PolSotheavy-Australia


គ្រួសារនាយឧត្ដមសេនីយ៍ខ្មែរកំពូលម្នាក់ ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបោកបន្លំប្រាក់ ១០០លានដុល្លារនៅប្រទេសអូស្ត្រាលី


ដោយ៖ ហ្សាក់ ដេវី (Jack Davies)

ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០


គម្រោងវិនិយោគមិនស្មោះត្រង់ពីរ ភ្ជាប់ពាណិជ្ជករអូស្ត្រាលីម្នាក់ទៅមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា។

យោងតាមដីការបស់តុលាការសហព័ន្ធឆ្នាំ២០១៩ កូនស្រីរបស់នាយឧត្ដមសេនីយ៍ដែលកាន់តំណែងយូរ ហើយមានកេរ្តិ៍ឈ្មោះអាក្រក់មួយរូប បានធ្វើជាមេខ្លោងឲ្យគម្រោងវិនិយោគដីធ្លីបែបបោកប្រាស់មួយ ដែលមានតម្លៃប្រហែល ១០០លានដុល្លារ នៅប្រទេសអូស្ត្រាលី។

នាយឧត្ដមសេនីយ៍ ប៉ុល សារឿន គឺជាមេបញ្ជាការកងទ័ពជើងគោកជាន់ខ្ពស់យូរឆ្នាំម្នាក់ និងដ៏ទុកចិត្តបំផុតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកកាន់តំណែងកំពូលនៃកងទ័ពជើងគោកនេះ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨ ហើយឥឡូវនេះ លោកមានតំណែងជាទេសរដ្ឋមន្ត្រី។


PolSaroeun
នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងទ័ពជើងគោក ថ្លែងសុន្ទរកថានៅសាលាការពារព្រំដែន នៅខេត្តកំពង់ឆ្នាំង ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧។

អាស៊ីសេរី រកឃើញថា គ្រួសាររបស់លោក ប៉ុល សារឿន មានទ្រព្យសម្បត្តិយកទៅលាក់ទុកនៅទ្វីបចំនួនបី។ ការរកឃើញនេះ គឺជាផ្នែកមួយនៃដំណើរការស៊ើបអង្កេតដែល អាស៊ីសេរី កំពុងពិនិត្យមើលជុំវិញរឿងរ៉ាវលុយកាក់ និងទ្រព្យសម្បត្តិរបស់បុគ្គលពាក់ព័ន្ធនឹងអ្នកនយោបាយនៅកម្ពុជា ដែលពួកគេយកទៅលាក់ទុកនៅក្រៅប្រទេស។

នៅប្រទេសអូស្ត្រាលី គ្រួសារលោក ប៉ុល សារឿន បានជាប់ពាក់ព័ន្ធនឹងគម្រោងវិនិយោគដីធ្លីដ៏សម្បើមមួយ។ គម្រោងនេះ គឺជាវិធីធ្វើវិនិយោគទុនលើអចលនទ្រព្យខាងដីធ្លីដ៏ចម្រូងចម្រាសមួយតាមរយៈការទិញដីទំហំ​ធំៗ ដែលគ្មានការអភិវឌ្ឍ ហើយពុះច្រៀកឱ្យទៅជាដីឡូត៍ប្លង់តូចៗ ទុកលក់ឱ្យអ្នកវិនិយោគ ដែលសង្ឃឹមថាថ្ងៃណាមួយរដ្ឋនឹងអនុញ្ញាតឲ្យអភិវឌ្ឍជាលំនៅឋាននៅទីនោះ ដែលធ្វើឱ្យតម្លៃដីឡើងថ្លៃកប់ពពក។ រដ្ឋាភិបាលអូស្ត្រាលីព្រមានថា មានអ្នកវិនិយោគជាច្រើននាក់ហើយដែលខាតបង់លុយកាក់ទៅលើគម្រោងដែលចាត់ចែងមិនបានល្អ ឬដែលមានការកេងបន្លំ។

កូនស្រីពីរនាក់របស់លោក ប៉ុល សារឿន គឺអ្នកស្រី ប៉ុល ពិសី និង អ្នកស្រី ប៉ុល សុធាវី បានជាប់ពាក់ព័ន្ធក្នុងរឿងរ៉ាវអាស្រូវនៃគម្រោងការបោកប្រាស់នេះ។ នៅខែកក្កដា ឆ្នាំ២០១១ អ្នកទាំងពីរបានឈរឈ្មោះកាន់កាប់ភាគហ៊ុនចំនួន ៥លានហ៊ុន នៅក្នុងក្រុមហ៊ុនមួយឈ្មោះ អេវីអេសិន ៣០៣០ ភីធីវ៉ាយ អិលធីឌី (Aviation 3030 Pty Ltd.)។ វាជាក្រុមហ៊ុនអូស្ត្រាលីមួយ ដែលបង្កើតឡើងដើម្បីវិនិយោគលើវិស័យដីធ្លី។ កាលពីឆ្នាំមុន ចៅក្រមសហព័ន្ធបានចេញសេចក្ដីសម្រេចឱ្យបញ្ឈប់គម្រោងវិនិយោគនេះ ឆ្លើយតបទៅនឹងពាក្យបណ្តឹងធ្វើឡើងដោយគណៈកម្មការមូលបត្រ និងវិនិយោគអូស្ត្រាលី (Australian Securities and Investment Commission)។


អ្នកស្រី ប៉ុល សុធាវី និងប្តី លោក ខៀវ សុខា។ រូបថត៖ ទំព័រហ្វេសប៊ុក (Facebook) របស់អ្នកស្រី ប៉ុល សុធាវី
អ្នកស្រី ប៉ុល សុធាវី និងប្តី លោក ខៀវ សុខា។ រូបថត៖ ទំព័រហ្វេសប៊ុក (Facebook) របស់អ្នកស្រី ប៉ុល សុធាវី
អ្នកស្រី ប៉ុល ពិសី និងប្តី លោក សូ ខនបញ្ញារិទ្ធិ។ រូបថត៖ ទំព័រហ្វេសប៊ុក (Facebook) របស់អ្នកស្រី ប៉ុល ពិសី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១០
អ្នកស្រី ប៉ុល ពិសី និងប្តី លោក សូ ខនបញ្ញារិទ្ធិ។ រូបថត៖ ទំព័រហ្វេសប៊ុក (Facebook) របស់អ្នកស្រី ប៉ុល ពិសី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១០

ស្ត្រីមេខ្លោងក្នុងគម្រោងការបោកប្រាស់

ស្ថាបនិកក្រុមហ៊ុន អេវីអេសិន ៣០៣០ លោក ឡៅ ហាក់លី (Hakly Lao) គឺជាខ្មែរអូស្ត្រាលី​ម្នាក់ ដែលគេស្គាល់ថា ជាអ្នកមានទំនាក់ទំនងលំដាប់កំពូលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលក្នុងនោះ យ៉ាងហោចណាស់ ក៏រួមមានទាំងកូនរបស់លោក ហ៊ុន សែន ម្នាក់ផងដែរ។

លោក ឡៅ ហាក់លី បានបង្កើតក្រុមហ៊ុននេះឡើងនៅឆ្នាំ២០១១ ក្រោយពីបានប្រទះឃើញដីទំហំជាង ៩៧ហិកតារ នៅតំបន់ ផញ់ឃុក (Point Cook) ជាយក្រុងមែលប៊ន (Melbourne) ហើយបានទិញដីនោះក្នុងតម្លៃ ៧,៨លានដុល្លារអូស្ត្រាលី (ស្មើនឹង ៥,៦លានដុល្លារអាមេរិក) កាលពីខែឧសភា ក្នុងឆ្នាំដដែលនោះ។


Lao Hakly LinkedIn profile picture
លោក ឡៅ ហាក់លី (Hakly Lao) ស្ថាបនិកក្រុមហ៊ុន អេវីអេសិន ៣០៣០ (Aviation 3030)។ រូបថត៖ បណ្តាញសង្គម LinkedIn

ពីរខែក្រោយមក បងប្អូនស្រីត្រកូលប៉ុល បានទិញភាគហ៊ុនចំនួន ៥លានហ៊ុន ដែលតំណាងឱ្យដីទំហំជាង ២ហិកតារក្នុងតម្លៃសរុប ៥០ដុល្លារអូស្ត្រាលី (ស្មើនឹង ៣៦ដុល្លារអាមេរិក)។ បើគេបែងចែកភាគហ៊ុនដដែលនេះ ទុកសម្រាប់លក់រាយឲ្យអ្នកវិនិយោគដទៃវិញ ភាគហ៊ុននេះអាចនឹងមានតម្លៃរហូតដល់ទៅ ១លានដុល្លារអូស្ត្រាលី (ស្មើនឹង ៧១៥.០០០ ដុល្លារអាមេរិក) ពោលគឺថ្លៃជាងតម្លៃដែលបងប្អូនស្រីត្រកូលប៉ុល បានទិញរហូតដល់ទៅ ១.៩៩៩.៩០០ ភាគរយឯណោះ។

ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតប្រឆាំងនឹងក្រុមហ៊ុន អេវីអេសិន ៣០៣០ កាលពីខែមីនា ឆ្នាំ២០១៩ ចៅក្រម ចន អូកាលឡាហ្កាន់ (John O'Callaghan) បានពិពណ៌នាថា អ្នកស្រី ប៉ុល ពិសី និងអ្នកស្រី ប៉ុល សុធាវី គឺជា «អ្នកឈរឈ្មោះ» ឱ្យស្ថាបនិកក្រុមហ៊ុន គឺលោក ឡៅ ហាក់លី។ កូនស្រីរបស់នាយឧត្ដមសេនីយ៍ ប៉ុល សារឿន ទំនងដូចជាបានអនុញ្ញាតឱ្យលោក ឡៅ ហាក់លី ប្រើឈ្មោះរបស់ពួកគេ ដើម្បីបិទបាំងផលប្រយោជន៍របស់លោកក្នុងនាមជាម្ចាស់ភាគហ៊ុន មិនឲ្យអ្នកវិនិយោគដទៃទៀតនៅពេលអនាគតបានដឹង។

គេនៅមិនទាន់ដឹងច្បាស់ទេថា តើបងប្អូនស្រីទាំងពីរនាក់នេះ ទទួលបានផលប្រយោជន៍អ្វីខ្លះ ពីការរៀបចំចាត់ចែងបែបនេះ។ ប៉ុន្តែរឿងរ៉ាវនេះ គឺគ្រាន់តែជាចំណុចចាប់ផ្តើមមួយនៃល្បិចថ្ពឹនភ្នែក​ដែលលោក ឡៅ ហាក់លី ប្រើប្រាស់ដើម្បីបោកបញ្ឆោតអ្នកវិនិយោគរបស់លោកតែប៉ុណ្ណោះ។


PolSaroeun
កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ តុលាការសហព័ន្ធអូស្ត្រាលី បានចេញសេចក្តីសម្រេចឲ្យបិទក្រុមហ៊ុន អេវីអេសិន ៣០៣០ (Aviation 3030)។ ចៅក្រមនៃតុលាការនេះ បានបញ្ជាក់ថា «សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អេវីអេសិន ៣០៣០ មិនសក្ដិសមនឹងអង្គុយក្នុងតំណែងជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននេះឡើយ»។

ទសវត្សរ៍នៃការបោកប្រាស់

៣ថ្ងៃមុនពេលដែលលោក ឡៅ ហាក់លី យកឈ្មោះអ្នកស្រី ប៉ុល ពិសី និងអ្នកស្រី ប៉ុល សុធាវី មកឈរជាម្ចាស់ភាគហ៊ុនឲ្យក្រុមហ៊ុនរបស់លោក លោកបានរៀបចំវិធីកេងចំណេញឲ្យខ្លួនឯង ដែលលោកបានបន្តធ្វើរបៀបនេះអស់ជិត ១០ឆ្នាំក្រោយមក គឺរហូតដល់ពេលដែលតុលាការបានបញ្ជាឲ្យបិទប្រតិបត្តិការរបស់ក្រុមហ៊ុន អេវីអេសិន នេះតែម្តង។

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១១ ក្រុមហ៊ុនអចលនទ្រព្យឈ្មោះ អូដាយរ៉ិច ប្រូភើធី គ្រុប ភីធីវ៉ាយ អិលធីឌី (AuDirect Property Group Pty Ltd) ជាក្រុមហ៊ុនអូស្ត្រាលីមួយ ដែលលោក ឡៅ ហាក់លី ជាម្ចាស់ និងជាអ្នកគ្រប់គ្រង បានចុះកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន អេវីអេសិន ៣០៣០ ដែលកិច្ចព្រមព្រៀងនេះតម្រូវឲ្យគម្រោងវិនិយោគដីធ្លីរបស់ក្រុមហ៊ុន អេវីអេសិន ៣០៣០ ត្រូវបង់ថ្លៃសេវាគ្រប់គ្រងក្នុងតម្លៃដល់ទៅរាប់សិបលានដុល្លារ ទៅដល់ក្រុមហ៊ុន អូដាយរ៉ិច ប្រូភើធី គ្រុប។


Map of Aviation’s primary asset is property located at 756 Aviation Rd, Point Cook. Google Map
ក្រុមហ៊ុន អេវីអេសិន ៣០៣០ (Aviation 3030) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ក្រោយស្ថាបនិករបស់ក្រុមហ៊ុននេះ គឺលោក ឡៅ ហាក់លី បានប្រទះឃើញដីទំហំជាង ៩៧ហិកតារ នៅតំបន់ ផញ់ឃុក (Point Cook) ជាយក្រុងមែលប៊ន (Melbourne) ដែលក្រុមហ៊ុននេះបានទិញក្នុងតម្លៃ ៧,៨លានដុល្លារអូស្ត្រាលី (ស្មើនឹង ៥,៦លានដុល្លារអាមេរិក)។

ក្នុងការចុះបញ្ជីស្រដៀងគ្នានេះឲ្យក្រុមហ៊ុន អូ ដាយរ៉ិច គ្រុប ខូ អិលធីឌី (AU Direct Group Co Ltd) នៅក្នុងប្រទេសកម្ពុជាវិញ លោក ឡៅ ហាក់លី បានដាក់អាសយដ្ឋានផ្ទះ និងអាសយដ្ឋានការិយាល័យធំរបស់ក្រុមហ៊ុនលោក សម្រាប់ការចុះបញ្ជីក្រុមហ៊ុននេះធ្វើឡើយដោយអ្នកស្រី ប៉ុល សុធាវី និងប្ដីឈ្មោះ ខៀវ សុខា។ ក្រុមហ៊ុន អូ ដាយរ៉ិច មិនមានឈ្មោះនៅក្នុងបញ្ជីក្រសួងពាណិជ្ជកម្មទៀតទេ ហើយទិន្នន័យចងក្រងដោយការស៊ើបអង្កេតរបស់អង្គការ​ឃ្លាំមើលពិភពលោក គ្លូបល វីតនេស (Global Witness) នៃចក្រភពអង់គ្លេស ក៏មិនបានបង្ហាញឲ្យដឹងពីគោលបំណងពិតប្រាកដរបស់ក្រុមហ៊ុនមួយនេះដែរ។

មិនមានព័ត៌មានច្បាស់ទេថា តើក្រុមគ្រួសារត្រកូលប៉ុល និងលោក ឡៅ ហាក់លី ចាប់ផ្ដើមស្គាល់គ្នាពីពេលណាមកទេ។ សមាជិកនៃគ្រួសារទាំងពីរមិនបានឆ្លើយតបនឹងការស្នើសុំអត្ថាធិប្បាយជុំវិញរឿងនេះទេ។ នៅក្នុងសេចក្តីពន្យល់អំពីការសម្រេចបញ្ជាឲ្យបិទក្រុមហ៊ុន អេវីអេសិន ៣០៣០ ហើយដាក់ក្រុមហ៊ុននេះ​ឱ្យស្ថិតក្រោមការត្រួតពិនិត្យ​របស់​តុលាការ ចៅក្រម អូ កាលឡាហ្កាន បានលាតត្រដាងពីទង្វើឆបោកមួយចំនួន ដែលប្រព្រឹត្តិដោយលោក ឡៅ ហាក់លី និងសមាជិកគណៈកម្មការនាយកនៃក្រុមហ៊ុនរបស់គាត់។

ចៅក្រម អូ កាលឡាហ្កាន សរសេរថា «សមាជិកក្រុមប្រឹក្សានាយកទាំងនោះ បានចេញប័ណ្ណភាគហ៊ុនក្នុងតម្លៃទាបជាច្រើនឱ្យទៅពួកគេខ្លួនឯង និងសហការីរបស់ពួកគេ។ ពួកគេបានប្រឌិតការឆ្លើយឆ្លង និងវិក្កយបត្រក្លែងក្លាយ។ ពួកគេបានផ្តល់ការណែនាំមិនពិតដល់អ្នកប្រមូលប្រាក់នៅខាងក្រៅក្រុមហ៊ុន។ ពួកគេបានបោកបញ្ឆោត និងបំភាន់អ្នកវិនិយោគដទៃ។ ពួកគេបានចុះកិច្ចសន្យាខ្ចីប្រាក់ជាមួយភាគីពាក់ព័ន្ធ ហើយបានចាយវាយប្រាក់កាសទាំងនោះ ដោយគ្មានការអនុញ្ញាត និងច្រើនហួសប្រមាណ»។


property-observer
របាយការណ៍ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ពីគេហទំព័រឃ្លាំមើលអចលនទ្រព្យ (Property Observer) មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ស្តីពីសេចក្តីសម្រេចរបស់តុលាការសហព័ន្ធ បញ្ជាឲ្យបិទក្រុមហ៊ុន អេវីអេសិន ៣០៣០ (Aviation 3030)។

ចំណងពាក់ព័ន្ធជាមួយមន្ត្រីថ្នាក់កំពូលៗ

បងប្អូនស្រីរបស់ត្រកូលប៉ុល មិនមែនជាសមាជិកនៃឥស្សរជននយោបាយរបស់ប្រទេសកម្ពុជាដំបូងទេ ដែលបានជំពាក់ជំពិនក្នុងការធ្វើអាជីវកម្មខុសច្បាប់របស់លោក ឡៅ ហាក់លី។

នៅឆ្នាំ២០១៨ គឺមួយឆ្នាំមុនពេលដែលក្រុមហ៊ុន អេវីអេសិន ៣០៣០ ត្រូវតុលាការបញ្ជាឲ្យបិទ គម្រោងវិនិយោគដីធ្លីនៅទីក្រុងមែលប៊ន ស្រដៀងគ្នាមួយ ដែលគ្រប់គ្រងដោយលោក ឡៅ ហាក់លី ក៏ត្រូវបានបញ្ជាឱ្យបិទ ដោយសារតែមិនបានចុះបញ្ជិកាត្រឹមត្រូវជាមួយអាជ្ញាធរ។ គម្រោងវិនិយោគមួយនេះ ដែលគេស្គាល់ឈ្មោះថា វីខេខេ អ៊ិនវេសមិនស៍ យូនីត ត្រាស់ (VKK Investments Unit Trust) បានប្រមូលកៀរគរបានប្រាក់ ២២លានដុល្លារអូស្ត្រាលី (ស្មើនឹង ១៥,៧លានដុល្លារអាមេរិក) ពីអ្នកវិនិយោគនានា។

យោងតាមកំណត់ត្រារបស់តុលាការ ដែលបណ្តាញព័ត៌មាន អាល់ ហ្សាហ្ស៊ីរ៉ា (Al Jazeera) បានរាយការណ៍ជាលើកដំបូងនៅក្នុងឆ្នាំ២០១៨ លោក គង់ វិបុល អគ្គនាយកពន្ធដារនៃប្រទេសកម្ពុជា ក៏ឋិតនៅក្នុងចំណោមអ្នកវិនិយោគទាំងនោះដែរ។ ក្នុងឆ្នាំ២០១២ លោក គង់ វិបុល បានដាក់ពាក្យប្ដឹងអ្នកវិនិយោគគ្នាឯងនៅក្នុងក្រុមហ៊ុនVKK នេះ ព្រមទាំងអ្នកអនុវត្តគម្រោងវិនិយោគមួយនេះ គឺ ក្រុមហ៊ុន ជីម មេនេចមិន គ្រុប (Gem Management Group) ដែលមានលោក ឡៅ ហាក់លី ជាម្ចាស់ និងជាអ្នកគ្រប់គ្រង។

ក្នុងអំឡុងពេលដែលមានការចោទប្រកាន់គ្នាថា មេពន្ធដារ (លោក គង់ វិបុល) បាន «គំរាមកំហែង និងបំភិតបំភ័យ» ទៅលើចុងចម្លើយ មេធាវីរបស់លោក គង់ វិបុល បានស្វះស្វែងសុំឲ្យមានសេចក្ដីសម្រេចមុនអង្គសេចក្តីពីតុលាការ ទាមទារទឹកប្រាក់សរុបចំនួន ៤,១លានដុល្លារអូស្ត្រាលី (ស្មើនឹង ២,៩លានដុល្លារអាមេរិក) ចំពោះ​ការខូចខាត​របស់លោក គង់ វិបុល។ ប៉ុន្តែ ពាក្យបណ្តឹង​របស់​ពួកគេត្រូវតុលាការបដិសេធនៅឆ្នាំ២០១៤ ហើយចាប់តាំងពីពេលនោះមក ករណីនេះមិនត្រូវបានតុលាការលើកយកមកជំនុំជម្រះជាថ្មីទៀតនោះទេ។


Hun-Chantha-Neth-Vichhuna-in-London
អគ្គនាយកពន្ធដារ លោក គង់ វិបុល ធ្លាប់ជាអ្នកវិនិយោគម្នាក់ក្នុងគម្រោងវិនិយោគដីធ្លីមួយផ្សេងទៀត ដែលលោក ឡៅ ហាក់លី ជាអ្នកគ្រប់គ្រង។ លោក គង់ វិបុល បានដាក់ពាក្យប្ដឹងប្រឆាំងអ្នកវិនិយោគគ្នាឯង។ ក្រោយមក ការចោទប្រកាន់នានាបានដឹងឮជាសាធារណៈថា លោក គង់ វិបុល បានគំរាមកំហែងចុងចម្លើយ ដោយលោកបានទាមទារទឹកប្រាក់សំណងចំពោះការខូចខាត សរុបចំនួនជាង ៤លានដុល្លារអូស្ត្រាលី។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានខិតខំប្រឹងប្រែងផ្សារភ្ជាប់ជាមួយសហគមន៍ខ្មែរនៅអូស្ត្រាលី។ នៅក្នុងសុន្ទរកថាមួយទៅកាន់សភាតំណាងរាស្ត្រអូស្ត្រាលី លោកតំណាងរាស្ត្រ ជូលៀន ហៀល (Julian Hill) ថ្លែងថា កិច្ចប្រឹងប្រែងទាំងនោះរបស់គណបក្សប្រជាជនកម្ពុជា ក៏មានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរមួយចំនួន ដូចជា ការលាងលុយកខ្វក់ ការបំភិតបំភ័យ និងការរត់ពន្ធគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន បារី និងស្រា ជាដើម។

វិធីសាស្ត្រដែលគណបក្សប្រជាជនកម្ពុជាប្រើប្រាស់ ដើម្បីទទួលបានការគាំទ្រពីពលរដ្ឋខ្មែរនៅអូស្ត្រាលីនេះ ក៏មានទម្រង់មិនសូវជាអាក្រក់ដែរទេ ដូចជាពួកគេបានរៀបចំឱ្យមានសហគមន៍ជួបជុំគ្នា និងបង្កើតជាព្រឹត្តិការណ៍នានាជាដើម។ អតីតសមាជិកគណបក្សប្រជាជនកម្ពុជា និងជាអ្នកទម្លាយព័ត៌មានម្នាក់ គឺអ្នកស្រី គី កល្យាណ ធ្លាប់បានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ នៅទីក្រុងមែលប៊ន។

អ្នកស្រី គី កល្យាណ និយាយថា នៅក្នុងឆ្នាំ២០១៤ លោក ហ៊ុន ម៉ានិត ជាមេចារកម្មយោធាកម្ពុជា និងជាកូនប្រុសរបស់លោក ហ៊ុន សែន បានអញ្ជើញអ្នកស្រី ឱ្យទៅចូលរួមកិច្ចប្រជុំនៅឯភោជនីយដ្ឋានមួយ នៅជាយក្រុងមែលប៊ន នៃតំបន់ ប៊ឺវូដ (Burwood)។ អ្នកស្រី គី កល្យាណ រម្លឹកថា ពេលនោះមានមនុស្សប្រហែល ៧នាក់ នៅអង្គុយព័ទ្ធជុំវិញតុ ដែលក្នុងនោះមានទាំងលោក ឡៅ ហាក់លី ផង។

អ្នកស្រី គី កល្យាណ មានប្រសាសន៍ថា «លោក ឡៅ ហាក់លី តែងតែមានវត្តមាន​នៅក្នុងព្រឹត្តិការណ៍ធំៗទាំងអស់ ហើយក៏ជាលើកដំបូងដែរដែលយើងប្រជុំជាមួយលោក ហ៊ុន ម៉ានិត។ ពួកគេហាក់ដូចជាជិតស្និទ្ធនឹងគ្នាណាស់។ គាត់មានទំនាក់ទំនងជាមួយថ្នាក់លើច្រើនជាងសមាជិកធម្មតា»។


VKK Investments Office
ការិយាល័យក្រុមហ៊ុនវិនិយោគ VKK Investments Unit Trust ដែលជាក្រុមហ៊ុនវិនិយោគដីធ្លីមួយផ្សេងទៀតមានមូលដ្ឋាននៅក្រុងមែលប៊ន (Melbourne) គ្រប់គ្រងដោយលោក ឡៅ ហាក់លី ត្រូវតុលាការបញ្ជាឲ្យរំលាយចោលក្នុងឆ្នាំ២០១៨ ដោយសារតែខកខានមិនបានចុះបញ្ជីជាមួយអាជ្ញាធរ។ រូបថត៖ realcommercial.com.au
រថយន្តកីឡាមួយគ្រឿង ចតនៅការិយាល័យរបស់ក្រុមហ៊ុន VKK។
រថយន្តកីឡាមួយគ្រឿង ចតនៅការិយាល័យរបស់ក្រុមហ៊ុន VKK។

ទំហំវិនិយោគលំដាប់អន្តរជាតិ

សេចក្ដីរាយការណ៍របស់ អាស៊ីសេរី បង្ហាញថា ផលប្រយោជន៍ពាណិជ្ជកម្មរបស់គ្រួសារនាយឧត្ដមសេនីយ៍ ប៉ុល សារឿន បានពង្រីកពីប្រទេសកម្ពុជាទៅដល់អូស្ត្រាលី និងសហរដ្ឋអាមេរិក។ ការពូនគរទ្រព្យសម្បត្តិឆ្លងទ្វីបបែបនេះ គឺជាដំណើររឿងរ៉ាវដ៏វែងឆ្ងាយចេញពីទីដែលមេដឹកនាំកងទ័ពកំពូលរូបនេះ បានចាប់ផ្ដើមអាជីពរបស់លោក ជាកម្មាភិបាលខ្មែរក្រហមម្នាក់។

លោក ប៉ុល សារឿន បានចូលរួមជាមួយក្រុមបដិវត្តន៍កុម្មុយនិស្តនៅឆ្នាំ១៩៦៨ ពេលដែលគាត់មានអាយុ ២០ឆ្នាំ ហើយបានចំណាយពេលមួយទសវត្សរ៍បន្ទាប់មកទៀត ធ្វើការដើម្បីលុបបំបាត់ភាពជាកម្មសិទ្ធិទ្រព្យសម្បត្តិឯកជន ដែលជារឿយៗ គឺធ្វើតាមវិធីឃោរឃៅ និងអមនុស្សធម៌។

យោងតាមរបាយការណ៍ឆ្នាំ២០១៨ របស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស យូមែន រ៉ៃយស៍ វ៉ច្ឆ (Human Rights Watch) នៅចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨ លោក ប៉ុល សារឿន គ្រប់គ្រងគុកខ្មែរក្រហមមួយ ហៅថា មន្ទីរ ស-៧៩ (S-79) ជា «ទីឃុំឃាំងសមាជិកយោធានៃភូមិភាគបូព៌ា ដែលគេចោទថាក្បត់បដិវត្តន៍។ សមាជិកយោធាទាំងនោះ ត្រូវបានគេឃុំខ្លួនដោយគ្មានការចោទប្រកាន់ ឬការជំនុំជម្រះ។ ជាញឹកញយ អ្នកទាំងនោះ ត្រូវបានគេធ្វើទារុណកម្មក្នុងពេលសួរចម្លើយ ហើយបន្ទាប់មក ត្រូវបានគេសម្លាប់ ឬឃុំខ្លួនដើម្បី​អប់រំកែប្រែឡើងវិញ តាមតែអំពើចិត្ត។ ការអប់រំកែប្រែឡើងវិញ គឺធ្វើនៅកន្លែងដែលគ្រប់គ្រងដោយលោក ប៉ុល សារឿន»។ ក្រោមមនោគមន៍វិជ្ជាខ្មែរក្រហមដែលលោក ប៉ុល សារឿន ធ្លាប់បម្រើយ៉ាងស្មោះស្ម័គ្រជាយូរមកហើយនោះ ការមានទ្រព្យសម្បត្តិជាកម្មសិទ្ធិឯកជន គឺជាអំពើខុសច្បាប់។ អ្វីៗគ្រប់បែបយ៉ាងត្រូវតែជារបស់សមូហភាព គ្មានកម្មសិទ្ធិផ្ទាល់ខ្លួនទេ។


រូបថតកាលប្បវត្តិគ្មានចុះកាលបរិច្ឆេទបង្ហោះនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោក ប៉ុល សារឿន (រូបទី៣ពីឆ្វេង) បង្ហាញឲ្យឃើញលោកបានថតជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបទី៤ពីឆ្វេង)។
រូបថតកាលប្បវត្តិគ្មានចុះកាលបរិច្ឆេទបង្ហោះនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោក ប៉ុល សារឿន (រូបទី៣ពីឆ្វេង) បង្ហាញឲ្យឃើញលោកបានថតជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបទី៤ពីឆ្វេង)។

ប៉ុន្តែ សម្រាប់លោក ប៉ុល សារឿន និងគ្រួសារ ក្រោយពេលជួបគំនរទ្រព្យ និងលាភសំណាងមក គាត់បានបោះបង់ចោលមនោគមន៍វិជ្ជាខ្មែរក្រហម ហើយស្រវ៉ាចាប់យកទ្រព្យសម្បត្តិជាកម្មសិទ្ធិឯកជនវិញ។

ប្រពន្ធរបស់លោក ប៉ុល សារឿន គឺអ្នកស្រី ណុព្វ ស៊ីដារ៉ា ជាម្ចាស់ និងជាអ្នកគ្រប់គ្រងអាជីវកម្មជាច្រើនរាប់មិនអស់នៅទូទាំងប្រទេសកម្ពុជា។ អាជីវកម្មទាំងនោះ រួមមាន អាជីវកម្មរ៉ែ និងថ្មភ្នំជាច្រើន ដែលភាគច្រើន អង្គការសង្គមស៊ីវិលបានចោទថា ធ្វើប្រតិបត្តិការដោយខុសច្បាប់ ក្រោមការការពារពីអង្គភាពយោធា បញ្ជាដោយលោក ប៉ុល សារឿន។


Pol saroeun and Noup Sidara Joined Red-Cross Day 04 May 2018 1
លោក ប៉ុល សារឿន និងប្រពន្ធ អ្នកស្រី ណុព្វ ស៊ីដារ៉ា ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ ក្នុងរូបថតបង្ហោះនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោក ប៉ុល សារឿន។

កូនៗស្រីរបស់គាត់ ក៏កាន់កាប់ភាគហ៊ុន និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជាច្រើននៅកម្ពុជា។ អ្នកស្រី ប៉ុល សុធាវី ជាម្ចាស់រួមគ្នា និងជានាយកក្រុមហ៊ុនអូស្ត្រាលីមួយឈ្មោះ ខាំវុធ ឃីងឌឹម (Khamvuth Kingdom) រហូតដល់ពេលក្រុមហ៊ុននេះ ត្រូវបានលុបឈ្មោះចោល កាលពីឆ្នាំមុន។ គោលបំណងរបស់ក្រុមហ៊ុននេះ ក៏មានភាពមិនច្បាស់លាស់ដែរ ហើយម្ចាស់ដើមរួមគ្នាជាជនជាតិខ្មែរម្នាក់ទៀត ក៏យើងមិនអាចទាក់ទងបានដើម្បីសុំអត្ថាធិប្បាយបានដែរ។

រីឯអ្នកស្រី ប៉ុល សុធាវី និងប្ដី គឺលោក ខៀវ សុខា ក៏មានបើកហាងលក់ទំនិញរាយនៅរដ្ឋតិចសាស់ (Texas) សហរដ្ឋអាមេរិកដែរ ដែលនៅទីនោះ គាត់មានផ្ទះមួយ ដែលមានតម្លៃប្រមាណ ២០ម៉ឺនដុល្លារអាមេរិក។

សហគ្រាសដែលរកប្រាក់ចំណេញ

នៅក្នុងសេចក្ដីសម្រេចមួយរបស់តុលាការកាលពីខែមីនា ឆ្នាំ២០១៩ លើគម្រោងវិនិយោគដីធ្លីនៅអូស្ត្រាលី ចៅក្រម អូ កាលឡាហ្កាន ទទួលស្គាល់ថា គណៈកម្មការមូលបត្រ និងវិនិយោគអូស្ត្រាលី បានស្នើឱ្យលោកចាត់វិធានការពិសេស​មួយ ដោយសុំឱ្យលោករំលាយក្រុមហ៊ុន អេវីអេសិន ដែលអ្នកវិនិយោគកំពុង«ទទួលបានប្រាក់ចំណេញគួរឱ្យកត់សម្គាល់»។ ក្រុមហ៊ុនស្រមោលរបស់ចិនមួយ ផ្នែកអភិវឌ្ឍអចលនទ្រព្យ ឈ្មោះ ដាហួ (Dahua) បានស្នើសុំទិញដីរបស់ក្រុមហ៊ុន អេវីអេសិន ក្នុងតម្លៃប្រហែល ១៣៥លានដុល្លារអូស្ត្រាលី (ស្មើនឹង៩៦,៤លានដុល្លារអាមេរិក) គឺដល់ទៅជិត ២០ដង លើសតម្លៃដែលក្រុមហ៊ុន អាវីអេសសិន ៣០៣០ បានចំណាយកាលពីពេលទិញដីដំបូង។


PolSotheavy-Australia-extract
ព័ត៌មានអំពីក្រុមហ៊ុននៅអូស្ត្រាលី របស់ក្រុមហ៊ុនកម្រៃជើងសាដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ បង្ហាញថា អ្នកស្រី ប៉ុល សុធាវី នៅតែជាម្ចាស់ភាគហ៊ុនម្នាក់នៅក្នុងក្រុមហ៊ុន អេវីអេស៊ិន ៣០៣០ (Aviation) ដដែល ដែលអ្នកស្រីអាចរកបានប្រាក់ចំណេញពីការលក់ដីក្រោមគម្រោងវិនិយោគដីធ្លីរបស់ក្រុមហ៊ុនមួយនេះ។

បើទោះជាក្រុមហ៊ុន អេវីអេសិន ផ្តល់ភាគលាភដល់អ្នកវិនិយោគក្តី ក៏លោកចៅក្រម អូ កាលឡាហ្កាន រកឃើញថា ការរំលាយក្រុមហ៊ុននេះតាមសំណើរបស់គណៈកម្មការមូលបត្រ និងវិនិយោគអូស្ត្រាលី ពិតជាមានអត្ថប្រយោជន៍សាធារណៈ «ច្រើនលើសលុប»។ លទ្ធផលស៊ើបអង្កេតរបស់ចៅក្រមក៏បង្ហាញថា «សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អេវីអេសិន ៣០៣០ មិនសក្ដិសមនឹងអង្គុយក្នុងតំណែងជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននេះឡើយ»។

ទោះបីចៅក្រមរកឃើញថា បងប្អូនស្រីត្រកូលប៉ុល បានដើរតួជាអ្នកឈរឈ្មោះឱ្យលោក ឡៅ ហាក់លី ក៏ដោយ ក៏អ្នកទាំងពីរនៅតែរក្សាភាគហ៊ុនចំនួន ៥លានហ៊ុនរបស់ពួកគេនៅក្នុងក្រុមហ៊ុន អេវីអេសិន ៣០៣០ ដដែល។ ប្រសិនបើការលក់ដី​ឲ្យក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យចិន ឈ្មោះ ដាហួ (Dahua) កើតមានឡើង នោះអ្នកស្រី ប៉ុល ពិសី និងអ្នកស្រី ប៉ុល សុធាវី អាច​ទទួល​បានទឹកប្រាក់ដែលទូទាត់រួចចន្លោះពីពីរទៅបីលានដុល្លារអូស្ត្រាលី (ស្មើនឹង ១,៤លានដុល្លារ ទៅ ២,១លានដុល្លារអាមេរិក) ពីការទិញលក់ដីនេះ៕




គេហទំព័ររចនាដោយ៖ ម៉ិញហា ឡេ (Minh-Ha Le)
-------------
ក្រាហ្វិក៖ សន ចាន់រដ្ឋា, វីនស៍ មីដូវស៍ (Vince Meadows)
-------------
កែសម្រួលអត្ថបទ (ភាសាអង់គ្លេស)៖ អេជ៍. ឡេអូ គីម (H. Leo Kim), ម៉ាត់ ផេនីងថុន (Mat Pennington)
-------------
រូបថត៖ អាស៊ីសេរី
-------------
ផលិតដោយ៖ វិទ្យុអាស៊ីសេរី

© រក្សាសិទ្ធិគ្រប់យ៉ាងដោយវិទ្យុអាស៊ីសេរី ឆ្នាំ២០២០