
មេខ្លោងជនជាតិចិនជាឧក្រិដ្ឋជនរត់គេចខ្លួន ក្លាយជាម្ចាស់កាស៊ីណូជាមួយកូនប្រសារបស់សមាជិកព្រឹទ្ធសភាកម្ពុជា
ដោយ វិទ្យុអាស៊ីសេរី
ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១
ការស៊ើបអង្កេតរបស់ វិទ្យុអាស៊ីសេរី រកឃើញថា ការផ្សារភ្ជាប់ទំនាក់ទំនងនយោបាយនៅកម្ពុជាបានអនុញ្ញាតឱ្យជនជាតិចិនជាឧក្រិដ្ឋជនរត់គេចខ្លួន រួចផុតពីការតាមចាប់ដាក់គុក ហើយក្នុងពេលជាមួយគ្នានោះ ឧក្រិដ្ឋជនរូបនោះក៏កំពុងកសាងនូវអាណាចក្រអាជីវកម្មដ៏សម្បើមមួយនៅក្រុងព្រះសីហនុ។
លោក ស៊ូ អាយម៊ីន (Xu Aimin) ត្រូវបានតុលាការកាត់ទោសឱ្យជាប់គុកនៅប្រទេសចិនរយៈពេល ១០ឆ្នាំ កាលពីឆ្នាំ២០១៣ ដោយសារតែលោកបានធ្វើជាមេខ្លោងនៃល្បែងស៊ីសងអន្តរជាតិខុសច្បាប់មួយ ដែលអាចរកចំណូលបានប្រមាណ ១,៧៥ ប៊ីលានដុល្លារ (ពាន់លានដុល្លារ)។ ជាជាងជាប់គុកដោយសារឧក្រិដ្ឋកម្មដែលលោកបានប្រព្រឹត្ត លោកបែរជាបានចំណាយពេល ៨ឆ្នាំ ចុងក្រោយរបស់លោកកសាងនូវអាណាចក្រជំនួញដ៏ធំសម្បើមមួយនៅក្នុងប្រទេសកម្ពុជា ដែលរួមមានកាស៊ីណូដ៏ធំទូលាយមួយនៅទីក្រុងកំពង់ផែព្រះសីហនុ។
ឧក្រិដ្ឋជនរត់គេចខ្លួនដែលមានជំនាញខាងហិរញ្ញវត្ថុរូបនេះ ទទួលបានភាពជោគជ័យខាងពាណិជ្ជកម្ម និងមានសេរីភាពពេញលេញ ដោយសារតែបានផ្សារភ្ជាប់ទំនាក់ទំនងនយោបាយកម្រិតខ្ពស់នៅក្រុងភ្នំពេញ។ ការផ្សារភ្ជាប់ទំនាក់ទំនងនេះ ប្រហែលជាអាចបង្ហាញឱ្យឃើញកាន់តែច្បាស់នៅក្នុងរូបថតមួយសន្លឹកដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុក (Facebook) របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅកម្ពុជា។
នៅចំកណ្ដាលរូបថតដែលបានថតកាលពីខែធ្នូ ឆ្នាំ២០១៨ នៅមន្ទីរពេទ្យកុមារ គន្ធបុប្ផា រាជធានីភ្នំពេញ នោះគឺក្រដាសប្រាក់ ១០០ដុល្លារ ចំនួន ២ពាន់សន្លឹក តម្រៀបគ្នាដាក់នៅលើចានប្រាក់មួយ ប្រគល់ទៅឱ្យលោក ភីធឺ ស្រ៊ូឌឺរ (Peter Struder) ដែលកាលនោះជាប្រធានអគ្គនាយកនៃមន្ទីរពេទ្យនេះ។

នៅឈរអមលោក ភីធឺ ស្រ៊ូឌឺរ ហើយហុចចានប្រាក់ឱ្យគាត់ គឺលោក ស៊ូ អាយម៊ីន ក្នុងទឹកមុខចំណាស់ និងសំលៀកបំពាក់ឈុតពណ៌ត្នោត និងលោក ឫទ្ធី សំណាង ក្នុងទឹកមុខស្រស់ស្រាយ។ លោក ឫទ្ធី សំណាង ដែលមិត្តភក្តិរបស់លោកនិយមហៅលោកថា លោក «តិក» គឺជាកូនប្រសារបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច គឺលោក កុក អាន ដែលជាឈ្មួញអាជីវកម្មបារី និងកាស៊ីណូកាក់កបមួយរូបនាទសវត្ស ១៩៩០។
ឈរក្បែរលោក ស៊ូ អាយម៊ីន គឺជាសហគ្រិនជនជាតិចិនមករស់នៅកម្ពុជា លោក ស៊ូ ចុងជៀន (Su Zhongjian) ដែលលោកក៏ជាដៃគូអាជីវកម្មមួយរូបជាមួយឧកញ៉ា ទ្រី ភាព ដែលជាឈ្មួញឈើល្បីឈ្មោះកំពុងរងនូវទណ្ឌកម្មបង្កកទ្រព្យសម្បត្តិពីសហរដ្ឋអាមេរិក និងជាមនុស្សជំនិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ស៊ូ អាយម៊ីន លោក ឫទ្ធី សំណាង និងលោក ស៊ូ ចុងជៀន គឺជាម្ចាស់រួមគ្នានៃសណ្ឋាគារ និងកាស៊ីណូ KB (KB Hotel & Casino) នៅក្រុងព្រះសីហនុ និងក្រុមហ៊ុនវិនិយោគមួយឈ្មោះ RSX Investment Co., Ltd.។ អ្នកដែលធ្វើជាអធិបតីក្នុងពិធីប្រគល់ទទួលការបរិច្ចាគប្រាក់នោះ គឺលោក សៅ សុខា ដែលជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ឧក្រិដ្ឋជនរត់គេចខ្លួនពីការតាមចាប់ដាក់គុក
៨ឆ្នាំ មុននេះ បនល្បែងស៊ីសងនៅប្រទេសចិនរបស់លោក ស៊ូ អាយម៊ីន ដែលអាចរកចំណូលបានដល់ទៅរាប់ពាន់លានដុល្លារ បានជួបប្រទះនូវបញ្ហាជាច្រើន។ រឿងរ៉ាវចម្បងនៃបញ្ហានោះ គឺចំណាត់ការដាក់ចេញដោយអាជ្ញាធរក្រុងជីងចូវ (Jingzhou)។ ក្រុងនេះស្ថិតនៅតាមបណ្ដោយទន្លេយ៉ង់សេ (Yangtze River) ក្នុងខេត្តហ៊ូប៉ី (Hubei) ដែលត្រូវបានគេស្គាល់ដោយសារតែរូបសំណាកព្រះសង្គ្រាមធ្វើពីសំរឹទ្ធទម្ងន់ ១.២០០ តោន។

នៅខែតុលា ឆ្នាំ២០១០ ប៉ូលីសក្រុងជីងចូវ ត្រូវបានគេរាយការណ៍ឱ្យដឹងពីការបើកល្បែងកាស៊ីណូបាការ៉ាត់ (baccarat) អនឡាញ នៅក្នុងសណ្ឋាគារមួយនៅទីក្រុងនេះ។ ការលេងល្បែងស៊ីសង គឺជាទង្វើខុសច្បាប់នៅប្រទេសចិន ចាប់តាំងពីឆ្នាំ១៩៤៩ មក។ អាជ្ញាធរក្រុងនេះ បានបើកការស៊ើបអង្កេត ហើយបានតាមដានរកឃើញប្រភពដើមនៃការគ្រប់គ្រងល្បែងស៊ីសងនោះមានប្រភពចេញមកពីម៉ាស៊ីនប្រតិបត្តិការមេនៅខេត្តព្រះសីហនុនៃប្រទេសកម្ពុជា។
ពីរឆ្នាំក្រោយមកទៀត នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ អត្ថបទមួយដែលបានអួតអាងពីជោគជ័យនៃយុទ្ធនាការបង្ក្រាបបនល្បែងអនឡាញខុសច្បាប់នេះ បានចុះផ្សាយនៅក្នុងកាសែត ឆាយណា ដេលី (China Daily) ដែលបានប្រកាសពីការបិទ «បនល្បែងស៊ីសងអន្តរជាតិដ៏ធំមួយ» ដែលបនល្បែងនេះរកប្រាក់ចំណូលបាន ១១ ពាន់លានយ័ន (ស្មើនឹង ១,៧៥ ពាន់លានដុល្លារអាមេរិក)។ ក្នុងនោះភ្នាក់ងារល្បែងចំនួន ១២០ នាក់ ត្រូវបានរកឃើញនៅក្នុងប្រទេសចិនតែឯង ហើយជនសង្ស័យចំនួន ២៧នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ ដោយបានសាទរពីជោគជ័យនៃយុទ្ធនាការបង្ក្រាបនេះ កាសែតដែលគ្រប់គ្រងដោយរដ្ឋអំណាចចិននេះ បានជ្រើសរើសមិននិយាយលម្អិតនូវព័ត៌មានសំខាន់មួយ។ នោះគឺមេខ្លោងប្រតិបត្តិការល្បែងស៊ីសងខុសច្បាប់នេះ នៅមិនទាន់ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅឡើយទេ។
នៅក្រុងហុងកុង ដោយមានសាច់ប្រាក់បម្រុង
តាមពិតទៅ ត្រឹមតែមួយសប្តាហ៍មុនពេលដែលមានសេចក្តីរាយការណ៍ពីយុទ្ធនាការបង្ក្រាបបនល្បែងស៊ីសងនេះ លោក ស៊ូ អាយម៊ីន កំពុងស្ថិតនៅទីក្រុងហុងកុង ជាទីដែលលោកព្យាយាមបង្កើតក្រុមហ៊ុនថ្មីថ្មោងមួយ។
យោងតាមប្រភពពីអតីតបុគ្គលិកធុរកិច្ចម្នាក់របស់លោក ស៊ូ អាយម៊ីន ដែលសុំលាក់អត្តសញ្ញាណក្រោមហេតុផលបារម្ភពីកេរ្តិ៍ឈ្មោះជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវអាស្រូវនេះ ក្រុមហ៊ុនដែលដាក់ឈ្មោះថា អេម៊ីន ខេភីថល លីមីតធីត (Amin Capital Limited) ត្រូវបានបង្កើតឡើងដើម្បីទុកធ្វើជាមធ្យោបាយវិនិយោគលើក្រុមហ៊ុនបច្ចេកវិជ្ជាព័ត៌មានវិទ្យាទើបបង្កើតថ្មីមួយចំនួន។ ប្រភពដដែលបន្ថែមថា ភ្លាមៗនោះ លោក ស៊ូ អាយម៊ីន បានផ្លាស់ប្តូរចិត្តមួយរំពេចទៅវិញ ហើយលោកបាននិយាយថា លោក «មិនជឿទុកចិត្តលើអនាគតនៅក្នុងប្រទេសចិនទៀតឡើយ»។ ក្រុមហ៊ុននោះក៏ត្រូវបានលុបឈ្មោះទៅវិញនៅដើមឆ្នាំ២០១៤។


នៅខែមិថុនា ឆ្នាំ២០១៣ រយៈពេលតែ ៦ខែក្រោយពេលដែលក្រុមហ៊ុន អេម៊ីន ខេភីថល លីមីតធីត ត្រូវបានចុះបញ្ជីជាមួយអាជ្ញាធរក្រុងហុងកុង លោក ស៊ូ អាយម៊ីន បានជាប់ឈ្មោះនៅក្នុងនិវេទក្រហមរបស់ប៉ូលិសអន្តរជាតិ អាំងទែប៉ូល (Interpol Red Notice)។ និវេទក្រហមរបស់ប៉ូលិសអន្តរជាតិនេះ ពេលខ្លះត្រូវបានគេពណ៌នាថាជាដីកាតាមចាប់ខ្លួនអន្តរជាតិ។ យោងតាមឯកសាររបស់តុលាការ និវេទក្រហមនេះបានពណ៌នាលោក ស៊ូ អាយម៊ីន ថាជា «អគ្គនាយកនៃក្រុមហ៊ុនបនល្បែងស៊ីសងមួយ» ដែលត្រូវបានអាជ្ញាធរនៃប្រទេសចិនតាមប្រមាញ់ចាប់ខ្លួន «ក្រោយពីតុលាការនៃប្រទេសនេះបានកាត់ទោសលោកឱ្យជាប់គុក ១០ឆ្នាំ»។
នៅខែវិច្ឆិកា ឆ្នាំ២០១៣ អង្គចៅក្រមក្រុងហុងកុង បានចេញដីកាចាប់ខ្លួនលោក ស៊ូ អាយម៊ីន ជុំវិញបទចោទថា លោកបានលាងលុយកខ្វក់ជាង ៣០០ លានយ័ន (ស្មើនឹង ៤៦ លានដុល្លារអាមេរិក) ទទួលបានមកពីប្រាក់ចំណេញនៃការបើកបនល្បែងស៊ីសង បាការ៉ាត់ (baccarat) អនឡាញ តាមរយៈគណនីធនាគារចំនួន ៥ នៅសាខាធនាគារ HSBC ប្រចាំទីក្រុងហុងកុង។
សាលក្រមរបស់តុលាការនៅឆ្នាំ២០១៦ លាតត្រដាងថា គិតត្រឹមខែកក្កដា ឆ្នាំ២០១៣ គណនីទាំងអស់ ដែលក្នុងនោះគណនីចំនួន ៤ មានឈ្មោះលោក ស៊ូ អាយមីន ហើយគណនីទី៥ មានឈ្មោះក្រុមហ៊ុនមានមូលដ្ឋាននៅលើកោះ British Virgin Islands ដែលជាក្រុមហ៊ុនខ្មោចមានឈ្មោះតែនៅលើក្រដាស ហើយដែលលោកជាអ្នកគ្រប់គ្រង។ គណនីទាំងនេះមានទឹកប្រាក់សរុប ៦៥៤ លានដុល្លារហុងកុង (ស្មើនឹង ៨៤ លានដុល្លារអាមេរិក)។ ទិន្នន័យរបស់អាជ្ញាធរពន្ធដារក្រុងហុងកុង បង្ហាញថា ទោះបីជាលោក ស៊ូ អាយម៊ីន មានលុយយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងគណនីទាំងនេះនៅដែនដីហុងកុងយ៉ាងណាក៏ដោយក្តី ក៏លោក ស៊ូ អាយម៊ីន និងក្រុមហ៊ុនខ្មោចដែលមានឈ្មោះតែនៅលើក្រដាសដែលលោកគ្រប់គ្រងនេះ មិនបានប្រកាសពន្ធប្រចាំឆ្នាំក្នុងរយៈពេល ៧ឆ្នាំកន្លងទៅឡើយ។
ទឹកប្រាក់នៅក្នុងគណនីទាំងនោះបានក្លាយជាកម្មវត្ថុនៃការបង្កកទ្រព្យសម្បត្តិ ជុំវិញការសង្ស័យជាច្រើនថា វាគឺជាទឹកប្រាក់បានមកពីឧក្រិដ្ឋកម្មដែលមានការរៀបចំទុកជាមុន។ ទោះជាយ៉ាងណា លោក ស៊ូ អាយម៊ីន មិនដែលបានប្រគល់ខ្លួនដល់អាជ្ញាធរតាមដីកាចាប់ខ្លួននោះទេ។ ដូចដែលចៅក្រមនៅក្នុងសំណុំរឿងនេះបានកត់សម្គាល់យ៉ាងសោះកក្រោះថា លោក ស៊ូ អាយម៊ីន កំពុងរស់នៅទីកន្លែងផ្សេង។ លោក ស៊ូ អាយម៊ីន បានរត់គេចខ្លួនចេញពីក្រុងហុងកុងបានយ៉ាងងាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៣ ពោលគឺមួយខែមុនពេលដែលនិវាទក្រហមរបស់ប៉ូលិសអន្តរជាតិ អាំទែប៉ូល តម្រូវឱ្យអាជ្ញាធរមូលដ្ឋានតាមចាប់ខ្លួនលោក។
ចៅក្រម អែនឌ្រូ ចាន់ (Andrew Chan) បានសរសេរពន្យល់ថា «សម្រាប់លោក [ស៊ូ អាយម៊ីន] ហេតុផលល្អបំផុត គឺលោកជ្រើសរើសយកជម្រើសទៅរស់នៅក្នុងប្រទេសកម្ពុជា ជាប្រទេសមួយដែលអាជ្ញាធរនៅទីនោះមិនចាប់ខ្លួនលោកដើម្បីដំណើរការកាត់ក្តីក្តាំណាមួយឡើយ»។

វិស្សមកាលដ៏យូរអង្វែងនៅកម្ពុជា
ជាការគួរឱ្យកត់សម្គាល់ដែលថា លោក ស៊ូ អាយម៊ីន អាចសម្ងំរស់នៅក្នុងប្រទេសកម្ពុជាបានយ៉ាងយូរ ខណៈដីកាចាប់ខ្លួនលោកនៅជាធរមាននៅឡើយនៅក្នុងប្រទេសចិន និងនៅក្រុងហុងកុង។ នៅរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីចិន លោក ស៊ី ជីងពីង (Xi Jinping) សុទ្ធតែបាននិយាយសម្តៅដល់ទំនាក់ទំនងពិសេសរបស់ប្រទេសទាំងពីរជាសាធារណៈ ហើយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពណ៌នាកាលពីខែកក្កដា ឆ្នាំ២០២០ ថាជា «មិត្តភាពដែលមិនអាចមាននរណាមកបំបែកបំបាក់បាន»។
ការចូលរួមចំណែករបស់ចិនដល់មិត្តភាពនេះ កើតមានឡើងភាគច្រើនក្រោមទម្រង់ជារូបភាពនៃការវិនិយោគផ្ទាល់។ ចាប់តាំងពីការចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវឆ្លងទ្វីបរបស់ប្រទេសចិនកាលពីឆ្នាំ២០១៣មក ការវិនិយោគរបស់ចិននៅកម្ពុជាបានកើនឡើងខ្លាំង។ នៅឆ្នាំ២០១៩ ការវិនិយោគរបស់ចិន ស្មើនឹងចំនួន ៤៣ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសទាំងអស់នៅក្នុងប្រទេសកម្ពុជា។
ជាលទ្ធផល ក្រុមអ្នកសិក្សាស្រាវជ្រាវបានហៅកម្ពុជាថាជា «រដ្ឋរណប» មួយរបស់ប្រទេសចិន។ កម្ពុជាបានប្រកាន់ជំហរដដែលៗគាំទ្រប្រទេសចិនប្រឆាំងនឹងសមាជិកអាស៊ានខ្លួនឯង ក្នុងជម្លោះរវាងរដ្ឋសមាជិកអាស៊ានមួយចំនួនជាមួយនឹងក្រុងប៉េកាំង ជុំវិញបញ្ហាដណ្ដើមអធិបតេយ្យលើប្រជុំកោះនៅសមុទ្រចិនខាងត្បូង។ ទន្ទឹមគ្នានេះ ចាប់តាំងពីដើមឆ្នាំ២០១៩មក កម្ពុជាបានទទួលអនុញ្ញាតឱ្យមានមន្ត្រីនគរបាលចិនបំពេញភារកិច្ចនៅក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិនៅក្រុងភ្នំពេញ។
គ្រាន់តែនៅឆ្នាំ២០១៩ តែមួយឆ្នាំ មានជនជាតិចិនសរុបចំនួន ១.១៤៥ នាក់ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនបញ្ជូនត្រលប់ទៅប្រទេសចិនវិញ។ ចំនួននេះ ស្មើនឹង ៧៤ភាគរយនៃចំនួនជនបរទេសទាំងអស់ដែលត្រូវបានអាជ្ញាធរកម្ពុជាបណ្ដេញចេញពីកម្ពុជានៅក្នុងឆ្នាំនោះ។ នេះបើយោងតាមរបាយការណ៍កាលពីខែមករា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន្ត ហើយដែលត្រូវបានសារព័ត៌មានអនឡាញ ថ្មីៗ យកមកចុះផ្សាយ។ កាលពីខែកញ្ញា ឆ្នាំ២០១៩ មានជនជាតិចិនចំនួនជាង ១៥០ នាក់ ត្រូវបានបណ្ដេញចេញតាមជើងហោះហើរតែមួយដោយសារតែពាក់ព័ន្ធនឹងបទល្មើសទាក់ទងនឹងការលេងល្បែងស៊ីសងខុសច្បាប់។
ដូច្នេះ តើលោក ស៊ូ អាយម៊ីន អាចគេចខ្លួនចេញពីសំណាញ់តាមចាប់ខ្លួនរបស់ប៉ូលិសពីមួយឆ្នាំទៅមួយឆ្នាំបានដោយរបៀបណា? សេចក្តីរាយការណ៍មួយកាលពីខែមករា ឆ្នាំ២០១៤ របស់សារព័ត៌មានអនឡាញផ្សាយជាភាសាចិនឈ្មោះ ជីងចូវ ញ៉ូវស៍ (Jingzhou News) ទំនងជាអាចផ្តល់ចម្លើយជុំវិញរឿងនេះបាន។
យោងតាមសារព័ត៌មាន ជីងចូវ ញ៉ូវស៍ ក្រសួងសន្តិសុខសាធារណៈរបស់ចិន បានយកចិត្តទុកដាក់ខ្លាំងទៅលើទៅលើបណ្ដាញល្បែងស៊ីសងរបស់លោក ស៊ូ អាយម៊ីន។ ក្រសួងដដែលនេះបានបញ្ជូនមន្ត្រីជាន់ខ្ពស់របស់ខ្លួនជាច្រើននាក់ទៅប្រទេសកម្ពុជាច្រើនលើកច្រើនសានៅឆ្នាំ២០១២ និងឆ្នាំ២០១៣ ដើម្បីតាមស្វែងរកចាប់ខ្លួន និងបណ្តេញបុគ្គលនានាជាជនជាតិចិនដែលនៅពីក្រោយបនល្បែងស៊ីសងនេះចេញពីកម្ពុជា។ មន្ត្រីចិនទាំងនោះ ថែមទាំងបានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ទៀតផង។

ក្នុងពេលដែលជនសង្ស័យប្រមាណ ៣៦នាក់នៅក្នុងសំណុំរឿងនេះ នៅទីបំផុតទៅត្រូវបានអាជ្ញាធរចាប់ខ្លួនបាន យ៉ាងហោចណាស់មានជនសង្ស័យចំនួន ៦នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែ លោក ស៊ូ អាយម៊ីន មិនដែលធ្លាប់ត្រូវបានគេចាប់ខ្លួនបញ្ជូនតាមជើងយន្តហោះមកប្រទេសចិនវិញឡើយ។ សារព័ត៌មាន ជីងចូវ ញ៉ូវស៍ បានរាយការណ៍ថា នោះ «គឺដោយសារតែលោកមានសញ្ជាតិកម្ពុជា និងមានទំនាក់ទំនងជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា»។
គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថាតើលោក ស៊ូ អាយម៊ីន ទទួលបានសញ្ជាតិកម្ពុជាចាប់ពីពេលណាមក។ ប៉ុន្តែ ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បង្ហាញថា លោកទទួលបានសញ្ជាតិកម្ពុជានៅមុនឆ្នាំ២០១២។ ច្បាប់របស់កម្ពុជាស្តីពីសញ្ជាតិ ចែងថា ពលរដ្ឋកម្ពុជា មិនអាចត្រូវបានធ្វើបត្យាប័ន (ចាប់បញ្ជូនទៅប្រទេសណាមួយ) ឡើយ «លុះត្រាណាតែមានកិច្ចព្រមព្រៀងទៅវិញទៅមក» ជាមួយប្រទេសពាក់ព័ន្ធ។ សន្ធិសញ្ញាស្តីពីបត្យាប័នឆ្នាំ១៩៩៩ ចុះហត្ថលេខាដោយភាគីចិន និងភាគីកម្ពុជា អាចបង្កើតបានជា «កិច្ចព្រមព្រៀងទៅវិញទៅមក» នេះ បើទោះបីជាសន្ធិសញ្ញានេះផ្តល់ឱ្យប្រទេសទាំងពីរនូវ «សិទ្ធិក្នុងការបដិសេធការធ្វើបត្យាប័ននៃពលរដ្ឋរបស់ខ្លួន» យ៉ាងណាក៏ដោយ។ រដ្ឋាភិបាលក្រុងភ្នំពេញ ទំនងជាអនុវត្តនូវសិទ្ធិនេះនៅក្នុងសំណុំរឿងរបស់លោក ស៊ូ អាយម៊ីន នេះ។
ស្ថានទូតចិនប្រចាំក្រុងភ្នំពេញ មិនបានឆ្លើយតបទៅនឹងការស្នើសុំអត្ថាធិប្បាយជាបន្តបន្ទាប់ជុំវិញសំណុំរឿងនេះ ឬជុំវិញសារសំខាន់នៃទំនាក់ទំនងកម្ពុជា និងចិនទេ។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ សុទ្ធតែបដិសេធមិនឆ្លើយនឹងសំណួររបស់ វិទ្យុអាស៊ីសេរី ជុំវិញបញ្ហានេះ។
លោក មាស សុខសេនសាន្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបដិសេធមិនឆ្លើយនឹងសំណួររបស់ វិទ្យុអាស៊ីសេរី ថាតើរដ្ឋាភិបាលមានបានធ្វើការស្រាវជ្រាវយ៉ាងដិតដល់មុនពេលផ្តល់អាជ្ញាប័ណ្ណល្បែងស៊ីសង និងកាស៊ីណូ ដល់សណ្ឋាគារ និងកាស៊ីណូ KB (KB Hotel & Casino) របស់លោក ស៊ូ អាយម៊ីន នេះដែរឬទេ។ ក៏ប៉ុន្តែ លោកបានពន្យល់ប្រាប់ វិទ្យុអាស៊ីសេរី ថា ទើបតែនៅខែវិច្ឆិកា ឆ្នាំ២០២០ ទេដែលកម្ពុជាបានអនុម័តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលបង្កើតឱ្យមាននូវនិយតករគ្រប់គ្រងឧស្សាហកម្មល្បែងស៊ីសង ក្រោមឈ្មោះថា គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)។ លោកពន្យល់ថា រាល់កាស៊ីណូដែលត្រូវបានបង្កើតឡើងមុនពេលមានច្បាប់នេះ ត្រូវតែគោរពតាមបទប្បញ្ញត្តិនានាដែលមានចែងនៅក្នុងច្បាប់ថ្មីនេះ ក្នុងនោះក៏រួមមានទាំងការតម្រូវឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងការបំពេញតាមលក្ខខណ្ឌនានានៃការដាក់ពាក្យសុំអាជ្ញាប័ណ្ណជាដើម។
លោក ក្លេម៉ង់ ឡៃ (Clement Lai) ដែលជាអតីតស្នងការប៉ូលិសក្រុងហុងកុងចូលនិវត្តន៍មួយរូប មិនភ្ញាក់ផ្អើលឡើយជុំវិញរឿងរ៉ាវដែលលោក ស៊ូ អាយម៊ីន អាចបន្តរស់នៅ និងដើរហើរក្នុងប្រទេសកម្ពុជាដោយគ្មាននរណាម្នាក់ហ៊ានប៉ះពាល់នោះ។ លោក ក្លេម៉ង់ ឡៃ ដែលបានបើកក្រុមហ៊ុនពិគ្រោះយោបល់សន្តិសុខមួយនៅក្រុងភ្នំពេញចាប់តាំងពីលោកបានចូលនិវត្តន៍មក បានពណ៌នាលោក ស៊ូ អាយម៊ីន ថាជាមហាសេដ្ឋីល្បីឈ្មោះម្នាក់ដែលមានចំណងទាក់ទងស្អិតល្មួតជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជាក្នុងជួរយោធា និងក្នុងជួររដ្ឋាភិបាល ដែលពួកគេទាំងនោះអាចជួយធានាបានថា លោកនឹងទទួលបាននូវ «ការអនុគ្រោះ និងភាពងាយស្រួល» ក្នុងការធ្វើអាជីវកម្ម និងសុវត្ថិភាពផ្ទាល់ខ្លួន។ លោក ក្លេម៉ង់ ឡៃ បានបន្ថែមថា បើទោះបីជាចិន និងកម្ពុជាមានចុះសន្ធិសញ្ញាស្តីពីបត្យាប័នជាមួយគ្នាក៏ដោយ ក៏អាជ្ញាធរកម្ពុជាតែងតែផ្តល់ការពិចារណាទៅលើឥទ្ធិពល និងការវិនិយោគរបស់បុគ្គលជាជនជាតិចិន នៅពេលសម្រេចចិត្តថាតើត្រូវអនុវត្តការធ្វើបត្យាប័ននោះដែរឬអត់។
លោក ក្លេម៉ង់ ឡៃ និយាយថា «លោក ស៊ូ អាយម៊ីន មិនមែនជាមនុស្សប្រកបដោយគ្រោះថ្នាក់ខ្លាំងនោះទេ ហើយលោកបានផ្តល់ការគាំទ្រជាច្រើនដល់សេដ្ឋកិច្ចនៃប្រទេសនេះ។ វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលថា លោកអាចស្នាក់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលដ៏យូរនោះ»។

អ្នកណាជាចៅហ្វាយនាយ ហើយអ្នកណាជាកូនចៅ?
បើទោះជាក្នុងកម្រិតភូមិសាស្ត្រនយោបាយ ក្រុងប៉េកាំងគឺជាចៅហ្វាយនាយ ហើយក្រុងភ្នំពេញគឺជាកូនចៅក៏ដោយ នៅពេលដែលពាក់ព័ន្ធនឹងការធ្វើអាជីវកម្មនៅកម្ពុជាវិញ ទំនាក់ទំនងនេះផ្លាស់ប្តូរបញ្ច្រាសគ្នាទៅវិញ។ វិនិយោគិនជនជាតិចិនណាម្នាក់ដែលចង់បង្កើតសហគ្រាសនៅកម្ពុជា ដំបូងឡើយ គេត្រូវស្វែងរកចៅហ្វាយនាយដែលជាអ្នកចាំជួយកាងអាជីវកម្មឱ្យគេជាមុនសិន។ លោក ស៊ូ អាយម៊ីន ទំនងជាបានរកឃើញចៅហ្វាយនាយដែលជាអ្នកចាំជួយកាងអាជីវកម្មរបស់លោក។ នោះគឺលោក ឫទ្ធី សំណាង ដែលជាកូនប្រសារបស់សមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច លោក កុក អាន។
ទិន្នន័យដែលបង្ហាញថា លោក ឫទ្ធី សំណាង និងលោក ស៊ូ អាយម៊ីន ធ្វើអាជីវកម្មរួមគ្នាដំបូង ចាប់ផ្តើមមានក្នុងខែតុលា ឆ្នាំ២០១៧ នៅពេលដែលពួកគេបានបង្កើតក្រុមហ៊ុនវិនិយោគរួមគ្នាមួយដាក់ឈ្មោះថា RSX Investment Co., Ltd.។ ក្នុងនោះ លោក ស៊ូ ចុងជៀន កើតនៅស្រុកចិន ដែលជាអ្នកអភិវឌ្ឍវិស័យអចលនទ្រព្យ ហើយបានធ្វើសញ្ជាតូបនីយកម្មក្លាយជាពលរដ្ឋកម្ពុជាដោយព្រះរាជក្រឹត្យកាលពីពីរឆ្នាំមុននេះ ក៏បានចូលរួមវិនិយោគជាមួយពួកគេដែរ ក្នុងនាមជាម្ចាស់ភាគហ៊ុនស្ថាបនិក និងជាអភិបាល។
ចាប់តាំងពីពេលដែលពួកគេបានធ្វើអាជីវកម្មរួមគ្នាមក ស្ទើរតែរៀងរាល់ពេលទៅហើយដែលលោក ឫទ្ធី សំណាង ត្រូវបានគេឃើញថតរូបនៅខេត្តព្រះសីហនុជាមួយលោក ស៊ូ អាយម៊ីន ដែលជារឿយៗលោក ស៊ូ អាយម៊ីន តែងកាន់កន្ទុយបារីនៅជាប់នឹងដៃ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ លោក ឫទ្ធី សំណាង បានរៀបចំពិធីជប់លៀងខួបកំណើត ក្នុងវ័យ៣៧ឆ្នាំ ឱ្យខ្លួនឯងនៅឯឆ្នេរសមុទ្រនៅលើកោះស្មាច់ ដែលមានចម្ងាយប្រមាណជាង ៥៦ គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ។ រូបថតជាច្រើនសន្លឹកពីកម្មវិធីនោះ បង្ហាញឱ្យឃើញពីចំណងស្អិតល្មួតរវាងឧកញ៉ាវ័យក្មេងរូបនេះ ជាមួយដៃគូវិនិយោគរបស់លោកដែលជាឧក្រិដ្ឋជនរត់គេចខ្លួន។ ក្នុងចំណោមរូបថតជាច្រើនសន្លឹករាប់មិនអស់ លោក ឫទ្ធី សំណាង បានត្រូវឈរអមដោយប្រពន្ធរបស់លោកឈ្មោះ ភូ ជឺលីន (Phu Cherlin) នៅខាងស្តាំដៃលោក និងលោក ស៊ូ អាយម៊ីន នៅខាងឆ្វេងដៃលោក។ ជាញឹកញាប់ បុរសទាំងពីរនាក់តែងថតរូបប្រកៀកស្មាគ្នា អមដោយទឹកមុខពោរពេញដោយស្នាមញញឹម។
មើលទៅ លោក ស៊ូ អាយម៊ីន និងលោក ឫទ្ធី សំណាង គឺជាដៃគូថតរូបមិនសមទំនងនឹងគ្នាឡើយ។ ជាកូនចៅជំនាន់ក្រោយនៃសែស្រឡាយអ្នកមានទ្រព្យធនស្តុកស្ដម្ភម្នាក់ លោក ឫទ្ធី សំណាង ដើរតួបានយ៉ាងល្អឥតខ្ចោះដោយលោកតែងឈរក្នុងជំហរមាំ ដោយមានស្នាមញញឹមគួរឱ្យទាក់ទាញ និងសក់ចូកទៅក្រោយ។ ផ្ទុយទៅវិញ ស្មារបស់លោក ស៊ូ អាយម៊ីន ទាំងសង្ខាងរាងធ្លាក់ចុះបន្តិច រីឯស្បែករបស់លោកក៏ចំណាស់បន្តិចដែរ។ បើលោក ឫទ្ធី សំណាង ជាកូនប្រសា នោះអាចថាលោក ស៊ូ អាយម៊ីន ធ្វើជាពូរបស់លោកបាន។

ក៏ប៉ុន្តែ បើទោះបីជាពួកគេមើលទៅទំនងដូចជាមិនមែនជាដៃគូថតរូបក៏ដោយ ក៏ទំនាក់ទំនងរបស់ពួកគេគឺជាទំនាក់ទំនងធម្មតានៃភាពជាដៃគូអាជីវកម្មរវាងអ្នករកស៊ីជនជាតិខ្មែរ និងចិន។ នេះបើយោងតាមការស្រាវជ្រាវមួយផ្សាយកាលពីឆ្នាំទៅដោយលោក យង់ សុភា អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ University College London។
ដោយបានផ្តោតលើការស្រាវជ្រាវ និងបទសម្ភាសន៍នៅក្នុងប្រទេសអស់ជាច្រើនឆ្នាំ លោក យង់ សុភា បានរកឃើញថា ការវិនិយោគរបស់ចិនអាចរីកធំធាត់ទៅបាននៅកម្ពុជាអាស្រ័យដោយមានការគាំទ្រពីដៃគូអាជីវកម្មក្នុងស្រុក ដែលជាអ្នកដើរតួធ្វើជាអ្នកជួយបញ្ចុះបញ្ចូលផង និងជាអ្នកចាំប្រមូល ឬចែកចាយប្រាក់ចំណេញពីគម្រោងការវិនិយោគនេះផង។
ដៃគូកម្ពុជាទាំងនេះ ជាធម្មតាមានងារជា «ឧកញ៉ា» ដែលជាគោរមងារផ្តល់ឱ្យដល់មហាសេដ្ឋីដែលបានបង្ហាញភក្ដីភាពចំពោះគណបក្សប្រជាជនកម្ពុជា ជាថ្នូរនឹងការបរិច្ចាគប្រាក់ ៥សែនដុល្លារ ដល់ការអភិវឌ្ឍន៍ជាតិ។ ឧទាហរណ៍ជាក់ស្តែងដូចជាកណីរបស់លោក ឫទ្ធី សំណាង នេះស្រាប់។
ភារកិច្ចរបស់ឧកញ៉ានៅក្នុងភាពជាដៃគូនេះ គឺប្រើប្រាស់ឥទ្ធិពលរបស់ពួកគេសូកប៉ាន់ដើម្បីឱ្យគម្រោងវិនិយោគនោះដើរទៅមុខបានយ៉ាងរលូនដោយគ្មានឧបស័គ្គរារាំងពីបទប្បញ្ញត្តិណាមួយ និងប្រើប្រាស់ឥទ្ធិពលនៃទំនាក់ទំនងរបស់ពួកគេនៅក្នុងនយោបាយ និងស្ថាប័នអនុវត្តច្បាប់ ដើម្បីធានាថា គម្រោងការវិនិយោគរបស់ពួកគេមិនត្រូវបានកេងយកប្រយោជន៍ពីមន្ត្រីមានអំណាច ឬគូប្រជែងណាមួយឡើយ។ ជាថ្នូរមកវិញ ឧកញ៉ារូបនោះ នឹងត្រូវបានផ្តល់មកវិញនូវសំណងតបស្នងជាមុន ហើយជារឿយៗត្រូវបានគេតែងតាំងឱ្យក្លាយជាម្ចាស់ភាគហ៊ុនម្នាក់នៅក្នុងសហគ្រាស ហើយក៏ទំនងជាអាចមានសិទ្ធិក្នុងការទទួលបាននូវការបែងចែកភាគលាភផងដែរ។
អ្នកគ្រប់គ្រងការិយាល័យឱ្យសហគ្រាសគ្រប់គ្រងដោយរដ្ឋអំណាចចិនមួយដែលជាជនជាតិកម្ពុជា បានប្រាប់អ្នកស្រាវជ្រាវម្នាក់ទៀតគឺលោក ប៉ាល់ នីរី (Pál Nyiri) ថា «រឿងរ៉ាវដំបូងដែលក្រុមហ៊ុនចិនត្រូវធ្វើនៅពេលដែលពួកគេមកដល់ទីនេះ គឺស្វែងរកអ្នកជួយកាងអាជីវកម្មឱ្យពួកគេពីខាងក្រោយ ដូចជា ឧកញ៉ា ជាដើម ដែលនឹងជួយពួកគេរួចផុតពីការលំបាកផ្សេងៗក្នុងការទាក់ទងជាមួយមន្ត្រីរដ្ឋាភិបាល ជាដើម។ល។ ថាតើពួកគេត្រូវចែករម្លែកប្រាក់ចំណេញបានមកពីការវិនិយោគនេះ ឬយ៉ាងណានោះ វាអាចប្រែប្រួល។ ក៏ប៉ុន្តែ រឿងរ៉ាវដំបូង គឺថា ពួកគេចាំបាច់ត្រូវតែចំណាយប្រាក់ទៅឱ្យអ្នកជួយកាងអាជីវកម្មឱ្យពួកគេទាំងនោះ»។

ត្រលប់ទៅរកឫសគល់ដើមនៃអាជីវកម្មរបស់លោក ស៊ូ អាយម៊ីន វិញ
លោក ស៊ូ អាយម៊ីន និង លោក ឫទ្ធី សំណាង មិនបានឆ្លើយតបទៅនឹងការស្នើសុំអត្ថាធិប្បាយលម្អិតជុំវិញរឿងនេះបានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ សព្វថ្ងៃនេះ ពួកគេគឺជាម្ចាស់នៃអាណាចក្រអចលនទ្រព្យនៅក្រុងព្រះសីហនុ ដែលកំពុងតែរីកចម្រើន។ នៅខែតុលា ឆ្នាំ២០១៩ ពួកគេបានបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម KB Central ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ៦សែនម៉ែត្រការ៉េ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅឋានស្ថិតនៅក្បែរឆ្នេរអូរត្រេះនៃក្រុងព្រះសីហនុ។ ក្នុងសុន្ទរកថាសម្ពោធគម្រោងនេះ អភិបាលរងខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត បានថ្លែងប្រាប់ទៅក្រុមមនុស្សដែលចូលរួមពិធីនោះថា មជ្ឈមណ្ឌលពាណិជ្ជកម្ម KB Central អាចមានតម្លៃរហូតដល់ទៅ ៥០០ លានដុល្លារនៅពេលដែលគម្រោងនេះសាងសង់រួចរាល់។
ទោះជាយ៉ាងណាក៏ដោយ គឺសណ្ឋាគារ និងកាស៊ីណូ KB ឯណោះទៅវិញទេដែលជាអាជីវកម្មដ៏កាក់កបនៃផលប័ត្រវិនិយោគបច្ចុប្បន្នរបស់ពួកគេ។ ស្ថិតនៅតាមវិថី ស៊ូ អាយម៊ីន ដែលមានប្រវែងជាង ៨០០ ម៉ែត្រពីឆ្នេរអូរត្រេះ សណ្ឋាគារ KB បានបើកទ្វារដំណើរការអាជីវកម្មរបស់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១៩ ដោយមានពិធីសែនព្រេនដែលមានលោក ឫទ្ធី សំណាង និងលោក ស៊ូ អាយម៊ីន ធ្វើពិធីដុតធូបបួងសួងរួមគ្នា។
ទីតាំងចម្បងនៃអចលនទ្រព្យនេះ មានបរិវេណកាស៊ីណូទំហំ ៦៥០ម៉ែត្រការ៉េ ដែលឯកសារផ្សព្វផ្សាយពាណិជ្ជកម្មអះអាងថា មានតុលេងល្បែងចំនួន ១៥ តុ មានម៉ាស៊ីនស្លុតចំនួន ៧ និងបន្ទប់លេងល្បែងសម្រាប់ភ្ញៀវពិសេស (VIP) មួយបន្ទប់។
គេហទំព័រសណ្ឋាគារនេះជាភាសាចិន បង្ហាញថា លោក ស៊ូ អាយម៊ីន បានមករស់នៅក្រុងព្រះសីហនុ ដើម្បីបើកអាជីវកម្មមួយ ដែលអាជីវកម្មបែបនេះធ្លាប់បានធ្វើឱ្យលោកជួបប្រទះនូវបញ្ហាកាលពីឆ្នាំ២០១២ កន្លងទៅ។ នោះគឺជាអាជីវកម្មផ្តល់ឱ្យអ្នកលេងល្បែងស៊ីសងជាជនជាតិចិននូវទីតាំងដែលពួកគេអាចលេងល្បែងបាន។ ស្ថានទូតចិននៅក្រុងភ្នំពេញបានចេញសេចក្តីព្រមានមួយដល់ពលរដ្ឋរបស់ខ្លួន កាលពីខែមករា ដូចដែលស្ថានទូតនេះធ្លាប់បានធ្វើកាលពីពីរឆ្នាំមុន មិនឱ្យពាក់ព័ន្ធនឹងសកម្មភាពលេងល្បែងស៊ីសងទាំងនេះទេ។ ក៏ប៉ុន្តែ ការព្រមាននេះទំនងជាមិនបានរារាំងដល់សណ្ឋាគារ KB នេះទេ ដែលនៅមួយខែក្រោយមក សណ្ឋាគារនេះបានចាប់ផ្តើមផ្សព្វផ្សាយពាណិជ្ជកម្មជ្រើសរើសបុគ្គលិកកាស៊ីណូ និងអ្នកទទួលខុសត្រូវនៅក្នុងវង់ល្បែង។
លោក ស៊ូ អាយម៊ីន ប្រហែលជាកំពុងលេងល្បែងដ៏គ្រោះថ្នាក់មួយ។ ក៏ប៉ុន្តែ ដោយមិនខ្វះនូវមន្ត្រីកម្ពុជាក្នុងនោះរាប់ចាប់តាំងពីអភិបាលរងខេត្តព្រះសីហនុ រហូតដល់ទៅមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងឪពុកក្មេករបស់លោក ឫទ្ធី សំណាង ដែលជាសមាជិកព្រឹទ្ធសភា ដែលមានឆន្ទៈផ្តល់ការគាំទ្រដល់អាជីវកម្មនានារបស់ក្រុមហ៊ុនវិនិយោគ RSX Investment របស់លោកផងនោះ ល្បែងដ៏គ្រោះថ្នាក់មួយនេះ ទំនងជាមិនអាចតាមលងបន្លាចរូបលោកក្នុងពេលឆាប់ៗខាងមុខនេះបានឡើយ៕
កែសម្រួលអត្ថបទ (ភាសាអង់គ្លេស)៖ អេជ៍. ឡេអូ គីម (H. Leo Kim), ផល ណែលសិន (Paul Nelson), ម៉ាត់ ផេនីងថុន (Mat Pennington)
-------------
ក្រាហ្វិក៖ វីនស៍ មីដូវស៍ (Vince Meadows)
-------------
រចនាគេហទំព័រ៖ ម៉ិញហា ឡេ (Minh-Ha Le)
-------------
ផលិតដោយ៖ វិទ្យុអាស៊ីសេរី
-------------
© រក្សាសិទ្ធិគ្រប់យ៉ាងដោយវិទ្យុអាស៊ីសេរី ឆ្នាំ២០២១