Familytree.jpg


សែស្រឡាយ​ពួក​អ្នកមាន​អំណាច​ខ្មែរ ៤ ត្រកូល យក​លុយ​ជិត ៣០លាន​ដុល្លារ​ពី​កម្ពុជា​ទៅ​រក្សាទុក​នៅ​អូស្ត្រាលី


ដោយ៖ ហ្សាក់ ដេវី (Jack Davies)

ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១

ក្នុង​រយៈពេល ៥ឆ្នាំ ក្រោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចិញ្ចឹម​ចិត្ត​បន្សាប​ឥទ្ធិពល​របស់​គណបក្ស​ប្រឆាំង​ក្នុងចំណោម​សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ពួក​អ្នក​មាន​លុយ​មាន​អំណាច​នៅ​កម្ពុជា បាន​យក​ទ្រព្យសម្បត្តិ​មួយ​ភាគធំ​របស់​ពួកគេ​ទៅ​រក្សាទុក​នៅ​ទីនោះ។

អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ ពលរដ្ឋ​ខ្មែរ​ដែល​បាន​រត់​ភៀសខ្លួន​គេច​ចេញ​ពី​របប​ដឹកនាំ​បែប​ផ្ដាច់ការ​តជំនាន់​នៅ​កម្ពុជា បាន​មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​អូស្ត្រាលី។ ក៏ប៉ុន្តែ ប្រមាណ​ជាង ៥ឆ្នាំ​មកនេះ ក្រុម​មនុស្ស​ដែល​មាន​សម្ពន្ធភាព​ជិតស្និទ្ធ​ទៅនឹង​របប​ដឹកនាំ​បច្ចុប្បន្ន​នេះ ក៏​បាន​ចាប់ផ្ដើម​យក​លំនាំ​តាម​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ជនរងគ្រោះ​ទាំងនោះ​ ដោយ​ពួកគេ​បាន​នាំគ្នា​ទៅ​រស់នៅ​ក្នុង​ប្រទេស​ដែល​ស្ថិតនៅ​ចុង​ម្ខាង​នៃ​ផែនទី​ពិភពលោក​មួយ​នេះ​ដែរ។ ពួក​អ្នក​មាន​លុយ​មាន​អំណាច​ខ្មែរ​ទាំង​នោះ​បាន​នាំ​យក​ទៅ​ជាមួយ​ពួកគេ​នូវ​ទ្រព្យសម្បត្តិ​ដ៏​មហាសាល។ ច្បាស់​ណាស់​ថា ប្រភព​នៃ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ទាំងនោះ គឺ​គ្មាន​អ្វី​ក្រៅតែ​ពី​បាន​មក​ពី​ចំណង​ស្អិតល្មួត​ជាមួយ​នឹង​សាច់​សាលោហិត​សែស្រឡាយ​របស់​ក្រុម​អ្នកមាន​អំណាច​នៅ​ក្រុងភ្នំពេញ​នោះ​ឡើយ។

វិទ្យុអាស៊ីសេរី បាន​ស្រាវជ្រាវ​រក​ឃើញ​ថា បុគ្គល​កម្ពុជា ១៤នាក់ ​មកពី​ត្រកូល​ក្រុម​គ្រួសារ​ពួក​អ្នកមាន​អំណាច​ខ្មែរ​នៅ​កម្ពុជា កំពុង​កាន់កាប់​ទ្រព្យសម្បត្តិ​តម្លៃ​រាប់​សិប​លាន​ដុល្លារ នៅ​ប្រទេស​អូស្ត្រាលី។


paulika-house អគារ​ផ្ទះល្វែង​ប្រណីត (អាផាតមិន) របស់​អ្នកស្រី អ៊ឹម ប៉ូលីកា/លោក អូន ព័ន្ធមុនីរាជ (នៅ​តំបន់ One Central Park)។ ប្រភព៖ Wikimedia Commons
mongkol-house ភូមិគ្រឹះ​របស់​លោក ជា សុផាភាសា (ហៅ ផារ៉ា មង្គល) និង​អ្នកស្រី តាវ ម៉ាឌីណា។ ប្រភព៖ realestate.com.au
jackie-thai-house ភូមិគ្រឹះ​របស់​អ្នកស្រី ថៃ ជែកគី (Jackie Thai)។ ប្រភព៖ Google Streetview

ក្នុង​រយៈពេល ៥ឆ្នាំ​មកនេះ ពោល​គឺ​ចាប់តាំង​ពី​ឆ្នាំ២០១៥​មក ទ្រព្យធន​របស់​ពួកគេ​នៅ​អូស្ត្រាលី​ មាន​ដូចជា​អចលនទ្រព្យ និង​ផលប្រយោជន៍​ពី​ការវិនិយោគ​លើ​ជំនួញ​ ឬ​អាជីវកម្ម​ជាដើម ភាគច្រើន​គឺ​ជា​កម្មសិទ្ធិ​កាន់កាប់​ដោយ​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សមាជិក​ព្រឹទ្ធសភា លោក ឡាវ ម៉េងឃីន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និង​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា។

យុទ្ធសាស្ត្រ​បំបែក​បំបាក់​ដើម្បី​គ្រប់គ្រង

រដូវ​ក្ដៅ​ឆ្នាំ២០១៥ ស្តែង​ឲ្យ​ឃើញ​ពី​ការចាប់ផ្តើម​អនុវត្ត​យុទ្ធនាការ​ «ត្បក​ក្បាល អង្អែល​ខ្នង» ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់អំណាច ដើម្បី​ងាយស្រួល​​ឲ្យ​ពួកគេ​អាច​គ្រប់គ្រង​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន ជាពិសេស​គឺ​​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​នេះ​តែម្ដង។

ថ្វីត្បិត​តែ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ចាញ់​ឆ្នោត​ទាំងស្រុង​ក៏ដោយ ក៏​គណបក្ស​នេះ​បាន​បាត់បង់​ប្រជាប្រិយភាព និង​សំឡេងឆ្នោត​ដូចដែល​ស្ដែង​ឲ្យ​ឃើញ​តាមរយៈ​លទ្ធផល​នៃ​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៣ កន្លងទៅ។ មួយភាគធំ​នៃ​ជោគជ័យ​របស់​បក្ស​ប្រឆាំង កាលណោះ គឺ​ដោយសារ​តែ​ពួកគេ​បាន​ទទួល​​ការឧបត្ថម្ភ​ថវិកា​នៅ​មុន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ក្រោម​រូបភាព​ជា​វិភាគទាន​ពីសំណាក់​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នេះ​តែ​ម្តង។ ដោយ​ប្ដេជ្ញា​ចិត្ត​មិន​ឲ្យ​ទទួលរង​នូវ​ភាពអាម៉ាស់​បែប​នេះ​ជា​លើក​ទីពីរ​ទៀត គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​«ក្រុមការងារ»ដើម្បី​អូសទាញ​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ឲ្យ​ងាក​មក​គាំទ្រ​ខ្លួន​ជា​បណ្ដើរៗ​វិញ។ បើ​មិន​ដូច្នោះ​ទេ ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ទាំងនេះ​នឹង​ទទួល​រង​នូវ​ការសម្លុត​ធ្វើបាប ក្នុង​គោលដៅ​​បំបិទមាត់​​ឲ្យ​ឈប់​និយាយ​រិះគន់​គណបក្ស​កាន់​អំណាច​តទៅទៀត។

គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បែងចែក​ប្រទេស​អូស្ត្រាលី ជា ៧ តំបន់​ផ្សេងៗ​គ្នា ដូចដែល​មាន​ប្រកាស​ក្នុង​សារាចរ​ណែនាំ​ជា​ផ្លូវការ​មួយ​កាលពី​ខែមិថុនា ឆ្នាំ២០១៥។ តំបន់​នីមួយៗ គ្រប់គ្រង​ដោយ​ប្រធាន​ក្រុមការងារ​មួយ​រូប ដែល​មាន​ប្រភព​ចេញ​មកពី​វណ្ណៈ​អ្នកដឹកនាំ​នៅ​ក្រុងភ្នំពេញ។

ការងារ​របស់​ប្រធាន​ក្រុមការងារ​ប្រចាំ​តំបន់​នីមួយៗ គឺ​ចាត់ចែង​សកម្មភាព​នានា​របស់​គណបក្ស​នៅ​ក្នុង​តំបន់​ដែល​ពួកគេ​គ្រប់គ្រង ក្នុងនោះ​​មាន​ដូចជា រៀបចំ​ពិធី​បង់កេ ឬ​ជប់លៀង​ ដើម្បី​អូសទាញ​ទឹកចិត្ត​សហគមន៍​ខ្មែរ​នៅ​តាម​មូលដ្ឋាន​ ឬ​កៀរគរ​ពលរដ្ឋ​ទាំងនោះ​ឲ្យ​ងាក​មក​បង្ហាញ​ការគាំទ្រ​​ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីនោះ។ ការធ្វើ​ដូច្នេះ គណបក្ស​ប្រជាជន​កម្ពុជា សង្ឃឹមថា​ នឹង​លែង​មាន​ទៀតហើយ​ក្រុម​អ្នករិះគន់​តវ៉ា​ចំពោះ​ការដឹកនាំ​ប្រទេស​របស់​ខ្លួន។

យ៉ាងណា​ក៏ដោយ សកម្មជន​ខ្មែរ-អូស្ត្រាលី​ជា​ច្រើន​នាក់​ និយាយ​ថា សកម្មភាព​អស់ទាំង​នេះ គ្រាន់តែ​ជា​គោលនយោបាយ​ដែល​ធ្វើ​ឲ្យ​ល្អមើល​ពី​ខាងក្រៅ​ឆាក​តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ធាតុ​ពិត​ គោលនយោបាយ​នេះ​កំពុងតែ​ធ្វើឲ្យ​​សមាជិក​សហគមន៍​ខ្មែរ​នៅ​ទីនោះ​ទទួល​រង​នូវ​ការបំភិតបំភ័យ រហូតដល់​ពួកគេ​មួយ​ចំនួន​រង​នូវ​ការគំរាម​សម្លាប់​ជាដើម​ក៏មាន។

លុយ​រត់​តាម​កម្មាភិបាល

មែលប៊ន (Melbourne) គឺ​ជា​ទីក្រុង​ទីពីរ​ដែល​មាន​មនុស្សម្នា​រស់នៅ​ច្រើន​ជាងគេ​នៅ​អូស្ត្រាលី។ គឺ​ទីនោះ​ហើយ​ដែល​មាន​សហគមន៍​ខ្មែរ​រស់នៅ​ច្រើនជាង​គេ​បង្អស់។ ពួកគេ​ភាគច្រើន​សុទ្ធសឹងតែ​ជា​ក្រុម​អ្នករិះគន់​ឥត​សំចៃ​មាត់​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

មេបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​កងពលតូច​លេខ៧០ ដែល​មាន​កេរ្តិ៍ឈ្មោះ​អាក្រក់ លោក ឡាវ វ៉ាន់ គឺជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីនោះ។ លោក​ក៏​ទំនងជា​កូនចៅ​ជំនាន់​ក្រោយ​មួយ​រូប​នៃ​ក្រុម​គ្រួសារ​ដ៏​មាន​អំណាច​​​ក្នុង​មជ្ឈដ្ឋាន​អ្នកជំនួញ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​ផងដែរ។ គ្រួសារ​លោក​ គឺ​គ្មាន​នរណា​ក្រៅតែ​ពី​សមាជិក​ព្រឹទ្ធសភា លោក ឡាវ ម៉េងឃីន និង​ម្តាយចុង​លោក​ គឺ​អ្នកស្រី ជឹង សុភាព ហៅ​ «យាយភូ»។ អ្នកស្រី ជឹង សុភាព គឺ​ជា​ឈ្មួញ​រកស៊ី​ដ៏​កាក់កប និង​ជោគជ័យ​ម្នាក់​ដែល​អ្នកស្រី​អះអាង​ថា ភាពជោគជ័យ​នេះ​កើត​ចេញ​ពី​ការខឹតខំ​ប្រឹងប្រែង​​ខ្លួនឯង។ ក៏ប៉ុន្តែ ឯកសារ​តេឡេក្រាម​ការទូត​ផ្ញើ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុងភ្នំពេញ​ទៅ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន (Washington) កាលពី​ឆ្នាំ២០០៧ ពណ៌នា​ថា អ្នកស្រី​គឺជា​ដៃគូ​ជំនួញ​ជាមួយ​ប្រពន្ធ​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី។


lau-meng-khin-family-tree
មែកធាង​ក្រុម​គ្រួសារ​លោក ឡាវ ម៉េងឃីន។ ក្រាហ្វិក៖ អាស៊ីសេរី

នៅ​ខែតុលា ឆ្នាំ២០១៥ រយៈពេល ៤ ខែ ក្រោយ​លោក ឡាវ វ៉ាន់ ត្រូវ​បាន​ប្រកាស​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​តំបន់​មែលប៊ន​រួចមក ប្លង់​កម្មសិទ្ធិ​កាន់កាប់​អចលនទ្រព្យ បង្ហាញ​ថា ប្រពន្ធ​របស់​លោក គឺ​អ្នកស្រី ជឹង សុគន្ធាវី ដែល​ត្រូវ​ជា​ប្អូនស្រី​ចុង​របស់​លោក​ផងដែរ​នោះ បាន​ទិញ​ផ្ទះល្វែង​ប្រណីត ឬ​អាផាតមិន​ នៅ​​ជាន់ទី២៤ ក្នុង​ប្លុក​អគារខ្ពស់ៗ (Tower) ផ្ដាច់មុខ​មួយ​នៅ​ទីក្រុង​នេះ ក្នុង​តម្លៃ ៤លាន​ដុល្លារ​អូស្ត្រាលី (ស្មើនឹង​ជាង ២,៩លាន​ដុល្លារ​អាមេរិក)។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំក្រោយ​មក​ទៀត លោក ឡាវ វ៉ាន់ និង​អ្នកស្រី ជឹង សុគន្ធាវី បាន​ចុះ​បញ្ជី អាផាតមិន នោះ ធ្វើជា​អាសយដ្ឋាន​ផ្ទះ នៅ​ពេល​ដែល​ប្តីប្រពន្ធ​មួយ​គូ​នេះ បង្កើត​អាជីវកម្ម​នៅ​អូស្ត្រាលី​ចំនួន ២ កន្លែង ក្នុងនោះ​ក៏​រួមមាន ហាង​នំ មែលប៊ន (Melbourne bakery) ដែល​បាន​បើក​ដំណើរការ​តាំង​ពី​ខែធ្នូ ឆ្នាំ២០១៩ មក ដោយ​មាន​កូនស្រី​បង្កើត​របស់​ពួកគេ​ម្នាក់​ឈ្មោះ ឡាវ ជៀជីន (Lau Jai Zhen) ជា​អ្នកគ្រប់គ្រង។

នាង ឡាវ ជៀជីន ដែល​កាលពី​ខែតុលា ឆ្នាំទៅ មាន​អាយុ ២០ ឆ្នាំ បាន​ភ្ជាប់​ពាក្យ​នៅ​ដើម​ឆ្នាំនេះ​ជាមួយ​នឹង​លោក អូន ព័ន្ធមុនីរាជ អាយុ ២៣ ឆ្នាំ ដែល​ជា​កូនប្រុស​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និង​ប្រពន្ធ​ជា​ពាណិជ្ជករ គឺ​អ្នកស្រី អ៊ឹម ប៉ូលីកា។ ក្រុមគ្រួសារ​របស់​គូស្រករ​វ័យក្មេង​មួយគូ​នេះ មាន​ចំណង​ពាណិជ្ជកម្ម​​ដ៏​សន្ធឹកសន្ធាប់​ជាមួយគ្នា​​រួច​ស្រាប់​ទៅ​ហើយ​​នៅ​កម្ពុជា។ ក្រុម​គ្រួសារ​ទាំងពីរ​នេះ បាន​ចូលរួម​ក្នុង​និន្នាការ​ដែល​ពួក​អ្នក​មាន​លុយ​មាន​អំណាច​ខ្មែរ នាំ​គ្នា​យក​លុយ​មក​រក្សាទុក​នៅ​ប្រទេស​អូស្ត្រាលី។

ឈ្មោះ​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ប្រពន្ធ​រូបនេះ បាន​ល្បី​សុះសាយ​នៅ​ទំព័រ​កាសែត​អន្តរជាតិ ម្តង​រួច​មក​ហើយ កាលពី​ឆ្នាំ២០១៩ នៅ​ពេល​ដែល​សារព័ត៌មាន រ៉យទ័រ (Reuters) បាន​លាតត្រដាង​ថា ពួកគេ​បាន​ទិញ​សញ្ជាតិ​ស៊ីប (Cyprus) តាមរយៈ​កម្មវិធី​វិនិយោគ​ដ៏​ចម្រូងចម្រាស​មួយ​របស់​ប្រទេស​នេះ។ វិទ្យុអាស៊ីសេរី អាច​លាតត្រដាង​បាន​ថា នៅ​ដើម​ឆ្នាំ២០១៨ កូនប្រុស​របស់​ប្តីប្រពន្ធ​មួយគូ​នេះ គឺ​លោក អូន ព័ន្ធមុនីរាជ ក៏​បាន​ដាក់ពាក្យ​សុំ​សញ្ជាតិ​ស៊ីប​នេះ​ផងដែរ។ តាម​ច្បាប់​របស់​ប្រទេស​នេះ រាល់​អ្នក​ដាក់​ពាក្យ​សុំ​សញ្ជាតិ​ទាំងអស់ ត្រូវ​ប្រកាស​អំពី​បំណង​របស់​ពួកគេ​អំពី​ការចង់​ទទួល​បាន​សញ្ជាតិ​របស់​ប្រទេស​នេះ នៅ​លើ​ទំព័រ​សារព័ត៌មាន​មួយ​​ក្នុង​ចំណោម​សារព័ត៌មាន​នានា​របស់​ប្រទេស​ដែល​ជា​ដែនដី​កោះ​មួយ​នេះ។ កាលណោះ លោក អូន ព័ន្ធមុនីរាជ បាន​ជ្រើសរើស​ប្រកាស​ពី​បំណង​ចង់​បាន​សញ្ជាតិ​ស៊ីប​នេះ នៅ​លើ​ទំព័រ​កាសែត​មួយ​ឈ្មោះ ហារ៉ាហ្វហ្គី (Haravgi)។ សេចក្តីសម្រេច​នៃ​ពាក្យ​សុំ​សញ្ជាតិ​ស៊ីប​របស់​លោក អូន ព័ន្ធមុនីរាជ ​យ៉ាងណា​នោះ មិន​ត្រូវ​បាន​គេ​ដឹងឮ​ឡើយ។


Choeung Sopheap with her child joined Aun Pornmonireach and Lau Jia Zhen_s Day July 21 2020
អ្នកស្រី ជឹង សុភាព និង​កូនៗ​ក្នុង​ពិធីភ្ជាប់ពាក្យ​លោក អូន ព័ន្ធមុនីរាជ និង​កញ្ញា ឡាវ ជៀជីន។

នៅ​ខែកក្កដា ឆ្នាំ២០១៤ អ្នកស្រី អ៊ឹម ប៉ូលីកា បាន​ចំណាយ​លុយ ២,១ លាន​ដុល្លារ​អូស្ត្រាលី (ស្មើនឹង​ប្រមាណ ១,៥ លាន​ដុល្លារ​អាមេរិក) ទិញ​អាផាតមិន​មួយ ក្នុង​តំបន់ វ័ន សេនត្រល ផាក (One Central Park) នៅ​ក្រុងស៊ីដនី (Sydney)។ នេះ​បើ​យោងតាម​ឯកសារ​ប្លង់​កាន់កាប់​កម្មសិទ្ធិ​អចលនទ្រព្យ។ តំបន់ វ័ន សេនត្រល ផាក ​គឺជា​តំបន់​អភិវឌ្ឍន៍​ប្រណីត​មួយ ព័ទ្ធជុំវិញ​ដោយ​សួនឧទ្យាន និង​ហាងទំនិញ Shopping Mall ទំនើបៗ។ លោក អូន ព័ន្ធមុនីរាជ បាន​រស់​នៅ​ក្នុង​តំបន់ វ័ន សេនត្រល ផាក នេះ ក្នុង​អំឡុង​ពេល​ដែល​លោក​កំពុង​រៀន​សូត្រ​នៅឡើយ។ កាលណោះ លោក​បាន​ពណ៌នា​អាគារ​ដែល​លោក​រស់នៅ​នេះ នៅ​ក្នុង​កិច្ចការ​សាលា​​របស់​លោក​ថា ជា «និមិត្តសញ្ញា​នៃ​យុគសម័យ​ក្រោយ​សម័យ​ទំនើប»។

នៅ​គ្រា​ដែល​អ្នកស្រី អ៊ឹម ប៉ូលីកា បាន​បង្កើត​ក្រុមហ៊ុន​សញ្ជាតិ​អូស្ត្រាលី​មួយ​កាលពី​ឆ្នាំ២០១៦ ដោយ​ដាក់​ឈ្មោះ​ថា Camtrade Enterprises Pty Ltd អ្នកស្រី​មិន​បាន​ដាក់​អាសយដ្ឋាន​អាផាតមិន​នៅ​តំបន់ One Central Park នោះទេ។ អ្នកស្រី​បាន​ប្រើ​អាសយដ្ឋាន​ភូមិគ្រឹះ​នៅ​ក្រុងភ្នំពេញ។ ឥឡូវនេះ​ ក្រុមហ៊ុន​នេះ​លែង​ដំណើរការ​ហើយ។ ក៏ប៉ុន្តែ កាលពី​ឆ្នាំ២០១៨ នៅ​ពេល​ដែល​លោក អូន ព័ន្ធមុនីរាជ បាន​ចុះ​បញ្ជី​ក្រុមហ៊ុន​មួយ​ដើម្បី​​ធ្វើជា​ឈ្នាន់​ឲ្យ​លោក​អាច​ឈាន​ទៅ​កាន់កាប់​ភោជនីយដ្ឋាន​របស់​ចិន ដែល​អាច​ប្រើប្រាស់​យីហោ​ពាណិជ្ជកម្ម «Fun House» បាន លោក​បាន​ចុះ​​បញ្ជី​អាផាតមិន​នៅក្រុង​ស៊ីដនី​នេះ ​ធ្វើជា​អាសយដ្ឋាន​ស្នាក់នៅ​របស់​លោក។

អាណាចក្រ​អាជីវកម្ម​ត្រកូល ហ៊ុន

នៅ​ចុង​ម្ខាង​នៃ​មែកធាង​ក្រុម​គ្រួសារ​របស់​លោក ឡាវ វ៉ាន់ លោក​មាន​បងប្អូន​ស្រី​ម្តាយ​ទីទៃ​ម្នាក់​ឈ្មោះ ឡាវ សុខហ៊ុយ (Lau Sok Huy) (ហៅ ឡាវ មីសែល (Michelle Lau)) ដែល​អ្នកស្រី​មាន​បងប្អូន​ប្រុស​ម្នាក់​​ឈ្មោះ ឡាវ អៀវចុង (Lau Yao Zhong) (ហៅ អាឡិច)។ ប្តី​របស់​អ្នកស្រី ឡាវ សុខហ៊ុយ គឺលោក ពេជ អភិរៈ (Pich Aphirak)។ ពួកគេ​ទាំងនេះ​ ម្នាក់ៗ​សុទ្ធតែ​កាន់កាប់ ឬ​គ្រប់គ្រង​មុខ​ជំនួញ​សំបូរ​បែប​នៅ​អូស្ត្រាលី ​បង្កើត​ឡើង​ចាប់​តាំង​ពី​ឆ្នាំ២០១៥ រហូត​មក។


hun-sen-family-tree.jpg
មែកធាង​ក្រុមគ្រួសារ​លោក ហ៊ុន សែន។ ក្រាហ្វិក៖ អាស៊ីសេរី

បងថ្លៃ​លោក ពេជ អភិរៈ គឺ​លោក ហ៊ុន ម៉ាណែត ជា​មេបញ្ជាការ​កងទ័ព​ជើងគោក ហើយ​ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​គេ​ដឹងឮ​ជាទូទៅ​ថា គឺជា​អ្នកស្នង​តំណែង​នាយករដ្ឋមន្ត្រី​បន្ត​វេន​ពី​លោក។ បង​ជីដូនមួយ​របស់​លោក ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ ត្រូវ​គេ​ដឹងឮ​ថា ជា​បងធំ​នៃ​ក្រុម​ជើងកាង​នៃ​គ្រួសារ​អ្នកដឹកនាំ​ប្រទេស​នៅ​កម្ពុជា។ កេរ្តិ៍ឈ្មោះ​អាក្រក់​របស់​លោក​ជា «មនុស្ស​ទុច្ចរិត» គឺ​គ្មាន​នៅ​កន្លែងណា​ល្បី​ដូច​ជាង​នៅ​ប្រទេស​អូស្ត្រាលី​នោះទេ។

ឈ្មោះ​របស់​លោក ហ៊ុន តូ ត្រូវ​អ្នកកាសែត​​ម្នាក់​ឈ្មោះ នីក ម៉ាកឃែនហ្ស៊ី (Nick McKenzie) ដែល​សរសេរ​អត្ថបទ​បែប​វិភាគ​ឲ្យ​ទស្សនាវដ្ដី The Sting លាតត្រដាង​កាលពី​ឆ្នាំ២០១២ ឲ្យ​ដឹងថា លោក​បាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​អាស្រូវ​ ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​នៅ​ប្រទេស​អូស្ត្រាលី បើក​យុទ្ធនាការ​បង្ក្រាប​អំពើជួញដូរ​គ្រឿងញៀន​ជា​អន្តរជាតិ។ យោងតាម​លោក នីក ម៉ាកឃែនហ្ស៊ី កាលពី​ឆ្នាំ២០០៣ លោក ហ៊ុន តូ បាន​ក្លាយ​ជា​មុខសញ្ញា​នៃ​ការស៊ើប​អង្កេត​របស់​នគរបាល​អូស្ត្រាលី ពាក់ព័ន្ធ​នឹង​ការរត់​ពន្ធ​អាភៀន​ពី​ប្រទេស​កម្ពុជា​ចូល​មក​ប្រទេស​អូស្ត្រាលី ក្រោម​រូបភាព​នៃ​ការដឹកជញ្ជូន​ឈើ​ហ៊ុប។

លោក នីក ម៉ាកឃែនហ្ស៊ី អះអាង​ថា លោក ហ៊ុន តូ បាន​គេច​រួច​ពី​ការចាប់ខ្លួន​ដោយសារតែ​មាន​អន្តរាគមន៍​ពី​មន្ត្រី​ស្ថានទូត​អូស្ត្រាលី​នៅ​ក្រុងភ្នំពេញ ក្នុង​បំណង​​ព្យាយាម​បញ្ចៀស​កុំឲ្យ​មាន​ជម្លោះ​ការទូត​ជាមួយ​កម្ពុជា។ យ៉ាងណា កូនចៅ និង​ជា​អង្គរក្ស​របស់​លោក ហ៊ុន តូ គឺលោក ថៃ ផានី (Thai Phany) ត្រូវ​បាន​តុលាការ​អូស្ត្រាលី​ផ្ដន្ទាទោស​ពី​បទ​ប៉ុនប៉ង​នាំចូល​អាភៀន​ទម្ងន់ ៣០០ ក្រាម​ពី​ប្រទេស​កម្ពុជា ដែល​ករណី​នេះ​ក៏ជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​បង្ក្រាប​ដូចគ្នា​នោះដែរ។

នៅពេល​ប្រឈម​មុខ​នឹង​សំណួរ​ជុំវិញ​ការចោទប្រកាន់​នានា កាលពី​ឆ្នាំ២០១២ លោក ហ៊ុន តូ អះអាង​ថា លោក​ពុំ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ជំនួញ​អាភៀន​នៅ​អូស្ត្រាលី​នោះទេ។ លោក​ថែម​ទាំង​បាន​បដិសេធ​ថា លោក​ក៏​មិន​ដែល​ធ្លាប់​ស្គាល់ លោក ថៃ ផានី ជា​នរណា​នោះ​ដែរ។ ការអះអាង​បែប​នេះ ទំនង​ជា​លោក​ ហ៊ុន តូ មិន​អាច​និយាយ​ដូច្នេះ​បាន​ទៀតទេ នា​ពេល​បច្ចុប្បន្ន​នេះ ព្រោះ លោក ថៃ ផានី បាន​រៀបការ​ជាមួយ​នឹង​បងប្អូនស្រី​ជីដូនមួយ​របស់​លោក គឺ​នាង ហ៊ុន ចាន់ថុល។

គិត​រហូត​មកទល់​នឹង​ឆ្នាំនេះ គេ​នៅ​ពុំ​ទាន់​ឃើញ​មាន​ឈ្មោះ​របស់​លោក ហ៊ុន តូ ឈរ​ធ្វើ​ជា​ម្ចាស់​អាជីវកម្ម​ណាមួយ​នៅក្នុង​ប្រទេស​អូស្ត្រាលី​នៅ​ឡើយ​ទេ។ ក៏ប៉ុន្តែ ប្រពន្ធ​របស់​លោក គឺ​អ្នកស្រី ថៃ ជែកគី (Jackie Thai) ដែល​ត្រូវ​ជា​សាច់ញាតិ​របស់​លោក ថៃ ផានី កំពុង​កាន់​កាប់​ភូមិគ្រឹះ​ជាច្រើន​កន្លែង​នៅ​ជុំវិញ​ក្រុង​មែលប៊ន ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ។ ចុងក្រោយ​បំផុត​គឺក្នុង​ឆ្នាំ២០១៦ នាង​បាន​ទម្លាក់​លុយ​ជិត ១ លាន​ដុល្លារ​អូស្ត្រាលី (ស្មើនឹង​ ៨០៩.០០០ ដុល្លារ​អាមេរិក) ទិញ​ដីឡូត៍​ពីរ​កន្លែង​ជាប់គ្នា ដែល​ឥឡូវនេះ​នាង​កំពុងតែ​សាងសង់​ភូមិគ្រឹះ​ដ៏ធំ​ស្កឹមស្កៃ​មួយ​នៅ​ទីនោះ។ នេះបើ​យោង​តាម​ប្លង់​សម្គាល់​កម្មសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​នេះ។


Jackie Tthai house
ភូមិគ្រឹះ​អ្នកស្រី ថៃ ជែកគី (Jackie Thai)។ ប្រភព៖ Google Streetview

អ្នកស្រី ថៃ ជែកគី បាន​បង្កើត​មុខ​ជំនួញ​នៅ​អូស្ត្រាលី​ជា​លើក​ដំបូង​មួយ​របស់​នាង កាលពី​ឆ្នាំ២០១៥ ហើយ​បាន​បង្កើត​មុខ​ជំនួញ​ ២ បន្ថែម​ទៀត ក្នុងឆ្នាំ២០២០។ នាង​បាន​ដាក់​ឈ្មោះ​អាជីវកម្ម​មួយ​នោះ​ ថា J & H Capital Investment Pty Ltd ដែល​នាង​បាន​បង្កើត​វា​រួមគ្នា​ជាមួយ​នឹង​ប្តី​ដ៏​ចម្រូងចម្រាស​របស់​នាង គឺ​លោក ហ៊ុន តូ នេះ​ឯង។

ជាប់​ឈ្មោះ​លើ​ទំព័រ​កាសែត

នៅ​ខែកញ្ញា ឆ្នាំ២០១៦ ព្រឹត្តិបត្រ​ជំនួញ​អចលនទ្រព្យ​អូស្ត្រាលី បាន​ចុះផ្សាយ​ព្រោងព្រាត​នូវ​ព័ត៌មាន​ដែល​ថា ប្តីប្រពន្ធ​មួយគូ «ដែល​មាន​ប្រភព​ចេញ​មកពី​សែស្រឡាយ​ក្រុម​គ្រួសារ​មេដឹកនាំ​នៅ​កម្ពុជា» បាន​ជះលុយ​ទិញ​ភូមិគ្រឹះ​មួយ​កន្លែង​ទល់មុខ​នឹង​មាត់ទឹក​នៅ​តំបន់​ជាយ​ក្រុងស៊ីដនី ក្លណាហ្វ (Clonarf)។ ការទិញដូរ​ភូមិគ្រឹះ​នេះ បាន​ល្បី​ខ្ចរខ្ចាយ​ក្លាយ​ជា​ព័ត៌មាន ដោយសារតែ​តម្លៃ​ទិញ​ថ្លៃ​រហូតដល់​ទៅ ១១ លាន​ដុល្លារ​អូស្ត្រាលី (៨,១ លាន​ដុល្លារ​អាមេរិក)។ ប្តីប្រពន្ធ​មួយគូ​នេះ បាន​បំបែក​ឯតទគ្គកម្ម​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​នោះ។ ពួកគេ​បាន​ក្លាយ​ជា​អ្នកទិញ​អចលនទ្រព្យ​ដែល​ហ៊ាន​ចំណាយ​ថ្លៃ​ខ្ពស់​បំផុត រហូតដល់​ទៅ ២៦ ភាគរយ ថ្លៃ​ជាង​តម្លៃ​ចុងក្រោយ​នៃ​អចលនទ្រព្យ​ដែល​ថ្លែ​បំផុត​នៅ​តំបន់​នោះ ដែល​កាលណោះ​មាន​តម្លៃ​ត្រឹម ៨,៧ លាន​ដុល្លារ​អូស្ត្រាលី។

កាលពី​ឆ្នាំ​ទៅ អ្នកទិញ​ភូមិគ្រឹះ​នោះ គឺ​គ្មាន​នរណា​ក្រៅ​ពី​លោក ជា សុផាភាសា (ហៅ ផារ៉ា មង្គល) និង​អ្នកស្រី តាវ ម៉ាឌីណា នោះទេ។ អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ឈ្មោះ ចលនា​មាតា​ធម្មជាតិ បាន​លាតត្រដាង​ឲ្យ​ដឹង​ថា អ្នកទាំង​ពីរ​គឺជា​កូនប្រុស និង​ជា​កូនប្រសា​ស្រី​របស់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា។ ចលនា​មាតា​ធម្មជាតិ ​កត់សម្គាល់​ថា ជាមួយ​នឹង​ប្រាក់​បៀវត្សរ៍​ផ្លូវការ​របស់​លោក ជា សុផាភាសា ជា​នាយក​ខុទ្ទកាល័យ​របស់​ឪពុក​លោក ប្តីប្រពន្ធ​មួយគូ​នេះ ទំនង​ជា​មិន​អាច​យក​ប្រាក់ខែ​នេះ​ទៅ​ទិញ​អចលនទ្រព្យ​តម្លៃ​ដល់ទៅ ៨,១ លាន​ដុល្លារ​អាមេរិក​នោះ​បាន​ឡើយ។ ចលនា​មាតា​ធម្មជាតិ បាន​អំពាវនាវ​ដល់​អង្គភាព​ប្រឆាំង​​អំពើពុករលួយ​របស់​រដ្ឋាភិបាល ​ឲ្យ​បើក​ការស៊ើប​អង្កេត ថាតើ​លោក ជា សុផាភាសា បាន​លុយ​នោះ​មក​ពី​ណា។


chea-sophara-family-tree
មែកធាង​ក្រុមគ្រួសារ​លោក ជា សុផារ៉ា។ ក្រាហ្វិក៖ អាស៊ីសេរី

ដើម្បី​ពន្យល់​អំពី​ប្រភព​លុយ​មិន​ច្បាស់​លាស់​របស់​ពួកគេ អង្គការ​ចលនា​មាតា​ធម្មជាតិ ​អះអាង​ថា ប្តី​ប្រពន្ធ​មួយគូ​នេះ ពុំ​មាន​អាជីវកម្ម​ណាមួយ​ចុះ​បញ្ជី​ក្រោម​ឈ្មោះ​របស់​ពួកគេ​នោះ​ឡើយ។ ការអះអាង​នេះ​ អាច​ជា​ការអះអាង​ពិត​​នៅ​មុន​ពេល​ដែល​ពួកគេ​ទិញ​ភូមិគ្រឹះ​ទំហំ ៣.៦៦៨ ម៉ែត្រការ៉េ​របស់​ពួកគេ​កាលនោះ។ ក៏ប៉ុន្តែ ក្នុង​ឆ្នាំ​បន្តបន្ទាប់​មក​ទៀត​ចាប់​ពីពេល​នោះ​មក ប្តីប្រពន្ធ​មួយ​គូ​នេះ បាន​ឈរ​ឈ្មោះ​ជា​ម្ចាស់​ក្រុមហ៊ុន​សញ្ជាតិ​អូស្ត្រាលី​មួយ​ចំនួន។

ឯកសារ​ផ្សាយពាណិជ្ជកម្ម​ឲ្យ​អាជីវកម្ម​វិនិយោគ​របស់​ពួកគេ​ចុងក្រោយ ពណ៌នា​ក្រុមហ៊ុន Express Asset Management ​ថា «ជា​ក្រុមហ៊ុន​វិនិយោគ​លើ​ការជួញដូរ​ភាគហ៊ុន ក្នុង​គោលដៅ​សម្រេច​បាន​នូវ​ផលចំណេញ​ជាទី​គាប់ប្រសើរ​បំផុត​ ដោយ​ប្ដេជ្ញា​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​តាម​បទដ្ឋាន​នានា​ដែល​ពាក់ព័ន្ធ»។

ចំណែក​ដ៏​តូច​មួយ​នៃ​ទ្រព្យសម្បត្តិ​ដ៏​មហាសាល

បើទោះ​ជា​មាន​ការវាយតម្លៃ​ថា​ទឹកប្រាក់​របស់​ពួកគេ​មាន​រហូត​ដល់​ទៅ​រាប់​សិប​លាន​ដុល្លារ​យ៉ាងណា​ក៏ដោយ ទ្រព្យធន​ដែល​ អាស៊ីសេរី និង​ស្ថាប័ន​ព័ត៌មាន​ដទៃ​ទៀត បាន​លាតត្រដាង​នាពេល​នេះ គ្រាន់តែ​តំណាង​ឲ្យ​ចំណែក​ដ៏​តូច​មួយ​នៃ​ភាព​មាន​បាន​ដ៏​មហាសាល​ ដែល​ពួក​អ្នកមាន​លុយ​មាន​អំណាច​ខ្មែរ​បាន​នាំ​គ្នា​យក​ទៅ​រក្សាទុក​នៅ​ប្រទេស​អូស្ត្រាលី ចាប់តាំង​ពី​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាប់​ផ្ដើម​អនុវត្ត​នូវ​យុទ្ធនាការ​ជា​សាធារណៈ​របស់​ខ្លួន​កាលពី​ឆ្នាំ២០១៥។

ក៏​ដូចជា​ប្រទេស​ជាច្រើន​ទៀត​ដែរ ​អូស្ត្រាលី ផ្ដល់​ទិដ្ឋាការ​ដល់​ជនបរទេស​ទាំងឡាយ​ណា​ដែល​មាន​បំណង​ចង់​មក​បណ្ដាក់​ទុន​វិនិយោគ​លើ​សេដ្ឋកិច្ច​ក្នុងស្រុក​របស់​ខ្លួន។ ទិន្នន័យ​ផ្តល់​ឲ្យ ​អាស៊ីសេរី​ ដោយ​ក្រសួង​មហាផ្ទៃ​អូស្ត្រាលី បង្ហាញ​ថា ទឹកប្រាក់​សរុប​ចំនួន ៣៨,៥ លាន​ដុល្លារ​អូស្ត្រាលី (ស្មើនឹង ២៩,៧ លាន​ដុល្លារ​អាមេរិក) ត្រូវ​បាន​ពលរដ្ឋ​កម្ពុជា យក​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។ ទិន្នន័យ​នេះ ប្រមូល​បាន​មកពី​ផ្នែក​មួយ​នៃ​ពាក្យ​សុំ​ទិដ្ឋាការ​ប្រភេទ​វិនិយោគិន ដែល​ទទួល​បាន​ការឯកភាព​ពី​រដ្ឋាភិបាល​អូស្ត្រាលី ក្នុង​ចន្លោះ​ពីខែកក្កដា ឆ្នាំ២០១៥ ដល់​ខែវិច្ឆិកា ឆ្នាំ២០២០។

កញ្ញា កឹម មនោវិទ្យា អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ និង​ជា​កូនស្រី​ច្បង​របស់​ប្រធាន​គណបក្ស​នេះ គឺ​លោក កឹម សុខា ប្រាប់​ អាស៊ីសេរី ថា កញ្ញា​ពុំបាន​ភ្ញាក់ផ្អើល​ទៅនឹង​តួលេខ​នេះទេ។

កញ្ញា និយាយ​ថា កញ្ញា​មិន​ភ្ញាក់ផ្អើល​ទេ ដោយសារតែ​ប្រទេស​អូស្ត្រាលី​គឺជា​គោលដៅ​ទី​មួយ​របស់​ឧក្រិដ្ឋជន​ជា​អ្នកកាន់អំណាច​នៅ​កម្ពុជា។ កញ្ញា​បន្ត​ថា កញ្ញា​អំពាវនាវ​ឲ្យ​មាន​ការត្រួតពិនិត្យ​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត​នូវ​ដើមទុន ឬ​មូលធន​របស់​ពលរដ្ឋ​កម្ពុជា​ដែល​យក​ទៅ​វិនិយោគ​ក្នុង​សេដ្ឋកិច្ច​អូស្ត្រាលី។ កញ្ញា​និយាយ​ថា ប្រភព​នៃ​ទឹកប្រាក់​នេះ បាន​មកពី​ការប្រព្រឹត្តិ​អំពើ​ពុករលួយ និង​ការរំលោភ​បំពាន​សិទ្ធិ​មនុស្ស។


cambodian-australia
រូប​ Screenshot ពី​របាយការណ៍​សង្ខេប​ព័ត៌មាន​សហគមន៍​ពលរដ្ឋ​ដើមកំណើត​ខ្មែរ​កំពុង​រស់នៅ​ក្នុង​ប្រទេសអូស្ត្រាលី។

អាស៊ីសេរី បាន​ផ្ញើ​សារ​អេឡិចត្រូនិក (Email) ដើម្បី​សុំ​ការបកស្រាយ​លម្អិត​ពីលោក ឡាវ វ៉ាន់ លោក ជា សុផាភាសា និង​បាន​ផ្ញើ​ទៅ​អាសយដ្ឋាន​សារ​អេឡិចត្រូនិក​មួយ​ចំនួន​ទៀត​នៃ​អាជីវកម្ម​ ២ កន្លែង​នៅ​កម្ពុជា​របស់​លោក ហ៊ុន តូ។ ក៏ប៉ុន្តែ អាស៊ីសេរី ពុំ​ទទួល​បាន​ការឆ្លើយ​តប​ណាមួយ​​ពី​ពួកគេ​នោះឡើយ។ លោក អូន ព័ន្ធមុនីរាជ និង​អ្នកស្រី អ៊ឹម ប៉ូលីកា ក៏​មិន​អាច​ទាក់ទង​បាន​ដើម្បី​សុំ​អត្ថាធិប្បាយ​បានដែរ។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​អូស្ត្រាលី មិន​ឆ្លើយ​តប​ចំ​ទៅ​នឹង​សំណួរ​របស់​ អាស៊ីសេរី ពាក់ព័ន្ធ​ទៅ​នឹង​កង្វល់​ដែល​ថា ទឹកប្រាក់​ជាច្រើន​ដែល​​វិនិយោគ​ដោយ​ពលរដ្ឋ​កម្ពុជា​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី អាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការប្រព្រឹត្តិ​អំពើ​ពុករលួយ ឬ​អំពើ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

យ៉ាងណា អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​អូស្ត្រាលី ពន្យល់​ថា រាល់​ពាក្យ​សុំ​ទិដ្ឋាការ​ទាំងអស់​ ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ត្រួតពិនិត្យ​ផ្នែក​សន្តិសុខ និង​អាកប្បកិរិយា រួមទាំង «ការពិនិត្យ​ពិច័យ​យ៉ាងដិតដល់​ទៅលើ​សាវតារ និង​ប្រវត្តិ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​នានា​របស់​អ្នកដាក់​ពាក្យសុំ​ទិដ្ឋាការ​ប្រភេទ​វិនិយោគិន»។ លោក​បន្ថែម​ថា ក្រសួង​មហាផ្ទៃ​អូស្ត្រាលី ក៏​ពិនិត្យ​ផ្ទៀងផ្ទាត់​មើល​​ពី​ប្រភព​ថវិកា​របស់​អ្នកដាក់​ពាក្យសុំ​ ដោយ​ប្រើ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​វិភាគ និង​វាយតម្លៃ​​ចរាចរណ៍​សាច់ប្រាក់​នៅ​អូស្ត្រាលី (ហៅកាត់​ថា AUSTRAC)។ អ្នកនាំពាក្យ​រូប​នោះ បាន​ជំរុញ​ឲ្យ​អាស៊ីសេរី សួរ​បន្ត​​ទៅ​នគរបាល​រដ្ឋ​សហព័ន្ធ​របស់​អូស្ត្រាលី។

ប្រភព​លុយ​​ដ៏​គួរឲ្យ​សង្ស័យ

កញ្ញា កឹម មនោវិទ្យា មិនមែន​ជា​មនុស្ស​តែ​ម្នាក់​ទេ​ដែល​បាន​ចោទ​សួរ​​អំពី​ថាតើ​លុយ​ទាំងនោះ​មាន​ប្រភព​ចេញ​មក​ពីណា។ តំណាងរាស្ត្រ​អូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) ដែល​មាន​កំណើត​កើតជា​នៅ​ក្រុង​មែលប៊ន និង​តំណាង​ឲ្យ​មណ្ឌល​​ជាយក្រុង ដានដឺណង់ (Dandenong) បាន​ព្យាយាម​លើក​យក​បញ្ហា​នេះ​មក​ស្វែងរក​ដំណោះស្រាយ។ លោក​បាន​ធ្វើ​យុទ្ធនាការ​តាងនាម​ឲ្យ​សហគមន៍​ខ្មែរ​នៅ​ទីនោះ ​ដែល​ពួកគេ​គឺ​ជា​មូលដ្ឋាន​គាំទ្រ​ដ៏ធំ​មួយ​នៅ​ក្នុង​មណ្ឌល​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​លោក។

កាលពី​ខែកញ្ញា អាស៊ីសេរី បាន​ចេញផ្សាយ​អត្ថបទ​ស៊ើបអង្កេត​ស៊ីជម្រៅ​មួយលាតត្រដាង​ថា អគ្គនាយក​ពន្ធដារ​​កម្ពុជា លោក គល់ វិបុល និង​លោក​ទេសរដ្ឋមន្ត្រី នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿន ​បាន​ជាប់ពាក់ព័ន្ធ​ទៅនឹង​គម្រោង​វិនិយោគ​ពីរ ដែល​ត្រូវ​បាន​និយតករ​អូស្ត្រាលី​​បិទ​លែង​ឲ្យ​ប្រតិបត្តិការ​ដោយសារតែ​ភាព​មិនប្រក្រតី និង​រង​ការចោទ​ប្រកាន់​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​បោកប្រាស់។


Hun-Chantha-Neth-Vichhuna-in-London
អគ្គនាយកពន្ធដារ លោក គង់ វិបុល ធ្លាប់​ជា​អ្នកវិនិយោគ​ម្នាក់​ក្នុង​គម្រោង​វិនិយោគដីធ្លី​មួយ។ លោក​បាន​ដាក់ពាក្យ​ប្ដឹង​ប្រឆាំង​អ្នកវិនិយោគ​គ្នាឯង។ ក្រោយមក ការចោទ​ប្រកាន់​នានា​ត្រូវ​បាន​ដឹងឮ​ជា​សាធារណៈ​ថា លោក គង់ វិបុល បាន​គំរាមកំហែង​ចុងចម្លើយ ដោយ​លោក​បាន​ទាមទារ​ទឹកប្រាក់​សំណង​ចំពោះ​ការខូចខាត សរុបចំនួន​ជាង ៤ លាន​ដុល្លារអូស្ត្រាលី (ស្មើនឹង ៣,១ លាន​ដុល្លារ​អាមេរិក)។

ក្នុង​សម័យ​ប្រជុំ​សួរ​ដេញដោល​មួយ​នៅ​សភា​អូស្ត្រាលី​កាលពី​ចុង​ខែវិច្ឆិកា លោក ជូលៀន ហ៊ីល បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី ឲ្យ​ស៊ើបអង្កេត​គម្រោង​វិនិយោគ​របស់​មន្ត្រី​កម្ពុជា​ទាំងនោះ​បន្ថែម​ទៀត។ លោក​បាន​ថ្លែងថា ការស៊ើបអង្កេត​នានា​បាន​បង្កើតឲ្យ​មាន​នូវ​កង្វល់​កាន់​តែខ្លាំង​ដែល​ថា​គម្រោង​វិនិយោគ​ទាំងនោះ «អាចត្រូវ​បាន​គេ​ប្រើប្រាស់​ខុស​គោលដៅ យក​មក​ធ្វើ​ជា​មធ្យោបាយ​ដើម្បី​លាង​លុយ​កខ្វក់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី»។

លោក​បាន​ចោទសួរ​ថា តើ​រដ្ឋាភិបាល​អូស្ត្រាលី​មាន​ផែនការ​បញ្ជា​​ឲ្យ​ទីភ្នាក់ងារ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​របស់​ខ្លួន​ស៊ើបអង្កេត «រក​ប្រភព​ដើម​នៃ​ទឹកប្រាក់​ដែល​ផ្ដល់​ដល់​គម្រោង​វិនិយោគ​ទាំងនោះ និង​លទ្ធភាព​ដែល​គម្រោង​វិនិយោគ​ទាំងនោះ​ អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​លាង​លុយ​កខ្វក់​ឲ្យ​​ពួក​អ្នកមាន​អំណាច​ខ្មែរ​ដែល​អសោច​កេរ្តិ៍​ខាង​ប្រព្រឹត្តិ​អំពើពុករលួយ​ទាំងនោះ​ដែរឬទេ»។

ក្តី​រំពឹង​ជុំវិញ​លទ្ធភាព​បង្កើត​ច្បាប់​ដាក់ទណ្ឌកម្ម​កំពុង​លេចចេញ​ជារូបរាង​បណ្ដើរៗ

លោក ជូលៀន ហ៊ីល ក៏​គឺជា​សមាជិក​មួយ​រូប​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ចម្រុះ​មួយ​របស់​រដ្ឋសភា​អូស្ត្រាលី ទទួល​បន្ទុក​កិច្ចការ​បរទេស ការពារ​ជាតិ និង​ពាណិជ្ជកម្ម ផងដែរ។ កាលពីថ្ងៃទី០៧ ខែធ្នូ គណៈកម្មាធិការ​ចម្រុះ​នេះ បាន​ចេញ​ផ្សាយ​នូវ​​របាយការណ៍​មួយ​អំពាវនាវ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​ឲ្យ​ធ្វើ​ច្បាប់​សំដៅ​ដាក់ទណ្ឌកម្ម​តាម​គោលដៅ​ដល់​អ្នក​រំលោភ​បំពាន​សិទ្ធិមនុស្ស​នានា។ ច្បាប់​នេះ​មាន​លក្ខណៈ​ស្រដៀងគ្នា​ទៅនឹង​ច្បាប់ ក្លូប៊ល ម៉ានីតស្គី (Global Magnitsky Act) នៅ​សហរដ្ឋអាមេរិក និង​ច្បាប់​ដាក់​ទណ្ឌកម្ម ដែល​សភា​អឺរ៉ុប​ទើប​នឹង​បាន​អនុម័ត​រួចរាល់​កាលពី​ពេល​ថ្មីៗនេះ​ផងដែរ។

របាយការណ៍​កម្រាស់​ជិត ២០០ទំព័រ​​របស់​គណៈកម្មាធិការ​ចម្រុះ​នេះ ភាគច្រើន​ផ្អែក​​ទៅលើ​សេចក្តីពន្យល់​ដាក់​ជូន​ដោយ​សហគមន៍​ខ្មែរ ដែល​បាន​រៀបរាប់​អំពី​ករណី​គំរាម​សម្លាប់ ការបំភិតបំភ័យ និង​ការលាង​លុយ​កខ្វក់​ពីសំណាក់​បុគ្គល​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

សេចក្តីពន្យល់​រួមគ្នា​មួយ​ដាក់​ជូន​ទៅ​គណៈកម្មាធិការ​ចម្រុះ​នៃ​រដ្ឋសភា​អូស្ត្រាលី​ ដោយ​សហព័ន្ធ​ខ្មែរ-អូស្ត្រាលី និង​សមាគម​ខ្មែរ​ប្រចាំ​ក្រុង​មែលប៊ន អះអាង​ថា ក្រុម​មនុស្ស​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជូន​មក​ប្រទេស​អូស្ត្រាលី សុទ្ធសឹង​តែ​មាន «ប្រវត្តិ​យូរលង់​ពាក់ព័ន្ធ​នឹង​ករណី​បំភិតបំភ័យ​ទៅលើ​សមាជិក​សហគមន៍​ខ្មែរ​ ក្នុងអំឡុងពេល​ដែល​ពួកគេ​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី»។


cambodian-australia-protest
សមាជិក​សហគមន៍​ខ្មែរ-អូស្ត្រាលី ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​វត្ថមាន​លោក ហ៊ុន សែន នៅ​ទីក្រុងស៊ីដនី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។ រូប៖ អាស៊ីសេរី

សេចក្តីពន្យល់​ដាក់​ជូន​ដោយ​សហគមន៍​ខ្មែរ​នោះ អះអាង​ថា ហេតុការណ៍​នៃ​ករណី​ទាំងនេះ​​ស្ដែង​ឲ្យ​ឃើញ​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​កាលពីឆ្នាំ២០១៨ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មកកាន់​ប្រទេស​អូស្ត្រាលី។ នៅ​មុន និង​ក្រោយ​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី​ មាន​ករណី​គំរាម​សម្លាប់​​ប្រឆាំង​នឹង​អ្នកនយោបាយ​ខ្មែរ-អូស្ត្រាលី ក្រុម​អ្នករិះគន់ និង​អ្នកស្រី ប៊ូ រចនា។ គឺ​អ្នកស្រី ប៊ូ រចនា នេះ​ហើយ​ដែល​ទើប​តែ​បាន​ទទួល​នូវ​សិទ្ធិ​ភៀសខ្លួន​ផ្នែក​នយោបាយ​មក​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ក្រោយពេល​ដែល​ប្តី​របស់​អ្នកស្រី គឺ​អ្នកវិភាគ​នយោបាយ លោក កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​លួច​បាញ់​សម្លាប់ កាលពី ១៨ខែ​មុន​ពេល​អ្នកស្រី​មក​ដល់​អូស្ត្រាលី នៅ​ពេល​ដែល​លោក​កំពុង​ទទួល​ទាន​កាហ្វេ​ពេលព្រឹក​ថ្ងៃ​អាទិត្យ ​នៅ​ហាង​សាំង​មួយ​កន្លែង​ក្នុង​ក្រុងភ្នំពេញ។

ប្រសិនបើ​អនុសាសន៍​នៃ​របាយការណ៍​នោះ ត្រូវ​រដ្ឋាភិបាល​អូស្ត្រាលី​ទទួលយក​ ហើយ​ឈាន​ទៅ​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​ដើម្បី​ទុក​អនុវត្ត​នៅ​ប្រទេស​អូស្ត្រាលី​មែន​នោះ នោះ​វា​នឹង​ក្លាយ​ជា​សម្ពាធ​ដ៏​សម្បើម​មួយ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ ប្រឆាំង​នឹង​ក្រុម​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​ការជួយ​ទ្រទ្រង់​ដល់​របប​ផ្តាច់ការ​របស់​លោក ហ៊ុន សែន នៅ​ក្រុង​ភ្នំេពញ។ ប្រសិន​បើ​ថ្ងៃនោះ​មកដល់​មែន​នោះ ពេល​នោះ​ក្រុម​គ្រួសារ​របស់​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា អាច​នឹង​មាន​អារម្មណ៍​សោកស្ដាយ​ដោយសារតែ​ពួកគេ​បាន​ប្រើប្រាស់​ទឹកដី​នៃ​ប្រទេស​អូស្ត្រាលី​ធ្វើជា​កន្លែង​រក្សាទុក​ទ្រព្យសម្បត្តិ​របស់​ពួកគេ៕




គេហទំព័ររចនាដោយ៖ ម៉ិញហា ឡេ (Minh-Ha Le)
-------------
ក្រាហ្វិក៖ វីនស៍ មីដូវស៍ (Vince Meadows)
-------------
កែសម្រួលអត្ថបទ (ភាសាអង់គ្លេស)៖ អេជ៍. ឡេអូ គីម (H. Leo Kim), ម៉ាត់ ផេនីងថុន (Mat Pennington)
-------------
រូបថត៖ អាស៊ីសេរី
-------------
ផលិតដោយ៖ វិទ្យុអាស៊ីសេរី

© រក្សាសិទ្ធិគ្រប់យ៉ាងដោយវិទ្យុអាស៊ីសេរី ឆ្នាំ២០២១