មូលហេតុ​នៃ​ការកើត​មាន​របប​ខ្មែរ​ក្រហម​(វីដេអូ)

ខណៈ​ដែល​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​កំពុង​តែ​ដំណើរការ​សវនាការ​អង្គ​សេចក្ដី​លើ​ករណី​អតីត​ប្រធាន​មន្ទីរ​ស-២១​ឬ​គុក​ទួល​ស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី​ហាក់​កាន់តែ​សម្ដែង​នូវ​ចម្ងល់ ចង់​ដឹង ចង់​យល់​អំពី​មូលហេតុ​នៃ​ការកើត​មាន​របប​ខ្មែរ​ក្រហម​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជិត​២​លាន​នាក់​ស្លាប់​បាត់បង់​ជីវិត។
ដោយ អ៊ួន ឈិន
2009.04.19

អតីត​អ្នក​ទោស​គុក​ទួល​ស្លែង​ដែល​បាន​រួច​ជីវិត​ដោយសារ​តែ​មាន​ទេពកោសល្យ​ខាង​គូរ​រូប គឺ​លោក ប៊ូ ម៉េង បាន​ដង្ហោយ​សុំ​យុត្តិធម៌​ពី​សាលាក្ដី​ខ្មែរ​ក្រហម ៖ «ខ្ញុំ​ចង់​ឃើញ​ថា ឲ្យ​តុលាការ​កូន​កាត់​នេះ មក​ពី​ប្រទេស​ធំៗ​ដូច​ជា​អង់គ្លេស ដូច​ជា​បារាំង ដូច​ជា​កាណាដា​អី​អស់​ហ្នឹង មក​ធ្វើ​ជា​សហ​មេធាវី សហ​ព្រះរាជអាជ្ញា សហ​ចៅក្រម សូម​ឲ្យ​កាត់​ឈរ​លើ​គតិ​ច្បាប់»

ព្រះសង្ឃ​គង់នៅ​វត្ត​ជម្ពូវ័ន្ត ព្រះតេជ​ព្រះគុណ ធុច មន ដែល​បាន​និមន្ត​ចូលរួម​ក្នុង​សវនាការ បាន​សម្ដែង​ពី​ភាព​មិន​អស់​ព្រះទ័យ​របស់​ព្រះអង្គ​ចំពោះ​សម្ដី​របស់ ឌុច និង​អាថ៌កំបាំង​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ព្រះតេជ​ព្រះគុណ ធុច មន បាន​មាន​ដីកា​ថា ៖ «នៅ​ក្នុង​ការកាត់​ទោស​ញោម ឌុច នេះ គឺ​ថា វា​មិន​ទាន់​ថា​ឲ្យ​វា​អស់​អាចម៍​នៅ​ឡើយ ហើយ​វា​នៅ​ការសង្ស័យ​ច្រើន។ នៅ​ក្នុង​ការ​មួយ​គាត់​ឆ្លើយ​មាន​ការ​ពិត ហើយ​យើង​នៅ​ជុំវិញ​គាត់​ហ្នឹង​មិន​អាច​ដឹង​ថា​អ្នក​ណា​នៅ​ពី​ក្រោយ​ខ្នង​គាត់​ទៀត»

អតីត​អ្នក​ថតរូប​នៅ​មន្ទីរ​ស-២១​ដែល​ធ្លាប់​ទៅ​សិក្សា​ជំនាញ​ថតរូប​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​អំឡុង​ឆ្នាំ​១៩៧៦ ហើយ​បច្ចុប្បន្ន​ជា​អភិបាល​រង​ស្រុក​អន្លង់វែង​ ខេត្ត​ឧត្តរមានជ័យ លោក ញ៉ែម អេន បាន​អះអាង​អំពី​ការ​មិន​ជាប់​ពាក់ព័ន្ធ​ពី​សំណាក់​បរទេស​ទៅ​នឹង​របប​វាល​ពិឃាដ។

លោក ញ៉ែម អេន បាន​បញ្ជាក់​ថា ៖ «កន្លង​មក​គឺ​មាន​ការចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ខ្លះ បញ្ញវ័ន្ត ឥស្សរជន​មួយចំនួន​ដែល​គាត់​អត់​យល់ គាត់​ចោទ​ថា សុទ្ធតែ​នៅ​ពី​ក្រោយ​ខ្នង​ខ្មែរ​ក្រហម​មាន​ទាំង​ពី​វៀតណាម មាន​ទាំង​ពី​ចិន មិន​មែន​ទេៗ នេះ​គឺ ប៉ុល ពត គាត់​ធ្វើ​ដោយ​ខ្លួន​ឯង»

ចំណែក​អតីត​មេ​គុក​ទួល​ស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច វិញ បាន​អះអាង​ថា សោកនាដកម្ម​ដែល​កើត​មាន​ចំពោះ​ប្រទេស​កម្ពុជា​ក្នុង​របប​ខ្មែរក្រហម​គឺ​ជា​រឿង​នយោបាយ ហើយ​ថា​សហរដ្ឋ​អាមេរិក​គឺ​ជា​ដើម​ចម​ដែល​នាំ​ឲ្យ​មាន​របប​នេះ។

កាំង ហ្កេកអ៊ាវ បាន​ឲ្យ​ដឹង​ថា ៖ «ប្រសិន​បើ ទ្រីសានីសុន គាត់​កុំ​ប្រញាប់​ឲ្យ លន់ នល់ ធ្វើ​រដ្ឋ​ប្រហារ​ពេក ទុក​ឲ្យ​សម្ដេច​ព្រះ​នរោត្ដម សីហនុ លោក​កម្ចាត់​ខ្មែរ​ក្រហម ឲ្យ លន់ នល់ សហការ​ជាមួយ​នឹង​សម្ដេច សីហនុ ប្រហែល​ជា​ខ្ទេច​ខ្មែរ​ក្រហម​មើល​ទៅ ងើប​មិន​ងាយ​រួច​ទេ»

ទាំង​ជន​រងគ្រោះ ទាំង​សាធារណជន រំពឹង​ថា នៅ​ចុង​បញ្ចប់​នៃ​ការកាត់​ក្ដី​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ដោយ​តុលាការ​កូន​កាត់ ក្រៅពី​ការផ្ដន្ទា​ទោស​ចំពោះ​ជន​ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ តុលាការ​នេះ​នឹង​អាច​លាត​ត្រដាង​អ្នក​ជាប់​ពាក់ព័ន្ធ​ក៏​ដូច​ជា​អ្នក​ដែល​នៅ​ពី​ក្រោយ​របប​ខ្មែរក្រហម​ផង​ដែរ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។