Russia Report


ទីក្រុងឡុងដ៏ កន្លែង​ដែល​ពួក​អ្នក​មាន​អំណាច​ខ្មែរ​កំពុង​ដើរតាម​គន្លង​ឧក្រិដ្ឋជន​រុស្ស៊ីរបស់​វិមាន​ក្រឹមឡាំង


ដោយ៖ ហ្សាក់ ដេវី

«របាយការណ៍​អំពី​រុស្ស៊ី» របស់​ចក្រភព​អង់គ្លេស បង្ហាញថា ទីក្រុងឡុងដ៍​គឺជា​ឋានសួគ៌​របស់​សែស្រឡាយ​អ្នក​លួច​ជាតិ ដែល​នេះ​អាច​ជា​មូលហេតុ​ធ្វើឲ្យ​ទីក្រុង​មួយ​នេះ ក្លាយជា​កន្លែង​ទាក់ទាញ​ពួក​អ្នក​មាន​អំណាច​ក្នុង​នយោបាយ​ខ្មែរ យក​លុយ​លួច​ជាតិ​​ដ៏​មហាសាល​របស់​ពួកគេ​ទៅ​លាក់ទុក​យ៉ាង​មាន​សុវត្ថិភាព។

គណៈកម្មាធិការ​កិច្ចការ​សម្ងាត់​នៃ​រដ្ឋសភា​អង់គ្លេស កាលពី​ពេល​ថ្មីៗ​នេះ​ បាន​លើក​ឡើង​អំពី​វិធីសាស្ត្រ​ដែល​ប្រទេស​រុស្ស៊ី (Russia) របស់​លោក​ប្រធានាធិបតី វ្លាឌីមៀ ពូទីន (Vladimir Putin) ពង្រីក​ឥទ្ធិពល​ប្រកបដោយ​គ្រោះថ្នាក់​របស់​ពួកគេ​នៅ​ក្នុង​ចក្រភព​អង់គ្លេស។ ការពង្រីក​ឥទ្ធិពល​នេះ មិនមែន​ធ្វើឡើង​ត្រឹមតែ​តាមរយៈ​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ និង អំពើ​ចារកម្ម​ដ៏​ប្រល័យ​តែ​ប៉ុណ្ណេះ​នោះទេ។ របាយការណ៍​របស់​គណៈកម្មាធិការ​រដ្ឋសភា​អង់គ្លេស​ដដែល ក៏បាន​ពិនិត្យមើល​ពី​វិធីសាស្ត្រ​ដែល​ភ្នាក់ងារ និង​សម្ព័ន្ធមិត្ត​គ្រាក់ៗ​របស់​លោក ពូទីន ហើយ​សំខាន់​ជាងគេ​នោះ​គឺ ពិនិត្យមើល​ពី​ទឹកប្រាក់​របស់​ពួកគេ ដែល​បាន​បញ្ជ្រាប​ចូល​ទៅក្នុង​ជីវិត​ពាណិជ្ជកម្ម សង្គម និង​នយោបាយ​នៅ​ទីក្រុង​ឡុងដ៏ និង​អំពី​របៀប​ដែល​ភាពងាយ​រងគ្រោះ​នៅ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ច្បាប់ និង​ពាណិជ្ជកម្ម​របស់​ចក្រភព​អង់គ្លេស កំពុងតែ​ធ្វើឱ្យ​ទីក្រុង​មួយ​នេះ ក្លាយ​ជា​ឋានសួគ៌​សម្រាប់​សែស្រឡាយ​អ្នកលួច​ជាតិ និង​បរិវារ​របស់​ពួកគេ​នៅ​ទូទាំង​ពិភពលោក។

បើគេ​និយាយ​អំពី​រឿងរ៉ាវ​លុយកាក់ និង​ឥទ្ធិពល​វិញ អ្វីដែល​គេ​ហៅថា «ពួកអ្នក​មាន​អំណាច​ខ្មែរ» ក៏​ហាក់​ដូចជា​កំពុងតែ​ដើរតាម​គន្លង​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ពួក​ឧក្រិដ្ឋជន​ជនជាតិ​រុស្ស៊ី​ទាំងនេះ​នោះទេ។ ក្នុងអំឡុងពេល​នៃ​ការបន្ត​ស៊ើបអង្កេត​របស់​អាស៊ីសេរី​ទៅ​លើ​អចលនទ្រព្យ​នៅ​ក្រៅ​ប្រទេស ដែល​ចេះ​តែ​បន្ត​កើនឡើង​ដូច​ភ្នំ​ដោយ​ក្រុម​គ្រួសារ​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​អាម៉ីអាថោង​របស់​លោក​នោះ ទីក្រុងឡុងដ៏​បាន​លេច​ធ្លោរ​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ ក្លាយ​ជា​កន្លែង​ដែល​ពួកគេ​និយម​យក​លុយ​លួច​ជាតិ​ទៅ​លាក់ទុក។ សាច់ញាតិ​របស់​មេដឹកនាំ​កម្ពុជា​រូប​នេះ និង​បុគ្គល​ទាំងឡាយ​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​រដ្ឋអំណាច​ផ្ដាច់ការ​របស់​លោក កំពុង​ទាញ​យក​អត្ថប្រយោជន៍​ពី​បទប្បញ្ញត្តិ​បែប​ធូរ​រលុង​របស់​ចក្រភព​អង់គ្លេស ដើម្បី​លាក់ទុក​ទ្រព្យសម្បត្តិ​មហាសាល​របស់​ពួកគេ ក្រោម​រូបភាព​ជា​ការវិនិយោគ​លើ​អចលនទ្រព្យ​នៅ​ទីក្រុងឡុងដ៏ ដែល​មិន​សូវ​ជា​មាន​ការសួរនាំ​ដេញដោល​ខ្លាំង​ពី​អាជ្ញាធរ​របស់​ប្រទេស​មួយនេះ។


គោលនយោបាយ​បើកទ្វារ​ចំហ ក្នុង​តម្លៃ​ប្រកប​ដោយ​គ្រោះថ្នាក់​មួយ

នៅឆ្នាំ១៩៩៤ ចក្រភព​អង់គ្លេស បាន​ដាក់ចេញ​នូវ​កម្មវិធី «ទិដ្ឋការ​សម្រាប់​វិនិយោគិន» ដែល​អនុញ្ញាត​ឱ្យ​ជនបរទេស​ណា​ក៏ដោយ​ដែល​មាន​បំណង​ចង់​វិនិយោគ​លុយ ២លានផោន (២,៥ លានដុល្លារ) ទៅក្នុង​សេដ្ឋកិច្ច​របស់​អង់គ្លេស អាច​ស្នាក់នៅ​ក្នុង​ប្រទេសនេះ​បាន​រយៈពេល ៣ឆ្នាំ ៤ខែ។ របាយការណ៍​អំពី​រុស្ស៊ី អះអាង​ថា ការចេញ​លិខិត​អនុញ្ញាត​ដ៏​មាន​តម្លៃ ឲ្យ​រស់នៅ​ក្នុង​ប្រទេស​អង់គ្លេស​បែបនេះ ដែល​ត្រូវ​គេ​ស្គាល់ថា​ជា «ទិដ្ឋាការ​ប្រភេទទី១ (សម្រាប់​វិនិយោគិន)» គឺជា​មធ្យោបាយ​ដ៏​សំខាន់​ក្នុង​ការទាក់ទាញ​ជនជាតិ​រុស្ស៊ី ដែល​មាន​ទ្រព្យស្តុកស្តម្ភ​ឲ្យ​មក​រស់នៅ​ក្នុង​ប្រទេស​អង់គ្លេស។ ២០ឆ្នាំ​ក្រោយមក ចក្រភព​អង់គ្លេស បាន​ផ្តល់​ទិដ្ឋាការ​ដល់​វិនិយោគិន​ជា​ជនជាតិ​រុស្ស៊ី​សរុប​ចំនួន ១២០រូប គ្រាន់​តែ​ក្នុង​ឆ្នាំ២០១៤ តែមួយ​ឆ្នាំ។

នៅ​ឆ្នាំ​បន្ទាប់ ក្នុង​ឆ្នាំ២០១៥ រដ្ឋាភិបាល​អង់គ្លេស​បាន​ផ្តល់​ទិដ្ឋាការ​ប្រភេទ​នេះ​ដល់​នាង នេត ធីតាច័ន្ទធីម៉ា ដែល​កាលនោះ​ស្ត្រី​រូបនេះ​មាន​វ័យ ២០ឆ្នាំ​នៅឡើយ ដែល​នាង​គឺជា​កូនស្រី​បង្កើត​របស់​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន និង​ប្រពន្ធ​ឈ្មោះ ហ៊ុន គឹមឡេង ដែល​ត្រូវ​ជាក្មួយ​ស្រី​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។


HunKimleng-NethSavoeun-NethVichhuna
លោក នេត សាវឿន និង​កូនស្រី​ពីរ​នាក់​របស់​លោក ​គឺ​នេត ធីតាច័ន្ទធីម៉ា និង​ នាង នេត ធីតាវិឈុណា ក្នុង​រូបថត​បង្ហោះ​នៅ​លើ​ទំព័រ​អ៊ីនស្តាក្រាម (Instagram) ​របស់​នាង ធីតាវិឈុណា។

យោងតាម​ការចុះ​ផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ (Reuters) លោក នេត សាវឿន ប្រពន្ធ និង​កូនៗ​ទាំងបី​នាក់​របស់​លោក ដោយសារ​តែ​រង​ការចោទ​ប្រកាន់​ពី​ការរំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ក្នុង​ការកាង​អំណាច​ឲ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ត្រូវ​ក្រសួង​ការបរទេស​អាមេរិក មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ចាប់តាំង​ពី​ឆ្នាំ២០១៧​មក ព្រោះតែ​លោក​បាន​ចូលរួម​ចំណែក «ធ្វើឱ្យ​អន្តរាយ​ដល់​លទ្ធិប្រជាធិបតេយ្យ» ដែល​បម្រាម​នេះ​បាន​រារាំង​ពួកគេ​មិន​ឱ្យ​ជាន់​ទឹកដី​អាមេរិក​បាន។

រដ្ឋាភិបាល​អង់គ្លេស​ហាក់​ដូចជា​មិន​សូវ​ខ្វាយខ្វល់​នឹង​បញ្ហា​នេះ​ប៉ុន្មាន​នោះទេ។ នាង នេត ធីតាច័ន្ទធីម៉ា បន្ត​រស់នៅ​ទីក្រុងឡុងដ៍ កន្លែង​ដែល​បច្ចប្បុន្ន​នាង​កំពុង​រៀន​បន្ត​យក​សញ្ញាបត្រ​ថ្នាក់បណ្ឌិត ហើយ​ដែល​ក្រុម​គ្រួសារ​របស់​នាង​ជារឿយៗ​បាន​ទៅ​លេង​នាង​នៅ​ទីនោះ។

ទោះយ៉ាងណា របាយការណ៍​អំពី​រុស្ស៊ី បាន​រកឃើញ​ថា កម្មវិធី​ទិដ្ឋាការ​សម្រាប់​វិនិយោគិន ត្រូវការ «ការកែសម្រួល​ឡើងវិញ»។ ការណ៍នេះ​បង្ហាញ​ឲ្យ​ឃើញថា មាន​មនុស្ស​មាន​ប្រវត្តិ​មិនល្អ​ជាច្រើន​កំពុង​ព្យាយាម​ចូល​ទៅ​កាន់​ចក្រភព​អង់គ្លេស តាម​ច្រក​ទ្វារ​ខាងក្រោយ​មួយនេះ។

របាយការណ៍ លើកឡើង​ថា «ចាំបាច់​ត្រូវ​មាន​វិធីសាស្ត្រ​រឹងមាំ​បន្ថែម​ទៀត ក្នុង​ដំណើរការ​អនុម័ត​ផ្តល់​ទិដ្ឋាការ​ប្រភេទ​នេះ» ។


«របៀបវារៈ​ដើម្បី​ភាពរុងរឿង»

ទិដ្ឋាការ​សម្រាប់​វិនិយោគិន គឺជា​ផ្នែក​មួយ​នៃ​ភាពងាយ​រងគ្រោះ​ជាច្រើន ដែល​ត្រូវ​អ្នកនិពន្ធ​នៃ​របាយការណ៍​អំពី​រុស្ស៊ី ពណ៌នា​ថា​ ជា «របៀបវារៈ​ដើម្បី​ភាពរុងរឿង» របស់​រដ្ឋាភិបាល​អង់គ្លេស។

នៅ​ពីក្រោយ​របៀបវារៈ​នេះ គឺ​ផលប្រយោជន៍​ដល់​ការពង្រីក​សេដ្ឋកិច្ច​របស់​ចក្រភព​អង់គ្លេស ដែល​តម្រូវ​ឲ្យ​ប្រទេស​មួយ​នេះ​ស្វាគមន៍​មូលធន​ពី​បរទេស ចូល​មក​ក្នុង​ទីផ្សារ​អចលនទ្រព្យ និង​ការវិនិយោគ​នៅ​ទីក្រុង​ឡុងដ៏​របស់​ខ្លួន ដោយ​ឆ្លងកាត់​ការពិនិត្យ​ពិច័យ ឬ​បទប្បញ្ញត្តិ​បន្តិចបន្តួច។

របាយការណ៍​ដដែល​អះអាង​ថា «មាន​សំណួរ​មួយ​ចំនួន» ដែល​គេ​អាច​សួរនាំ​ពាក់ព័ន្ធនឹង​ប្រភព​ដើម​នៃ​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​ទាំងនេះ» ។


hunsen-laundering-money
ពួក​អ្នក​មាន​វណ្ណៈ​ខ្ពស់​នៅ​កម្ពុជា បាន​ជះ​លុយ​ដ៏​មហាសាល​របស់​ពួកគេ​ទៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ដ៏​ប្រណីត​នៅ​ទីក្រុង​ឡុងដ៏​ ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ។

របាយការណ៍​បន្ត​ថា វិធីសាស្ត្រ​បែបនេះ «ផ្តល់​នូវ​យន្តការ​ល្អ​ឥតខ្ចោះ អនុញ្ញាត​ឲ្យ​ហិរញ្ញវត្ថុ​ខុសច្បាប់ អាច​ត្រូវ​បាន​គេលាង ឬ​បង្វិល​តាមរយៈ​អ្វីមួយ​ដែល​គេ​ហៅថា​ ជា «ម៉ាស៊ីន​លាងលុយ» នៅ​ទីក្រុង​ឡុងដ៏។

សមាសធាតុ​សំខាន់​មួយ​នៃ​ម៉ាស៊ីន​លាងលុយ​នោះ គឺ​ទីផ្សារ​អចលនទ្រព្យ​ដ៏​ប្រណីត​របស់​ទីក្រុង​មួយ​នេះ ជាទី​ដែល​ពួក​អ្នក​មាន​វណ្ណៈ​ខ្ពស់​នៅ​កម្ពុជា បាន​យក​លុយ​ដ៏​មហាសាល របស់​ពួកគេ​ទៅ​ចាក់​បញ្ចូល​ស្ទើ​តែ​មិន​គួរ​ឲ្យជឿ។

កាល​ពី​ខែកញ្ញា ឆ្នាំ២០១៧ បងស្រី​របស់​នាង នេត ធីតាច័ន្ធធីម៉ា ដែល​ជា​មន្រ្តី​បម្រើ​ការងារ​នៅ​ក្រសួង​ការបរទេស​កម្ពុជា គឺ​នាង នេត ធីតាវិឈុណា បាន​ទិញ​ផ្ទះប្រណីត​ពីរ​ល្វែង​ជាប់គ្នា​នៅ​តំបន់ ឃែនស៊ីងតុន (Kensington)ក្នុងតម្លៃ ៥,៥ លានផោន (៦,៩ លានដុល្លារ)។ ប្លង់​សម្គាល់​កម្មសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​នេះ ដែល​អាស៊ីសេរី​ទទួល​បាន បង្ហាញ​ឲ្យ​ឃើញថា ស្ត្រីវ័យ ២៤ ឆ្នាំ​រូបនេះ បាន​ទិញ​អចលនទ្រព្យ​នោះ ដោយ​គ្មាន​កម្ចី​ពី​ធនាគារ​សូម្បី​តែ​មួយ​សេន ពោលគឺ​នាង​បាន​ប្រើ​លុយ​សុទ្ធ​សរុប​ជិត ៧ លានដុល្លារ នៅ​ពេល​ទិញ​ផ្ទះ​ប្រណីត​ទាំងនោះ។

នៅ​ក្នុង​បទសម្ភាសន៍​កាល​ពីពេល​ថ្មីៗ​នេះ​ជាមួយ អាស៊ីសេរី បណ្ឌិត លី ម័រហ្គេនបេសឺរ (Lee Morgenbesser) នៃ​សកលវិទ្យាល័យ ហ្គ្រីហ្វីត (Griffith University) នៃ​ប្រទេស​អូស្ត្រាលី មាន​ប្រសាសន៍​ថា នៅ​ពេល​ណា​ដែល​លុយ​វាល់​លាន​ដុល្លារ​ចាកចេញ​ពី​កម្ពុជា លុយ​ទាំង​នោះ ទំនង​ជា​បាន​មក​ពី​ប្រភព​កខ្វក់។

អ្នកនិពន្ធ​សៀវភៅ​អំពី​របប​ផ្តាច់ការ​នៅ​អាស៊ីអាគ្នេយ៍ បណ្ឌិត លី ម័រហ្គេនបេសឺរ បន្តថា «ប្រសិន​បើ​ចំនួន​ទឹកប្រាក់​នោះ ចេញ​មក​ពី​ប្រភព​ណាមួយ​មក​ពី​តំបន់​អាស៊ីអាគ្នេយ៍ លើកលែង​តែ​ប្រទេស​សិង្ហបុរី នោះ​លុយ​ទាំងនោះ​ទំនងជា​លុយ​កខ្វក់​បាន​មក​ពី​អំពើពុករលួយ បក្ខពួកនិយម ឬ​អំពើកិបកេង​លុយរដ្ឋ» ។


Neth Vichhuna deeds
ប្លង់​សម្គាល់​កម្មសិទ្ធិ​កាន់​កាប់​អចលនទ្រព្យ​ពីរ​កន្លែង​នៅ​ទីក្រុង​ឡុងដ៏​របស់​នាង នេត ធីតាវិឈុណា កូនស្រី​បង្កើត​របស់​មេ​ប៉ូលីស​កម្ពុជា លោក នេត សាវឿន។

គិតត្រឹម​ពេល​ចេញ​ផ្សាយ​អត្ថបទ​នេះ ទាំង​នាង នេត ធីតាវិឈុណា និង​ទាំង​នាង នេត ធីតាច័ន្ទធីម៉ា មិន​បាន​ឆ្លើយតប​ទៅនឹង​ការស្នើ​សុំ​អត្ថាធិប្បាយ​លម្អិត​ជុំវិញ​រឿង​នេះទេ។


លុយ​ដើម្បី​ប្រែ​ធាតុ​ចូល​ទៅ​កាន់​សង្គមហៃសូ​នៅ​ចក្រភព​អង់គ្លេស

ឆ្លៀតឱកាស​ពី​ការមិន​ធ្វើ​ដំណើរ​ខ្វាត់ខ្វែង​ជុំវិញ​ពិភពលោក​តាម​ជើង​យន្ដហោះ​ឯកជន​នោះ មីង​របស់​ស្ត្រី​ទាំង​ពីរនាក់​នេះ គឺអ្នកស្រី ហ៊ុន ចន្ថា រស់នៅ​ចម្ងាយ​តែ ៥០ម៉ែត្រ ពី​កន្លែង​របស់​នាង នេត​ ធីតាវិឈុណា កំពុង​រស់នៅ គឺ​នៅ​ក្នុង​ផ្ទះល្វែង​ប្រណីត​មួយ​ដែល​មាន​តម្លៃ​លើស​ពី ៥ លានដុល្លារ។ ដូច​ដែល​បាន​រៀបរាប់​លម្អិត​នៅ​ក្នុង​សេចក្តីរាយការណ៍​ស៊ើបអង្កេត​របស់​អាស៊ីសេរី ផ្សាយ​កាលពី​ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ នៅពេល​ដែល​រស់នៅ​ក្នុង​រាជធានី​របស់​ប្រទេស​អង់គ្លេស អ្នកស្រី ហ៊ុន ចន្ថា មមាញឹក​ណាស់​ចូលរួម​ក្នុង​កម្មវិធី​សប្បុរសធម៌​សង្គម។ ជារឿយៗ គេឃើញ​អ្នកស្រី​តែង​ថតរូប​សម្ញែង​បង្អួត​មុខមាត់​របស់​អ្នកស្រី​នៅ​ក្នុង​កម្មវិធី​សប្បុរសធម៌​សង្គមហៃសូ កន្លែង​ដែល​មនុស្ស​សង្គមហៃសូ​ផឹកស្រា​សំប៉ាញ ហើយ​នាំគ្នា​និយាយ​ពី​រឿង​បរិច្ចាគ​លុយ​សប្បុរសធម៌។

ទោះយ៉ាងណា នៅ​ទីក្រុងឡុងដ៍ ពេលខ្លះ​សូម្បី​តែ​កម្មវិធី​បរិច្ចាគ​លុយ​សប្បុរសធម៌​ក៏ដោយ ក៏នៅ​តែ​អាច​មាន​ចំណុច​អាក្រក់​របស់​វាដែរ នេះ​បើ​យោង​តាម​របាយការណ៍​អំពីរុស្ស៊ី។ អ្នកនិពន្ធ​បានរក​ឃើញថា លុយ​ដែល​មាន​ប្រភពដើម​គួរ​ឱ្យ​សង្ស័យ​ជាច្រើន បាន​មក​ដល់​រាជធានី​របស់​ចក្រភព​អង់គ្លេស ជារឿយៗ ត្រូវ​គេ​បង្ហូរ​ចូល​ទៅក្នុង​កម្មវិធី​សប្បុរសធម៌​សង្គម ដែល​គេហៅ​ថា​ជា​កម្មវិធី​ដើម្បី «លុបលាង​កេរ្តិ៍ឈ្មោះ»។ ដោយ​ជះ​លុយ​ទាំងដុលៗ​របស់​ពួកគេ​ទៅលើ​អង្គការ​សប្បុរសធម៌ វប្បធម៌ និង នយោបាយ បុគ្គល​គួរ​ឱ្យ​សង្ស័យ​ដែល​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​លោក វ្លាឌីមៀ ពូទីន អាច​ទទួល​បាន​នូវ​ការឈរជើង​ដ៏​រឹងមាំ​នៅក្នុង​មជ្ឈដ្ឋាន​សង្គម នយោបាយ និង​ជំនួញ​របស់​អង់គ្លេស។

សេចក្តីរាយការណ៍​ស៊ើបអង្កេត​របស់​អាស៊ីសេរី បាន​រក​ឃើញ​ថា កាលពី​ឆ្នាំ២០១៥ អ្នកស្រី ហ៊ុន ចន្ថា ដែល​ត្រូវជា​ក្មួយស្រី​បង្កើត​របស់​លោក ហ៊ុន សែន បាន​ចេញលុយ​បង់ថ្លៃ​កម្មវិធី​អាហារ​ថ្ងៃត្រង់​ដើម្បី​រៃអង្គាស​ប្រាក់​សប្បុរសធម៌ ឲ្យ​តំណាងរាស្ត្រ​អង់គ្លេស​មួយចំនួន។


Hun-Chantha-Neth-Vichhuna-in-London
នាង នេត ធីតាវិឈុណា (ស្តាំ) ថត​ជាមួយ​មីង​របស់​នាង គឺ​អ្នកស្រី ហ៊ុន ចន្ថា (កណ្តាល) និង​នាង ហ៊ុន ចន្ធូ (ឆ្វេង) នៅ​ខាងមុខ​វិមាន​រដ្ឋសភា​អង់គ្លេស​ដ៏​ល្បីល្បាញ​នៅ​ទីក្រុង​ឡុងដ៏ បង្ហោះ​នៅ​លើ​ទំព័រ​អ៊ីនស្តាក្រាម (Instagram) ​របស់​នាង ធីតាវិឈុណា។

សមត្ថភាព​របស់​ឥស្សរជន​បរទេស​ដែល​ជះលុយ​របស់​ពួកគេ ដើម្បី​បាន​មុខមាត់ និង​មាន​វត្តមាន​ផ្ទាល់​ជាមួយ​អ្នកនយោបាយ​អង់គ្លេស តាមរយៈ​ការបរិច្ចាគ​ប្រាក់​នេះ ផ្តល់ឱ្យ​ពួកគេ​មកវិញ​នូវ​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ក្រុម​អ្នកធ្វើ​គោលនយោបាយ​របស់​ប្រទេស​នេះ នេះ​បើយោង​តាម​អ្នកនិពន្ធ​សៀវភៅ «ដែនដី​​ប្រាក់៖ រឿងរ៉ាវ​ផ្ទៃក្នុង​​របស់​​បក្ខពួក​​សែស្រឡាយ​​អ្នកលួច​​ជាតិ​ ដែល​កំពុង​ក្តោបក្តាប់​ពិភពលោក» របស់​លោក អូលីវើ ប៊ូឡ័រ (Oliver Bullough)។

លោក ប៊ូឡ័រ ប្រាប់​អាស៊ីសេរី​ថា «ប្រសិនបើ​អ្នក​អាច​សន្ទនា​គ្នា​បាន​តែ ១០នាទី ជាមួយ​នរណា​ម្នាក់ ហើយ​ពួកគេ​ពន្យល់​ប្រាប់​ពីអ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​នោះ នោះ​អ្នក​ទំនង​ជា​មើលឃើញ​ពី​ទស្សនៈ​របស់​មន្ត្រី​អង់គ្លេស​ទាំងនោះ»។

លោកបន្តថា «នោះហើយ​ជា​មូលហេតុ​ដែល​សមនឹង​ចំណាយ​លុយ​ដ៏​សន្ធឹកសន្ធាប់ ដើម្បី​ទទួលបាន​កន្លែង​អង្គុយ​មួយ​រួម​តុ​ជាមួយ​រដ្ឋមន្រ្តី ឬ​អ្នកមុខ​អ្នកការ​អង់គ្លេស ព្រោះនេះ​មិនមែន​ជា​ការសូកប៉ាន់​ពួកគេ​នោះទេ តែ​វា​គ្រាន់តែ​ជា​ការសួរនាំ​ ដើម្បី​ចង់ដឹង​អំពី​ទស្សនៈ​របស់​ពួកគេ ហើយ​វាជា​រឿងរ៉ាវ​ទទួល​បាន​ជោគជ័យ​ដ៏អស្ចារ្យ។»


កន្លែង​ដែល​ពុករលួយ​ខ្លាំង​ជាងគេ​បំផុត​នៅ​លើ​ភព​ផែនដី

បើ​និយាយ​តាម​បែប​ប្រពៃណី​វិញ កម្ពុជា និង​រុស្ស៊ី​គឺជា​កន្លែង​ពុករលួយ​ខ្លាំង​ឆ្ងាយ​ដាច់​ពី​ចក្រភព​អង់គ្លេស។ ការពិត​នៃ​រឿងរ៉ាវ​នេះ ត្រូវបាន​ឆ្លុះបញ្ចាំង​នៅក្នុង​ចំណាត់ថ្នាក់​ពិភពលោក ដូចជា​សន្ទស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ដែល​តាម​សន្ទស្សន៍​នោះ ចក្រភព​អង់គ្លេស ទទួល​បាន​ចំណាត់ថ្នាក់​លេខ ១២ ជា​ប្រទេស​មាន​ភាពប្រសើរ​ខាង​ប្រឆាំង​អំពើពុករលួយ ខណៈ​ទីក្រុងមូស្គូ ឈរ​នៅ​លេខរៀង​ទី១៣៧ រីឯ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី១៦២ ស្ទើរតែ​ជិត​បាត​តារាង​ជា​ប្រទេស​ប្រព្រឹត្តិ​អំពើពុករលួយ​ខ្លាំង ក្នុងចំណោម ១៩៨ប្រទេស។

ប៉ុន្តែ នៅឆ្នាំ២០១៦ អ្នកកាសែត​ដ៏​ល្បីឈ្មោះ​មួយរូប​របស់​ប្រទេសអ៊ីតាលី ដែល​ចូលចិត្ត សរសេរ​អត្ថបទ​ពី​រឿងរ៉ាវ​របស់​សង្គម​ម៉ាហ្វីយ៉ា គឺ​លោក រ៉ូប៊ឺតូ សាវីយ៉ាណូ (Roberto Saviano) និយាយថា អង់គ្លេស​ជា «កន្លែង​ពុករលួយ​បំផុត​នៅលើ​ភព​ផែនដី» ដោយសារ​តែ​ភាពងាយស្រួល​ ដែល​ផលលាភ​បាន​មក​ពី​ឧក្រិដ្ឋកម្ម​នានា អាច​ត្រូវ​បាន​គេ​លាងសម្អាត​យ៉ាង​មាន​សុវត្ថិភាព​នៅ​ក្នុង​ទីក្រុង​មួយនេះ។


transparency
ផ្អែកតាម​សន្ទស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ២០១៩​របស់​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ចក្រភព​អង់គ្លេស​ជាប់​ចំណាត់ថ្នាក់​លេខ ១២ មាន​ភាពប្រសើរ​ខាង​ប្រឆាំង​អំពើ​ពុករលួយ ផ្ទុយពី​ប្រទេស​រុស្ស៊ី​ជាប់លេខ ១៣៧ និង​កម្ពុជា​ជាប់​លេខ ១៦២ ស្ទើរ​តែ​ជិត​បាត​តារាង​ជា​ប្រទេស​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ខ្លាំង ក្នុង​ចំណោម ១៩៨ ប្រទេស។

លោក​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត ឌឺ ហ្គាដឌៀន (The Guardian) របស់​អង់គ្លេស ថា «ទីក្រុងឡុងដ៍ គឺជា​មជ្ឈមណ្ឌល​សំខាន់​ជាងគេ​មួយ សម្រាប់​បម្រើ​ឲ្យ​អំពើលាងលុយ​កខ្វក់​របស់​ឧក្រិដ្ឋជន ពោលគឺ​សំខាន់​ជាង​នៅកោះ កៃម៉ាន់ (Cayman Islands) ទៅទៀត» ដែល​លោក​ចង់​សំដៅ​ដល់​ឋានសួគ៌​ហិរញ្ញវត្ថុ​មួយ​ស្ថិត​នៅ​តំបន់​សមុទ្រ​ការីប៊ីន (Caribbean) ។

នៅ​ពេល​ដែល​ភាព​ហ៊ឺហារ​ឆើតឆាយ​ស៊ីវិល័យ​តាម​ដង​វិថីនានា​នៃ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នៅ​ទីក្រុងឡុងដ៍ ហាក់ដូចជា​ពិភព​មួយ​ដែល​នៅ​ឃ្លាតឆ្ងាយ​ពី​តំបន់​អាណាធិបតេយ្យ​លាយឡំ​ដោយ​ក្រុមជន​អន្ធពាល​ជើងកាង​យ៉ាងណា​ក៏ដោយនោះ ក៏​អំពើ​ហិង្សា​បែប​ឧក្រិដ្ឋ និង​អំពើពុករលួយ​នយោបាយ ដែល​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​របស់​ទីក្រុង​មួយនេះ បាន​ជួយ​រកប្រាក់​ចំណេញ​ខ្លាំង​ឲ្យ​នោះ កំពុង​តែ​ជះ​ក្លិន​មិន​ល្អដែរ។

សេចក្តីរាយការណ៍​បែប​ស៊ើបអង្កេត​មួយ​កាលពី​ឆ្នាំ២០១៧ របស់​បណ្តាញ​ព័ត៌មាន​អនឡាញ​ឈ្មោះ BuzzFeed ស្តីពី «ពី​ប្រទេស​រុស្ស៊ី​បាន​មក​ដោយ​ឈាម» បាន​លើកឡើង​នូវ​ការព្រួយបារម្ភ​ដែលថា ការស្លាប់​របស់​ជនបរទេស​ជា​ជនជាតិ​រុស្ស៊ី​ចំនួន ១៤នាក់ និង​សហការី​ជនជាតិ​អង់គ្លេស​របស់​ពួកគេ គឺជា​លទ្ធផល​នៃ​យុទ្ធនាការអំពើឃាតកម្ម​ដោយមាន​បញ្ជា​ផ្ទាល់​ពី​ទីក្រុងម៉ូស្គូ។ របាយការណ៍​អំពី​រុស្ស៊ី កត់សម្គាល់​ថា ប្រធាន​គណៈកម្មាធិការ​កិច្ចការ​មហាផ្ទៃ​របស់​រដ្ឋសភា​អង់គ្លេស បាន​ពណ៌នា​សេចក្តីរាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​អនឡាញ BuzzFeed ថា ធ្វើឡើង​ដោយ​ផ្អែកលើ «ភស្តុតាង​ពាក់ព័ន្ធ​ជាច្រើន​គួរឲ្យទុកចិត្ត»។

ពលរដ្ឋ​ខ្មែរ​ដែល​មាន​លុយកាក់​ច្រើន​ក្រាស់ក្រែល ហើយ​រងការចោទ​ប្រកាន់​ថា​មាន​អតីតកាល​ជាប់​ពាក់ព័ន្ធនឹង​ការប្រព្រឹត្តិ​អំពើហិង្សា ឬ​ឧក្រិដ្ឋកម្ម​នានា​នោះ បាន​លេច​មុខ​លេច​មាត់​ឡើង ជាបន្តបន្ទាប់​នៅលើ​ទឹកដី​នៃ​ទីក្រុង​ឡុងដ៍​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ ហើយ​ពួកគេ​ភាគច្រើន បាន​ទៅ​លេង​ផ្ទះល្វែង​ប្រណីត​នេះ​យ៉ាងហោចណាស់​ក៏​មួយ​កន្លែង​ដែរ​នៅ​តំបន់ ឃែនស៊ីងថុន នេះ ។

លោក នេត សាវឿន បាន​មក​លេង​ផ្ទះល្វែង​ប្រណីត​របស់​ប្រពន្ធ​លោក​ដែល​មាន​តម្លៃ ១,៩៥ លានផោន (២,៤ លានដុល្លារ) ដែល​ប្តីប្រពន្ធ​មួយ​គូរ​នេះ បានទិញ​នៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ឈាន​ចូល​វ័យ ៥០ ឆ្នាំ។ អង្គការ​ឃ្លាំមើល​សិទិ្ធ​មនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ហៅ​អគ្គស្នងការ​នគរបាល​ជាតិ​រូប​នេះ​ថា ជា​នាយឧត្តមសេនីយ «បាតដៃ​កខ្វក់» ក្នុងចំណោម នាយឧត្តមសេនីយ៍ «បាតដៃ​កខ្វក់១២រូប» របស់​ប្រទេសកម្ពុជា ដោយសារតែ​ប្រវត្តិ​តួនាទី​របស់ លោក ដែល​រង​ការចោទប្រកាន់​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តិ​អំពី​ទារុណកម្ម និង​អំពើប្រហារ​ជីវិត​មនុស្ស។


transparency
អចលនទ្រព្យ​នៅ​ទីក្រុង​ឡុងដ៏ ជា​កម្មសិទ្ធិ​របស់​ប្រពន្ធ​លោក នេត សាវឿន គឺ​អ្នកស្រី ហ៊ុន គឹមឡេង។

អស់រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​ប្អូនថ្លៃ​លោក នេត សាវឿន ត្រូវ​ប្រទេស​អូស្ត្រាលី បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ។ លោក​ត្រូវ​គេ​រាយការណ៍​មកថា ការបដិសេធ​នេះ គឺ​ដោយសារតែ​លោក​ជាប់​ពាក់ព័ន្ធ​នឹង​អំពើជួញដូរ​គ្រឿងញៀន។ ទោះបី​ជា​មាន​ការបដិសេធ​ម្តង​ហើយ​ម្តងទៀត​ទៅនឹង​ការចោទ​ប្រកាន់​បែបនេះ​ក៏ដោយ ក៏​លោក ហ៊ុន តូ មិនអាច​ធ្វើឱ្យ​ប្រទេស​មួយនេះ​ផ្លាស់ប្តូរ​ជំហរ​នេះ​ឡើយ​​ហើយ​ថ្មីៗនេះ កាលពី​ខែមេសា ក៏​មាន​ការអំពាវនាវ​ជាច្រើន​នៅ​រដ្ឋធានី​កង់បេរ៉ា (Canberra) ជំរុញឱ្យ​រដ្ឋាភិបាល​អូស្រ្តាលី​ដាក់ទណ្ឌកម្ម​មកលើ​រូបលោក។

ជាថ្មី​ម្តងទៀត ការព្រួយបារម្ភ​បែបនេះ​ទំនងជា​មិន​បាន​រារាំង​ដល់​លទ្ធភាព​របស់​លោក ហ៊ុន តូ ឲ្យ​លោក​អាច​ដើរលេង​បាន​តាម​ដង​វិថី​នានា​នៅ​ទីក្រុង​ឡុងដ៏ ជា​កន្លែង​ដែល​គេ​ឃើញ​រូប​លោក នៅក្នុង​រូបថត​កាលពី​ឆ្នាំ២០១៨។

រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស​កាល​ពីពេល​នោះ បាន​បញ្ចេញ​ព័ត៌មាន​ប្រាប់​រដ្ឋសភា​អង់គ្លេស​ថា កាលពី​ឆ្នាំមុន មាន​មន្ត្រី​ការទូត​ជនជាតិ​ខ្មែរ​មួយ​រូប ត្រូវ​បាន​ស្នើឱ្យ​ចាកចេញ​ពី​ចក្រភព​អង់គ្លេស បន្ទាប់​ពី​ប៉ូលីស​មូលដ្ឋាន បាន​ចោទ​ប្រកាន់​មន្ត្រី​ការទូត​រូបនោះ ពីបទ​«កាន់កាប់​អាវុធ​ដោយ​មាន​ចេតនា​បង្ក​ឲ្យ​មាន​របួសស្នាម»។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​សុំ​អត្ថាធិប្បាយ​ជុំវិញ​ឧប្បទ្ទវហេតុ​នេះ​ពី​ក្រសួង​ការបរទេស​របស់​ចក្រភព​អង់គ្លេស ប៉ុន្តែ​អ្នកនាំពាក្យ​ម្នាក់​បាន​និយាយ​ថា ពួកគេ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ករណី​បុគ្គល​នោះទេ។


ប្រទេស​ពីរ ប្រព័ន្ធ​តែមួយ

នៅក្នុង​សេចក្តីផ្តើម របាយការណ៍​អំពី​រុស្ស៊ី ពិពណ៌នា​ប្រទេស​រុស្ស៊ី​ថា ជា​ប្រទេស «ខ្លាំង​បំផុត ហើយ​ក៏​ទន់ខ្សោយ​បំផុត​ដែរ» ដោយ​ផ្សារភ្ជាប់​ភាពខ្លាំង​របស់​ប្រទេស​នេះ​ទៅនឹង​ជ័យជម្នះ​ក្នុង​សង្គ្រាមលោក​លើក​ទី២ និង​ឋានៈ​ជា​ប្រទេស​ដែល​ទទួលបាន​មរតក​ពី​សមិទ្ធិផល​របស់​អតីត​សហភាព​សូវៀត។ ប្រទេស​កម្ពុជា មិនមាន​ការអះអាង​ស្រដៀង​គ្នានេះ​ទេ ចំពោះ​ជ័យជម្នះ​របស់​ប្រទេស​មួយនេះ នាពេល​ថ្មីៗនេះ លើកលែង​តែ​ការបរាជ័យ​របស់​ពួក​ខ្មែរក្រហម ដែល​ភាគច្រើន​នៃ​អតីត​កម្មាភិបាល និង​មេបញ្ជាការ​នៃ​របប​នោះ ឥឡូវនេះ​បាន​បញ្ជ្រាប​ខ្លួន​ចូល​ទៅ​បម្រើ​ការងារ​ក្នុង​ជួរ​រដ្ឋាភិបាល​ជាមួយ​លោក ហ៊ុន សែន។ ប៉ុន្តែ ក្រុងភ្នំពេញ និង​ក្រុងម៉ូស្គូ មាន​លក្ខណៈ​ដូចគ្នា​ក្នុង​ទម្រង់​ជាច្រើន។

ក្នុងពេល​ផ្តល់​ភស្តុតាង​ដល់​គណៈកម្មាធិការ​កិច្ចការ​សម្ងាត់ និង​សន្តិសុខ​របស់​រដ្ឋសភា​អង់គ្លេស ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ចក្រភព​អង់គ្លេស បាន​ពិពណ៌នា​អំពី «ទំនាក់ទំនង​កខ្វក់​រវាង​ជំនួញ អំពើពុករលួយ និង អំណាច​រដ្ឋ​នៅក្នុង​ប្រទេស​រុស្ស៊ី»។ សេចក្តីថ្លែងការណ៍​ស្រដៀង​គ្នា​នេះ ក៏​គេ​អាច​និយាយ​សំដៅ​ដល់​ប្រទេស​កម្ពុជា​ដែរ ដែល​ភាពជោគជ័យ​ផ្នែកជំនួញ ជារឿយៗ តម្រូវ​ឲ្យ​មាន​ការបង់លុយ និង​សេវា​មិន​ចាំបាច់​នានា​បន្ត​កន្ទុយ​គ្នា​ដូចភ្នំ ដល់​បណ្តាញ​សែស្រឡាយ​អ្នកលួចជាតិ ដែល​មាន​លោក ហ៊ុន សែន ចាំ​ទទួល​ផលប្រយោជន៍​នៅ​ពី​លើកំពូល។

សម្ព័ន្ធមិត្ត​សំខាន់ៗ​គ្រាក់ៗ​ភាគច្រើន​របស់​លោក ពូទីន នៅ​ទីក្រុងឡុងដ៏ មាន​ប្រភព​ចេញ​មក ពី​អតីត​ជា​មិត្ត​រួមការងារ ឬ​សហការី​របស់​លោក នៅក្នុង​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេសរុស្ស៊ី។ ស្រដៀង​គ្នា​នេះ​ដែរ ក្រុមឥស្សរជន​ខ្មែរ​មួយចំនួន​ដែល​មាន​អចលនទ្រព្យ​នៅ​ទីក្រុងឡុងដ៏ ក៏​មាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ជាមួយ​រដ្ឋ​អំណាច​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ដែរ។


From Russia with Blood
សេចក្ដីរាយការណ៍​បែប​ស៊ើបអង្កេត​មួយ​កាលពី​ឆ្នាំ២០១៧ របស់​បណ្ដាញ​ព័ត៌មាន​អនឡាញ​ឈ្មោះ BuzzFeed ក្រោម​ចំណងជើង​ថា «ពី​ប្រទេស​រុស្ស៊ី​បាន​មក​ដោយ​ឈាម» ផ្តោត​ការចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​ការចោទប្រកាន់​ដែល​ថា​ យុទ្ធនាការ​នៃ​អំពើ​ឃាតកម្ម​នៅ​ប្រទេស​អង់គ្លេស ធ្វើឡើង​ក្រោម​បញ្ជា​ផ្ទាល់​ពី​ទីក្រុង​មូស្គូ។

មិនមែន​មានតែ​អ្នកស្រី ហ៊ុន គឹមឡេង និង នាង នេត ធីតាវិឈុណា ដែល​ត្រូវជា​ប្រពន្ធ និង​កូន​ស្រីរបស់​មន្រ្តី​ប៉ូលីស​ផុតលេខ​នៅ​កម្ពុជា​ត្រឹមនេះ​ទេ ដែល​មាន​ទ្រព្យសម្បត្តិ​រួមគ្នា​នៅ​ទីក្រុងឡុងដ៍ ក្នុង​តម្លៃ​សរុប​ជាង ១០ លានដុល្លារ​នោះ។ អ្នកស្រី ហ៊ុន ចន្ថា ជា​ម្ចាស់​អចលនទ្រព្យ​តម្លៃជិត ៧ លានដុល្លារ បើទោះ​ជា​ឥឡូវ​នេះ​អ្នកស្រី​បាន​រៀបការ​ម្តងទៀត​ក៏ដោយ ក៏​អ្នកស្រី​ធ្លាប់បាន​រៀបការ​ជាមួយ​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ នៃ​ក្រសួង​មហាផ្ទៃ​របស់​កម្ពុជា គឺ លោក ឌី វិជ្ជា ដែរ។ គ្មាន​អ្នកណា​ក្រៅតែ​ពី​លោក នេត សាវឿន ក្នុងមុខ​តំណែង​ជា​អគ្គស្នងការ​នគរបាលជាតិ ដែលជា​បងថ្លៃ​នាង ហ៊ុន ចន្ថា នោះទេ ជាអ្នក​ចុះ​ហត្ថលេខា​​ឯកភាព​សុំឲ្យ​មាន​ការតម្លើង​បុណ្យស័ក្តិ​ដល់​លោក ឌី វិជ្ជា។

របាយការណ៍​អំពី​រុស្ស៊ី ស្តែង​ឲ្យ​ឃើញ​ពី​ភាពស្រដៀង​គ្នា​នៃ​ការប៉ុនប៉ង​ប្រយុទ្ធប្រឆាំង​នឹង​ឥទ្ធិពល​ប្រកបដោយ​គ្រោះថ្នាក់​របស់​ពួកអ្នកមាន​អំណាច ឬ​ឥស្សរជន​ក្រុងមូស្គូ នៅ​ចក្រភព​អង់គ្លេស ដូច​ពាក្យ​ដែលថា «គោបាត់​ទើប​ធ្វើ​របង» យ៉ាង​ដូច្នោះដែរ។ តើ​បេសកកម្ម​របស់​ពួក​អ្នកមាន​អំណាច​ខ��មែរ ចេញ​ពី​ក្រុងភ្នំពេញ​ទៅកាន់​ទីផ្សារ​អចលនទ្រព្យ នៅ​តំបន់ ឃែនស៊ីងថុន នៃ​ក្រុងឡុងដ៏ ចក្រភព​អង់គ្លេស នឹង​បង្កើត​ឲ្យមាន​នូវ​លំនាំ​ដូចគ្នា នូវ​កន្លែង​ឈរជើង​ដ៏រឹងមាំ ដូចដែល​ក្រុមឧក្រិដ្ឋជន​រុស្ស៊ី​នៅ​តំបន់ មេយ៍ហ្វ៊ែរ (Mayfair) មក​ពី​ក្រុងម៉ូស្គូ កំពុង​តែ​ប្រព្រឹត្តិ​យ៉ាងដូច្នេះ ដែរឬទេ?




គេហទំព័រ​រចនា​ដោយ៖ Minh-Ha Le
-------------
ក្រាហ្វិក៖ Vince Meadows, Rebel Pepper
-------------
កែ​សម្រួល​អត្ថបទ (ភាសា​អង់គ្លេស)៖ H. Leo Kim, Mat Pennington
-------------
Photographs: RFA
-------------
រូបថត៖ RFA

© ផលិតដោយវិទ្យុអាស៊ីសេរី