ក្មួយស្រីរបស់លោក ហ៊ុន សែន ទិញវីឡានៅប្រទេសស៊ីប តម្លៃ២លាន៧សែនដុល្លារ


ដោយ ហ្សាក់ ដេវី

នៅដើមឆ្នាំ២០២០នេះ ភរិយារបស់មន្រ្តីប៉ូលីសជាន់ខ្ពស់មួយរូបនៃរបបក្រុងភ្នំពេញ ទម្លាក់លុយជិត៣លានដុល្លាសហរដ្ឋអាមេរិក ទិញវីឡាភ្លោះមួយដែលស្ថិតនៅឆ្នេរសមុទ្រនៃប្រទេសស៊ីប។ តារាចម្រៀងល្បីៗលើពិភពលោក ដូចជានាង Shakira ជាដើម ក៏មានផ្ទះនៅក្នុងតំបន់នោះដែរ។ នោះគឺជាភូមិគ្រឹះដែល មានអាងហែលទឹក ហើយមានទេសភាពមាត់សមុទ្រមេឌីទែររ៉ាណេ ដ៏ល្អអស្ចារ្យ។

ម្ចាស់វីឡាភ្លោះនោះ គឺគ្មាននរណាក្រៅពី លោកស្រី ហ៊ុន គឹមឡេង ក្មួយស្រីបង្កើតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះឡើយ។ នាងទិញវីឡាភ្លោះនេះ ក្នុងកំឡុងពេលដែលរដ្ឋាភិបាលនៃប្រទេសស៊ីប កំពុងចាត់វិធានការណ៍ដកហូតសញ្ជាតិពីនាង និងគ្រួសារនាងវិញ។ លោកស្រី ហ៊ុន គឹមឡេង និងស្វាម៉ីរបស់លោកស្រី គឺ លោកមេប៉ូលីស នេត សាវឿន ព្រមទាំងកូនៗបានទទួលសញ្ជាតិស៊ីបនេះ កាលពីឆ្នាំ២០១៧។

នេះគឺជាភស្តុតាងចុងក្រោយបង្ហាញថាតើក្រុមអ្នកមានលុយហូរហៀរនៅប្រទេសកម្ពុជា រួមទាំងក្រុមគ្រួសារអ្នកកាន់អំណាចផ្តាច់ការនៅកម្ពុជាផង កំពុងតែនាំគ្នាស្រវាទិញអចលនទ្រព្យនៅក្រៅប្រទេស។ អាស៊ីសេរី បានផ្តោតការយកចិត្តទុកដាក់លើរឿងរ៉ាវទាំងនេះ ក្នុង បណ្តុំនៃរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួន ដែលកំពុងតែធ្វើឡើងជាបន្តបន្ទាប់។



តាំងពីឆ្នាំ២០១៣មក រដ្ឋាភិបាលនៃប្រទេសស៊ីប បានបើកអោយអ្នកទាំងឡាយណាដែលមានប្រាក់យ៉ាងតិច២លាន ២សែនដុល្លា ទៅបណ្តាក់ទុនរកស៊ី ឬទិញដីទិញផ្ទះនៅប្រទេសនេះ អាចមានសិទ្ធិទទួលសញ្ជាតិស៊ីបបាន។ កម្មវិធីនេះ ពោរពេញទៅដោយភាពចំរូងចំរាស់។
រដ្ឋាភិបាលនៃប្រទេសស៊ីប មិនបានចេញផ្សាយជាសាធារណៈនូវឈ្មោះអ្នកដែលបានទទួលសញ្ជាតិស៊ីប តាមការបណ្តាក់ទុនទិញផ្ទះ ឬរកស៊ីនៅប្រទេសនេះទេ។
ក៏ប៉ុន្តែ ការស៊ើបអង្កេតមួយរបស់សារព័ត៌មានរយទ័រ (Reuters) កាលពីខែតុលា បង្ហាញថា លោកស្រី ហ៊ុន គឹមឡេង និងស្វាម៉ីរបស់នាងគឺ លោក នេត សាវឿន ដែលជាអគ្គស្នងការនគរបាលជាតិ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមជាមួយនឹងមនុស្ស៨នាក់ទៀត ដែលជាមន្រ្តី ឬក៏អ្នកដែលមានទំនាក់ទំនងយ៉ាងជិតដិតជាមួយរបបក្រុងភ្នំពេញ បានទទួលសញ្ជាតិស៊ីបតាមរបៀបនេះ។
មិនដល់មួយខែក្រោយពីសារព័ត៌មានរ៉យទ័រ ចេញផ្សាយរបាយការណ៍អង្កេតនោះមក រដ្ឋាភិបាលនៃប្រទេសស៊ីប ចាប់ផ្តើមរិតបន្តឹងការផ្តល់សញ្ជាតិតាមបែបណ្តាក់ទុននេះ។ រដ្ឋាភិបាលនៃប្រទេសស៊ីបក៏ប្រកាសថានឹងដកហូតយកសញ្ជាតិពីលោកស្រី ហ៊ុន គឹមឡេង និងលោក នេត សាវឿន រួមជាមួយនឹងមនុស្ស២៤នាក់ផ្សេងទៀត។
ក៏ប៉ុន្តែផែនការដកហូតសញ្ជាតិនោះ ត្រូវគាំងដំណើរ ដោយហេតុថាច្បាប់ផ្តល់សញ្ជាតិតាមរយៈការបណ្តាក់ទុននេះ មិនបានចែងអំពីនិតិវីធីនៃការដកសញ្ជាតិវិញទេពេលជួបបញ្ហា។ ក៏ប៉ុន្តែទោះជាយ៉ាងណា សភាជាតិនៃប្រទេសស៊ីប កំពុងរៀបចំធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីដោះស្រាយបញ្ហាជាប់គាំងនេះហើយ។

ចូលសហភាពអ៊ឺរ៉ុបតាមផ្លូវក្រោយ

កម្មវិធីផ្តល់សញ្ជាតិតាមការបណ្តាក់ទុននេះ ជាទីពេញនិយមណាស់។ ចាប់តាំងពីរដ្ឋាភិបាលនៃប្រទេសស៊ីប បើកអោយមានកម្មវិធីនេះមក មានមនុស្សជាង៤ពាន់នាក់ហើយ ដែលបានទទួលសញ្ជាតិស៊ីប។ បន្ទាប់ពីបានចូលជាសមាជិកនៃសហភាពអ៊ឺរ៉ុបនៅឆ្នាំ២០០៤ លិខិតឆ្លងដែននៃប្រទេសស៊ីប ត្រូវបានក្រុមអ្នកដែលត្រូវការជីវិតហ៊ឺហារ និងក្រុមឧក្រិដ្ឋជនប្រាថ្នាចង់បាន ដើម្បីអោយពួកគេអាចចេញចូលប្រទេសទាំង២៧នៃសហភាពអ៊ឺរ៉ុបបានដោយសេរី។



ហេតុដូច្នេះហើយបានជានៅខែមករា ឆ្នាំ២០១៩ គណកម្មការសភាអ៊ឺរ៉ុប បានចេញរបាយការណ៍មួយ ព្រមានថា កម្មវិធីផ្តល់សញ្ជាតិតាមបែបបណ្តាក់ទុននេះ អាចមានហានិភ័យ ដែលអាចបង្កអោយមានឧក្រិដ្ឋកម្មសេដ្ឋកិច្ច ការលាងលុយក្រខ្វក់ អំពើពុករលួយ និងការគេចពន្ធជាដើម។


ឧត្តមសេនីយ៍ទុច្ចរិត១២រូប

លោក នេត សាវឿន ជាជនម្នាក់ ក្នុងចំណោមមេទាហ៊ាន និងមេប៉ូលីសដទៃទៀតនៅកម្ពុជា ដែលគេត្រូវបានគេផ្តល់ងារថាជា ឧត្តមសេនីយ៍ទុច្ចរិត១២រូប កាលពីឆ្នាំ២០១៨ ដោយអង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch។ របាយការណ៍នោះ បានរៀបរាប់យ៉ាងលំអិតអំពីការប្រើអំពើហឹង្សារំលោភបំពាន ក្រោមកណ្តាប់ដៃលោក នេត សាវឿន ផ្ទាល់ អស់រយៈពេលជិត៤០ឆ្នាំ គឺតាំងពីក្រោយការដួលរលំនៃរបបខ្មែរក្រហមម៉្លេះ។


ក្របមុខ​របាយការណ៍ «ឧត្តមសេនីយ៍​ទុច្ចរិត​១២រូប» របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ Human Rights Watch

មន្រ្តីប៉ូលីសម្នាក់ដែលធ្លាប់ធ្វើការជាមួយលោក នេត សាវឿន បានរៀបរាប់ប្រាប់ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សកាលពីឆ្នាំ១៩៨៤ ថា "លោក នេត សាវឿន ដែលកាលនោះជាមន្រ្តីប៉ូលីសក្រុង បានឡើងធំយ៉ាងរហ័ស ដ្បិតគាត់មានចិត្តសាហាវឃោរឃៅ ក្នុងពេលសួរចម្លើយអ្នកទោស។ ប៉ូលីសនោះបន្តថា លោក នេត សាវឿន ហ៊ានរហូតដល់បាញ់មនុស្សចោល ក្នុងពេលសួរចម្លើយ។"


អគ្គស្នងការ​នគរបាលជាតិ​ លោក នេត សាវឿន
រូបថតអាពាហ៍ពិពាហ៍​របស់លោក នេត សាវឿន និង​លោកស្រី ហ៊ុន គឹមឡេង

ភាពសាហាវឃោរឃៅរបស់លោក នេត សាវឿន បានធ្វើអោយលោកក្លាយជាដៃជើង ដ៏គួរអោយទុកចិត្តមួយរូបរបស់លោក ហ៊ុន សែន។ នៅទីបំផុត លោក នេត សាវឿន ក៏បានភ្ជាប់សាច់ភ្ជាប់ឈាមជាមួយគ្រួសារត្រកូលហ៊ុនតែម្តង ដោយលោកបានរៀបការជាមួយក្មួយស្រីបង្កើតរបស់លោក ហ៊ុន សែន នៅឆ្នាំ១៩៨៩។


លោកស្រី​ ហ៊ុន គឹមឡេង (រូបពីមុខ) និង​ប្អូនស្រីបង្កើត ហ៊ុន ចន្ថា បង្អួតចិញ្ជៀនគ្នា​​ ក្នុងរូបថត​មួយ​បង្ហោះ​​នៅលើ​​ទំព័រ​​អ៊ីនស្តាក្រាម (Instagram) របស់​នាង ហ៊ុន ចន្ថា កាលពី​ខែ​មករា ឆ្នាំ២០១៨ ដោយប្រើ​ hashtag #welovecrocodiles។

លោក នេត សាវឿន ពាក់ចិញ្ជៀន​ម៉ូដែលរូបក្រពើ​ស្រដៀងគ្នានឹងចិញ្ជៀនរបស់​ប្រពន្ធលោក​ ក្នុងរូបថត​បែកធ្លាយ​មួយ​កាលពីឆ្នាំ២០១៧។​


អាណាចក្រអចលនទ្រព្យសាកលលោក

លោកនេត សាវឿន និង លោកស្រី ហ៊ុន គឹមឡេង ដើរទិញផ្ទះទូទាំងទ្វីបអ៊ឺរ៉ុប និងអាស៊ី។ លោកស្រី ហ៊ុន គឹមឡេង ទិញផ្ទះនៅប្រទេសសិង្ហបុរី ក្នុងតម្លៃ៣លានដុល្លារកន្លះ និងផ្ទះក្នុងសង្កាត់ដ៏ថ្លៃមួយនៃទីក្រុងឡុងដ៏ ក្នុងតម្លៃ២លានដុល្លារកន្លះ។ នៅឆ្នាំ២០១៧ កូនស្រីច្បងរបស់លោក នេត សាវឿន និងលោកស្រី ហ៊ុន គឹមឡេង ទិញផ្ទះពីរល្វែងទៀត នៅលើផ្លូវតែមួយនៅទីក្រុងឡុងដ៏ ក្នុងតម្លៃជិត៧លានដុល្លារសហរដ្ឋអាមេរិក។


លោកស្រី ហ៊ុន គឹមឡេង លោក នេត សាវឿន និង​កូនស្រីច្បង​​របស់​ពួកគេ​ គឺនាង​ នេត ធីតាវិឈុណា ក្នុង​រូបថតមួយ​បង្ហោះ​នៅលើ​ទំព័រអ៊ីនស្តាក្រាម​ (Instagram) របស់​​នាង ធីតាវិឈុណា កាលពី​ខែកុម្ភៈ ឆ្នាំ២០១៥។
លោក នេត សាវឿន លោកស្រី ហ៊ុន គឹមឡេង និង​កូនស្រី​ទាំងបីនាក់​របស់​ពួកគេ​ នៅទីក្រុងកាន (Cannes) ប្រទេសបារាំង ក្នុង​រូបថត​​មួយ​បង្ហោះ​នៅលើ​ទំព័រ​អ៊ីនស្តាក្រាម (Instagram) របស់នាង ធីតាវិឈុណា កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកស្រី ហ៊ុន គឹមឡេង ថតជាមួយ​ក្រុមគ្រួសារ​នៅក្រុងឡុងដ៏ ប្រទេសអង់គ្លេស ទីដែលពួកគេ​មានផ្ទះល្វែងប្រណីតៗ​ចំនួន៣ ក្នុងរូបថតមួយ​ បង្ហោះដោយ​នាង ធីតាវិឈុណា។ ពីស្តាំទៅឆ្វេង ប្អូនស្រីលោកស្រី ហ៊ុន គឹមឡេង គឺនាង ហ៊ុន ចន្ថា និងប្តី គឺលោក Gerald Dupuis ដែល​ជាអ្នកវិនិយោគ​លើវិស័យធនាគារ​ និងជា​កូនកាត់​ខ្មែរ-ប៊ែលហ្សិក រស់នៅ​ទីក្រុងឡុងដ៏។

ផ្ទះរបស់លោកស្រី ហ៊ុន ​គឹមឡេង​ និងផ្ទះរបស់កូនស្រីលោកស្រី ឋិតនៅចម្ងាយប្រមាណ៥០ម៉ែត្រពីផ្ទះរបស់ក្មួយស្រី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ម្នាក់ទៀត ហើយដែលត្រូវជាប្អូនស្រីបង្កើតរបស់លោកស្រី ហ៊ុន គឹមឡេង។ នោះគឺ លោកស្រី ហ៊ុន ចន្ថា ដែលជីវិតដ៏ហ៊ឺហារឆើតឆាយរបស់នាងត្រូវបានអាស៊ីសេរី លើកយកមករាយការណ៍ម្តងរួចទៅហើយ កាលពីពេលថ្មីៗនេះ។

ដោយរួមទាំងវីឡាភ្លោះនៅប្រទេសស៊ីបផង ទឹកប្រាក់សរុបដែលលោក នេត សាវឿន និងលោកស្រី ហ៊ុន គឹមឡេង ព្រមទាំងកូនៗ ចំណាយសំរាប់ទិញដីទិញផ្ទះនៅក្រៅប្រទេសដែលគេស៊ើបដឹងមកទល់ពេលនេះ មានតម្លៃជាង១៥លានដុល្លាសហរដ្ឋអាមេរិក។


ផ្ទាំងគេហទំព័រ​របស់​ក្រុមហ៊ុន Korantina Homes ជាក្រុមហ៊ុនមេ​ នៅពីក្រោយ​​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​នៅប្រទេសស៊ីប ដែល​លោកស្រី ហ៊ុន គឹមឡេង បានទិញ​វីឡាភ្លោះ។


គ្មានដំណោះស្រាយឆាប់

សេចក្តីព្រាងកិច្ចសន្យាទិញផ្ទះនៅប្រទេសស៊ីបរបស់លោកស្រី ហ៊ុន គឹមឡេង ត្រូវបានគេធ្វើឡើងនៅឆ្នាំ២០១៦ តែទើបត្រូវបានបែកធ្លាយនៅចុងឆ្នាំ២០១៩។ កិច្ចសន្យាបែកធ្លាយនោះបង្ហាញថា ក្រុមហ៊ុនសាងសង់ឈ្មោះ Hustonia Limited and Celicandia Limited ដែលជាសាខារបស់ក្រុមហ៊ុនធំឈ្មោះ Korantina Homes ដែលជាក្រុមហ៊ុននៅពីក្រោយ ក្រុមហ៊ុនអភិវឌ្ឍន៍ Cap St Georges បានព្រមព្រៀងសង់វីឡាមួយ ដែលមានបន្ទប់គេង៦ និងមានអាងហែលទឹកប្រវែង២០ម៉ែត្រជាប់នោះផង នៅលើផ្ទៃដីប្រមាណ៥០០ម៉ែត្រការ៉េ ក្នុងតម្លៃ២លាន៧សែនដុល្លារ។

កំណត់ត្រាផ្នែកអចលនទ្រព្យ ត្រូវបានគេរក្សាជាសម្ងាត់យ៉ាងគត់មត់នៅប្រទេសស៊ីប។ ម៉្យាងទៀតច្បាប់រក្សាឯកជនភាពនៃប្រទេសនេះ ក៏ហាមឃាត់ការចែកចាយនូវឯកសារផ្លូវការ ទៅភាគីទីបីដោយមិនមានការព្រមព្រៀងពីភាគីពាក់ព័ន្ធ។ តែទោះជាយ៉ាងណា អាស៊ីសេរី បានពឹងពាក់ក្រុមហ៊ុនផ្តល់សេវាកម្មច្បាប់មួយនៃប្រទេសស៊ីប អោយជួយពិនិត្យបញ្ជាក់លើឯកសារទាំងនោះ ជំនួសមុខអោយអាស៊ីសេរី។



ក្រុមហ៊ុនផ្តល់សេវាកម្មច្បាប់ឈ្មោះ A.G. Paphitis & Co បញ្ជាក់ថាផ្ទះដែលសង់លើដីដូចមានចែងនៅក្នុងកិច្ចសន្យាបែកធ្លាយនោះពិតជាកម្មសិទ្ធរបស់លោកស្រី ហ៊ុន គឹមឡេង មែន។ លោកស្រីទិញដីនោះក្នុងតម្លៃ២លាន ៧សែនដុល្លារសហរដ្ឋអាមេរិក ពីក្រុមហ៊ុន Hustionia Limited។ កំណត់ត្រាដែលក្រុមហ៊ុន A.G. Paphitis & Co បានរកឃើញ បង្ហាញថា ដីនោះសំរាប់សង់ភូមិគ្រឹះពីរជាន់ពីរខ្នង និងអាងហែលទឹករួមមួយ។
កំណត់ត្រាដដែលនោះ ក៏បង្ហាញថាការទិញដីនោះ ទើបតែចប់ជាស្ថាពរនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ។ គឺមានរយៈពេលជិត៤ឆ្នាំ ក្រោយការចុះកិច្ចសន្យា។ ក្រុមហ៊ុន Korantina Homes មិនឆ្លើយតបនឹងសំណួររបស់អាស៊ីសេរី ថាតើហេតុអ្វីបានជាត្រូវអូសបន្លាយពេលជិត៤ឆ្នាំ ក្នុងការបិទបញ្ចប់ការទិញដូរដីនេះឡើយ។
ច្បាប់នៃប្រទេសស៊ីបតម្រូវអោយក្រុមហ៊ុនលក់ទិញដីយកចិត្តទុកដាក់ខ្ពស់ ក្នុងការទិញលក់អចលនទ្រព្យ។ ក៏ប៉ុន្តែគេនៅមិនទាន់ដឹងថាតើគេបានពិនិត្យពិច័យអោយបានហ្មត់ចត់ប៉ុណ្ណា ក្នុងការទិញដីរបស់លោកស្រី ហ៊ុន គឹមឡេង នេះ ក្នុងខណៈដែលលោកស្រីកំពុងត្រូវបានរដ្ឋាភិបាលនៃប្រទេសស៊ីប ប្រកាសជាសាធារណៈថា កំពុងពិចារណាដកហូតសញ្ជាតិពីលោកស្រីនោះ។


លោកស្រី ហ៊ុន គឹមឡេង មិនឆ្លើយតបនឹងសំណួររបស់អាស៊ីសេរីជុំវិញរឿងនេះទេ។ អាស៊ីសេរីក៏បានហៅទូរស័ព្ទទៅលោក នេត សាវឿន ដើម្បីសួរបញ្ជាក់ពីបញ្ហាសញ្ជាតិនេះដែរ តែឆ្លើយថាលោកគ្មានពេលឆ្លើយសំណួរឡើយ។ លោកបង្វែរអោយទៅសួរអ្នកនាំពាក្យអគ្គស្នងការនគរបាល លោក ឆាយ គឹមឃឿន វិញ។ នៅពេលអាស៊ីសេរីទាក់ទងលោក ឆាយ គឹមឃឿន លោកឆ្លើយថាលោកគ្មានអ្វីដែលត្រូវធ្វើអត្ថាធិប្បាយរឿងផ្ទាល់ខ្លួនរបស់មេ របស់ខ្លួនឡើយ។

គេមិនដឹងប្រាកដថាតើគ្រួសាលោកស្រី ហ៊ុន គឹមឡេង ចំណាយពេលប៉ុន្មាននៅប្រទេសស៊ីប ក្រោយពួកគេទទួលបានសញ្ជាតិ នៅឆ្នាំ២០១៧ នោះទេ។ កូនស្រីច្បងរបស់លោក នេត សាវឿន និងលោកស្រី ហ៊ុន គឹមឡេង គឺនាង នេត ធីតាវិឈុណា នៅពេលដែលទៅលេងនៅកោះស៊ីបកាលពី ខែមីនា ​ឆ្នាំ២០១៨ កន្លងទៅ បានបង្ហោះរូបថតនាងជាមួយនឹងមិត្តភ័ក្ក ដែលបានថតនៅតាមឆ្នេរសមុទ្រនិងទីតាំងបុរាណមួយចំនួន ដោយភ្ជាប់និងសារជាភាសាអង់គ្លេសថា "Cyprus, you've been AMAZING" ដែលមានន័យថា ស៊ីបអ្នកល្អអស្ចារ្យណាស់។


កម្រងរូបថត​មួយចំនួន​ដែលនាង ធីតាវិឈុណា បានថត​ជាមួយ​មិត្តភ័ក្ត ពេលទៅលេង​កោះស៊ីប ដែលនាង​បានបង្ហោះ​នៅលើ​ទំព័រអ៊ីនស្តាក្រាម (Instagram) របស់នាង កាលពី​ខែមីនា ឆ្នាំ២០១៨។


ការយកចិត្តទុកដាក់ខ្ពស់

ក្រុមហ៊ុនអចលនទ្រព្យ Korantina Homes មិនបានយកចិត្តទុកដាក់បន្តិចណាសោះក្នុងការតាមដានថាតើហេតុអ្វីបានជាអតិថិជនរបស់ខ្លួន ចាប់អារម្មណ៍ចង់ទិញដីទិញផ្ទះនៅប្រទេសស៊ីប។ នៅលើគេហទំព័ររបស់ក្រុមហ៊ុននេះ គេបានចំណាយមួយផ្នែកធំ ដើម្បីផ្សព្វផ្សាយអំពីកម្មវិធី ទទួលបានសញ្ជាតិតាមរយៈការបណ្តាក់ទុន ដោយបានអួតអាងថា "វីឡាដ៏អស្ចារ្យ និងផ្ទះល្វែងដ៏ប្រណីតរបស់យើង គឺសមស្របតាមតម្រូវការរបស់លោកអ្នក ក្នុងការទទួលបាននូវសញ្ជាតិស៊ីប ឬសិទ្ធិស្នាក់នៅអចិន្រ្តៃយ៍ស្របច្បាប់ នៅប្រទេសនេះ។"


ក្រុមហ៊ុន Korantina Homes បង្ហាញពី​កម្មវិធី​បណ្តាក់ទុន​ប្តូរសញ្ជាតិ​ដ៏ចម្រូងចម្រាស់​របស់​ប្រទេសស៊ីប នៅលើ​គេហទំព័រ​របស់ខ្លួន។


ក្រោយពេលដែលកម្មវិធីបណ្តាក់ទុនប្តូរយកសញ្ជាតិនេះ ត្រូវបានទីភ្នាក់ងារព័ត៌មានរយទ័រ បើកកកាយ ហើយត្រូវបានគេរិះគន់ជុំទិសមក ស្ថាបនឹកនៃក្រុមហ៊ុន Korantina លោក George Ioannou បានចេញមុខការពារ។ លោកបានផ្តល់បទសម្ភាសន៍មួយអោយសារព័ត៌មាន មួយឈ្មោះ Financial Mirrior នៃប្រទេសស៊ីបថា ការបាត់បង់កម្មវិធីបណ្តាក់ទុនប្តូរយកសញ្ជាតិនេះ អាចនឹងមានផលវិបាកដល់សេដ្ឋកិច្ច។


អត្តសញ្ញាណប័ណ្ណ​នៃ​ប្រទេសស៊ីប របស់លោកស្រី ហ៊ុន គឹមឡេង
លិខិតឆ្លងដែននៃប្រទេសស៊ីប របស់លោកស្រី ហ៊ុន គឹមឡេង

ទៅជាយ៉ាងណាលោកក៏មិនបានប្រឆាំងនឹងគំរោងដកហូតសញ្ជាតិពីអ្នកបណ្តាក់ទុន២៦នាក់ ដែលរួមមាន លោកស្រី ហ៊ុន គឹមឡេង និងគ្រួសារ ដែលទីភ្នាក់ងារព័ត៌មានរយទ័របានចុះផ្សាយនោះទេ។ លោកប្រាប់ សារព័ត៌មាន Financial Mirrior ថា ប្រាកដណាស់យើងមិនចង់បានឧក្រិដ្ឋជន មកតាំងលំនៅនៅប្រទេសស៊ីបទេ។ លោកពណ៌នាអ្នកទាំង២៦នាក់នោះថាជាពួកអ្នកបណ្តាក់ទុនដែលឆ្លៀតកេងចំណេញពីកម្មវិធីបណ្តាក់ទុនប្តូរសញ្ជាតិ ក្នុងខណៈដែលកម្មវិធីនេះគឺជាជំរើសមួយក្នុងការបង្កើនសេដ្ឋកិច្ចនៃប្រទេសនេះ ។

ទោះជាយ៉ាងណាលោក George Ioannou ភ្លេចគិតថាក្រុមហ៊ុនលោក កំពុងលក់វីឡាភ្លោះពីរ អោយអ្នកបណ្តាក់ទុនម្នាក់ ក្នុងចំណោមអ្នកបណ្តាក់ទុនទាំង២៦នាក់នោះឡើយ៕

© រក្សា​សិទ្ធិ​ដោយ​វិទ្យុអាស៊ីសេរី ឆ្នាំ២០២០​