កម្រង​រូបភាព​ទាក់ទង​នឹង​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​ឆ្នាំ​២០១៦

ដោយ អាស៊ីសេរី
2016.12.31
1

ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ក្នុង​តំបន់​បឹងកក់ ​យក​ញត្តិ​របស់​ខ្លួន​ដាក់​ជូន​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក លោក ចន ឃែរី (John Kerry) កាល​ពី​ព្រឹក​​ថ្ងៃ​ទី​២៦ ខែ​មករា។

2

ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ក្នុង​តំបន់​បឹងកក់ ដែល​យក​ញត្តិ​របស់​ខ្លួន​ដាក់​ជូន​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក លោក ចន ឃែរី ត្រូវ​បាន​សមត្ថកិច្ច​រារាំង កាល​ពី​ព្រឹក​​ថ្ងៃ​ទី​២៦ ខែ​មករា។

3

នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​អម​សង​ខាង​ប្រឡាយ​បង្ហូរ​ទឹក​ស្អុយ​បឹង​ក្រពើ ស្ថិត​សង្កាត់​ស្ទឹងមានជ័យ តវ៉ា​​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​ទប់ស្កាត់​ករណី​ក្រុមហ៊ុន​ដឹក​អាចម៍​ដី​យក​ទៅ​ចាក់​លុប​បឹង​ បណ្ដាល​ឲ្យ​ទឹក​ជន់​លិច​ផ្ទះ។

4

ក្រុម​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ប្រារព្ធ​ទិវា​វប្បធម៌ ឆ្នាំ​២០១៦ ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ដែល​ខិត​ជិត​ចូល​មក​ដល់។ កម្មវិធី​នេះ​ធ្វើ​នៅ​ថ្ងៃ​២០ ខែ​មីនា ដែល​មាន​មនុស្ស​ប្រមាណ ១​ពាន់​នាក់​ចូល​រួម។

5

ពលរដ្ឋ​នៅ​ជុំវិញ​តំបន់​​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ស្ថិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ សំណង់​ទំនប់​វារីអគ្គិសនី​នេះ គឺ​ជា​​ចម្រូង​ចម្រាស​មួយ​រវាង​អាជ្ញាធរ និង​អ្នក​ភូមិ ដោយ​សារ​ទំនប់​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ។ រូប​ថត​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៦

6

អ្នក​ភូមិ​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដង​ទឹក​ពី​រណ្ដៅ​តាម​អូរ​ដើម្បី​ប្រើប្រាស់ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦។ ពលរដ្ឋ​ស្រុក​នេះ​​ជួប​គ្រោះ​រាំងស្ងួត ហើយ​ទឹក​អណ្ដូង​ភាគ​ច្រើន​រីងខះ ពុំ​មាន​ទឹក។

7

មន្ត្រី​សិទ្ធិ​មនុស្ស ៤​នាក់ និង​មន្ត្រី​គ.ជ.ប ម្នាក់ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​​កាល​ពី​ចុង​ខែ​មេសា។ អ្នក​ទាំង​៥ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​កាល​ពី​ដើម​ខែ​ឧសភា ទាក់ទង​នឹង​អំពើ​ពុករលួយ។

8

ក្រុម​សមត្ថកិច្ច​ប្រដាប់​ដោយ​ដំបង និង​ខែល រារាំង​មិន​ឲ្យ​ក្រុម​អ្នក​តវ៉ា​ដែល​គាំទ្រ​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប ស្រែក​តវ៉ា​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ឧសភា។

9

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​គាំទ្រ ហែ​ញត្តិ​ស្នាម​មេដៃ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ កាល​ពី​ថ្ងៃ​ទី​៣០ ឧសភា ដើម្បី​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ជួយ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស មន្ត្រី​គ.ជ.ប និង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ។

10

កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា ៣៩០​នាក់ នៅ​ដើម​ខែ​មិថុនា បាន​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ បន្ទាប់​ពី​ចូល​រួម​បំពេញ​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទ្វីប​អាហ្វ្រិក។

11

នៅ​ក្នុង​ខែ​មិថុនា នេះ​ដែរ អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-​អាមេរិកាំង ដឹក​នាំ​ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋ​សភា​សហរដ្ឋអាមេរិក ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​ទៅ​លើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រហូត​ដល់​មាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ។

សព កែម ឡី ៨៥៥ ២០១៦

លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ត្រូវ​​​បាន​ឃាតក​បាញ់​​​សម្លាប់​នៅ Star Mart ស្តុប​បូកគោ ក្នុង​ខណ្ឌ​ចំការមន នៅ​ម៉ោង​ប្រមាណ​ជិត ៩​ព្រឹក ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

13

នៅ​ក្នុង​ថ្ងៃ​ដដែល សព​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ពលរដ្ឋ​ដង្ហែ​យក​ទៅ​តម្កល់​នៅ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ។

14

បន្ទាប់​ពី​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ចាស់ បាន​ពីរ​សប្ដាហ៍ សព​បណ្ឌិត កែម ឡី ត្រូវ​បាន​ក្រុម​គ្រួសារ និង​ពលរដ្ឋ​មក​ពី​គ្រប់​ទិសទី​រាប់​សែន​នាក់ ដង្ហែ​ទៅ​បញ្ចុះ​នៅ​ខេត្ត​តាកែវ ជា​ស្រុក​កំណើត​របស់​លោក។

15

តំណាង​សហគមន៍​​បឹងកក់ អ្នកស្រី ទេព វន្នី និង បូវ សោភា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​​ទី​១៧ ​សីហា ទាក់ទង​នឹង​សកម្មភាព​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ។ ​សកម្មជន​តវ៉ា​រឿង​ដីធ្លី​ មក​គាំទ្រ និង​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ទាំង​២។

16

នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ដដែល កង​កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល ប្រើ​បើក​អូប័រ​ល្បាត​ក្នុង​ទន្លេ ខាង​ក្រោយ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ។

17

នៅ​ថ្ងៃ​​៣១ សីហា ដដែល ក៏​មាន​ឧទ្ធម្ភាគចក្រ ហោះ​ឆ្វែល​ជុំវិញ និង​បើក​ល្បាត​ទៅ​វិញ​ទៅ​មក​កាត់​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ដែរ។ ទោះ​យ៉ាង​ណា​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា នោះ​គឺ​ជា​ការ​ធ្វើ​សម​យុទ្ធ​របស់​កងទ័ព។

18

មនុស្ស​រាប់​ពាន់​នាក់​ចូលរួម​ដង្ហែ​សព​លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (Christian GAUQUELIN des PALLIERES) ស្ថាបនិក​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) យក​ទៅ​បូជា​នៅ​​វត្ត​ឫស្សីសាញ់ ក្នុង​ខណ្ឌ​ដង្កោ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា។ លោក​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា។

19

ចំណែក​នៅ​ឯ​ដើម​ខែ​តុលា វិញ មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ​អូស្ត្រាលី ប្រមាណ ៥០០​នាក់ នាំ​គ្នា​តវ៉ា​​ប្រឆាំង​នឹង​វត្តមាន​កូន​ប្រុស​ច្បង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត។

20

ក្នុង​ខែ​តុលា នេះ​ដែរ ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) បាន​មក​ដល់​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល ២​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៤។

21

គណៈកម្មការ​រៀបចំ​បុណ្យ ១០០​ថ្ងៃ សព​បណ្ឌិត កែម ឡី នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​តុលា ចាប់​ផ្ដើម​រៀបចំ​លើក​បដា តាំង​រូប​ថត និង​គំនូរ​ផ្សេងៗ​ទាក់ទង​នឹង​លោក​បណ្ឌិត​នៅ​វត្ត​ចាស់ ដើម្បី​ធ្វើ​ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ​សព​លោក​បណ្ឌិត ដែល​ចាប់​ផ្ដើម​ពី​​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ ខែ​តុលា។

22

នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​មន្ត្រី​ស្ថាប័ន​កំពូលៗ​​ជា​ច្រើន​នាក់ ធ្វើ​ពិធី​ដាក់​កម្រង​ផ្កា គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ នរោត្ដម សីហនុ ក្នុង​ខួប ៤​ឆ្នាំ​នៃ​ថ្ងៃ​សោយ​ទិវង្គត​របស់​ព្រះអង្គ នា​ព្រះ​បរម​រូប​ក្បែរ​វិមាន​ឯករាជ្យ។

23

មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ និង​សហគមន៍ ចុះ​ល្បាត​ព្រៃ​ព្រះ​រកា មាន​ទីតាំង​ជាប់​ស្រុក​​៤ ក្នុង​ខេត្ត​ព្រះវិហារ គឺ​ស្រុក​ឆែប ត្បែងមានជ័យ ​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ តុលា។ ពួកគេ​បាន​ប្រទះ​ឃើញ​គំនរ​ឈើ​មួយ​ចំនួន។

24

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី បាន​យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យ​ជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។

25

នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ​ដែរ កម្ពុជា​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ឡើង​វិញ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥។ ពិធី​បុណ្យ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ផ្អាក​អស់​រយៈពេល ៤​ឆ្នាំ។

26

ព្រះ​សព​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ត្រូវ​បាន​បូជា​នៅ​​ទី​៣ ខែ​ធ្នូ នៅ​ភ្នំ​ព្រះរាជទ្រព្យ (ភ្នំ​ឧត្ដុង្គ)។ ពិធី​បូជា​ព្រះ​សព​នេះ មាន​ព្រះសង្ឃ​ និង​ពលរដ្ឋ​ជា​ច្រើន​ចូល​រួម។ ព្រះអង្គ​ត្រូវ​បាន​ឃាតក​បាញ់​ប្រហារ​កាល​ពី​ដើម​ឆ្នាំ​២០០៣ ក្នុង​បរិវេណ​វត្ត​លង្កា នា​រាជធានី​ភ្នំពេញ។

27

ព្រះ​សព​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ត្រូវ​បាន​បូជា​នៅ​​ទី​៣ ខែ​ធ្នូ នៅ​ភ្នំ​ព្រះរាជទ្រព្យ (ភ្នំ​ឧត្ដុង្គ)។ ពិធី​បូជា​ព្រះ​សព​នេះ មាន​ព្រះសង្ឃ​ និង​ពលរដ្ឋ​ជា​ច្រើន​ចូល​រួម។ ព្រះអង្គ​ត្រូវ​បាន​ឃាតក​បាញ់​ប្រហារ​កាល​ពី​ដើម​ឆ្នាំ​២០០៣ ក្នុង​បរិវេណ​វត្ត​លង្កា នា​រាជធានី​ភ្នំពេញ។

28

នៅ​ខាង​ចុង​ខែ​ធ្នូ កម្ពុជា-ចិន ធ្វើ​លំហាត់​យោធា​រួម​គ្នា (លំហាត់​នាគ​មាស​លើក​ទី​១) នា​​វិទ្យាស្ថាន​កងទ័ពជើងគោក ខេត្ត​កំពង់ស្ពឺ។

29

នៅ​ក្នុង​ពិធី​បិទ​លំហាត់​នាគ​មាស​លើក​ទី​១ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ រដ្ឋាភិបាល​កម្ពុជា និង​ចិន លើក​ឡើង​ថា ទំនាក់ទំនង​ផ្នែក​យោធា​ទ្វេ​ភាគី​កំពុង​រីកចម្រើន​ដល់​ចំណុច​ថ្មី​មួយ។ ភាគី​ទាំង​ពីរ​ប្ដេជ្ញា​​ពង្រឹង​ចំណង​ការទូត​យោធា​នេះ​ឲ្យ​កាន់​តែ​រឹងមាំ។

អាស៊ីសេរី សូម​ជូន​កម្រង​រូបភាព​ខ្លះៗ​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ធំៗ​ប្រចាំ​ឆ្នាំ​២០១៦។ នៅ​ក្នុង​ឆ្នាំ​នេះ មាន​រឿង​រ៉ាវ​ជា​ច្រើន​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​រឿង​រ៉ាវ​ដ៏​លេចធ្លោ​ជាង​គេ គឺ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី និង​ការ​ចាប់​ចង​សកម្មជន​សិទ្ធិ​មនុស្ស។ ក្រៅ​ពី​នោះ ក៏​មាន​ការ​ចាប់​ចង​សកម្មជន​តវ៉ា​ដីធ្លី ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។