកទាំងនោះ មានផ្ទះនៅភ្នំពេញ ហើយយកប្រាក់កាសចាយវាយសល់សន្ធឹកសន្ធាប់ ទៅដាក់ផ្ញើនៅធនាគារស្វ៊ីស។ រួចហើយ ពួកគេក៏អាចសប្បាយហ៊ឺហានឹងគំនរមាសប្រាក់ទាំងនោះ ហើយពួកគេក៏អាចទិញវីឡាប្រណិតធំស្កឹមស្កៃនៅក្រៅប្រទេស»។
ផ្ទះវិឡាធំស្កឹមស្កៃភាគច្រើន និងផ្ទះដទៃទៀត សុទ្ធតែត្រូវពួកគេទិញ នៅប្រទេសដែលមានប្រជាធិបតេយ្យរឹងមាំ ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី ជាដើម។ ការជ្រើសរើសទិញទ្រព្យសម្បត្តិទុកនៅឯប្រទេសលោកខាងលិចនេះ បង្ហាញឲ្យឃើញនូវទំនោរសកលមួយ នៃក្រុមគ្រួសារមន្ត្រីបក្សកាន់អំណាចរបស់កម្ពុជា។
ការសប្បាយនឹងជីវិតហ៊ឺហានៃសែស្រឡាយអ្នកលួចជាតិ
លោក អូលីវៀរ ប៊ូឡ័រ (Oliver Bullough) អ្នកនិពន្ធសៀវភៅ«ដែនដីប្រាក់៖ រឿងរ៉ាវផ្ទៃក្នុងរបស់បក្ខពួកសែស្រឡាយអ្នកលួយជាតិ ដែលកំពុងគ្រប់គ្រងពិភពលោក» (Moneyland: The Inside Story of the Crooks and Kleptocrats Who Rule the World) ដែលបោះពុម្ពផ្សាយនៅឆ្នាំ ២០១៨ បានរៀបរាប់អំពីរបៀបដែលលុយបានពីអំពើទុច្ចរិត ដូចជាអំពើពុករលួយ ត្រូវគេបន្លំឲ្យលាយឡំគ្នាជាមួយលុយសុច្ចរិត នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចសាកល។ គេអាចធ្វើដូច្នេះបាន តាមមធ្យោបាយច្រើនយ៉ាង។ មធ្យោបាយមួយ គឺធ្វើឡើងតាមរយៈការទិញអចលនទ្រព្យនៅប្រទេសលោកខាងលិច។
លោក អូលីវៀរ ប៊ូឡ័រ ប្រាប់អាស៊ីសេរីថា «អ្នកនឹងឃើញមានលំនាំបែបនេះ នៅក្នុងប្រទេសដែលមានរដ្ឋាភិបាលលួចជាតិ ដោយមន្ត្រីរដ្ឋាភិបាលលួចជាតិខ្លួន ហើយយកទ្រព្យដែលលួចបាននោះ ទៅផ្ញើទុកនៅធនាគារក្រៅប្រទេស»។ លោកបន្តថា «លទ្ធភាពដែលអ្នកខ្លះកំពុងធ្វើនូវអ្វីដែលអ្នកធ្លាប់បានធ្វើ ពោលគឺឡើងមកកាន់អំណាច ហើយលួចយកអ្វីៗសព្វបែបយ៉ាងទាំងអស់ គឺជារឿងរ៉ាវដែលអ្នកមានការយល់ដឹងច្បាស់។ ដូច្នេះ អ្នកនឹងចង់ការពារខ្លួនអ្នកពីរឿងរ៉ាវអាស្រូវនេះ»។
អ្វីដែលជាលក្ខណៈអំណោយផលល្អ សម្រាប់មន្ត្រីលួចជាតិ អាចបន្តលួចជាតិ ដោយទិញអចលនទ្រព្យនៅទីក្រុងឡុងដ៍ (London) ឬ ញ៉ូវយ៉ក (New York) បាននោះ គឺដោយសារតែការរីកលូតលាស់ទ្វេដង មិនធ្លាប់មាន នៃទីផ្សារអចលនទ្រព្យនៅទីក្រុងធំៗ នៃប្រទេសលោកខាងលិចទាំងនោះ។ ជាអកុសល ការរីកលូតលាស់ខ្លាំងនៃវិស័យអចលនទ្រព្យនោះ មួយភាគធំ គឺមកពីពួកមន្ត្រីលួចជាតិ ប្រើទីក្រុងទាំងនោះ ជាកន្លែងសម្រាប់សន្សំទុកទ្រព្យសម្បត្តិមហាសាលរបស់ខ្លួន។ ជាឧទាហរណ៍ ទីប្រជុំជននៃតំបន់ ម៉ៃយហ្វែរ (Mayfair) និង មែនហាតថាន់ (Manhattan) បានក្លាយទៅជាយាន្តសម្រាប់អ្នកមានទ្រព្យដោយអំពើទុច្ចរិត សម្រាប់លាងទាំងលុយកខ្វក់ និងបង្កើនទ្រព្យទុច្ចរិតរបស់ពួកគេ ឲ្យកើនទ្វេដងថែមទៀតផង។
បណ្ឌិត អៀ សុផល ដែលមានឈាមជ័រជាខ្មែរ ប្រាប់ វិទ្យុអាស៊ីសេរី ថា ផ្ទះទាំងឡាយ ដែលវិទ្យុអាស៊ីសេរីរកឃើញនោះ គឺជាទ្រព្យដែលបានមកពីអំពើទុច្ចរិត និងត្រូវតែយកទៅប្រគល់សងម្ចាស់ដើមវិញ គឺពលរដ្ឋខ្មែរទូទៅ។ លោកថា «អ្វីដែលអ្នកទាំងនោះ រកបាន គឺបានមកពីការវិនិយោគបន្ត របស់ពួកគេមែនហើយ ប៉ុន្តែទ្រព្យទាំងនោះ ពីដំបូងមិនមែនជាទ្រព្យរបស់ពួកគេនោះឡើយ។ យើងសង្ឃឹមថា ថ្ងៃណាមួយនឹងមានយុត្តិធម៌។ ពេលនោះ ទ្រព្យរបស់អ្នកទាំងនេះ នឹងត្រូវយកទៅប្រគល់ជូន ដែលសមនឹងទទួលបានទ្រព្យនេះ គឺប្រជាពលរដ្ឋខ្មែរទូទៅ ដើម្បីឲ្យពួកគាត់អាចអាស្រ័យផលពីទ្រព្យដែលគេលួចពីគាត់នេះ»៕