លំនៅឋាន​តម្លៃ​ ៥ លាន​ដុល្លារ​ ជា​ឈ្នាន់​សម្រាប់​ហោះ​ទៅកាន់​សង្គម​អភិជន​ «ហៃ​សូ​» នៅ​ទី​ក្រុង​ឡុងដ៏​ របស់​ក្មួយស្រី​បង្កើត​លោក ហ៊ុន សែន​

ការ​ប្ដូរ​ទៅ​រស់នៅ​រាជធានី​នៃ​ប្រទេស​អង់គ្លេស​ បាន​អនុញ្ញាត​ឱ្យ​អ្នកស្រី​ ហ៊ុន​ ចន្ថា​ ប្រែធាតុ​ដើម​របស់​អ្នកស្រី​ចេញពី​រង្វង់​សែស្រឡាយ​លួច​ជាតិ​ ទៅ​ក្នុង​សង្គម​អភិជន​នៃ​ប្រទេស​លោក​ខាងលិច​

By Jack Davies

គណនី​ ​Instagram​ ​របស់​អ្នកស្រី​ ហ៊ុន​ ចន្ថា​ បង្ហាញ​ពី​ជីវិត​របស់​នាង​ អោយ​មើលទៅដូចជា​តារា​បង្ហាញ​ម៉ូដ​ ដែល​ថតរូប​មិន​ចេះ​ឆ្អែតឆ្អន់​។ ថ្ងៃ​ខ្លះ​គេ​ឃើញ​ក្មួយស្រី​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​ ដើរ​លើ​ស្ពាន​ ​Brooklyn​ ​ដ៏​ល្បីល្បាញ​នៅ​ទីក្រុង​ញូវយ៉ក (New York) ក្នុង​ឈុត​សំលៀកបំពាក់​ សិច​ស៊ី​ស្រើបស្រាល​។ ថ្ងៃ​ខ្លះ​ទៀត​ គេ​ឃើញ​នាង​ពាក់មួក​កន្តឹប​ ថតរូប​ជាមួយ​ប្តី​របស់​នាង​ ដែល​លោក​ជា​អ្នក​វិនិយោគ​លើ​វិស័យ​ធនាគារ​ នៅ​ឯ​ទីក្រុង​ទេសចរណ៍​វ៉ឺនីស​ (Venice​) ​ប្រទេស​អ៊ីតាលី​ ​(Italy​)។ ​ថ្ងៃ​ខ្លះ​ទៀត​ ប្តី​ប្រពន្ធ​ចូលចិត្ត​ថតរូប​នេះ​ ត្រូវ​គេ​ឃើញ​ស្លៀកពាក់​ចូលរួម​កម្មវិធី​អាហារ​ពេលល្ងាច​ លើ​រទេះភ្លើង​ល្បីឈ្មោះ​ ​Orient​ Express​។

ជា​កូនស្រី​របស់​លោក​ ហ៊ុន​ ណេង​ បងប្រុស​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អ្នកស្រី​ ហ៊ុន​ ចន្ថា​ ថតរូប​កំពុង​សេព​ស្រា​ក្រឡុក​ ​Cocktails​ ​ជាមួយ​តារា​ហូលីវូដ​នាង​ ​Lindsay​ Lohan​។ ​អ្នកស្រី​បាន​ថតរូប​ពេល​កំពុង​ជិះ​រថភ្លើង​ជាមួយ​និពន្ធ​នាយក​ទស្សនាវដ្ដី​ បង្ហាញ​ម៉ូដ​របស់​អង់គ្លេស​ ឈ្មោះ​ ​Vogue​។ ​អ្នកស្រី​ ក៏​ទទួល​បានការ​ស្វាគមន៍​ចូល​ក្នុង​សង្គម​អភិជន​ ដែល​មនុស្ស​សម័យ​ទំនើប​ហៅថា​ «ហៃ​សូ​» នៅ​ទី​ក្រុង​ឡុងដ៏​ ជាទី​ដែល​អ្នកស្រី​តាំងទីលំនៅ​ ក្នុង​លំនៅឋាន​ធំ​ស្កឹមស្កៃ​តម្លៃ​ ៥ លាន​ដុល្លារ​ និង​ចូលរួម​ក្នុង​កម្មវិធី​សប្បុរសធម៌​នានា​។


អ្នកស្រី​ ហ៊ុន​ ចន្ថា​ និង​ប្តី​ លោក​ Gerald​ Dupuis​ នៅ​ទីក្រុង​ វ៉ឺ​នីស​ (Venice​) ប្រទេស​អ៊ីតាលី​ (Italy​)។ ប្រភព​៖ Instagram​
អ្នកស្រី​ ហ៊ុន​ ចន្ថា​ និង​ប្តី​ លោក​ Dupuis​ ពិសា​អាហារ​ពេលល្ងាច​លើ​រទេះភ្លើង​ល្បីឈ្មោះ​ ​Orient​ Express​។ ប្រភព​៖ Instagram​
អ្នកស្រី​ ហ៊ុន​ ចន្ថា​ និង​ និពន្ធ​នាយក​ទស្សនាវដ្ដី​បង្ហាញ​ម៉ូដ​របស់​អង់គ្លេស​ Vogue​ លោក​ Edward​ Enniful​ ជិះ​រទេះ​ភ្លើង​ក្រោម​សមុទ្រ​ Eurostar​ ពី​ក្រុង​ឡុងដ៏​ទៅ​ក្រុង​ប៉ារីស​។ ​ប្រភព​៖ Instagram​

អ្នកស្រី​ ហ៊ុន​ ចន្ថា​ បាន​មក​រស់នៅ​ទី​ក្រុង​ឡុងដ៏​ ជាង​មួយ​ទសវត្សរ៍​ គឺ​ក្រោយពី​បាន​លែងលះ​ជាមួយ​លោក​ ឌី​ វិជ្ជា​ ដែល​សព្វថ្ងៃ​នេះ​ ជា​ឥស្សរជន​ជាន់ខ្ពស់​ម្នាក់​ទទួលបន្ទុក​ផ្នែក​សន្តិសុខ​នៅ​ក្រសួងមហាផ្ទៃ​។ អ្នកស្រី​បាន​ទៅ​រួមរស់​ជាមួយ​លោក​ ​Gerald​ Dupuis​ ​ជា​អ្នក​វិនិយោគ​លើ​វិស័យ​ធនាគារ​ និង​ជា​កូនកាត់​ខ្មែរ​-ប៊ែលហ្សិក។ ប្តី​ក្រោយ​របស់​អ្នកស្រី​នេះ​ ក៏​ជា​អ្នកស្នង​មរតក​ពី​អាណាចក្រ​ផ្គត់ផ្គង់​ម្ហូបអាហារ​ មាន​សែស្រឡាយ​អាជីវកម្ម​ជាមួយ​គ្រួសារ​ត្រកូល​ ហ៊ុន​។

ពួកគេ​សាង​ជីវិត​នៅ​លើ​គំនរ​នៃ​ភាព​ហ៊ឺហា​។ នៅ​ខែ​កញ្ញា​ ឆ្នាំ២០១១​ អ្នកស្រី​ ហ៊ុន​ ចន្ថា​ និង​ប្តី​លោក​ ​Dupuis​ ​បាន​ទិញ​លំនៅ​ដ្ឋាន​តម្លៃ​ ៣,៩៥​ លាន​ផោន​ (៥,១៨​ លាន​ដុល្លារ​) តាំងនៅ​ពីរ​ជាន់​ខាងលើ​បំផុត​ ដែល​សង់​ក្នុង​សតវត្ស​ទី​១៩​ នៅ​ទល់មុខ​អគារ​ស្នងការ​ជាន់ខ្ពស់​នៃ​ប្រទេស​ ហ្សំប៊ី​ (Zambian​ High​ Commission​) និង​ចម្ងាយ​មួយ​នាទី​ពី​ឧទ្យាន​ Hyde​ ដ៏​ល្បីល្បាញ​នៅ​ទី​ក្រុង​ឡុងដ៏​។ ពីរ​ឆ្នាំ​កន្លះ​ក្រោយមក​ទៀត​ ពួកគេ​បាន​ទិញ​យក​បន្ទប់​ជាន់ក្រោម​ដី​ ​នៃ​អគារ​ដដែល​នេះ​ ដោយ​ចំណាយ​ប្រាក់​ចំនួន​ ១,៣ លាន​ផោន​ (១,៣ លាន​ដុល្លារ​)។ លំនៅឋាន​ដែល​អ្នកស្រី​ ហ៊ុន​ ចន្ថា​ ទិញ​យក​មក​ធ្វើជា​កម្មសិទ្ធិ​នេះ​ ដំបូង​ឡើយ​ ត្រូវ​ភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស​ រ៉យទ័រ​ ​(Reuters​) ​រាយការណ៍​ កាលពី​ខែតុលា​ ឆ្នាំ២០១៩​។


សម្រង់​បញ្ជី​ប្លង់​កម្មសិទ្ធិ​អចលនទ្រព្យ​លំនៅឋាន​ដែល​អ្នកស្រី​ ហ៊ុន​ ចន្ថា​ និង​លោក​ Dupuis​ បាន​ទិញ​នៅ​ក្រុង​ឡុងដ៏​។ ប្រភព​៖ មន្ទីរ​សុរិយោដី​ HM​ Land​ Registry​

លំនៅឋាន​នេះ​ ជាទី​កន្លែង​ដ៏​ល្អឥតខ្ចោះ​មួយ​ ផ្ដល់​ឱកាស​អោយ​នាង​កែ​ប្រវត្តិរូប​របស់​នាង​ឡើងវិញ​។ គឺ​ការ​ប្រែក្លាយ​ធាតុ​ពី​ក្មួយស្រី​បង្កើត​នៃ​ជន​ផ្ដាច់​ការ​ ទៅជា​អ្នក​ដែល​អែប​ជាមួយ​នឹង​ក្រុម​តា​រា​ល្បី​ៗ និង​អ្នក​ដែល​មានមុខ​មាន​មាត់​ក្នុង​សង្គម​អភិជន​នៅ​ក្រុង​ឡុងដ៏​ និង​ថតរូប​ទន្ទឹមគ្នា​នឹង​ក្រុម​អ្នកមាន​ និង​អ្នកនយោបាយ​ដ៏​មាន​ឥទ្ធិពល​នៅ​រដ្ឋធានី​អង់គ្លេស​។

អ្នកស្រី​បាន​បង្ហាញមុខ​នៅ​ក្នុង​កម្មវិធី​មនុស្ស​ធម៌​ធំៗ​ បើ​ទោះជា​ដើម្បី​ចូលរួម​ក្នុង​ពិធី​បែបនេះ​បាន​ ត្រូវ​ចំណាយ​លុយ​សន្ធឹក​សន្ធាប់​បែប​ណា​ក៏ដោយ​។ នៅ​រដូវ​ផ្ការីក​ ឆ្នាំ២០១៥​ អ្នកស្រី​ ហ៊ុន​ ចន្ថា​ និង​ប្តី​ បាន​ចេញមុខ​ផ្ដល់​ប្រាក់​សម្រាប់​កម្មវិធី​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅ​ក្នុង​ក្លឹប​ផ្តាច់​មុខ​មួយ​ក្នុង​ទី​ក្រុង​ឡុងដ៏​ នៅ​ផ្លូវ​ ​Hertford​ ​ជាមួយ​សមាជិកសភា​អង់គ្លេស​ ដែល​នាំឲ្យ​ពួកគេ​ជួប​ជាមួយ​ក្រុម​អ្នកនយោបាយ​ ដែល​ជា​ស្ថាបនិក​បង្កើត​គណៈកម្មការ​ ​Westminster​ Autism​ Commission​។ ​ព្រឹត្តិការណ៍​នេះ​ បាន​រៀបចំ​ឡើង​ដោយ​នាង​ ​Tanja​ Gullestrup​ ​កូនស្រី​របស់​មហាសេដ្ឋី​ដឹកជញ្ជូន​ជនជាតិ​ដាណឺម៉ាក​ (Denmark) ម្នាក់​ ឈ្មោះ​ ​Per​ Gullestrup​ ​និង​ជា​ស្ថាបនិក​នៃ​មូលនិធិ​សប្បុរសធម៌​ ​The​ Giving​ Tree​ ​ដែល​ជា​អង្គការ​សប្បុរសធម៌​ដើម្បី​លើកកម្ពស់​ការយល់​ដឹង​អំពី​ជំងឺ​អូទីហ្ស៊ឹម​ ​(Autism​)។

សន្តាន​ចិត្តសប្បុរស​របស់​អ្នកស្រី​ ហ៊ុន​ ចន្ថា​ បាន​ធ្វើ​ឲ្យ​នាង​កាន់តែ​មានមុខ​មាន​មាត់​ ហើយ​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​សប្បុរសធម៌​លំដាប់​ខ្ពស់​ និង​ក្នុង​ពិធី​ជប់​លាង​រាំរែក​ ដែលគេ​អាច​ផឹក​ស្រា​ Champagne​ ដោយសេរី​ ហើយដែល​ជា​ឱកាស​ដល់​ក្រុម​អភិជន​នៅ​ក្រុង​ឡុងដ៏​នាំគ្នា​បង្អួត​ឈុត​សំលៀកបំពាក់​ដ៏​ហ៊ឺហា​រ។


អ្នកស្រី​ ហ៊ុន​ ចន្ថា​ (ឆ្វេង​) ចូលរួម​ក្នុង​កម្មវិធី​ទទួលទាន​អាហារ​ថ្ងៃត្រង់​ក្នុង​ក្លឹប​ផ្តាច់​មុខ​មួយ​ក្នុង​ទី​ក្រុង​ឡុងដ៏​ តំបន់​ Mayfair​ ផ្លូវ​ ​Hertford​។ អ្នកចូលរួម​ក្លឹប​នេះ​ត្រូវ​បង់ថ្លៃ​សមាជិកភាព​ ១.៨០០​ ផោន​ (ឬជាង​ ២.៣៥០​ ដុល្លារ​) ក្នុង​មួយ​ឆ្នាំ​។ ប្រភព​៖ មូលនិធិ​ The​ Giving​ Tree​ Foundation​
អ្នកស្រី​ ហ៊ុន​ ចន្ថា​ (ស្តាំ​) ចូលរួម​ក្នុង​កម្មវិធី​ charity​ masked​ ball​ ប្រព្រឹត្តិ​ទៅ​នៅ​សាលា​ Eaton​ House​ pre​ school​។ ប្រភព​៖ មូលនិធិ​ The​ Giving​ Tree​ Foundation​
អ្នកស្រី​ ហ៊ុន​ ចន្ថា​ (ស្តាំ​) ចូលរួម​ក្នុង​កម្មវិធី​ charity​ masked​ ball​ ប្រព្រឹត្តិ​ទៅ​នៅ​សាលា​ Eaton​ House​ pre​ school​។ ប្រភព​៖ មូលនិធិ​ The​ Giving​ Tree​ Foundation​

កាលពី​ ​ខែមិថុនា​ ឆ្នាំ២០១៧​ អ្នកស្រី​ បាន​ជួប​ជាមួយ​នឹង​តារា​ហូលីវូដ​ដ៏​ល្បីឈ្មោះ​ដើរតួ​ក្នុង​រឿង​ «Mean​ Girls​» គឺ​នាង​ Lindsay​ Lohan​។ នេះ​គឺជា​ក្លឹប​ “សម្ងាត់​បំផុត​មួយ​” នៅ​ទី​ក្រុង​ឡុងដ៏​ ដែល​តែងតែ​ទទួល​ភ្ញៀវ​ ភាគច្រើន​ជា​សែស្រឡាយ​រាជវង្ស​ និង​កំពូល​មហាសេដ្ឋី​ និង​បុគ្គល​ដទៃ​ទៀត​ ដែល​អាច​មានលទ្ធភាព​បង់ថ្លៃ​សមាជិក​ប្រចាំ​ឆ្នាំ​ ក្នុង​តម្លៃ​ ១,៨០០​ ផោន​ (២,៣៦១​ ដុល្លារ​) ក្នុង​មួយឆ្នាំ​។ ប៉ុន្តែ​ ការ​ជួបជុំ​ជាមួយ​នឹង​តារា​ល្បី​ៗ​របស់​ប្តី​ប្រពន្ធ​មួយ​គូរ​នេះ​ គឺជា​រឿង​ធម្មតា​របស់​ពួកគេ​។


អ្នកស្រី​ ហ៊ុន​ ចន្ថា​ និង​តា​រាហូ​លី​វូ​ដដ៏​ល្បីឈ្មោះ​ដើរតួ​ក្នុង​រឿង​ “Mean​ Girls​” គឺ​នាង​ Lindsay​ Lohan​ អង្គុយ​រួម​តុ​គ្នា​នៅ​ក្លឹប​ផ្តាច់​មុខ​មួយ​នៅ​ផ្លូវ​ ​Hertford​ ដែលគេ​ស្គាល់​ថា​ជា​ក្លឹប​ “សម្ងាត់​បំផុត​មួយ​”។ ប្រភព​៖ Instagram​


កាលពីដើម​ឆ្នាំ​ ២០១២​ ប្តី​ប្រពន្ធ​មួយ​គូរ​នេះ​ បាន​ដាក់ពាក្យ​ប្ដឹង​តារា​ហូលីវូដ​ លោក​ ​Rick​ Yune​ ​ក្នុង​ជម្លោះ​មួយ​ទាក់ទង​នឹង​រឿងរ៉ាវ​ទិញ​កាបូបយួរ​ដៃ​ប្រណិត​។ លោក​ Rick​ Yune​ គឺជា​តួ​សម្ដែង​ ក្នុង​រឿង​ប្រណាំង​រថយន្ត​របស់​ហូលីវូដ​ «Fast​ and​ Furious​» ហើយ​ជា​តួ​ចិត្តអាក្រក់​នៃ​កូរ៉េខាងជើង​ តទល់​នឹង​ James​ Bond​ ក្នុង​រឿង​«Die​ Another​ Day​»។

គេហទំព័រ​និយាយ​រឿង​តារា​ៗ​ ឈ្មោះ​ ​TMZ​ ​រាយការណ៍​ថា​ លោក​ ​Yune​ ​រង​ការចោទប្រកាន់​ពី​បទ​ឆរ​បោក​ ប្តី​ប្រពន្ធ​នៅ​ទី​ក្រុង​ឡុងដ៏​នេះ​ ក្នុង​ទឹកប្រាក់​ជិត​២សែន​ដុល្លារ​ ($១៩៨​,០០០​) ដោយសារតែ​មិនបាន​ប្រគល់​កាបូបយួរ​ដៃ​យី​ហោរ​ ​Hermes​ Birkin​ ​ចំនួន​ ៨។ ​កាលណោះ​ វែបសាយត៍​ ​TMZ​ ​ពុំ​បាន​បញ្ជាក់​ថា​ ដើម​បណ្ដឹង​ម្នាក់​ក្នុងចំណោម​ដើម​បណ្ដឹង​ទាំងពីរ​ គឺជា​ក្មួយស្រី​បង្កើត​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​នោះ​ទេ​។

កាបូបយួរ​ដៃ​យី​ហោរ​ ​Birkin​ ​តំណាង​ឲ្យ​និមិត្តរូប​នៃ​អំណាច​ក្នុងចំណោម​ក្រុម​តារា​បង្ហាញ​មូដ​ និង​អ្នក​សម្ញែង​ទ្រព្យ​សម្បត្តិ​ល្បី​ៗ។ អតិថិជន​ជាច្រើន​នាក់​ត្រូវ​ចុះឈ្មោះ​ក្នុង​បញ្ជី​រង់ចាំ​យូរឆ្នាំ​គ្រាន់បើ​ ដើម្បី​គ្រាន់តែ​ទទួល​បាន​ឱកាស​ទិញ​កាបូបយួរ​ដៃ​មួយ​ក្នុង​តម្លៃ​មធ្យម​ ​$៦០​,០០០​ ដុល្លារ​។

នៅ​ខែតុលា​ ឆ្នាំ២០១១​ អ្នកស្រី​ ហ៊ុន​ ចន្ថា​ ចង់​ទិញ​កាបូបយួរ​ដៃ​ប្រភេទ​នេះ​ ចំនួន១០​។



យោង​តាម​ឯកសារ​របស់​មេធាវី​របស់​អ្នកស្រី​ ដែល​បាន​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ​ប្រចាំ​តំបន់​ ​Los​ Angeles​ ​បាន​អោយ​ដឹង​ថា​ អ្នកស្រី​បាន​ព្រមព្រៀង​គ្នា​ជាមួយ​លោក​ ​Yune​ ​ពី​ដំបូង​ឡើយ​ ចង់​ទិញ​កាបូបយួរ​ដៃ​ប្រភេទ​នេះ​ចំនួន​ ៨ ពី​លោក​ ក្នុង​តម្លៃ​សរុប​ជិត​២សែន​ដុល្លារ​ ($១៩៧​,៨០០​)។ ​នៅ​ខែ​បន្ទាប់​ អ្នកស្រី​បាន​ព្រមព្រៀង​ទិញ​កាបូបយួរ​ដៃ​ប្រភេទ​នេះ​ចំនួន​ពីរ​បន្ថែម​ទៀត​ ក្នុង​តម្លៃ​ជិត​១សែន​ដុល្លារ​ (៩៥.០០០​ ដុល្លារ​)។

គ្មាន​ភាគី​ណាមួយ​នៅ​ក្នុង​សំណុំ​រឿង​នេះ​ ​ ជំទាស់​ថា​ កាលពី​ចុងខែ​តុលា​ អ្នកស្រី​ ហ៊ុន​ ចន្ថា​ បាន​ផ្ទេរ​ប្រាក់​អោយ​លោក​ ​Yune​ ​ក្នុង​ចំនួន​ជិត​ ២សែន​ដុល្លារ​ (១៩៨​,០០០​ ដុល្លារ​) សម្រាប់​តម្លៃ​កាបូបយួរ​ដៃ​ទាំង​ ៨ ដំបូង​នេះ​ទេ​។ ​ពួកគេ​ក៏​មិន​ជំទាស់​នឹង​ការណ៍​ដែល​ថា​ កាលពី​ខែធ្នូ​ ឆ្នាំ២០១១​ លោក​ ​Yune​ ​បាន​ជួប​ជាមួយ​តំណាង​របស់​អ្នកស្រី​ ហ៊ុន​ ចន្ថា​ នៅ​ឯ​ទីក្រុង​ ឌូបៃ​ ប្រទេស​អារ៉ាប់រួម​ ​(United​ Arab​ Emirates​) ​ដើម្បី​ប្រគល់​កាបូបយួរ​ដៃ​ទាំង​ ១០​ នេះ​នោះ​ដែរ​។

អ្វី​ដែល​អ្នកស្រី​ ហ៊ុន​ ចន្ថា​ និង​លោក​ ​Dupuis​ ​បាន​ខ្វែង​យោបល់​គ្នា​នោះ​ គឺ​នៅត្រង់​ថា​ លោក​ ​Yune​ ​បាន​សន្យា​ថា​ កាបូប​ទាំងនោះ​ជា​កាបូប​សុទ្ធ​ ហើយ​ថា​លោក​អាច​បញ្ជាក់​ថា​របស់​ទាំងអស់​នោះ​ជា​ទំនិញ​សុទ្ធ​ ឥត​ក្លែងក្លាយ​។ ក៏ប៉ុន្តែ​ ក្រោយមក​ គ្មាន​ការ​ផ្ទៀងផ្ទាត់​ណាមួយ​នោះ​ទេ​។



ចំណែក​ឯ​លោក​ ​Yune​ ​វិញ​ លោក​បាន​ប្ដឹង​ទាស់​ដោយ​បាន​កត់សំគាល់​នៅ​ក្នុង​ឯកសារ​តាម​ផ្លូវ​ច្បាប់​របស់​លោក​ថា​ អ្នកស្រី​ ហ៊ុន​ ចន្ថា​ គឺជា​កូនចៅ​សែស្រឡាយ​ផ្ទាល់​នៃ​របប​ខ្មែរក្រហម​ ដោយសារ​ពូ​បង្កើត​របស់​អ្នកស្រី​ គឺ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ គឺជា​អតីត​មេបញ្ជាការ​ និង​កម្មាភិបាល​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម​ ហើយ​លោក​បាន​ផ្ដាច់​ខ្លួន​ពី​របប​នេះ​កាលពី​អំឡុង​ឆ្នាំ១៩៧៧​។

ក្រុម​មេធាវី​របស់​លោក​ ​Yune​ ​អះអាង​ថា​ អ្នកស្រី​ ហ៊ុន​ ចន្ថា​ និង​ប្ដី​របស់​គាត់​ បាន​បោកប្រាស់​លោក​ ​Yune​ ​ចំនួន​ ៩៥​,០០០​ ដុល្លារ​ ដោយសារ​ពួកគេ​នៅ​ជំពាក់​ថ្លៃ​កាបូបយួរ​ដៃ​ចំនួន​ពីរ​ចុងក្រោយ​។ ​ក្រុម​មេធាវី​ដដែល​នេះ​ ក៏បាន​ចោទប្រកាន់​ដែរ​ថា​ ប្តី​ប្រពន្ធ​មួយ​គូរ​នេះ​ បាន​ប៉ុនប៉ង​ធ្វើ​ឲ្យ​ប៉ូលិស​ចាប់ខ្លួន​លោក​ ​Yune​ ​ហើយ​បរិហារ​កេរ្តិ៍​លើ​រូប​គាត់​ ដោយ​ភ្ជាប់​លោក​ ​Yune​ ​ទៅ​នឹង​សកម្មភាព​ឧក្រិដ្ឋ​ ទៅដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ការពិត​នៅ​ពីក្រោយ​ការណ៍​ដែល​ថា​ អ្នកណា​ជា​អ្នក​ប្រព្រឹត្តិ​កំហុស​ ហើយ​ប្រព្រឹត្តិ​ដោយ​របៀបណា​នោះ​ មិន​ត្រូវ​បាន​គេ​លាតត្រដាង​ឲ្យដឹង​ជា​សាធារណៈ​នៅឡើយ​ទេ​។



កាលពី​ខែមីនា​ ឆ្នាំ២០១៥​ អ្នកស្រី​ ហ៊ុន​ ចន្ថា​ និង​លោក​ ​Dupuis​ ​បាន​សុខចិត្ត​ទម្លាក់​ចោល​រឿង​ក្ដីក្ដាំ​របស់​ពួកគេ​ មុន​ពេល​ដែល​ចៅក្រម​សម្រេច​សេចក្ដី​លើ​អង្គហេតុ​នៃ​រឿង​នេះ​។ ​ទាំង​លោក​ ​Yune​ ​និង​ទាំង​ក្រុម​មេធាវី​របស់​លោក​នៅ​ក្នុង​ដំណើររឿង​ក្ដីក្ដាំ​នេះ​ មិនបាន​ឆ្លើយតប​ ផ្ដល់​អត្ថាធិប្បាយ​លើ​រឿង​នេះ​ទេ​។

ចាប់តាំង​ពី​ពេលនោះ​មក​ អ្នកស្រី​ ហ៊ុន​ ចន្ថា​ បាន​បង្ហាញ​ពី​ភាព​ប្រយ័ត្នប្រយែង​ ក្នុង​ការ​បង្ហាញ​រូបភាព​របស់​អ្នកស្រី​នៅ​លើ​បណ្ដាញ​សង្គម​ ​Instagram​។ អ្នកស្រី​បាន​បង្កើន​ចំនួន​មិត្តភ័ក្ដិ​នៅ​ទី​ក្រុង​ឡុងដ៏​ ដោយ​អ្នកស្រី​មិនសូវ​និយាយ​អំពី​រឿងរ៉ាវ​ទាក់ទង​នឹង​មរតក​របស់​ក្រុម​គ្រួសារ​អ្នកស្រី​នោះ​ទេ​។

កាលពី​ខែតុលា​ ឆ្នាំ២០១៧​ អ្នកស្រី​ បាន​អង្គុយ​ក្បែរ​តារា​កំប្លែង​លោក​ ​Jimmy​ Carr​ ក្នុង​ពេល​កំពុង​ទទួលទាន​អាហារ​ថ្ងៃត្រង់​បែប​ស៊ីផឹក​មួយ​ នៅ​ឯ​ភោជនីយដ្ឋាន​មួយ​នៅ​តំបន់​អភិជន​ ​Mayfair​ ​ដែល​ស្រា​មួយ​ដប​អាច​មានតម្លៃ​ដល់ទៅ​ ២០​,០០០​ ផោន​ (២៦​,២៣៣​ ដុល្លារ​)។

គេ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ ថា​តើ​ប្តី​អ្នកស្រី​ ហ៊ុន​ ចន្ថា​ បាន​អម​ដំណើរ​អ្នកស្រី​ចូលរួម​ទទួលទាន​អាហារ​ថ្ងៃត្រង់​ នា​ពេលនោះ​នោះ​ទេ​។ ​ទោះ​យ៉ាងណា​ ប្រសិនបើ​ប្តី​អ្នកស្រី​ ទៅ​ជាមួយ​អ្នកស្រី​ នោះ​ប្ដី​របស់​អ្នកស្រី​ និង​លោក​ ​Carr​ ​ទំនងជា​អាច​មានរឿងរ៉ាវ​សម្ងាត់​ត្រូវ​និយាយ​គ្នា​ហើយ​។ គឺ​ពួកគេ​ទាំងពីរ​នាក់​នេះ​ហើយ​ ជា​អតិថិជន​នៃ​ផែនការ​រត់ពន្ធ​មិនបាន​សម្រេច​ដ៏​ធំ​មួយ​ ដែលគេ​អោយ​ឈ្មោះថា​ផែនការ​ Rushmore​។

នៅ​ឆ្នាំ២០១២​ លោក​ ​Carr​ ​រង​ការរិះគន់​ជា​សាធារណៈ​ក្នុង​សារព័ត៌មាន​អង់គ្លេស​ ដោយសារតែ​បាន​ចូលរួម​ពាក់ព័ន្ធ​ក្នុង​ផែនការ​រត់ពន្ធ​ Rushmore​ នេះ​។ គម្រោងការ​នេះ​ នឹង​ជួយ​ពួកគេ​ឲ្យ​គេច​ពន្ធ​ក្នុង​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ​ ក្នុង​ម្នាក់ៗ​ ក្រោម​រូបភាព​ផ្ទេរ​ប្រាក់ចំណូល​របស់​ពួកគេ​ ចូល​ទៅ​ក្នុង​មូលនិធិ​សប្បុរសធម៌​ និង​ក្រុមហ៊ុន​ឯនាយ​សមុទ្រ​។

អាជ្ញាធរ​ពន្ធ​នៃ​ចក្រភព​អង់គ្លេស​ បាន​បញ្ឈប់​គម្រោងការ​របស់​ពួកគេ​នេះ​ នៅមុន​ពេល​ដែល​ពួកគេ​អាច​ផ្ទេរ​លុយ​បាន​ដោយ​ជោគជ័យ​ សូម្បីតែ​មួយ​សេន​នៃ​លុយ​រាប់​សិប​លាន​ផោន​របស់​ពួកគេ​តាមវិធី​នេះ​។ របាយការណ៍​ជាបន្តបន្ទាប់​ចេញ​ដោយ​គណៈកម្មការ​សប្បុរសធម៌​ អង់គ្លេស​ និង​វែលហ្ស៍​ (Charity​ Commission​ of​ England​ and​ Wales​) បាន​បង្ហាញ​ពី​បរាជ័យ​ដ៏​អា​ម៉ាស​នៃ​គម្រោងការ​នេះ​។

របាយការណ៍​ដដែល​សរសេរ​ឈ្មោះ​ក្រុមហ៊ុន​ ​Romangate​ Limited​ ​ជា​ក្រុមហ៊ុន​អង់គ្លេស​ ថា​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​គម្រោងការ​នេះ​។ ​ទាំង​លោក​ ​Carr​ ​និង​ ​លោក​ ​Dupuis​ ​គឺជា​នាយក​ក្រុមហ៊ុន​ ​Romangate​។



យ៉ាងណាក៏ដោយ​ អ្នកស្រី​ ហ៊ុន​ ចន្ថា​ នៅតែ​រីករាយ​ក្នុង​ការ​បង្ហាញ​ពីរ​បៀប​របប​រស់​នៅ​ដ៏​ហ៊ឺហា​របស់​អ្នកស្រី​ ដល់​ក្រុម​អ្នកគាំទ្រ​របស់​អ្នកស្រី​ចំនួន​ ៥២​,០០០​ នាក់​នៅ​លើ​បណ្ដាញ​សង្គម​ ​Instagram​។ ​អ្នកស្រី​បាន​បង្ហោះ​រូបថត​របស់​អ្នកស្រី​ជាមួយ​ក្រុម​គ្រួសារ​ ថត​ដោយ​ជាង​ថតរូប​ម៉ូដែល​អាជីព​។ ​ជាង​ថតរូប​ទាំងនោះ​ ធ្វើដំណើរ​តាម​អ្នកស្រី​ ហ៊ុន​ ចន្ថា​ និង​លោក​ ​Dupuis​ ​ចាំ​ផ្ដិត​យក​រូបភាព​ពួកគេ​ប្រណី​តៗ​នៅ​ឯ​ទី​សម្រាកកាយ​ជនបទ​នៅ​ទីក្រុង​ញូវយ៉ក​ (New York) ឬ​ជិះ​រថភ្លើង​ ​Orient​ Express​។

នៅ​ក្នុង​ទំព័រ​ ​Instagram​ ​របស់​អ្នកស្រី​ ហ៊ុន​ ចន្ថា​ អ្នកស្រី​បាន​ថតរូប​សែលហ្វី​ ជាមួយ​តារា​ហូលីវូដ​ ​Goldie​ Hawn​ ​និង​តារា​ចម្រៀង​ប៉ប់​ (Pop) លោក​ ​Boy​ George​។ ក្នុង​នោះ​ ក៏​មាន​រូបថត​ផ្លូវការ​ចាប់ពី​ខែធ្នូ​ ឆ្នាំ២០១៦​ នៅ​ព្រះបរមរាជវាំង​ រាជធានី​ភ្នំពេញ​ នៅ​ពេល​ដែល​ក្រុម​គ្រួសារ​នេះ​ បាន​ចូល​គាល់​ព្រះមហាក្សត្រ​ខ្មែរ​ នរោត្តម​ សីហមុនី​។

អ្នកស្រី​ ហ៊ុន ចន្ថា​ ចូល​គាល់​ព្រះមហាក្សត្រ​ នរោត្តម​ សីហមុនី​ នៅ​ព្រះបរមរាជវាំង​ រាជធានី​ភ្នំពេញ។ ប្រភព៖ Instagram

អ្នកស្រី​ ហ៊ុន​ ចន្ថា​ និង​លោក​ ​Dupuis​ ​មិន​បាន​ឆ្លើយតប​ទៅនឹង​ការ​សុំ​អត្ថាធិប្បាយ​លម្អិត​លើ​រឿងរ៉ាវ​ទាំងអស់​នេះ​នោះ​ទេ​។ យ៉ាងណាក៏ដោយ​ ការ​ចំណាយ​ពេល​ជាមួយ​តា​រា​ល្បី​ៗ និង​រូប​ថត​បង្ហាញ​មូដ​ដ៏​សម្បើម​របស់​ពួកគេ​ អាច​ធ្លាក់​ចូល​ទៅ​ក្នុង​គន្លង​មួយ​។ ​ អ្នកនិពន្ធ​សៀវភៅ​ MoneyLand​ លោក​ Oliver​ Bullough​ សរសេរ​ថា​មនុស្ស​ស្រករក្រោយ​ ដែល​ជា​កូនចៅ​របស់​វណ្ណៈ​អ្នកដឹកនាំ​នៅ​ក្នុង​ប្រទេស​ផ្ដាច់ការ​ តែងតែ​ចម្លង​តាម​វប្បធម៌​របស់​តា​រា​ល្បី​ៗ។

លោក​ ​Bullough​ ​បាន​និយាយ​ថា​ “វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​សម្រាប់​កូនចៅ​នៃ​សែស្រឡាយ​លួច​ជាតិ​ ក្លាយ​ជា​តារា​លើ​បណ្ដាញ​សង្គម​ ​Instagram​ ​។ ​ពួកគេ​គិត​ថា​ វា​ទំនង​ដូចជា​ជំនឿ​ដែល​ថា​ "ប្រសិនបើ​ខ្ញុំ​ថតរូប​ទាំងអស់​ ហើយ​មាន​អ្នកថតរូប​ដើរ​ហែហម​តាមខ្ញុំ​ ពេលនោះ​ខ្ញុំ​នឹង​មាន​ភាព​ល្បីល្បាញ​"។ ​ដោយ​មិន​ដឹង​អំពី​មូលហេតុ​ដែល​ថា​អ្នកថតរូប​ដើរ​តាម​តា​រា​ល្បី​ៗ​បែបនេះ​ តាមពិត​ទៅ​ពួកគេ​ល្បីឈ្មោះ​រួចជាស្រេច​ហើយ​នោះ​” ។

សាស្ត្រាចារ្យ​ផ្នែក​ការទូត​ និង​កិច្ចការ​ពិភពលោក​ នៅ​មហាវិទ្យាល័យ​ ​Occidental​ College​ ​នៅ​ក្រុង​ ​Los​ Angeles​ ​បណ្ឌិត​ អៀ​ សុផល​ ហៅ​ការប៉ុនប៉ង​លុបលាង​កេរ្តិ៍ឈ្មោះ​របស់​អ្នកស្រី​ ហ៊ុន​ ចន្ថា​ នេះ​ ថា​ជា​រឿង​ឥតប្រយោជន៍​។ លោក​ថា​ "អ្នកស្រី​មាន​បាបកម្ម​ពី​កំណើត​ នោះ​គឺ​បាបកម្ម​នៃ​គ្រួសារ​ត្រកូល​ហ៊ុន​។” លោក​បន្ត​ថា​ “នាង​មិន​អាច​គេច​ផុត​ពី​បាបកម្ម​នេះ​បាន​ឡើយ​” ៕