Bannerimage4272021.jpg


បរិវារ​លោក ហ៊ុន សែន ម្នាក់ ទិញ «ធនាគារ​ឯកជន» មួយ​ដែល​មាន​ប្រវត្តិ​ទុច្ចរិត នៅ​ទីក្រុងឡុងដ៏


ដោយ៖ ហ្សាក់ ដេវី (Jack Davies)

ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១

គ្រួសារ​អ្នក​មាន​លុយ​មាន​អំណាចខ្មែរ​ម្នាក់ទៀត​ហើយ ដែល​មាន​ចំណង​ទាក់ទង​ជិតស្និទ្ធ​ជាមួយនឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជះលុយ​វាល់​លាន​ដុល្លារ​ទិញ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទូទាត់​ប្រាក់​របស់​អង់គ្លេស​មួយ​ឈ្មោះ ខុននិកធឹម លីមីតធីត (Connectum Limited) កាលពី​ចុងឆ្នាំ​ទៅម៉ិញ។ ក្រុមហ៊ុន​នេះ រក​បាន​ប្រាក់​ចំណូល​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ តាមរយៈ​ការផ្តល់​សេវាកម្ម​ធ្វើជា​​ឈ្មួញ​កណ្តាល​ ឬ អន្តរការី​រវាង​អាជីកម្ម​តូចៗ និង​ក្រុមហ៊ុន​ផ្តល់​ឥណទាន Credit Card ធំៗ ដូចជា ក្រុមហ៊ុន វីហ្សាកាត (VisaCard) និង​ ក្រុមហ៊ុន​ ម៉ាសស្ទើរកាត (MasterCard) ជាដើម។

ប្រពន្ធ​របស់​អតីត​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក អ៊ឹង ប៊ុនហូវ គឺ​អ្នកស្រី ហេង សុខា បាន​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិករ​របស់​ក្រុមហ៊ុន ខុននិកធឹម កាលពី​ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។ ក្រុម​អ្នកជំនាញ និយាយ​ថា ការទិញដូរ​ក្រុមហ៊ុន​នេះ គួរតែ​ជា​សញ្ញា​ព្រមាន​មួយ​ដល់​និយតករ​ហិរញ្ញវត្ថុ​អង់គ្លេស។

នេះ​គឺ​ដោយសារតែ​អ្នកស្រី ហេង សុខា គឺជា​ប្រពន្ធ​របស់​អតីត​តំណាងរាស្ត្រ និង​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ដែល​គួរត្រូវ​ពិនិត្យ​ពិច័យ​យ៉ាង​ដិតដល់​បន្ថែម​ទៀត ជុំវិញ​ប្រភព​នានា​នៃ​ទ្រព្យសម្បត្តិ​របស់​ពួកគេ ដោយសារតែ​ប្តី​អ្នកស្រី​មាន​ប្រវត្តិ​ជាប់​ពាក់ព័ន្ធ​ក្នុង​ជួរ​​រដ្ឋាភិបាល​កម្ពុជា អស់​ជា​ច្រើន​ទសវត្ស​មកហើយ។ កន្លងទៅ លោក អ៊ឹង ប៊ុនហូវ បាន​ប្រើប្រាស់​ឥទ្ធិពល​នៃ​សម្ព័ន្ធ​មេត្រីភាព​ក្នុង​ជួរ​រដ្ឋាភិបាល ដើម្បី​បង្កើត​សហគ្រាស​អាជីវកម្ម​រក​ប្រាក់​ចំណេញ​ ដូចជា​ប្រមូល​លុយ​ពី​អ្នកធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ ៤ ពី​ក្រុងព្រះសីហនុ​មក​រាជធានី​ភ្នំពេញ​ ដែល​ផ្លូវជាតិ​លេខ ៤ នេះ ត្រូវបាន​សាងសង់​ឡើង​ក្រោម​ជំនួយ​របស់​សហរដ្ឋអាមេរិក។

ក៏ប៉ុន្តែ នេះ​គ្រាន់តែ​ជា​រឿងរ៉ាវមួយ​ផ្នែក​ប៉ុណ្ណោះ។ ចំណែក​ឯ​រឿងរ៉ាវ​មួយផ្នែក​ទៀត គឺ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ដែល​ពួកគេ​បានទិញ​កាលពី​ពេល​ថ្មីៗនេះ។


ingbunhoaw-hengshokha.jpg
លោក អ៊ឹង ប៊ុនហូវ និង ប្រពន្ធ អ្នកស្រី ហេង សុខា ក្នុង​រូបថត​បង្ហោះនៅ​លើ​គណនី​ហ្វេសប៊ុក ឈ្មោះ ម៉ៅ មុន្នីរ័ត្ន កាលពី​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

ក្រុមហ៊ុន ខុននិកធឹម ដែល​ផ្សាយ​ពាណិជ្ជកម្ម​ខ្លួនឯង​ថា ជា​ «ធនាគារ​ឯកជន» បើទោះបីជា​ក្រុមហ៊ុន​នេះ មិន​ទទួល​បាន​អាជ្ញាប័ណ្ណ​ឲ្យ​ប្រតិបត្តិការ​ជា​ធនាគារ​ក៏ដោយ ត្រូវ​បាន​បង្កើត​ឡើង​កាលពី ៧ឆ្នាំ​មុន ដោយ​ជនជាតិ ឡេតូនី (Latvia) ម្នាក់។ លោក​គឺជា​នាយក​ប្រតិបត្តិ​នៅ​ធនាគារ​ឡេតូនី ពីរ​កន្លែង ហើយ​ដែល​ធនាគារ​ទាំងពីរនេះ បាន​ជាប់ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​អាស្រូវ​នៃ​អំពើលាងលុយ​កខ្វក់។ នាយកប្រតិបត្តិ​ធនាគារនេះ គឺលោក អេដហ្គារស៍ ឡាសម៉ានីស៍ (Edgars Lasmanis)។ ឪពុក​របស់​លោក​បាន​រត់គេចខ្លួន​អស់​ជាច្រើន​ឆ្នាំ​ដោយសារតែ​ជាប់ពាក់ព័ន្ធ​នឹង​បទល្មើស​សូកប៉ាន់​ក្នុង​រឿងរ៉ាវ​ដាច់​ដោយឡែកមួយ​ទៀត។ មាន​ម្តងនោះ លោក អេដហ្គារស៍ ឡាសម៉ានីស៍ ធ្លាប់​បាន​តែងតាំង​បុគ្គលម្នាក់​ធ្វើជា​ដៃគូ​អាជីវកម្ម​នៅក្នុង​ក្រុមហ៊ុន ខុននិកធឹម ដែល​បុគ្គលរូបនោះ​រងនូវ​ការចោទប្រកាន់​ជាច្រើន​ថា ជា​ជន​ឆរបោក​ជើងចាស់​ម្នាក់។

រឿងរ៉ាវ​ដែល​រិតតែ​ស្រពិចស្រពិល​ជាងនេះ​ទៀតនោះ គឺថា ម៉ូយ​របស់​ក្រុមហ៊ុន ខុននិកធឹម ក៏មាន​រាប់បញ្ចូល​ទាំង​សាខា​ផ្តល់​សេវាកម្ម​លុយ​អេឡិចត្រូនិក (cryptocurrency) របស់​រុស្ស៊ី ដែល​ឥឡូវនេះ​កំពុង​ប្រឈម​នឹង​ដំណើរការ​ក្ដីក្ដាំ​នៅ​ប្រទេសរុស្ស៊ី (Russia) ពាក់ព័ន្ធ​នឹង​បទចោទ​ឆបោក​អតិថិជន​របស់​ខ្លួន​អស់ទឹកប្រាក់​រាប់សែន​ដុល្លារ។

ដើម្បី​ចងក្រង​នូវ​រឿងរ៉ាវ​ជំពាក់ជំពិន​ដ៏​ស្មុគស្មាញ​នេះ វិទ្យុអាស៊ីសេរី កាលពី​ពេល​កន្លងទៅ បាន​ស្រាវជ្រាវ​មើលប្រវត្តិ​​របស់​ក្រុមគ្រួសារ​ទាំង ២ គ្រួសារនេះ គឺ​សែស្រឡាយ​ខាង​លោក អ៊ឹង ប៊ុនហូវ នៅ​កម្ពុជា និង គ្រួសារ​របស់​លោក អេដហ្គារស៍ ឡាសម៉ានីស៍ នៅ​ឡេតូនី។ បន្ទាប់មក យើង​នឹង​ពិនិត្យមើល​ថាតើ​រឿងរ៉ាវ​របស់​ក្រុមគ្រួសារ​ទាំងពីរ​ត្រកូល​នេះ​ បាន​ពើប​ប្រសព្វ​គ្នា​ដោយ​របៀបណា នៅ​ក្នុង​ពិភព​ដ៍​ធូររលុង​នៃ​វិស័យ​ហិរញ្ញវត្ថុ​របស់​អង់គ្លេស។


connectum.jpg
រូប Screenshot ពី​គេហទំព័រ​របស់ Companies House

លោក អ៊ឹង ប៊ុនហូវ និង ដំណើរ​ឆ្ពោះ​ទៅរក​ភាពមានបាន

ការយក​លុយ​ទៅ​វិនិយោគ ឬ ទៅ​លាក់ទុក​នៅ​ក្រៅប្រទេស គឺជា​វិធីសាស្ត្រ​មួយ​ដ៏​ពេញនិយម​ក្នុងចំណោម​ពួក​អ្នកមាន​លុយ​មាន​អំណាច​ខ្មែរ ដែល​មាន​ចំណង​មេត្រីភាព​ស្អិតល្មួត​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់អំណាច។ វា​គឺជា​និន្នាការ​មួយ​ដែល វិទ្យុអាស៊ីសេរី បាន​ចងក្រង​ជា​ឯកសារ​ឡើង​នៅ​ក្នុង​សេចក្ដីរាយការណ៍​បែប​ស៊ើបអង្កេត​របស់​យើង​ជាបន្តបន្ទាប់។

ដំណើរ​ឆ្ពោះ​ទៅ​រក​ភាពមានបាន​របស់​លោក អ៊ឹង ប៊ុនហូវ កើតមាន​ឡើង​ក្រោយ​ពេល​​លោក​បាន​បង្កើត​ក្រុមហ៊ុន​ជំនួញ​មួយ​នៅ​ក្រុងភ្នំពេញ កាលពី​ឆ្នាំ១៩៩៣ ក្នុង​ពេលដែល​ប្រទេសកម្ពុជា​បាន​រៀបចំ​ឲ្យ​មាន​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​ជាលើក​ដំបូង។ ក្រោយមកទៀត ក្រុមហ៊ុន​នោះ ត្រូវ​គេស្គាល់​ថា ​មាន​ឈ្មោះ​ជា​ក្រុមហ៊ុន អេហ្សិត គ្រុប (AZ Group) ដែល​សព្វថ្ងៃនេះ មាន​ភាគហ៊ុន​នៅ​ប្រទេស​ឥណ្ឌា (India) សិង្ហបុរី (Singapore) មីយ៉ាន់ម៉ា (Myanmar) ឬ​ ភូមា និង ចក្រភពអង់គ្លេស (United Kingdom)។ បើទោះបីជា​មាន​ទិន្នន័យ​តិចតួច​បង្ហាញ​ពី​សកម្មភាព​របស់​ក្រុមហ៊ុន​នេះ​កាលពីពេល​បើក​អាជីវកម្ម​ដំបូង ច្បាស់ណាស់​ថា ក្រុមហ៊ុន​នេះ​ទទួល​បាន​​ជោគជ័យ​ក្នុង​អាជីវកម្ម​របស់​ខ្លួន។ នៅឆ្នាំ១៩៩៦ លោក អ៊ឹង ប៊ុនហូវ បាន​ទទួល​គោរមងារ «ឧកញ៉ា» ជា​គោរមងារ​​ប្រពៃណី​មួយ​ដែល​​ចាប់តាំង​ពី​ពាក់កណ្តាល​ទសវត្ស ១៩៩០ មក បាន​ក្លាយ​ជា​វិធីសាស្ត្រ​នៃ​ការចងក្រង​ទំនាក់ទំនង​បែប «ឯងជួយអញ អញជួយឯង» ជាផ្លូវការ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​ វណ្ណៈ​ឧកញ៉ា ឬ​ក្រុម​ឈ្មួញ ដែលទើប​នឹង​កើតមាន​ឡើង​នៅ​កម្ពុជា។

នៅ​ឆ្នាំ២០០១ ក្រុមហ៊ុន អេហ្សិត គ្រុប (AZ Group) ទទួល​បាន​សិទ្ធិ​ប្រមូល​លុយ​ពី​អ្នកធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ ៤។ ផ្លូវជាតិ​នេះ​មាន​ប្រវែង​ជាង ២៣០ គីឡូម៉ែត្រ តភ្ជាប់​ពី​ក្រុងភ្នំពេញ ទៅ​ក្រុងកំពង់ផែ​ធំ​បំផុត​របស់​កម្ពុជា គឺ​ក្រុងព្រះសីហនុ។ ផ្លូវជាតិ​នេះ​ដំបូងឡើយ​ត្រូវបាន​សាងសង់​នៅ​ទសវត្ស ១៩៥០ ក្រោម​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក។ លុះ​ដល់​​ដើម​ទសវត្ស​១៩៩០ សហរដ្ឋអាមេរិក​ក៏​នៅ​បន្ត​ចេញមុខ​ជួយ​​ផ្តល់​ថវិកា​ឲ្យ​ជួសជុល​ និង​កែលំអ​ផ្លូវជាតិ​នេះ​ឡើងវិញ​ដែរ។

ក្រុមអ្នក​ធ្វើ​យុទ្ធនាការ​ប្រឆាំងនឹង​អំពើពុករលួយ តវ៉ា​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សម្បទាន​ឲ្យ​ក្រុមហ៊ុន អេហ្សិត គ្រុប ជា​សម្ងាត់ ដោយ​គ្មាន​ការប្រកួតប្រជែង ឬ​ដាក់​ដំណើរការឲ្យ​​ដេញថ្លៃ​ដោយ​បើក​ចំហ​នោះទេ។ អ្នកខ្លះ​ទៀត ឌឺដង​ថា ក្រុមហ៊ុន​នេះ​ទទួលបាន​សិទ្ធិ​វិនិយោគ​ក្រោម​កិច្ចសន្យា សាងសង់ ប្រតិបត្តិ និង​ផ្ទេរ (BOT) បើ​ទោះបីជា​ផ្លូវជាតិ​នោះ​ត្រូវ​បាន​សាងសង់​រួចរាល់​អស់ជា​ច្រើនឆ្នាំ​មកហើយ ក្រោមជំនួយ​ថវិកា​របស់​​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក៏ដោយ។

ក្រោយ​មកទៀត លោក អ៊ឹង ប៊ុនហូវ បាន​ពង្រឹង​ទំនាក់ទំនង​របស់​លោក​កាន់តែ​រឹងមាំ​ជាមួយ​គណបក្ស​កាន់អំណាច​ នៅពេលដែល​លោក​ត្រូវ​បាន​ជ្រើសតាំង​ជា​សមាជិកសភា ឬ តំណាងរាស្ត្រ​ឲ្យ​គណបក្ស​នេះ​ប្រចាំ​មណ្ឌល​ខេត្តតាកែវ​នៅ​ឆ្នាំ២០០៣។ ការជ្រើសតាំង​លោក​ជា​តំណាងរាស្ត្រ ស្តែង​ឲ្យ​ឃើញ​ពី​ការយោគយល់​កាន់តែ​ខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល​មកលើ​ក្រុមហ៊ុន អេហ្សិត គ្រុប។


hunsen-bunhoaw+
រូប Screenshot ពី​កាសែត ភ្នំពេញ ប៉ុស្តិ៍។

មួយខែ​មុន​ពេល​បោះឆ្នោត​ជាតិ​ឆ្នាំ២០០៣ ក្រុមហ៊ុន អេហ្សិត គ្រុប ទទួលបាន​នូវ​កិច្ចសន្យា​តម្លៃ​រាប់​លាន​ដុល្លារ​ពី​រដ្ឋាភិបាល ដើម្បី​បង្កើត​សេវាកម្ម​បណ្ដាញ​ទូរស័ព្ទ​អន្តរជាតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា។ នៅ​រដូវក្តៅ​ឆ្នាំ២០០៣ រដ្ឋាភិបាល​បាន​ទទួល​កម្ចី ៣០លាន​ដុល្លារ​ពី​ប្រទេសចិន (China) តាងនាម​ឱ្យ​ក្រុមហ៊ុន អេហ្សិត គ្រុប ដើម្បី​វិនិយោគ​លើ​ការបង្កើត​​សេវាកម្ម​បណ្ដាញ​ទូរស័ព្ទ​អន្តរជាតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​​ថ្មី​នេះ។

ក្រុមហ៊ុន អេហ្សិត គ្រុប បាន​ផ្ដួចផ្ដើម​យក​លុយ​ផ្លូវ​ពី​រថយន្ត​តាក់ស៊ី និង​យានយន្ត​ធ្វើដំណើរ​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ ៤ កាលពី​ចុងឆ្នាំ២០០៤។ ផែនការ​នេះ​បាន​នាំឲ្យ​ផ្ទុះ​ការតវ៉ា​ជាច្រើន​ពី​សំណាក់​ក្រុមអ្នកបើកបរ​រថយន្ត។ ការតវ៉ា​ទាំងនេះ ត្រូវ​បាន​អាជ្ញាធរ​​ប្រដាប់ដោយ​​កាំភ្លើងយន្ត និង​ដំបងឆក់ បង្ក្រាប​យ៉ាងចាស់ដៃ។

អ្នកបើកបរ​រថយន្តតាក់ស៊ី​ដែលជា​អ្នកតវ៉ា​ម្នាក់​ បាន​ប្រាប់កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) នៅពេល​នោះថា៖ «ក្រុមហ៊ុន​នេះ​មិនបាន​ជួសជុល​ផ្លូវជាតិ​នេះទេ។ ផ្លូវជាតិ​នេះ​គឺនៅ​ដដែល​ចាប់តាំង​ពី​ពេល​ដែល​អាមេរិក​បាន​សាងសង់​រួចមក។ រដ្ឋាភិបាល​មិនគួរ​អនុញ្ញាត​​ឲ្យ​ក្រុមហ៊ុន​នេះ ប្រមូល​ប្រាក់​ពី​ពួកយើងនោះ​ទេ ដោយសារតែ​ក្រុមហ៊ុន​នេះ​មិនបាន​ធ្វើ​អ្វី​ទាល់តែសោះ​សម្រាប់​ជា​ប្រយោជន៍​ដល់​​ផ្លូវជាតិ​នេះ»។

ប៉ុន្តែ លុយនៅ​តែបន្ត​ហូរចូល​ទៅក្នុង​ក្រុមហ៊ុន អេហ្សិត គ្រុប ដដែល។ ក្រុមហ៊ុន​នេះ ក៏​បាន​ទទួល​អាជ្ញាប័ណ្ណ​​រុករក​រ៉ែ បុកស៊ីត (bauxite) នៅ​ខេត្តមណ្ឌលគិរី។ អាជ្ញាប័ណ្ណ​នោះ​ក្រោយ​មក​ត្រូវបាន​ផ្ទេរ​ទៅឲ្យ​ក្រុមហ៊ុន​ខ្នាត​យក្ស​របស់​អូស្ត្រាលី​មួយ​ឈ្មោះ ប៊ីអេហ្យភី ប៊ីលីថុន (BHP Billiton)។ មិនយូរ​ប៉ុន្មាន រយៈពេល​តែ​ពីរ​ទៅ​បីឆ្នាំ​ក្រោយ​មកទៀត ក្រុមហ៊ុន​អូស្ត្រាលី​មួយ​នេះ បាន​ចាកចេញ​ឈប់ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា ក្រោយពី​រង​ការចោទប្រកាន់​ថា ក្រុមហ៊ុន​នេះ បាន​សូកប៉ាន់​លុយ​ចំនួន ២លាន​៥សែន​ដុល្លារ ​ទៅឲ្យ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា។ ទន្ទឹម​គ្នានេះដែរ នៅឆ្នាំ២០០៥ បុត្រសម្ព័ន្ធ​របស់​​ក្រុមហ៊ុន អេហ្សិត គ្រុប គឺ​ក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holding) បាន​លក់​ភាគហ៊ុន​របស់​​ខ្លួន​ចំនួន ៤៤ភាគរយ នៅ​ក្នុង​ធនាគារ​ពាណិជ្ជ​ក្រៅប្រទេស​នៃ​កម្ពុជា (FTB) ដែល​ជា​ក្រុមហ៊ុន​​របស់​រដ្ឋ។

ចំណង​ទាក់ទង​រវាង​លោក អ៊ឹង ប៊ុនហូវ និង មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា កាន់តែ​ចាក់​ឫសគល់​ជ្រាលជ្រៅ​នៅ​ឆ្នាំ២០០៦ នៅពេល​ដែល​លោក​ត្រូវ​បាន​តែងតាំង​ជា​សមាជិក​មួយ​រូប​នៃ​គណៈកម្មាធិការ​កណ្ដាល​របស់​កាកបាទក្រហម​កម្ពុជា ដែល​ដឹកនាំ​ដោយ​ប្រពន្ធ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី។ កាកបាទក្រហម​កម្ពុជា ត្រូវ​បាន​ពណ៌នា​ថាជា «សេនាធិការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​កិច្ចការ​មនុស្សធម៌»។


ing-holdings.jpg
សៀវភៅ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន ING Holdings Co., Ltd បង្ហោះ​នៅលើ​គេហទំព័រ ing-holdings.com

លោក អ៊ឹង ប៊ុនហូវ និង​ការបាត់បង់​តំណែង?

នៅឆ្នាំ២០០៨ លោក អ៊ឹង ប៊ុនហូវ បាន​លាលែង​ពី​តំណែង​ជា​តំណាងរាស្ត្រ​ ហើយ​លោក​បាន​ផ្ទេរ​កម្មសិទ្ធិ​ក្រុមហ៊ុន អេហ្សិត គ្រុប ទៅឲ្យ​ប្រពន្ធ​របស់​លោក។ លោក​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។ គឺ​ក្រសួងនេះ​ហើយ​ដែល​មាន​ភារកិច្ច​ទទួលខុសត្រូវ​លើ​ការគ្រប់គ្រង​ និង​ចាត់ចែង​សេវាកម្ម​ប្រមូល​លុយ​ពី​ផ្លូវជាតិ​លេខ ៤ ដ៏​ចម្រូងចម្រាស​របស់​ក្រុមហ៊ុន អេហ្សិត គ្រុប នេះ។

បន្ទាប់មកទៀត លោក អ៊ឹង ប៊ុនហូវ បាន​លាលែង​ពី​តំណែង​ជា​រដ្ឋលេខាធិការ​នៅ​ឆ្នាំ២០១៣ ដើម្បី​ទៅ​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​ដដែល​នោះ។ ក៏ប៉ុន្តែ មិន​ខុសពី​​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​រូប​ទៀតដែរ លោក អ៊ឹង ប៊ុនហូវ ​បាន​ចាញ់​ការប្រកួត​បោះឆ្នោត​ដ៏គួរឲ្យ​ភ្ញាក់ផ្អើល​ទៅ​​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះជាតិ ដែល​កាលណោះ​គណបក្ស​នេះ​រៀបតែ​នឹង​អាច​ទម្លាក់​រដ្ឋាភិបាល​បច្ចុប្បន្ន​ចេញពី​តំណែង​បាន។ នា​ពេល​មួយនោះ ឧកញ៉ា​រូបនេះ ទំនងជា​បាត់បង់​ការពេញចិត្ត​ពេញថ្លើម​ពី​លោក ហ៊ុន សែន។ នៅ​ឆ្នាំ២០១៥ លោក អ៊ឹង ប៊ុនហូវ បាន​លាលែង​ពី​មុខតំណែង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល ហើយ​នៅ​ឆ្នាំបន្ទាប់​មក​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ដោយ​ផ្ទាល់​ឱ្យ​ដកហូត​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន អេហ្សិត គ្រុប លែងឲ្យ​ប្រមូល​លុយ​ពី​អ្នកធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិលេខ ៤ តទៅទៀត។

យ៉ាងណាក៏ដោយ ជោគវាសនា​របស់​ក្រុមគ្រួសារ​នេះ នៅ​មិនទាន់​ទៅណា​ឆ្ងាយ​នៅឡើយទេ។ ចាប់តាំងពី​ឆ្នាំ២០០៥ មក បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន អេហ្សិត គ្រុប គឺក្រុមហ៊ុន អាយអិនជី ហូលឌីង បាន​ចាក់ដី​លុបបឹង​រាប់រយ​ហិកតារ នៅ​ជាយក្រុង​ភ្នំពេញ ដើម្បី​បង្កើត​ជា​ទីក្រុង​អភិវឌ្ឍន៍​ខ្នាតយក្ស​មួយ​ដែលជា​ទីក្រុងរណប​នៅ​តំបន់​បឹងទំពុន និង​បឹងជើងឯក ឬ​ហៅថា «អ៊ឹង ស៊ីធី» (ING City)។ អស់ជាច្រើនឆ្នាំ ក្រុមអង្គការ​សង្គមស៊ីវិល បានប្រកាស​អាសន្ន​ចំពោះ​គម្រោងនេះ ដោយ​កត់សម្គាល់​ថា គម្រោងនេះ នឹង​ធ្វើឲ្យ​ពលរដ្ឋ​ប្រមាណ ១ពាន់គ្រួសារ ប្រឈមនឹង​ការបាត់បង់​ផ្ទះសម្បែង និង​ដីធ្លី​របស់​ពួកគេ ព្រមទាំង​ធ្វើ​ឲ្យ​អ្នករស់នៅ​ក្នុង​ក្រុងភ្នំពេញ​ប្រមាណ​​មួយលាននាក់​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​គ្រោះ​ទឹកជំនន់។ ទំនងជា​ឆ្លើយតប​នឹង​ការរិះគន់​ទាំងនេះ នៅ​ខែកក្កដា ឆ្នាំ២០២០ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​លុបចោល​ប្លង់ដី ១៩០ ហិកតារ ដែល​បាន​ចេញ​ឲ្យ​ដល់​ក្រុមហ៊ុន អាយអិនជី ហូលឌីង នេះ។ ក៏ប៉ុន្តែ ខណៈ​ក្រុមហ៊ុន​រងការដកហូត​ប្លង់​កម្មសិទ្ធិ​ដី​ចំនួន ១៩០ ហិកតារ​ដោយ​រដ្ឋាភិបាល​ទៅវិញ​នេះ ក្រុមហ៊ុន​គូសបញ្ជាក់ថា ការលុបចោល​ប្លង់​កម្មសិទ្ធិ​ទាំងនេះ នឹងមិន​ក្លាយជា​ឧបសគ្គ​រាំងស្ទះ​ដល់​គម្រោង​អភិវឌ្ឍន៍​នេះទេ ព្រោះ​វាមាន​ទំហំ​តិចជាង ១០ភាគរយ​នៃផ្ទៃដី​គម្រោង​ទាំងមូល​ដែល​មាន​ទំហំ​ដល់ទៅ ២.៥៧២ ហិកតារ។

សព្វថ្ងៃ​នេះ ក្រុមហ៊ុន អេហ្សិត គ្រុប នៅតែ​ជា​ក្រុមហ៊ុន​ខ្នាត​យក្ស​ដ៏ឈាន​មុខគេ​មួយ​នៅ​កម្ពុជា​ដដែល។ បើទោះបីជា​ក្រុមហ៊ុន​នេះ មិន​បាន​បញ្ចេញ​ព័ត៌មាន​ឲ្យដឹង​អំពី​ទ្រព្យសកម្ម ឬ គណនី​របស់​ខ្លួន​ជា​សាធារណៈ​ក៏ដោយ ការវិភាគ​របស់ វិទ្យុអាស៊ីសេរី ដោយផ្អែក​លើ​ទិន្នន័យ​របស់​​ក្រសួងពាណិជ្ជកម្ម ដែល​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ ក្លូប៊ល វីតណេស៍ (Global Witness) បាន​ប្រមូល​ចងក្រង​ទុក រកឃើញ​ថា ក្រុមហ៊ុន​ជាច្រើន​នៅ​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​ប្តីប្រពន្ធ​មួយ​គូ​នេះ គឺ​លោក អ៊ឹង ប៊ុនហូវ និង​អ្នកស្រី ហេង សុខា មានតម្លៃ​ភាគហ៊ុន​រួមគ្នា សរុប​ប្រមាណ ៨១,៨ លាន​ដុល្លារ កាលពីឆ្នាំ២០១៤។ យ៉ាងណាក៏ដោយ ដោយសារតែ​តម្លៃ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ឯកជន​នៅ​កម្ពុជា កម្រ​នឹង​មាន​ភាពសុក្រឹត​​ដែល​ឆ្លុះបញ្ចាំង​ពី​​ទំហំ​មូលធន​ពិតប្រាកដ ហើយ​ដោយសារតែ​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​បាន​លូត​ដុះដាល​ឡើង​ទាំង​នៅក្នុង​ស្រុក និង​ទាំង​នៅលើ​ឆាក​អន្តរជាតិ​ក្នុងរយៈពេល ៧​ឆ្នាំ ចុងក្រោយ​នេះ តម្លៃ​ទ្រព្យសម្បត្តិ​ពិតប្រាកដ​របស់​ក្រុមហ៊ុន អេហ្សិត គ្រុប សព្វថ្ងៃនេះ ទំនងជា​អាច​ខ្ពស់​ជាងនេះ​ឆ្ងាយណាស់។


ing-holdings-2.jpg
សៀវភៅ​ក្រុមហ៊ុន ING Holdings Co., Ltd. បង្ហោះនៅលើ​គេហទំព័រ​ក្រុមហ៊ុន ing-holdings.com

លោក ឡេអូនីដស៍ ឡាសម៉ានីស៍៖ អតីត​មេបញ្ជាការ​កំពុង​រត់គេចខ្លួន

ក្នុងអំឡុងពេល​ដែល​លោក អ៊ឹង ប៊ុនហូវ កំពុង​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា លោក ឡេអូនីដស៍ ឡាសម៉ានីស៍ (Leonids Lasmanis) ដែល​ជា​ឪពុក​របស់​ស្ថាបនិក​ក្រុមហ៊ុន ខុននិកធឹម ឯណោះវិញ ក៏កំពុង​ប្រឹងប្រែង​ធ្វើការ​ដើម្បី​ឈានទៅ​កាន់​តំណែង​ក្នុងជួរ​ថ្នាក់ដឹកនាំ​នៃ​កងកម្លាំង​ជាតិ​ឃ្លាំមើល​ព្រំដែន​នៃ​ប្រទេស​ឡេតូនី ដែល​ទើប​នឹង​ទទួលបាន​ឯករាជ្យ​ថ្មីថ្មោង​ពី​អតីត​សហភាព​សូវៀត។

មិនខុសពី​នៅ​កម្ពុជា ប្រទេស​ឡេតូនី នៅ​ឆ្នាំ១៩៩៣ បាន​រៀបចំ​​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​ជា​លើកដំបូង បន្ទាប់​ពី​សង្គ្រាមត្រជាក់​បាន​បញ្ចប់។ ស្ថិតនៅ​ជាប់​សមុទ្របាល់ទិច (Baltic Sea) និង​ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស រុស្ស៊ី (Russia) ឡេតូនី គឺជា​អតីត​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​ទាំង ១៥ ដែល​ជា​រដ្ឋទើប​បង្កើតថ្មី​ក្រោយ​បំបែកខ្លួន​ចេញពី​សហភាព​សូវៀត (Soviet Union)។ រដ្ឋបំបែកខ្លួន​ទាំងនេះ ជ្រើសរើស​យក​វិធី​ដឹកនាំ​ប្រទេស​រៀងៗខ្លួន​ក្រោយពី​លទ្ធិ​កុម្មុយនិស្ត​បាន​ដួល​រលំ។

ក៏ប៉ុន្តែ លោក ឡេអូនីដស៍ ឡាសម៉ានីស៍ បាន​ជួប​នូវ​ភាពបរាជ័យ​ច្រើន​ជាង​លោក អ៊ឹង ប៊ុនហូវ ក្នុងអំឡុងពេល​អន្តរកាល​នៃ​ប្រទេស​របស់​លោក។ លោក​ត្រូវបាន​ប្រធានាធិបតី​នៃ​ប្រទេស​ឡេតូនី បណ្តេញ​ចេញ​ពី​តំណែង​ជា​មេបញ្ជាការ​កងកម្លាំង​ជាតិ​ឃ្លាំមើល​ព្រំដែន កាលពីខែ​មិថុនា ឆ្នាំ១៩៩៣ ដោយសារតែ​បានធ្វើឲ្យ​បាត់​បង់​កាំភ្លើងវែង​ស្វ័យប្រវត្តិ​​ជាច្រើនគ្រឿង​នៅ​កន្លែង​លាក់​ទុកអាវុធ​មួយកន្លែង។ ក្រោយពី​បោះបង់​ចោល​ជីវិត​ជា​យោធា​ទៅ​បន្ត​អាជីព​ក្នុង​វិស័យ​នយោបាយ​វិញ ឈ្មោះ​របស់​លោក ឡេអូនីដស៍ ឡាសម៉ានីស៍ ត្រូវបាន​កាសែត​យកទៅ​ចុះផ្សាយ​ព្រោងព្រាត​នៅ​ឆ្នាំ២០០០ ដោយសារតែ​កាលណោះ​ លោកជា​តំណាងរាស្ត្រ​ក្នុង​សភាក្រុង រីហ្គា (Riga City Assembly) ហើយ​លោក​បាន​បាញ់​ខ្លួនឯង​ក្នុងពេល​កំពុង​ស្រវឹងស្រា​ ដោយប្រើ​កាំភ្លើងដៃ​របស់លោក។

របួស​នោះ​មិនបាន​បណ្តាល​ឲ្យ​លោក​ស្លាប់នោះទេ ក៏ប៉ុន្តែ លោក​បាន​នៅរស់​រាន​មានជីវិត​មក​បន្ត​ជួប​នឹង​រឿងរ៉ាវ​ទុរយស​មួយទៀត​នៅ​ឆ្នាំ២០០៦ នៅពេល​ដែល​រដ្ឋអាជ្ញា​បាន​ចោទប្រកាន់​លោក​ថា​បាន​ពាក់ព័ន្ធនឹង​ផែនការ​សូកប៉ាន់​ក្រុមប្រឹក្សាក្រុង ក្នុងទឹកប្រាក់​ដល់ទៅ​រាប់ម៉ឺន​អឺរ៉ូ។ ជាជាង​ប្រឈមមុខ​នឹង​ដំណើរការ​ក្ដីក្ដាំ​ជាមួយនឹង​អ្នកសមគំនិត ហើយ​ដែល​អ្នកទាំងអស់នោះ​សុទ្ធសឹងតែ​ត្រូវ​បាន​ផ្ដន្ទាទោស​នោះ លោក ឡេអូនីដស៍ ឡាសម៉ានីស៍ បាន​ជ្រើសរើស​យក​វិធី​រត់គេចខ្លួន។ សេចក្ដីរាយការណ៍​នានា​​ឲ្យដឹងថា លោក​បាន​រត់ទៅ​លាក់ខ្លួន​នៅ​ប្រទេសរុស្ស៊ី (Russia) ហើយ​​កាលពី​ឆ្នាំទៅម៉ិញ លោក​បាន​ក្លាយជា​មនុស្ស​ដែល​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​របស់​សហភាព​អឺរ៉ុប ហៅកាត់ថា យូរ៉ូប៉ូល (Europol) តាម​ប្រមាញ់​ចាប់ខ្លួន​បំផុត។

លោក ឡេអូនីដស៍ ឡាសម៉ានីស៍ មិនអាច​​ទាក់ទង​ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​រឿងរ៉ាវ​នេះ​បាន​ទេ។ រីឯ ​មន្ត្រី​តុលាការ​នៃ​ប្រទេស​ឡេតូនី វិញ​ បាន​ប្រាប់​ វិទ្យុអាស៊ីសេរី ថា ពួកគេ​មិនអាច​ផ្តល់​អត្ថាធិប្បាយ​ជុំវិញ​សំណុំរឿង​នេះ​បានឡើយ។


Leonids Lasmanis credit Interpol
លោក ឡេអូនីដស៍ ឡាសម៉ានីស៍ ក្នុងរូបថត​ដែល​ត្រូវបាន​ចែកចាយ​ដោយ​ស្ថាប័ន​អនុវត្ត​ច្បាប់​របស់​សហភាព​អឺរ៉ុប ហៅកាត់ថា យូរ៉ូប៉ូល (Europol)។

លោក អេដហ្គារស៍ ឡាសម៉ានីស៍ (Edgars Lasmanis)៖ ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពីគល់

ក្នុងពេល​ដែល​ឪពុក​កំពុង​រត់គេចខ្លួន​ពី​​បទចោទប្រកាន់​​ថា​ប្រព្រឹត្តិ​អំពើសូកប៉ាន់ កូនប្រុស​ច្បង​របស់​លោក គឺលោក អេដហ្គារស៍ ឡាសម៉ានីស៍ កំពុង​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ហើយ​ទទួល​បាន​ការចាប់អារម្មណ៍​មិន​រំពឹងទុក ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ក្នុងវ័យ ២៧ ឆ្នាំ លោក​បាន​ក្លាយ​ជា​ប្រធាន​ផ្នែកទីផ្សារ​នៅ​ធនាគារ​មួយ​របស់​ប្រទេស​ឡេតូនី ដែល​មាន​ឈ្មោះថា ម៉ាល់ធីបង់កា​ (Multibanka)។ នៅ​ខែ​មេសា ឆ្នាំ២០០៥ ធនាគារ​នេះ​ត្រូវបាន​ក្រសួង​រតនាគារ​អាមេរិក ដាក់បញ្ចូល​ឈ្មោះ​ជា​ស្ថាប័ន «ពាក់ព័ន្ធ​ផ្ទាល់​នឹង​អំពើលាងលុយ​កខ្វក់»។

ក្រសួង​រតនាគារ​អាមេរិក អះអាង​ថា ធនាគារ ម៉ាល់ធីបង់កា នេះ បាន​អនុញ្ញាត​ឲ្យ​​ឧក្រិដ្ឋជន​អន្តរជាតិ ប្រើប្រាស់​សេវាកម្ម​​ព័ត៌មាន​សម្ងាត់ និង​លេខ​គណនី​សម្ងាត់​ ដូចដែល​អនុវត្ត​ដោយ​ធនាគារ​នៅ​ប្រទេសស្វីស (Switzerland) «ដើម្បី​ជួយសម្រួល​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ ដោយ​អនុញ្ញាត​ឲ្យ​ឧក្រិដ្ឋជន​លាក់បាំង​ផលចំណេញ​ខុសច្បាប់​របស់​ពួកគេ»។

កាលណោះ លោក អេដហ្គារស៍ ឡាសម៉ានីស៍ គឺ​ជា​អ្នកនាំពាក្យ​មិន​ផ្លូវការ​របស់​ធនាគារនេះ។ លោក​ធ្វើជា​អ្នកនាំពាក្យ​ឲ្យ​ធនាគារនេះ ​ឆ្លើយតប​នឹង​ក្រុមអ្នកសារព័ត៌មាន ដោយ​បាន​បដិសេធ​ថា ធនាគារ ម៉ាល់ធីបង់កា មិនបាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើលាងលុយ​កខ្វក់ ឬក៏​ពុំបាន​ដឹង​អំពី​អត្តសញ្ញាណ​​របស់​អតិថិជន​ភាគច្រើន​ដែល​ខ្លួន​មាន​នោះទេ។

យ៉ាងណាក៏ដោយ ១៥ ខែ​ក្រោយមក​ទៀត ធនាគារ ម៉ាល់ធីបង់កា បាន​ផ្លាស់ប្ដូរ​ជំហរ​របស់​ខ្លួន។ ក្រោយពី​បាន​ពិនិត្យមើល​ឡើងវិញ​នូវ​ផលប័ត្រ​វិនិយោគ​របស់​ខ្លួន ធនាគារនេះ​បាន​ប្រាប់​ទៅ​ក្រសួង​រតនាគារ​អាមេរិក វិញថា ខ្លួនបាន​លុបចោល​ទំនាក់ទំនង​​ជាមួយ​អតិថិជន​ជាង ២.៦០០ នាក់។ ផ្អែកតាម​របាយការណ៍​របស់​ក្រសួង​រតនាគារ​អាមេរិក អតិថិជន​ទាំងនោះ «គ្មាន​បំណង ឬ​ពុំបាន​គោរព​តាម​បទដ្ឋាន​ប្រមូល និង​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​ប្រសើរឡើង របស់​ធនាគារ ម៉ាល់ធីបង់កា នោះទេ»។ និយាយ​ក្នុងន័យ​សាមញ្ញ គឺ​ពួកគេ​ទាំងនេះ​ជា​អតិថិជន​ដែល​ធនាគារ​មិន​អាច​កំណត់​អត្តសញ្ញាណ​ឲ្យ​បាន​ត្រឹមត្រូវ។ ការអារ​​សាច់ស្អុយ​ចោល​នេះ បាន​ធ្វើ​ឲ្យ​​ធនាគារ ម៉ាល់ធីបង់កា បាត់បង់​នូវ​គណនី​អតិថិជន​បរទេស​​របស់​ខ្លួន​រហូតដល់ទៅ ៩៨ភាគរយ និង​បាត់បង់​ជាងពាក់​កណ្តាល​នូវ​គណនី​អតិថិជន​ក្នុងស្រុក​របស់​ខ្លួន។

នៅ​ឆ្នាំ២០០៨ លោក អេដហ្គារស៍ ឡាសម៉ានីស៍ បាន​ចាកចេញ​ពី​ធនាគារ ម៉ាល់ធីបង់កា ទៅ​ចូលរួម​ជាមួយ​ធនាគារ​នៃ​ប្រទេស​ឡេតូនី មួយទៀត ឈ្មោះថា ឡាតវីហាស៍ ប៉ាស្តា បង់កា (Latvijas Pasta Banka) ក្នុងតំណែង​ជា​នាយករង​របស់​ធនាគារ​នេះ។ នៅ​ឆ្នាំ២០១២ ធនាគារ ឡាតវីហាស៍ ប៉ាស្តា បង់កា (ដែល​ចាប់​ពីពេលនោះមក​បាន​ប្តូរឈ្មោះ​ទៅជា ធនាគារ LPB វិញ) បាន​ទទួល​យក​អតិថិជន​ជា​ក្រុមហ៊ុន​ខ្មោច​មាន​ឈ្មោះ​តែ​នៅលើ​ក្រដាស (shell companies) មកពី​ក្រៅប្រទេស និង​បុគ្គល​ជាច្រើន ដែល​មាន​ចំណង​ទាក់ទង​ជាមួយ​ក្រុម​​អ្នកនយោបាយ​នៃ​សាធារ��រដ្ឋ​ម៉ុលដូវ៉ា (Moldova)។ ក្នុង​រយៈពេល ២ឆ្នាំ​ក្រោយមកទៀត គណនី​ជាច្រើន​ដែល​បាន​បើក​នៅ​ធនាគារ LPB នេះ តាងនាម​ឲ្យ​ក្រុមហ៊ុន​ខ្មោច​មាន​ឈ្មោះ​តែ​នៅលើ​ក្រដាស​នៅ​ក្រៅប្រទេស​ទាំងនោះ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​មួយ​នៅ​ក្នុង​គម្រោងការ​​ខុសច្បាប់​មួយ។ យោងតាម​របាយការណ៍​មួយ​ដែល​ចងក្រង​ដោយ​ធនាគារជាតិ​នៃ​ប្រទេស​ម៉ុលដូវ៉ា កាលពីឆ្នាំ២០១៥ ក្នុងគម្រោងការ​នោះ ​ទឹកប្រាក់​ចំនួន ១ពាន់​លាន​ដុល្លារ ត្រូវបាន​ផ្ទេរ​ចេញ​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ ៣​នៃ​ប្រទេស​ម៉ុលដូវ៉ា។

និយតករ​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ឡេតូនី បាន​ពិន័យ​ធនាគារ LPB នូវ​ទឹកប្រាក់​ចំនួន ៣០៥.០០០ អឺរ៉ូ (ស្មើនឹង​ប្រមាណ ៣៦០.០០០ ដុល្លារ​អាមេរិក) កាលពី​ខែកក្កដា ឆ្នាំ២០១៦ ដោយសារ​តែ​ធនាគារនេះ​​ខកខាន​មិនបាន​បញ្ឈប់​ការទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​គម្រោងការ​បោកប្រាស់​នៅ ម៉ុលដូវ៉ា។ លោក អេដហ្គារស៍ ឡាសម៉ានីស៍ បាន​ចាកចេញ​ពី​ធនាគារ​នេះ​នៅ​ឆ្នាំ២០១៧ មួយឆ្នាំ​មុនពេល​ដែល​ធនាគារនេះ រង​នូវ​ការផាក​ពិន័យ​បន្ថែមទៀត​ក្នុងទឹកប្រាក់​រហូតដល់ទៅ ២,២ លាន​អឺរ៉ូ (ស្មើនឹង​ប្រមាណ ២,៦ លាន​ដុល្លារ) ដោយសារ​តែ​ធនាគារនេះ​បាន​បន្ត​រំលោភ​បទប្បញ្ញត្តិ​ប្រឆាំង​នឹង​ការលាងលុយ​កខ្វក់។


រូប Screenshot ពី​ការផ្សាយពាណិជ្ជកម្ម​មួយ​របស់​ធនាគារ ឡាតវីហាស៍ ប៉ាស្តា បង់កា (Latvijas Pasta Banka)។
រូប Screenshot ពី​ការផ្សាយពាណិជ្ជកម្ម​មួយ​របស់​ធនាគារ ឡាតវីហាស៍ ប៉ាស្តា បង់កា (Latvijas Pasta Banka)។

ក្រុមហ៊ុន ខុននិកធឹម៖ តំណែងជា​អភិបាល​ក្រុមហ៊ុន​តែ​មួយ​ថ្ងៃ

នៅ​ខែមីនា ឆ្នាំ២០១៤ ក្នុងពេល​ដែល​លោក​នៅ​បម្រើការងារ​ជា​នាយករង​នៃ​ធនាគារ LPB នៅឡើយ លោក អេដហ្គារស៍ ឡាសម៉ានីស៍ បាន​បង្កើត​ក្រុមហ៊ុន​មួយ​ឈ្មោះ ខុននិកធឹម លីមីតធីត នៅ​ទីក្រុងឡុងដ៏។ គឺ​ក្រុមហ៊ុន​នោះហើយ​ដែល​ត្រូវ​ប្រពន្ធ​លោក អ៊ឹង ប៊ុនហូវ ទិញ​យក​កាលពី​ចុងឆ្នាំ២០២០។

ក្នុងរយៈពេល ១២ខែ នៃ​ការបង្កើត​ក្រុមហ៊ុន​នេះ លោក អេដហ្គារស៍ ឡាសម៉ានីស៍ បាន​ជ្រើសរើស​យក​ដៃគូ​​សហកម្មសិទ្ធិករ​ម្នាក់​ជា​ជនជាតិ​អេស្តូនី (Estonia) ឈ្មោះ​លោក ជួរី ប៉ាអាល់ (Juri Paal)។ ក្នុង​អំឡុងពេល​ដដែល​នោះ គឺនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៥ លោក ជួរី ប៉ាអាល់ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​នៃ​ក្រុមហ៊ុននោះ។ រឿងរ៉ាវ​ដ៏​អាថ៌កំបាំង​បំផុត​នោះ គឺថា នៅ​ថ្ងៃទី៣០ ខែកក្កដា ក្នុង​ឆ្នាំដដែល ក្រុមហ៊ុននេះ​បាន​ដាក់​ឯកសារ​បញ្ជាក់​ថា លោក ជួរី ប៉ាអាល់ លែង​ជា​ម្ចាស់​ភាគហ៊ុន​ណាមួយ​នៅ​ក្នុង​ក្រុមហ៊ុននេះ​ទៀតហើយ។ ឯកសារ​នោះ​បញ្ជាក់​ទៀតថា លោក​បាន​លាលែង​ចេញ​ពី​តំណែងជា​អភិបាល​របស់​ក្រុមហ៊ុន​នេះ​តាំងតែ​ពីពេល​មុន​មកម្ល៉េះ ពោលគឺ​ការលាលែង​របស់​លោក​ចុះ​កាលបរិច្ឆេទ​មុន​ថ្ងៃ​ចុះហត្ថលេខា គឺ​នៅ​ថ្ងៃទី០៦ ខែមីនា។

យោងតាម​លោក ក្រាម បារ៉ូវ (Graham Barrow) ដែល​ជា​អ្នកជំនាញ​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​មួយរូប និង​ជាអ្នក​ផ្តល់​ប្រឹក្សា​ដល់​ធនាគារ​អំពី​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​អនុលោមភាព​ផ្នែកហិរញ្ញវត្ថុ​របស់​ធនាគារ លោកបាន​និយាយថា «នេះ​មិនមែន​ជា​ររៀបរបប​ការងារ​ដែល​ក្រុមហ៊ុន​ធម្មតា​ធ្វើការ​នោះទេ»។

លោក​បន្តថា «វាជា​សញ្ញា​បញ្ជាក់​ថា មាន​រឿងរ៉ាវ​មិនត្រឹមត្រូវ​បាន​កើតឡើង។ មែនទែនទៅ ជា​ការពិបាក​ណាស់​ក្នុងការ​និយាយថា រឿងរ៉ាវ​ទាំងនោះ​ជាអ្វី​ឱ្យ​ពិតប្រាកដ​នោះ។ នៅពេល​ដែល​ខ្ញុំ​ធ្វើការ​ជាមួយ​ធនាគារ​នានា ជុំវិញ​ការស៊ើបអង្កេត​ពីខាង​ភាគីធនាគារ ខ្ញុំ​តែងតែ​ស្វែងរកមើល​ពី​ភាពមិនប្រក្រតី និង​សញ្ញាព្រមាន​នានា។ ការផ្លាស់ប្តូរ​ការគ្រប់គ្រង​បែបនេះ គឺជា​ផ្នែកមួយ​នៃ​ភាពមិនប្រក្រតី​ទាំងនោះហើយ»។

មិនមែន​មានតែ​រឿងរ៉ាវ​មុខតំណែង​​អំពិលអំពែក​របស់​លោក ជួរី ប៉ាអាល់ នោះទេ ដែល​ធ្វើ​ឲ្យ​គេ​គិតគូរ​ដល់​បញ្ហា​អនុលោមភាព​ផ្នែកហិរញ្ញវត្ថុ​នៃ​វិជ្ជាជីវៈ​របស់​​ធនាគារ​នោះ។ គ្រាន់តែ​នៅរយៈពេល ២ឆ្នាំ​មុននេះ លោក​ក៏​​បាន​ធ្វើ​អាជីវកម្ម​​ដោយ​ដាក់​ឈ្មោះ​កំណើត​របស់​លោកថា ជួរី ហ្សីទីន (Juri Zitin) ទៅវិញ។

នៅខែ​មេសា ឆ្នាំ២០១៣ កាសែត​ប្រចាំ​ថ្ងៃ​មួយ​របស់​ប្រទេសអេស្តូនី​ ឈ្មោះថា ប៉ុស្តិ៍ ថាមស៍ (Post Times) បាន​ភ្ជាប់​លោក ជួរី ហ្សីទីន ទៅនឹង​អ្វីមួយ​ដែល​កាសែត​នេះ​បាន​ពណ៌នា​ថាជា «សំណុំរឿង​លាងលុយកខ្វក់​ដ៏​ធំបំផុត​នៅក្នុង​​ប្រទេសអេស្តូនី»។ ផែនការ​លាងលុយ​កខ្វក់​ដែល​រង​នូវ​ការចោទប្រកាន់​នោះ ពាក់ព័ន្ធនឹង​ទឹកប្រាក់​រុស្ស៊ី​ក្នុងតម្លៃ ៧៥ លានដុល្លារ​អាមេរិក។ ដំបូងឡើយ លុយ​ទាំងនោះ ​ត្រូវបាន​ផ្ទេរចូល​ទៅក្នុង​គណនី​ជាច្រើន​នៅក្នុង​ធនាគារ​នៃ​ប្រទេសអេស្តូនី។ រួចមក លុយទាំងនោះ​ត្រូវ​បាន​គេ​ប្តូរ​ទៅជា​លុយ​អឺរ៉ូ ឬ ដុល្លារ មុននឹង​បញ្ជូន​ត្រលប់​មក​កាន់​ប្រទេស​រុស្ស៊ី​វិញ​​​ឆ្លងកាត់​តាម​ច្រកព្រំដែន​នៃ​ប្រទេសនេះ។ កាសែត​ដដែល​បាន​ស្រង់​សេចក្តីថ្លែងការណ៍​ជាលាយលក្ខណ៍អក្សរ​មួយ​របស់​លោក ជួរី ហ្ស៊ីទីន ដែល​លោកបាន​សារភាព​ថា បាន​ចែកចាយ «ព័ត៌មាន​អវិជ្ជមាន» ពាក់ព័ន្ធនឹង​​និយោជិត​ជាច្រើនរូប​នៃ​ទីភ្នាក់ងារ​ប្រឆាំង​អំពើលាងលុយ​កខ្វក់​នៃ​ប្រទេសអេស្តូនី។ លោកថា លោកធ្វើ​ដូច្នេះ តាម​បញ្ជា​ពី​មេកើយ​រៀបចំ​ផែនការ​លាងលុយ​កខ្វក់​ដែល​រងការចោទប្រកាន់​នោះ។


connectum2.jpg
រូប Screenshot ពី​គេហទំព័រ Companies House

ក្រុមហ៊ុន ខុននិកធឹម៖ ម៉ូយ​ដែល​មាន​ចំណង​ទាក់ទង​ជាមួយ​វិមានក្រឹមឡាំង (Kremlin)

នៅឆ្នាំ២០១៦ ពីរឆ្នាំ​បន្ទាប់​ពីលោក អេដហ្គារស៍ ឡាសម៉ានីស៍ បាន​បង្កើត​ក្រុមហ៊ុន ខុននិកធឹម ក្រុមហ៊ុននេះ​បាន​រាយការណ៍​អំពី​ប្រាក់ចំណេញ​ជា​លើកដំបូង​របស់ខ្លួន បើទោះ​បី​ជា​ក្រុមហ៊ុន​នេះ​ទទួល​បាន​ប្រាក់ចំណេញ​​ត្រឹមតែ ៨១៩ ផោន (ស្មើនឹង ១.១២៣ ដុល្លារ​អាមេរិក) ក៏ដោយ។ ប៉ុន្តែ តួលេខ​ប្រាក់ចំណេញ​នោះ ក្រោយមកទៀត​បាន​កើនឡើង​យ៉ាងគំហុក​ក្នុង​រយៈពេល​ដ៏​ឆាប់រហ័ស។ ក្នុង​ឆ្នាំ​ឈានទៅ​ខែមីនា ឆ្នាំ២០១៨ ក្រុមហ៊ុននេះ បាន​រាយការណ៍​ថា ខ្លួន​រកបាន​ប្រាក់ចំណេញ ២,៣ លាន​ផោន (ស្មើនឹង ៣,១ ​លាន​ដុល្លារ​អាមេរិក) ហើយ​បាន​អះអាងថា ខ្លួន​គ្រប់គ្រង​ប្រាក់​របស់​អតិថិជន​ដែល​មាន​តម្លៃ​សរុប ៨២ លាន​ផោន (ស្មើនឹង ១១២ លាន​ដុល្លារអាមេរិក)។ ក្រុមហ៊ុន​នេះ​បាន​រាយការណ៍​ពី​ជោគជ័យ​ស្រដៀងគ្នា​នេះ​នៅឆ្នាំ​បន្តបន្ទាប់​មកទៀត។

ក្នុងឆ្នាំ​ឈាន​ទៅខែមីនា ឆ្នាំ២០២០ ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​នេះ បាន​កើនឡើង​ទ្វេដង​រហូតដល់ ៤,៥ លាន​ផោន (ស្មើនឹង ៦,១ លាន​ដុល្លារអាមេរិក)។ ក្នុង​ខែដំបូង​នៃ​ឆ្នាំ​ហិរញ្ញវត្ថុ​នោះ គឺនៅ​ខែកក្កដា ឆ្នាំ២០១៩ ក្រុមហ៊ុន ខុននិកធឹម បាន​ជ្រើសរើស​យក​ដៃគូ​ថ្មីមួយ​ធ្វើជា​ម៉ូយ​អាជីវកម្ម​របស់​ខ្លួន។ នោះគឺ ក្រុមហ៊ុន គ្រីពតូយូនីវើស៍ (CryptoUniverse)។

ក្រុមហ៊ុននេះ​ផ្តល់​នូវ​​​សេវាកម្ម​ជួលទីតាំង​ផ្តល់​បរិក្ខារ​ដល់​អតិថិជន​សម្រាប់​ការរុករក​ប្រាក់​ឌីជីថល (digital mining) ដូចជា ប៊ីតខ័ញ (Bitcoin) ជាដើម។ ដោយ​បាន​ចុះបញ្ជី​ក្រុមហ៊ុន​នៅ​ប្រទេស​អេស្តូនី នៅ​ឆ្នាំ២០១៨ វត្តមាន​នៃ​ប្រតិបត្តិការ​ក្រៅ​ប្រទេស​របស់​ក្រុមហ៊ុន គ្រីពតូយូនីវើស៍ នេះ មួយភាគធំ មាន​មូលដ្ឋាន​នៅ​ប្រទេសរុស្ស៊ី។ គឺនៅ​ប្រទេសរុស្ស៊ី​នេះហើយ​ដែល​ពាក្យបណ្តឹង​ព្រហ្មទណ្ឌ​ជាច្រើន ត្រូវបាន​គេដាក់​ប្តឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន​មួយនេះ និង​អភិបាល​របស់​ក្រុមហ៊ុននេះ នៅ​រដូវក្តៅ​នៃ​ឆ្នាំ២០២០ បន្ទាប់​ពី​អាជ្ញាធររុស្ស៊ី​បាន​ចុះល្បាត​ឆែកឆេរ​ការិយាល័យ​របស់​ក្រុមហ៊ុន​នេះ​រួចមក។ នៅខែមីនា ឆ្នាំ២០២១ តុលាការ​នៅ​ទីក្រុង សាន់ធ៍ ភីធឺស៍បឺក (St. Petersburg) បាន​ចេញបញ្ជា​ឲ្យបើក​សវនាការ​កាត់ក្តី​ក្រុមហ៊ុន​នេះ ជុំវិញ​ការចោទប្រកាន់​នានា​ពាក់ព័ន្ធនឹង​លុយ​រាប់សែន​ដុល្លារ។

សូម្បី​តែ​នៅមុនពេល​ដែល​ក្រុមហ៊ុន គ្រីពតូ​យូនីវើស៍ ក្លាយជា​កម្មវត្ថុ​នៃ​ការស៊ើបអង្កេត​នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ ក៏​មាន​សញ្ញាព្រមាន​ដែល​ក្រុមអ្នកជំនាញ​ប្រឆាំងអំពើពុកលួយ​ និយាយ​ថា គួរតែ​ជា​ក្តីបារម្ភ​សម្រាប់​មន្ត្រី​អនុលោមភាព​ផ្នែកហិរញ្ញវត្ថុ​នៅក្នុង​ក្រុមហ៊ុន ខុននិកធឹម។

គេហទំព័រ ក្រុមហ៊ុន គ្រីពតូ​យូនីវើស៍ ពណ៌នា​ថា ក្រុមហ៊ុន​នេះ «ប្រតិបត្តិការ​ដោយ» ក្រុមហ៊ុន​ខ្មោច​មាន​ឈ្មោះ​តែ​នៅលើ​ក្រដាស សញ្ជាតិ អេកូស (ស្កុត) មួយ ឈ្មោះថា ក្រុមហ៊ុន មីអូថេក អ៊ីមផិក អិលភី (Miotech Impex LP)។ បង្កើតឡើង​នៅ​ឆ្នាំ២០១៧ ដៃគូ​ចុះបញ្ជី​របស់​ក្រុមហ៊ុន មីអូថេក នេះ គឺ​ជា​បុគ្គល​ជនជាតិ​ហុងគ្រី​ (Hungary) ពីរនាក់។ ឈ្មោះ​របស់​ពួកគេ​ត្រូវ​បាន​ចុះ​បញ្ជី​ថា ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ខ្មោច​មាន​ឈ្មោះ​តែ​នៅលើ​ក្រដាស​នេះ ដែល​ក្រុមហ៊ុននេះ​បាន​ជាប់ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​បោកប្រាស់ និង​អំពើពុករលួយ រាប់តាំង​ពី​នៅ​ប្រទេស​អ៊ុយក្រែន (Ukraine) រហូតដល់​ប្រទេស​ស៊ីប (Cyprus)។

នៅ​ខែ​តុលា ឆ្នាំ២០១៩ ក្រុមហ៊ុន គ្រីពតូ​យូនីវើស៍ បាន​ចុះកិច្ចព្រមព្រៀង​វិនិយោគ​បណ្តាក់ទុន​រួមគ្នាមួយ​ជាមួយ​លោក ឌីមីឌ្រី ម៉ារីនីចេវ (Dmitry Marinichev) ដែលជា​ជំនួយការ​របស់​លោក​ប្រធានាធិបតី វ្លាឌីមៀ ពូទីន (Vladimir Putin)។ ការចូលហ៊ុន​រួមគ្នា​នេះ បាន​បំប្លែង​រោងចក្រ​អាលុយមីញ៉ូម​មួយ​កន្លែង​ដែល​គេបោះបង់ចោល ឲ្យទៅជា​ទីតាំង​ផ្ទុក​បរិក្ខារ​សម្រាប់​រុករក ប៊ីតខ័ញ (Bitcoin)។ រោងចក្រនេះ ត្រូវបាន​គេ​បោះបង់ចោល​បន្ទាប់​ពី​កម្មសិទ្ធិករ​ លោក អូឡិក ដឺរីសប៉ាស្កា (Oleg Derispaska) ដែលជា​បរិវារ​របស់​លោក ពូទីន បាន​ក្លាយជា​កម្មវត្ថុ​នៃ​ការដាក់​ទណ្ឌកម្ម​របស់​អាមេរិក។ ទណ្ឌកម្ម​នោះ​ត្រូវ​បាន​លុបចោល​ទៅវិញ​នៅ​ខែមករា ឆ្នាំ២០១៩ ក៏ប៉ុន្តែ​អតីត​រោងចក្រ​អាលុយមីញ៉ូម​នេះ នៅតែ​បន្ត​ប្រតិបត្តិការ​ជា​មជ្ឈមណ្ឌល​រុករក​រូបិយប័ណ្ណ​ឌីជីថល​ដដែល។

ក្រុមហ៊ុន គ្រីពតូ​យូនីវើស៍ មិន​បាន​ឆ្លើយតប​ទៅនឹង​ការស្នើសុំ​អត្ថាធិប្បាយ​លម្អិត​នោះទេ ក៏ប៉ុន្តែ​សកម្មភាព​អស់ទាំងនេះ គួរតែ​ក្លាយជា​សញ្ញា​ព្រមាន​ខ្លះ​សម្រាប់​ក្រុមហ៊ុន ខុននិកធឹម។ នេះ​បើយោងតាម​លោក បិន ខោវ៍ដុក (Ben Cowdock) ប្រធាន​អ្នកស៊ើបអង្កេត នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​ប្រចាំ​ចក្រភព​អង់គ្លេស (Transparency International UK)។

លោក បិន ខោវ៍ដុក ប្រាប់ វិទ្យុអាស៊ីសេរី ថា «ដំបូងឡើយ អ្នកគួរតែបាន​គិតគូរ​ពី​ការពិនិត្យ​ពិច័យ​របស់​ពួកគេ​ទៅលើ​ក្រុមហ៊ុន​ទើបបង្កើត​ថ្មី ប៊ីតខ័ញ នៅ​ប្រទេសរុស្ស៊ី ហើយ​បន្ទាប់​មក ពិនិត្យ​លើ​ប្រតិបត្តិការ​សាច់ប្រាក់​ជាបន្តបន្ទាប់​ដែល​កើតចេញ​ពី​ក្រុមហ៊ុន​នោះ ថា​តើ​អាចមាន​សកម្មភាព​គួរ​ឲ្យ​សង្ស័យ​មួយ​ចំនួន​កើតចេញពី​ការបង្កើតក្រុមហ៊ុននោះ​ដែរឬទេ ដែលពួកគេ​គួរតែ​អាច​ប្រទះឃើញ»។


cryptouniverse.jpg
រូប Screenshot ពី​គេហទំព័រ​ក្រុមហ៊ុន គ្រីពតូ​យូនីវើស៍ (CryptoUniverse)

ក្រុមហ៊ុន ខុននិកធឹម៖ សញ្ញាព្រមាន​សម្រាប់​និយតករ

ខណៈ​ពុំ​មាន​ភស្តុតាង​ណាមួយ​​បញ្ជាក់ថា ក្រុមហ៊ុន ខុននិកធឹម បាន​រំលោភ​ច្បាប់​ក៏ដោយ ក្រុមអ្នកជំនាញ​ដែល វិទ្យុអាស៊ីសេរី បាន​ពិគ្រោះយោបល់​ជាមួយ បាន​និយាយ​ថា មាន​កត្តា​ជាច្រើន​​រួមចំណែក​ឱ្យ​ក្រុមហ៊ុន​នេះ​មាន​ហានិភ័យ​ខ្ពស់ ជាពិសេស​នា​ពេលឥឡូវនេះ​តែម្តង ដោយសារតែ​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គ្រួសារ​មួយ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ពួកអ្នកមាន​លុយ​មាន​អំណាច​នៅ​កម្ពុជា បាន​ទិញ​យក។ យ៉ាងហោចណាស់ ពួកគេ​និយាយថា ធនាគារ​នានា​ដែល​ធ្វើការ​ជាមួយ​ក្រុមហ៊ុននេះ និង​និយតករ​ដែល​ត្រួតត្រា​បញ្ហា​អនុលោមភាព​ផ្នែកហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុននេះ គួរតែ​ឃ្លាំមើល​ឱ្យ​បាន​ដិតដល់​ចំពោះ​សកម្មភាព​នានា​របស់​ក្រុមហ៊ុន ខុននិកធឹម។

ជា​ប្រពន្ធ​របស់​អតីត​តំណាងរាស្ត្រ និង​រដ្ឋលេខាធិការ អ្នកស្រី ហេង សុខា ត្រូវបាន​គេ​ចាត់ទុក​ថាជា «បុគ្គល​ពាក់ព័ន្ធ​នឹង​អ្នកនយោបាយ»។ ស្ថាប័ន​ហិរញ្ញវត្ថុ​នានា ត្រូវ​បាន​តម្រូវ​ឱ្យ​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ខ្ពស់បំផុត​ចំពោះ​អតិថិជន​ដែល​ជា​បុគ្គល​ពាក់ព័ន្ធ​នឹង​អ្នកនយោបាយ ហើយ​តាមដាន​ប្រតិបត្តិការ​សាច់ប្រាក់​របស់​ពួកគេ ដើម្បី​ស្វែងរក​សញ្ញាណ​ដែលថា ពួកគេ​អាច​ត្រូវបាន​ផ្តល់​មូលនិធិ​តាមរយៈ​ប្រាក់​ទទួលបាន​មកពី​ឧក្រិដ្ឋកម្ម ឬ​អំពើពុករលួយ។

លោក ក្រាម បារ៉ូវ និយាយប្រាប់ វិទ្យុអាស៊ីសេរី ថា «នរណាក៏ដោយ ដែល​ពួកគេ​ទូទាត់​លុយកាក់​ជាមួយ នឹង​ត្រូវ​បាន​រំពឹងថា ត្រូវ​តែកំណត់​អត្តសញ្ញាណ​អំពី​ទំនាក់ទំនង​ទាំងនោះ និង​វាយតម្លៃ​ពី​ហានិភ័យ​របស់​ពួកគេ។ ដូច្នេះ ពួកគេ​អាច​កំណត់ថា ជា​អ្នកមាន​ហានិភ័យ​ខ្ពស់។ ខ្ញុំ​មិន​អាច​ស្រមៃ​ឃើញថា មាន​ធនាគារ​ណាមួយ​អាច​ទទួល​យក​បុគ្គល​ទាំងនេះឡើយ ហើយ​ប្រាកដណាស់​ រឿងរ៉ាវដូច្នេះ នឹង​មិន​កើត​មានឡើង​នៅ​ចក្រភព​អង់គ្លេស​នោះទេ»។

ខណៈ​លោក អេដហ្គារស៍ ឡាសម៉ានីស៍ និង​លោក ជួរី ប៉ាអាល់ មិន​បាន​ឆ្លើយតប​នឹង​ការសុំ​អត្ថាធិប្បាយ​លម្អិត​លើ​បញ្ហា​អស់ទាំងនេះ​ដូចដែល​បាន​លើកឡើង​ក្នុង​អត្ថបទនេះ លោក ក្រាម បារ៉ូវ ប្រាប់ វិទ្យុអាស៊ីសេរី ថា ប្រវត្តិ​នៃ​ការត្រួតពិនិត្យ​របស់​បុគ្គល​ទាំងនោះ គួរតែ​ត្រូវ​បាន​កត់សម្គាល់​ដោយ​អាជ្ញាធរ​ត្រួតពិនិត្យ​អនុលោមភាព​ផ្នែកហិរញ្ញវត្ថុ FCA ដែល​ជា​និយតករ​របស់​អង់គ្លេស។

នៅ​ចក្រភពអង់គ្លេស រាល់​បុគ្គល​ទាំងឡាយណា​ដែល​មាន​បំណង​ចង់​ចាត់ចែង ឬ​ធ្វើ​ជា​កម្មសិទ្ធិករ​របស់​ក្រុមហ៊ុន​ដែល​បញ្ញត្តិ​ដោយ​អាជ្ញាធរ​នេះ ជាដំបូង ត្រូវ​ឆ្លងកាត់​វិញ្ញាសា​របស់​និយតករ «ថាតើ​ពួកគេ​ជា​បុគ្គល​សមស្រប និង​ពេញលក្ខណៈ​សម្បត្តិ» ដែរឬទេ។ ក្នុងចំណោម​លក្ខខណ្ឌ​តម្រូវ​ទាំងនេះ ក៏រួមមាន «ថាតើ​បុគ្គល​ ឬ​អាជីវកម្ម​ណាមួយ​ដែល​បុគ្គលរូបនោះ​បាន​ជាប់ពាក់ព័ន្ធ​ជាមួយ ត្រូវបាន​ស៊ើបអង្កេត ដាក់វិន័យ រឹតត្បិត ឬ​ផ្អាក ឬ​ត្រូវបាន​រិះគន់​ដោយ​​និយតករ ឬ​ស្ថាប័ន​ជំនាញ​ណាមួយ​ តុលាការ ឬ​សាលាក្តី មិនថា​ជា​សាធារណៈ ឬ​ជា​ឯកជន ដែរឬទេ»។

ក្នុងន័យនេះ តំណែង​ជាន់ខ្ពស់​របស់​លោក អេដហ្គារស៍ ឡាសម៉ានីស៍ នៅ​ធនាគារ ម៉ាល់ធីបង់កា និង​ធនាគារ ឡាត់វីហាស ប៉ាស្តា បង់កា ក្នុងអំឡុងពេលមាន​បញ្ហា​ជាមួយ​ក្រសួងរតនាគារ​អាមេរិក និង​និយតករ​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ឡេតូនី ទំនងជា​មាន​បញ្ហា។

លោក ក្រាម បារ៉ូវ និយាយថា ការផ្សាយ​​ជា​សាធារណៈ​នូវ​ព័ត៌មាន​មិនអំណោយផល បង្កឡើង​ដោយ​ឪពុក​របស់​ស្ថាបនិក​ក្រុមហ៊ុន​នេះ គឺ​លោក ឡេអូនីដស៍ ឡាស់ម៉ានីស៍ ដែល​កំពុង​រត់គេចខ្លួន និង​លោក ជួរី ប៉ាអាល់ ដែល​បាន​ជួប​នូវ​រឿងរ៉ាវ​ប្រទាញប្រទង់​ជាច្រើន​នោះ គួរតែ «ច្បាស់ណាស់ថា» នឹង​ទទួល​បាន​នូវ​ការគិតគូរ​ពី​សំណាក់​ស្ថាប័ន​អាជ្ញាធរ​ត្រួតពិនិត្យ​អនុលោមភាព​ផ្នែកហិរញ្ញវត្ថុ FCA របស់​អង់គ្លេស មុននឹង​​សម្រេចចិត្ត​ថាតើត្រូវ​ឯកភាព​លើ​ពាក្យសុំ​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន ខុននិកធឹម ដែរឬ​យ៉ាងណានោះ។

«ប្រាកដណាស់​ថា មាន​ការទាក់ទងគ្នា ពីព្រោះ​រឿងមួយ​ដែល​អ្នកចាំបាច់​ត្រូវធ្វើនោះ គឺពិនិត្យ​មើល​លើ​អ្វីមួយ​ដែល​ពួកគេ​ហៅថា ជា​ការផ្សាយ​ជាសាធារណៈ​នូវព័ត៌មាន​មិនអំណោយផល​​នានា​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។» លោក ក្រាម បារ៉ូវ ថ្លែង​បន្ត​ថា «តើ​ការណ៍នោះ​ប៉ះពាល់​ដល់​ការគោរព​តាម​បទប្បញ្ញត្តិ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន ឬ​ដល់​លទ្ធភាព​របស់​ក្រុមហ៊ុន​ក្នុងការ​បំពេញ​សកម្មភាព​ដោយ​ប្រុងប្រយ័ត្ន និង​ហ្មត់ចត់​ដែរឬទេ? វាគឺជា​រឿងរ៉ាវ​សំខាន់​មួយ»។

ក្រុមហ៊ុន ខុននិកធឹម និង​ម្ចាស់កម្មសិទ្ធិករ​ថ្មី​របស់​​ក្រុមហ៊ុន​នេះ គឺជា​ដៃគូ​ប្រកប​ដោយ​ការងឿងឆ្ងល់​ នៅត្រង់ថា គេពិបាក​នឹងប្រាប់ថាតើ​អាជីវកម្ម​របស់​អ្នកស្រី ហេង សុខា នៅ​កម្ពុជា និង​ចំណងទាក់ទង​ផ្នែកនយោបាយ បង្កើត​បាន​ជា​ហានិភ័យ​ខ្លាំងជាងនេះ​ដល់​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន ខុននិកធឹម នេះ ឬក៏ថា ម្ចាស់កម្មសិទ្ធិករ​កាលពីពេលមុន​របស់​ក្រុមហ៊ុននេះ និង​សកម្មភាព​នានា​របស់​ពួកគេ បង្កើតបានជា​ហានិភ័យ​ធ្ងន់ធ្ងរ​ជាងនេះ​ដល់អាជីវកម្ម​របស់​អ្នកស្រី ហេង សុខា ទៅវិញនោះ ឬ​យ៉ាងណា។ ដោយសារតែ​ក្រុមហ៊ុន ខុននិកធឹម មិន​បាន​ឆ្លើយតប​នឹង​ការស្នើ​សុំ​អត្ថាធិប្បាយ​ជាច្រើនលើក​លើ​បញ្ហា​ដែល​បាន​លើកឡើង​ក្នុង​អត្ថបទ​នេះ ហើយ​ពុំ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ណាមួយ​ជា​សាធារណៈ​អំពី​ការផ្លាស់ប្តូរ​កម្មសិទ្ធិករ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ អ្វីដែល​បានជំរុញ​ចិត្ត​ឲ្យ​អ្នកស្រី ហេង សុខា ទិញ​ក្រុមហ៊ុន​នេះ និង​វិនិយោគ​ក្នុង​អាជីវកម្ម​ថ្មីនេះ នឹងនៅតែ​ជា​រឿងរ៉ាវ​អាថ៌កំបាំង​ដដែល។

យ៉ាងណាក៏ដោយ អ្វីដែល​​កាន់តែ​ច្បាស់​នោះ គឺថា ប្រាកដជា​មាន​​លេចចេញ​ឡើង​នូវ​សណ្ឋាន​នៃ​អ្នកជាប់ពាក់ព័ន្ធ​នយោបាយ​ជា​ជនជាតិ​កម្ពុជា​ កំពុង​តែ​នាំគ្នា​វិនិយោគ​ប្រាក់​រាប់លាន​ផោន​នៅក្នុង​វិស័យ​អចលនទ្រព្យ និង​អាជីវកម្ម​នៅ​អង់គ្លេស៕




គេហទំព័រ​រចនា​ដោយ៖ ម៉ិញហា ឡេ (Minh-Ha Le)
-------------
ក្រាហ្វិក៖ វីនស៍ មីដូវស៍ (Vince Meadows)
-------------
កែសម្រួល​អត្ថបទ (ភាសាអង់គ្លេស)៖ អេជ៍. ឡេអូ គីម (H. Leo Kim), ផល ណែលសិន (Paul Nelson), ម៉ាត់ ផេនីងថុន (Mat Pennington)
-------------
ផលិតដោយ៖ វិទ្យុអាស៊ីសេរី

© រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ​វិទ្យុអាស៊ីសេរី ឆ្នាំ២០២១