
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុនពេលជួបជាមួយអតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាល់ខម ថឺនប៊ុល (Malcolm Turnbull) នៅឯកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅក្រុងស៊ីដនី (Sydney) ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។ (រូប៖ រ៉យទ័រ)
តំណាងរាស្ត្រអូស្ត្រាលី៖ រដ្ឋាភិបាលអូស្ត្រាលី «ទន់ជ្រាយ» មិនហ៊ានចាត់វិធានការប្រឆាំងអំពើលាងលុយកខ្វក់ប្រព្រឹត្តិដោយពួកអ្នកមានលុយមានអំណាចខ្មែរ
ដោយ៖ ហ្សាក់ ដេវី (Jack Davies)
ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១អត្ថបទស៊ើបអង្កេតថ្មីមួយរបស់ អាស៊ីសេរី ទើបនឹងចេញផ្សាយកាលពីសប្តាហ៍មុន ពិនិត្យមើលអំពីរំហូរទឹកប្រាក់រាប់សិបលានដុល្លារក្រោមរូបភាពជាការវិនិយោគ នៅក្នុងប្រទេសអូស្ត្រាលី ដោយពួកអ្នកមានលុយមានអំណាចខ្មែរនៅកម្ពុជា ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ ការវិនិយោគទាំងនេះ ទំនងដូចជាកើតមានឡើងស្របគ្នាស្របពេលដែលមានយុទ្ធនាការបំភិតបំភ័យរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រឆាំងនឹងសហគមន៍ខ្មែរនៅអូស្ត្រាលី។
កាលពីថ្ងៃចន្ទ ទី១៥ កុម្ភៈ អាស៊ីសេរី បានជួបសម្ភាសជាមួយលោក ជូលៀន ហ៊ីល (Julian Hill) តំណាងរាស្ត្រអូស្ត្រាលីប្រចាំមណ្ឌលក្រុងមែលប៊ន (Melbourne) ជាទីដែលមានពលរដ្ឋដើមកំណើតខ្មែរ-អូស្ត្រាលីបានមកតាំងទីលំនៅច្រើនជាងគេ។ ក្នុងបទសម្ភាសន៍ខាងក្រោមនេះ លោក ជូលៀន ហ៊ីល បានរិះគន់វិធានការរបស់រដ្ឋាភិបាលអូស្ត្រាលី ថា «ទន់ជ្រាយ» ក្នុងការឆ្លើយតបទៅនឹងការហូរចូលនូវទឹកប្រាក់រាប់សិបលានដុល្លារ ពីក្រុងភ្នំពេញមកក្រុងមែលប៊ន និងក្រុងស៊ីដនី (Sydney)។ លោកហៅរបបគ្រប់គ្រងនៅកម្ពុជាបច្ចុប្បន្ន ថាជា «របបជើងកាង»។
មួយថ្ងៃបន្ទាប់ពីកិច្ចសម្ភាសន៍នេះ លោក ជូលៀន ហ៊ីល បានថ្លែងទៅកាន់សភាសហព័ន្ធនៃរដ្ឋសភាអូស្ត្រាលី ដោយលោកបាននិយាយយោងដល់អត្ថបទស៊ើបអង្កេតរបស់ អាស៊ីសេរី នៅក្នុងសុន្ទរកថាមួយរបស់លោក។ លោកបានអំពាវនាវដល់រដ្ឋាភិបាលអូស្ត្រាលីឲ្យប្រកាន់ជំហររឹងមាំជាងមុនប្រឆាំងនឹងអាជ្ញាធរកម្ពុជា។

លោក ហ្សាក់ ដេវី៖ មណ្ឌលបោះឆ្នោតដែលលោកកំពុងតែតំណាងឲ្យនៅក្រុងមែលប៊នសព្វថ្ងៃនេះ គឺជាទីដែលមានពលរដ្ឋដើមកំណើតខ្មែររស់នៅច្រើនជាងគេ។ ក្នុងរយៈពេលជាង ៥ឆ្នាំចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវយុទ្ធវិធីនយោបាយបែបអូសទាញ លាយឡំនឹងអំពើសម្លុតគំរាមកំហែង ដោយសង្ឃឹមថាគោលនយោបាយនេះ នឹងអាចផ្តាច់ដង្ហើមរបស់ក្រុមអ្នករិះគន់ក្នុងចំណោមសហគមន៍ខ្មែរនៅអូស្ត្រាលី។ អត្ថបទស៊ើបអង្កេតចុងក្រោយរបស់ អាស៊ីសេរី បានរកឃើញថា ក្នុងរយៈពេល ៥ឆ្នាំដូចគ្នានេះ ក្រុមគ្រួសារមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា បានវិនិយោគទឹកប្រាក់រាប់សិបលានដុល្លារទៅក្នុងអាជីវកម្ម និងអចលនទ្រព្យនៅប្រទេសអូស្ត្រាលី ភាគច្រើនគឺនៅក្រុងមែលប៊ន នេះតែម្តង។ តើលោកតំណាងរាស្ត្រមើលឃើញពីភាពជាប់ទាក់ទងគ្នារវាងនិន្នាការទាំងពីរនេះដែរឬទេ?
លោក ជូលៀន ហ៊ីល៖ ខ្ញុំពិតជាមានកង្វល់ខ្លាំងណាស់ ក្នុងនាមជាមនុស្សម្នាក់ដែលស្រលាញ់សហគមន៍ខ្មែរ ដែលជឿជាក់លើលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីស្វែងយល់ឲ្យបានកាន់តែស៊ីជម្រៅអំពីរឿងរ៉ាវដែលកំពុងតែកើតមានឡើងនេះ។ ខ្ញុំសូមសាទរដល់លោក និងស្ថាប័នវិទ្យុអាស៊ីសេរី ជុំវិញការផ្សាយអត្ថបទស្រាវជ្រាវបែបស៊ើបអង្កេតនេះ ដែលលោកបានសរសេរដើម្បីលាតត្រដាងអំពីបញ្ហានេះ។ ខ្ញុំពិតជាមានកង្វល់យ៉ាងខ្លាំង ពោលគឺ មិនខុសពីអ្វីដែលអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ គឺកញ្ញា កឹម មនោវិទ្យា បាននិយាយយ៉ាងដូច្នោះដែរ ដែលថា ប្រទេសអូស្ត្រាលី បានក្លាយជាគោលដៅទីមួយសម្រាប់ឧក្រិដ្ឋជនជាអ្នកមានលុយមានអំណាចនៅកម្ពុជា។ ដូចដែលសហគមន៍ពលរដ្ឋដើមកំណើតខ្មែរ ប្រាប់យើងដូច្នោះដែរ គឺថា អូស្ត្រាលីគឺជាកន្លែងដ៏ពេញនិយមមួយសម្រាប់ពួកអ្នកមានលុយមានអំណាចខ្មែរ ដែលបានមកពីការប្រព្រឹត្តិអំពើពុករលួយក្រោមរបបដឹកនាំបែបជើងកាងរបស់លោក ហ៊ុន សែន គ្រួសារ និងបក្សពួករបស់គាត់ ក្នុងការណ៍ដែលពួកគេបានយកលុយកាក់បានមកពីអំពើពុករលួយ បានមកពីអំពើរំលោភសិទ្ធិមនុស្ស មកវិនិយោគនៅក្នុងប្រទេសអូស្ត្រាលី។ នេះហើយគឺជារឿងរ៉ាវគួរឲ្យព្រួយបារម្ភដ៏សម្បើមមួយ។
លោក ហ្សាក់ ដេវី៖ ក៏ដូចជានៅតាមបណ្តាប្រទេសជាច្រើនទៀតដែរ ប្រទេសអូស្ត្រាលីផ្តល់ទិដ្ឋាការដល់ជនបរទេសទាំងឡាយណាដែលមានបំណងចង់វិនិយោគក្នុងសេដ្ឋកិច្ចក្នុងស្រុករបស់ប្រទេសនេះ។ អ្វីដែលយើងបានរកឃើញនោះ គឺថា ក្នុងរយៈពេលជាង ៥ឆ្នាំមកនេះ ពួកអ្នកមានលុយមានអំណាចនៅស្រុកខ្មែរ បានវិនិយោគទឹកប្រាក់សរុប ៣៨លាន៥សែនដុល្លារអូស្ត្រាលី (ស្មើនឹងជាង ២៩លាន៧សែនដុល្លារអាមេរិក) តាមរយៈពាក្យសុំទិដ្ឋាការប្រភេទវិនិយោគិន ដែលពួកគេទទួលបានការអនុញ្ញាត។ ស្របពេលដែលក្រសួងមហាផ្ទៃអូស្ត្រាលី អះអាងថា លុយកាក់ និងរាល់អ្នកដាក់ពាក្យសុំទិដ្ឋាការប្រភេទនេះទាំងអស់ ត្រូវបានត្រួតពិនិត្យមើលយ៉ាងល្អិតល្អន់ ក្រុមអ្នកតាមដានស្ថានការណ៍ជាច្រើនហាក់ដូចជាមិនអស់ចិត្តអស់ថ្លើមនឹងបញ្ហានេះឡើយ។ តើលោកគិតថា នៅពេលដែលពាក់ព័ន្ធនឹងប្រទេសដែលមានរបបដឹកនាំបែបផ្តាច់ការ ដូចជានៅកម្ពុជា ជាដើមនោះ តើអាជ្ញាធរអន្តោប្រវេសន៍អូស្ត្រាលី ចាំបាច់ត្រូវត្រួតពិនិត្យបន្ថែមទៅលើអ្នកដាក់ពាក្យសុំទិដ្ឋាការប្រភេទនេះឲ្យបានកាន់តែខ្លាំងក្លាជាងនេះដែរឬទេ?
លោក ជូលៀន ហ៊ីល៖ លោកបានលើកឡើងនៅក្នុងអត្ថបទស៊ើបអង្កេតរបស់លោកនូវសំណួរដ៏មានសារសំខាន់ខ្លាំងណាស់។ សំណួរទាំងនេះ ច្បាស់ណាស់ ក៏គឺជាកង្វល់របស់ពលរដ្ឋកម្ពុជារាប់លាននាក់ដែរ ជុំវិញថាតើលុយកាក់អស់ទាំងនោះ ពួកអ្នកមានលុយមានអំណាចខ្មែរទទួលបានមកពីប្រភពណា? មនុស្សដែលយកលុយទាំងនេះមកវិនិយោគ ប្រសិនបើលោកពិនិត្យមើលទៅ ពួកគេមិនទទួលបានប្រាក់បៀវត្សរ៍ច្រើនក្រាស់ក្រែលពីរដ្ឋាភិបាលអីនោះទេ។ តែពួកគេអាចមានលទ្ធភាពទិញផ្ទះល្វែង ឬអាផាតមិន ភូមិគ្រឹះប្រណីតៗ និងបោះទុនធ្វើអាជីវកម្មនៅតាមកន្លែងនានានៅជាយក្រុងដែលមានកម្រិតជីវភាពរស់នៅថ្លៃបំផុតនៅប្រទេសអូស្ត្រាលី ក្នុងតម្លៃរហូតដល់ទៅរាប់សិបលានដុល្លារ។ គឺថាវាមិនស៊ីគ្នាទាល់តែសោះទៅនឹងចំណូលរបស់ពួកគេ។
ខ្ញុំបានគិតគូរអំពីឧទាហរណ៍ដែលលោកបានលើកឡើង ដូចដែលថាកូនប្រុសរបស់រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា កាលពីឆ្នាំ២០១៦ ជាមួយនឹងប្រពន្ធរបស់លោក បានជះលុយទិញភូមិគ្រឹះតម្លៃ ១១លានដុល្លារអូស្ត្រាលី (ស្មើនឹង ៨,១លានដុល្លារអាមេរិក) នៅក្រុងស៊ីដនី ជាដើម។ នេះគ្រាន់តែជាឧទាហរណ៍មួយប៉ុណ្ណោះ។ មានឧទាហរណ៍ស្រដៀងគ្នានេះច្រើនទៀតណាស់។ ដូច្នេះ ប្រាកដណាស់ថា វាបានចោទឲ្យមានសំណួរជាច្រើន ថាតើលុយកាក់អស់ទាំងនេះ មានប្រភពចេញមកពីណា។
នៅពេលដែលខ្ញុំបានទៅបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីជាងមួយឆ្នាំមុន ខ្ញុំបានជួបជាមួយនឹងក្រុមអ្នកស្រលាញ់ប្រជាធិបតេយ្យ ក្រុមអ្នកការពារសិទ្ធិមនុស្ស។ ខ្ញុំក៏បានជួបជជែកគ្នាជាមួយប្រជាកសិករ ដែលដីធ្លីរបស់ពួកគាត់ត្រូវបានរដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្មធំៗរឹបអូស ឬប្លន់យក។ សារដែលយើងទទួលបានដូចៗគ្នាជារួមនោះ គឺសំដៅដល់រដ្ឋាភិបាលលោក ហ៊ុន សែន វិញតែម្តង ដែលថា រដ្ឋាភិបាលនេះមិនបានប្រព្រឹត្តិឲ្យបានសមស្របទៅលើពួកគាត់នោះទេ។ រដ្ឋាភិបាលនេះ មិនបានគោរពសិទ្ធិមនុស្សនោះទេ។ រដ្ឋាភិបាលនេះថែមទាំងចេញមុខឈប់ធ្វើពុតថា កម្ពុជាមានលទ្ធិប្រជាធិបតេយ្យ និងបទដ្ឋានប្រជាធិបតេយ្យស្អីទៀតផង។
[ពលរដ្ឋដែលខ្ញុំបាននិយាយជាមួយ] មិនចង់ឃើញក្រុមប្រទេសលោកខាងលិច ដូចជាប្រទេសអូស្ត្រាលីជាដើម ក្លាយអ្នកជួយទំនុកបម្រុង និងជាឋានសួគ៌ប្រកបដោយសុវត្ថិភាពរបស់ពួកអ្នកមានលុយមានអំណាចខ្មែរដែលពុករលួយទាំងនោះ និងកូនៗ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេនោះទេ។ ពួកគេមិនចង់ឃើញអូស្ត្រាលី ចូលរួមប្រព្រឹត្តិនូវអំពើអាក្រក់ ឬឧក្រិដ្ឋកម្មទាំងអស់នេះ ហើយអនុញ្ញាតឲ្យក្រុមមនុស្សទាំងនេះអាចរីករាយជាមួយនឹងជីវិតដ៏អស្ចារ្យ ឬក៏អាចទិញដូរអចលនទ្រព្យដោយប្រើប្រាស់លុយកាក់ដែលបានមកពីការលួចប្លន់ពីពលរដ្ឋកម្ពុជាទូទៅនោះទេ។
ខ្ញុំជឿជាក់ថា អូស្ត្រាលីចាំបាច់ត្រូវតែចាត់វិធានការឲ្យបានច្រើនជាងនេះ ដើម្បីធានាថា រាល់លុយដុល្លារដែលហូរចូលមកក្នុងប្រទេសនេះ មិនមែនបានមកពីលទ្ធផលនៃការប្រព្រឹត្តិអំពើរំលោភសិទ្ធិមនុស្ស ឬអំពើពុករលួយនោះទេ។ ក្នុងន័យនេះ ខ្ញុំគឺជាអ្នកគាំទ្រដ៏សកម្មមួយរូបនៃទស្សនៈចង់បង្កើតឲ្យមាននូវច្បាប់ដាក់ទណ្ឌកម្មថ្មីមួយ ដែលគណៈកម្មាធិការចម្រុះនៃរដ្ឋសភាអូស្ត្រាលីបានផ្តល់អនុសាសន៍ជាឯកច្ឆន្ទ ថាគួរតែត្រូវបានផ្ដួចផ្ដើមឲ្យមានឡើងនៅក្នុងប្រទេសអូស្ត្រាលី។ ច្បាប់ថ្មីនេះ នឹងផ្តល់លទ្ធភាពឲ្យរដ្ឋាភិបាលអូស្ត្រាលី នូវអំណាចក្នុងការដាក់ទណ្ឌកម្មតាមគោលដៅ មិនត្រឹមតែទៅលើប្រទេសដទៃនោះទេ តែថែមទាំងទៅលើបុគ្គលទាំងឡាយណាដែលត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
នៅប្រទេសដទៃទៀតដូចជានៅសហរដ្ឋអាមេរិក មានមន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួនដែលជានាយឧត្ដមសេនីយ៍ និងពួកអ្នកមានលុយមានអំណាចខ្មែរមួយចំនួនទៀត បច្ចុប្បន្ននេះ កំពុងក្លាយជាគោលដៅនៃការដាក់ទណ្ឌកម្ម។ [ប្រសិនបើប្រទេសអូស្ត្រាលីអនុវត្តដូចគ្នាដែរ] នេះមានន័យថា មន្ត្រីទាំងនោះនឹងមិនត្រូវបានផ្តល់ទិដ្ឋាការឲ្យមកជាន់ទឹកដីអូស្ត្រាលីឡើយ ហើយពួកគេក៏នឹងមិនអាចយកលុយកាក់ចេញពីប្រទេសអូស្ត្រាលីវិញ ឬក៏នាំយកលុយកាក់ចូលមកទុកក្នុងប្រទេសអូស្ត្រាលីបន្ថែមទៀតដែរ។ នេះគឺសុទ្ធសឹងតែជារឿងរ៉ាវដែលយើងចាំបាច់ត្រូវពិនិត្យមើលឲ្យបានដិតដល់មែនទែន ដោយសារតែវិសាលភាពនៃអ្វីដែលយើងកំពុងស្វែងយល់នេះ អាចនឹងបន្តកើតមានតទៅទៀត។
(បទសម្ភាសន៍កាលពីថ្ងៃទី១៥ កុម្ភៈ រវាងតំណាងរាស្ត្រអូស្ត្រាលី លោក ជូលៀន ហ៊ីល ជាមួយលោក ហ្សាក់ ដេវី នៃវិទ្យុអាស៊ីសេរី ជុំវិញការវិនិយោគតម្លៃរាប់សិបលានដុល្លារអូស្ត្រាលី របស់ពួកអ្នកមានលុយមានអំណាចនៅកម្ពុជា ក្នុងប្រទេសអូស្ត្រាលី និងសេចក្ដីរាយការណ៍នានាអំពីការបំភិតបំភ័យទៅលើសហគមន៍ខ្មែរនៅប្រទេសនេះ ពីសំណាក់ក្រុមអ្នកគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។)
លោក ហ្សាក់ ដេវី៖ កាលពីឆ្នាំទៅ លោកបានដាក់សំណួរទៅសភា ទាមទារឲ្យរដ្ឋាភិបាលអូស្ត្រាលីពិចារណាលើសេចក្ដីរាយការណ៍របស់ អាស៊ីសេរី និងទូរទស្សន៍ អាល់ ហ្សាហ្ស៊ារ៉ា (Al Jazeera) ដែលបានភ្ជាប់បុគ្គលជាន់ខ្ពស់មួយចំនួននៃរបបដឹកនាំកម្ពុជាទៅនឹងគម្រោងវិនិយោគបែបបោកប្រាស់នានា ដែលត្រូវបានហាមប្រាមមិនឲ្យប្រតិបត្តិការពីសំណាក់និយតករហិរញ្ញវត្ថុរបស់អូស្ត្រាលី។ សូមលោកប្រាប់ខ្ញុំបន្តិចមើល ថាតើរដ្ឋាភិបាលអូស្ត្រាលី បានឆ្លើយតបយ៉ាងដូចម្តេចដែរទៅនឹងសំណួរទាំងនោះ?
លោក ជូលៀន ហ៊ីល៖ តាមការពិតទៅ ខ្ញុំទើបតែបានទទួលចម្លើយនៅប៉ុន្មានថ្ងៃមុននេះទេ ហើយ ចម្លើយនោះ គឺអន់មែនទែន។ ពួកគេមិនបានឆ្លើយតបប្រកបដោយអត្ថន័យណាមួយនោះទេ។ មែនទែនទៅ ពួកគេដូចជាសិស្សសាលាអញ្ចឹង មិនមែនជារដ្ឋមន្ត្រីក្រសួងរបស់រដ្ឋាភិបាលនោះទេ។ ពួកគេបានអានសំណួរទាំងនោះ ហើយនិយាយថា «យើងមិនអាចបង្គាប់បញ្ជាឲ្យស្ថាប័នស៊ើបការណ៍កិច្ចការសម្ងាត់អំពីឧក្រិដ្ឋកម្ម ឬស្ថាប័នដែលពិនិត្យមើលលុយហូរចូលមកក្នុងប្រទេស បានទេ... ដោយសារតែស្ថាប័នទាំងនោះជាស្ថាប័នឯករាជ្យ»។ បាទ! ពិតណាស់ថាវាអញ្ចឹងមែន។ ពួកគេមិនអាចបញ្ជាស្ថាប័នទាំងនោះបានមែន ក៏ប៉ុន្តែពួកគេគួរតែអាចលើកឡើងពីកង្វល់ទាំងនោះឲ្យបានខ្លាំងក្លា ហើយគួរតែបញ្ជូនរឿងរ៉ាវទាំងនេះទៅកាន់ស្ថាប័នទាំងនោះ។ ដូច្នេះ វាគឺជាការឆ្លើយតបដ៏គួរឲ្យខកចិត្តស្ទើរតែមិនគួរឲ្យជឿ។ អ្វីដែលបង្ហាញចេញមកនោះ គឺថា ពួកគេមិនបានយកកង្វល់ទាំងនេះទៅពិចារណាឲ្យបានដិតដល់នោះទេ។ នេះហើយគឺជារឿងរ៉ាវដ៏គួរឲ្យខកចិត្តមែនទែន។
ច្បាប់ស្តីពីការដាក់ទណ្ឌកម្មគឺជាឧបករណ៍មួយ។ ប៉ុន្តែ យើងមានរួចស្រាប់ទៅហើយនូវច្បាប់ស្តីពីការប្រឆាំងនឹងអំពើសម្អាតប្រាក់។ ភាគច្រើននៃកង្វល់អស់ទាំងនេះត្រូវបានរាយការណ៍ដោយមនុស្សដទៃទៅកាន់អាជ្ញាធរអូស្ត្រាលី ដែលខ្ញុំគិតថា រដ្ឋមន្ត្រីទាំងឡាយនៃរដ្ឋាភិបាលអូស្ត្រាលី ចាំបាច់ត្រូវយកកង្វល់ទាំងអស់នេះ ទៅពិចារណាឲ្យបានខ្លាំងក្លាជាងនេះ។ ខ្ញុំមិនដឹងថា មូលហេតុអ្វីបានជារដ្ឋាភិបាលព្យាយាមគេចវេះពីសំណួរអស់ទាំងនេះនោះទេ។ តើពួកគេមានអ្វីដែលត្រូវលាក់បាំងនោះ?

លោក ហ្សាក់ ដេវី៖ ក្រុងដែលលោកធ្វើជាអ្នកតំណាងនេះ គឺជាកន្លែងដែលមានសហគមន៍ខ្មែររស់នៅច្រើនជាងគេនៅក្នុងប្រទេសអូស្ត្រាលី។ តើអ្វីខ្លះទៅជាឥទ្ធិពលដែលកំពុងតែកើតមាននៅក្នុងមណ្ឌលរបស់លោក ដែលជាលទ្ធផលនៃការហូរចូលយ៉ាងច្រើនសន្ធឹកសន្ធាប់នៃទឹកលុយ និងសកម្មភាពនយោបាយដែលជាប់ពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលជាងកន្លះទសវត្សរ៍ចុងក្រោយនេះ?
លោក ជូលៀន ហ៊ីល៖ ក្នុងរយៈពេលប្រមាណ ៥ឆ្នាំចុងក្រោយនេះ យើងបានឃើញមាននូវរបាយការណ៍នានាដែលក្លាយជារឿងរ៉ាវធ្វើឲ្យមានកង្វល់កាន់តែខ្លាំង ជុំវិញកិច្ចខិតខំប្រឹងប្រែងពីសំណាក់របបដឹកនាំបែបជើងកាងរបស់លោក ហ៊ុន សែន និងបក្សពួករបស់លោក ក្នុងការព្យាយាមបញ្ជ្រាបចូលក្នុងទឹកដីអូស្ត្រាលី និងក្នុងការព្យាយាមបំបិទមាត់ក្រុមអ្នកនិយាយរិះគន់នៅក្នុងសហគមន៍នេះ។ ដូច្នេះ រឿងរ៉ាវយ៉ាងដូច្នេះ វាកើតឡើងជាទម្រង់ផ្សេងៗគ្នា។ ខ្ញុំហៅទង្វើបែបនេះថា ជាការជ្រៀតជ្រែករបស់បរទេស ហើយប្រទេសអូស្ត្រាលីកាលពីពីរបីឆ្នាំមុននេះបានបង្កើតច្បាប់ប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេសនេះ។
ខ្ញុំក៏បានលើកឡើងពីកង្វល់នេះដែរ។ ជាថ្មីម្តងទៀត ខ្ញុំមិនគិតថា រដ្ឋាភិបាលអូស្ត្រាលី បានគិតគូរពីបញ្ហានេះ ឲ្យបានក្លាំងក្លានោះទេ។ យើងបានឃើញសេចក្ដីរាយការណ៍នានាអំពីការបំភិតបំភ័យ អំពីការគំរាមកំហែងប្រឆាំងនឹងប្រជាពលរដ្ឋនៅក្នុងប្រទេសអូស្ត្រាលី ពលរដ្ឋសញ្ជាតិអូស្ត្រាលី ដែលបានក្រោកឈរឡើងដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ឬក៏ពាក់ព័ន្ធនឹងក្តីបារម្ភនានាអំពីសុវត្ថិភាពនៃក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
យើងបានឃើញនូវចេតនានៃកិច្ចខិតខំប្រឹងប្រែងពីសំណាក់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។ នេះគឺជាគណបក្សដែលបានឈ្នះកៅអីរហូតដល់ទៅ ១២៥ អាសនៈ ក្នុងចំណោមកៅអីសរុប ១២៥ អាសនៈ នៅក្នុងរដ្ឋសភា។ ខ្ញុំចង់និយាយថា លទ្ធផលនោះគឺជារឿងកំប្លែង ដោយសារតែវាមិនមែនជាការបោះឆ្នោតប្រកបដោយលក្ខណៈប្រជាធិបតេយ្យនោះទេ។ យើងបានឃើញថា ឥឡូវនេះ គណបក្សនយោបាយនោះ កំពុងបង្កើតនូវសាខារបស់គេនៅគ្រប់រដ្ឋ និងដែនដីទាំងអស់នៃប្រទេសអូស្ត្រាលីទាំងមូល។ គោលបំណងរបស់ពួកគេគឺមិនមែនថា ពួកគេមិនបង្កជាការគំរាមកំហែងអីនោះទេ។ គោលបំណងរបស់ពួកគេគឺដើម្បីដាក់សម្ពាធទៅលើសកម្មជននានា និងក្រុមមនុស្សដែលហ៊ាននិយាយរិះគន់នៅក្នុងប្រទេសអូស្ត្រាលី ឲ្យបិទមាត់លែងនិយាយរិះគន់អំពីរឿងរ៉ាវនានាដែលកំពុងកើតមានឡើងនៅកម្ពុជា ចេញពីប្រទេសអូស្ត្រាលីតែម្តង។
យុទ្ធវិធីចុងក្រោយបង្អស់ ដែលខ្ញុំពិតជាព្រួយបារម្ភជាខ្លាំងនោះ ហើយដែលខ្ញុំនឹងលើកយកទៅនិយាយម្តងទៀតនៅរដ្ឋសភា គឺថា លោក ហ៊ុន សែន បានចាប់ផ្ដើមប្រើតុលាការឲ្យបើកសវនាការជំនុំជម្រះមនុស្សទាំងហ្វូង គឺជាងមួយរយនាក់ក្នុងពេលដំណាលគ្នា។ មនុស្សដែលត្រូវយកមកកាត់ក្តីទាំងនោះ ភាគច្រើនមិនបានរស់នៅក្នុងប្រទេសកម្ពុជាផងនោះទេ។ ពួកគេភាគច្រើនមិនបានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ឬក៏ច្រើនទសវត្សរ៍មកហើយ។ ប៉ុន្តែអ្វីដែលពួកគេបានធ្វើ ក្រោមអ្វីមួយដែលអាជ្ញាធរកម្ពុជាចាត់ទុកថា ជាបទឧក្រិដ្ឋនោះ គឺដោយសារតែពួកគេគ្រាន់តែនិយាយជាសាធារណៈ អាចថាការនិយាយនោះនៅអូស្ត្រាលី ឬក៏នៅកាណាដា សហរដ្ឋអាមេរិក នៅអឺរ៉ុប ឬនៅប្រទេសដទៃទៀត ជាដើម។ ពួកគេហ៊ាននិយាយអំពីអ្វីដែលកំពុងតែកើតមានឡើងនៅកម្ពុជា ថាជារឿងមិនល្អ... ឬក៏ថា រដ្ឋាភិបាលបានលួចលុយពីពលរដ្ឋ រដ្ឋាភិបាលបានច្បាមយកដីធ្លីរបស់ពលរដ្ឋ ឬក៏ថា រដ្ឋាភិបាលមិនបានគោរពសិទ្ធិមនុស្សជាដើម...។
ទំនងជានាពេលឥឡូវនេះ ក្នុងពិភពលោករបស់លោក ហ៊ុន សែន អ្នកណាម្នាក់ដែលហ៊ាននិយាយពីការពិតអស់ទាំងនេះ គឺសុទ្ធសឹងតែជាប់ឈ្មោះថាកំពុងតែប្រព្រឹត្តិបទល្មើសទាំងអស់ ដោយសារតែពួកគេបង្កើតបានជាសំឡេងរិះគន់។ ហេតុដូច្នេះហើយ ខ្ញុំគិតថា នេះគឺជាយុទ្ធវិធីថ្មីដ៏អាក្រក់មួយ ហើយថា រដ្ឋាភិបាលអូស្ត្រាលីចាំបាច់ត្រូវតែដាក់សម្ពាធទៅលើបញ្ហានេះ។ ឯកអគ្គរាជទូតរបស់យើងបានលើកយកពីកង្វល់ទាំងនេះទៅនិយាយជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា។ ក៏ប៉ុន្តែ យើងចង់ឃើញនូវវិធានការខ្លាំងជាងនេះ។ រឿងនេះ គឺមិនអាចទទួលយកបានតែម្តង ដែលថា ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យនៅជុំវិញពិភពលោក ទទួលរងនូវការគំរាមកំហែងពីសំណាក់ក្រុមជើងកាងទាំងនេះ ដោយសារតែពួកគេគ្រាន់តែនិយាយគាំទ្រដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ព្រមទាំងគុណតម្លៃរបស់មនុស្សជារួមនោះ។
[កំណត់សម្គាល់៖ ដំណើរការសវនាការកាត់ក្តីដោយតុលាការនៅក្រុងភ្នំពេញប្រឆាំងនឹងតំណាងរាស្ត្រ និងសកម្មជនគណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមកាលពីពាក់កណ្តាលខែមករា។ សវនាការលើកដំបូង បានកាត់ក្តីមនុស្សដល់ទៅជាង ១៣៦ នាក់នៃក្រុមអ្នកប្រឆាំងក្នុងពេលដំណាលគ្នា ដោយសារតែពួកគេរងការចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធជាមួយប្រធានស្តីទីគណបក្សនេះ គឺលោក សម រង្ស៊ី ដែលបានប៉ុនប៉ងវិលត្រលប់មកកម្ពុជាវិញ កាលពីចុងឆ្នាំ២០១៩ កន្លងទៅ។ ក្រុមអ្នកតាមដានស្ថានការណ៍អន្តរជាតិ បានពណ៌នាសវនាការនោះ ថាជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ហើយបានអំពាវនាវឲ្យរដ្ឋាភិបាលទម្លាក់ចោលនូវរាល់បទចោទទាំងនោះ។]

លោក ហ្សាក់ ដេវី៖ ចំណាប់អារម្មណ៍របស់ខ្ញុំនៅពេលបាននិយាយជាមួយលោកនាពេលនេះ គឺថា សកម្មភាពនានារបស់គណបក្សប្រជាជនកម្ពុជានៅក្នុងប្រទេសអូស្ត្រាលី និងនៅកម្ពុជា កំពុងតែកាត់បន្ថយយ៉ាងមានប្រសិទ្ធភាពនូវសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋអូស្ត្រាលី។ ខ្ញុំគ្រាន់តែឆ្ងល់ថា ខ្ញុំដឹងហើយថាលោកបាននិយាយថា លោកមិនប្រាកដថាតើហេតុអ្វីបានជារដ្ឋាភិបាលអូស្ត្រាលី ហាក់បីដូចជាអល់អែកក្នុងការចាត់វិធានការឲ្យបានរឹងមាំជាងនេះ ទៅលើបញ្ហាទាំងអស់នេះ។ ក៏ប៉ុន្តែ តើលោកមានទស្សនៈយ៉ាងម៉េចដែរ ថាតើហេតុអ្វីបានជារដ្ឋាភិបាលអូស្ត្រាលីមានភាពអល់អែកក្នុងការចាត់វិធានការជុំវិញបញ្ហានេះយ៉ាងដូច្នេះ?
លោក ជូលៀន ហ៊ីល៖ បាទ! លោកនិយាយត្រឹមត្រូវហើយ។ ខ្ញុំមានន័យថា ទាំងនេះគឺជាបញ្ហាដែលសំដៅដល់សិទ្ធិទទួលបានលទ្ធិប្រជាធិបតេយ្យ និងសេរីភាពនៅអូស្ត្រាលី ព្រមទាំងសេរីភាពនៃការបញ្ចេញមតិ ដែលពលរដ្ឋអូស្ត្រាលីណាក៏ដោយ មិនថាមកពីវប្បធម៌ ជាតិសាសន៍ ឬសាសនាណានោះទេ គឺថា នរណាក៏ដោយឲ្យតែមានសញ្ជាតិអូស្ត្រាលី ហើយកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលី ពួកគេអាចសម្ដែងមតិ និងគំនិតរបស់ពួកគេបានដោយសេរី។ ពួកគេអាចនិយាយនូវអ្វីដែលពួកគេចង់និយាយ ឲ្យតែមានហេតុផល។ ពួកគេមិនអាចញុះញង់ឲ្យមានអំពើហិង្សាបានឡើយ។ ប៉ុន្តែ ពួកគេអាចនិយាយអំពីគំនិតទាំងឡាយរបស់ពួកគេបាន។ ខ្ញុំអាចនឹងមិនយល់ស្របនូវអ្វីៗគ្រប់យ៉ាងដែលមនុស្សទាំងនោះនិយាយប្រាប់ខ្ញុំ។ ក៏ប៉ុន្តែ អូស្ត្រាលីគឺជាប្រទេសសេរីមួយ ដូចដែលយើងកំពុងនិយាយគ្នានាពេលនេះអញ្ចឹង។ វាគឺជារឿងរ៉ាវល្អមួយ។ ខ្ញុំមិនយល់ពីមូលហេតុអ្វីបានជារដ្ឋាភិបាលអូស្ត្រាលីមិនបាននិយាយច្រើន ដើម្បីគាំទ្រដល់សិទ្ធិរបស់ពលរដ្ឋខ្លួននៅទីនេះ ក្នុងប្រទេសអូស្ត្រាលីនេះតែម្តង។
ទោះជាយ៉ាងណា វាអាចមានហេតុផលមួយ ហើយវាបានកើតមានឡើងអស់ជាច្រើនឆ្នាំមកហើយ។ គឺថា នាយករដ្ឋមន្ត្រីបច្ចុប្បន្នរបស់យើង លោក ស្កុត ម៉ូរីសុន (Scott Morrison) មិនមែនជាមនុស្សដែលខ្ញុំចូលចិត្ត ឬគាំទ្រនោះទេ។ ប៉ុន្តែ លោកគឺជានាយករដ្ឋមន្ត្រី។ លោកគឺជាអតីតរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍។ លោកត្រូវបានគេឃើញពេលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ផឹកស្រាសំប៉ាញ (Champagne) ជាមួយលោក ហ៊ុន សែន និងនាយឧត្ដមសេនីយ៍ ព្រមទាំងមនុស្សរបស់លោក ហ៊ុន សែន ផ្សេងទៀត នៅពេលដែលលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជនភៀសខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលប្រទេសអូស្ត្រាលីបានផ្តល់ឲ្យកម្ពុជានូវទឹកប្រាក់រាប់សិបលានដុល្លារ ជាថ្នូរទៅនឹងការណ៍ដែលកម្ពុជាសុខចិត្តយល់ព្រមទទួលយកជនភៀសខ្លួនទាំងនោះឲ្យមករស់នៅលើទឹកដីរបស់ខ្លួន។ ខ្ញុំគិតថា ទីបំផុតទៅ មានជនភៀសខ្លួនតែបី ឬបួននាក់ប៉ុណ្ណោះ ដែលបានទៅរស់នៅនៅទីនោះ។ វាគឺជាការរៀបចំដ៏គួរឲ្យអស់សំណើចមួយ។ បញ្ហានោះបានធ្វើឲ្យមានការរឹតត្បិតផ្នែកនយោបាយអស់ជាច្រើនឆ្នាំសម្រាប់លោក ស្កុត ម៉ូរីសុន ក្នុងការដែលលោកមិនហ៊ាននិយាយស្តីអំពីអ្វីដែលជាការរិះគន់ដល់រដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែ កិច្ចព្រមព្រៀងនោះ ឥឡូវនេះ លែងមានទៀតហើយ។ គឺវាចប់បាត់ទៅហើយ។ ដូច្នេះ ការរឹតត្បិតនោះក៏លែងមានទៀតដែរ។
ខ្ញុំមិនយល់ថាតើហេតុអ្វីបានជារដ្ឋាភិបាលអូស្ត្រាលីមានភាពទន់ខ្សោយ ស្ងៀមស្ងាត់ និងគួរឲ្យអាម៉ាស់យ៉ាងនេះទេ។ ប៉ុន្តែ ខ្លួនខ្ញុំផ្ទាល់ និងសមាជិកដទៃទៀតនៃគណបក្សពលករនៅក្នុងរដ្ឋសភារបស់យើង សង្ឃឹមថា សមាជិករដ្ឋាភិបាលដែលចេះគិតគូរពីហេតុផលសមរម្យជាងនេះ នឹងរំពឹងថា រដ្ឋាភិបាលអូស្ត្រាលី មិនថានយោបាយរបស់ពួកគេយ៉ាងណានោះទេ... ហ៊ានចេញមុខការពារនូវសិទ្ធិរបស់ពលរដ្ឋអូស្ត្រាលីក្នុងការបញ្ចេញគំនិតទស្សនៈរបស់ពួកគេដើម្បីគុណតម្លៃនៅទីនេះ គឺក្នុងប្រទេសអូស្ត្រាលីនេះឯង។
មនុស្សម្នាក់ដែលរងនូវការចោទប្រកាន់ពីតុលាការកម្ពុជាគឺលោក ហុង លីម ដែលលោកគឺជាមិត្តភក្តិរបស់ខ្ញុំម្នាក់។ លោកគឺជាអតីតតំណាងរាស្ត្រប្រចាំរដ្ឋមួយនៅអូស្ត្រាលី។ លោកមានកំណើតកើតជានៅកម្ពុជា។ ខ្ញុំគិតថា លោកគឺជាពលរដ្ឋដើមកំណើតខ្មែរដំបូងគេបង្អស់ដែលបានជាប់ឆ្នោតជាតំណាងរាស្ត្រនៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនៃក្រុមប្រទេសលោកខាងលិច។ អស់រយៈពេល ២០ឆ្នាំ លោកបានបម្រើការងារប្រកបដោយកិត្តិយស តែលោកត្រូវបានរបបលោក ហ៊ុន សែន ចោទប្រកាន់ដោយសារតែលោកគ្រាន់តែនិយាយការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ដូច្នេះ ផ្អែកលើកត្តាអស់ទាំងនេះ ខ្ញុំផ្ទាល់ខ្លួនឯង ព្រមទាំងតំណាងរាស្ត្រដទៃទៀតនៃរដ្ឋសភាអូស្ត្រាលី ក៏អាចទទួលរងនូវបទចោទព្រហ្មទណ្ឌពីសំណាក់លោក ហ៊ុន សែន ដូចគ្នានឹងលោក ហុង លីម យ៉ាងដូច្នេះដែរ។ អញ្ចឹង ការចោទប្រកាន់បែបនេះពីសំណាក់លោក ហ៊ុន សែន ក៏អាចកើតឡើងនៅចក្រភពអង់គ្លេស នៅទីកន្លែងដទៃទៀតនៅជុំវិញពិភពលោក ហើយវាពិតជាមិនអាចទទួលយកបាននោះឡើយ៕
ពាក្យពេចន៍នៃបទសម្ភាសន៍នេះត្រូវបានកែសម្រួលដើម្បីឲ្យងាយយល់។

គេហទំព័ររចនាដោយ៖ ម៉ិញហា ឡេ (Minh-Ha Le)
-------------
កែសម្រួលអត្ថបទ (ភាសាអង់គ្លេស)៖ អេជ៍. ឡេអូ គីម (H. Leo Kim), ម៉ាត់ ផេនីងថុន (Mat Pennington)
-------------
រូបភាព៖ អាស៊ីសេរី
-------------
ផលិតដោយ៖ វិទ្យុអាស៊ីសេរី
© រក្សាសិទ្ធិគ្រប់យ៉ាងដោយវិទ្យុអាស៊ីសេរី ឆ្នាំ២០២១