អ្នកភូមិ​នៅ​កំពង់ស្ពឺ​រំសាយ​ការ​តវ៉ា​ក្រោយ​ពេល​មាន​អន្តរាគមន៍​ពី​អាជ្ញាធរ

ពលរដ្ឋ​មក​ពី​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ជាង​៤០០​នាក់ សុខចិត្ត​រំសាយ​ការ​តវ៉ា​នៅ​មុខ​ទីស្នាក់ការ​តុលាការ​ខេត្ត​ហើយ ក្រោយ​ពេល​មាន​ការ​សន្យា​របស់​អាជ្ញាធរ​​ថា​នឹង​ដោះលែង​គ្នីគ្នា​គាត់​២​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ។
ដោយ កែវ និមល
2010.03.26
កំពង់ស្ពឺ ៣០៥ ២៦-មីនា-២០១០: អភិបាល​រង​ខេត្ត​កំពង់ស្ពឺ លោក ប៉ែន សំបូរ (ស្ដាំ) ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​តវ៉ា នៅ​មុខ​ទីស្នាក់ការ​តុលាការ​ខេត្ត។
RFA/Keo Nimol

ប្រជាពលរដ្ឋ​ជាង ៤០០​នាក់​ដែល​មក​ពី​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ បាន​រំសាយ​វិល​ត្រឡប់​ទៅ​ផ្ទះ និង​ភូមិ​វិញ ក្រោយ​ពេល​លោក ប៉ែន សំបូរ អភិបាល​រង​ខេត្ត​កំពង់ស្ពឺ បាន​សន្យា​ជា​ឱឡារិក​ថា អ្នក​ភូមិ​ចំនួន ២​នាក់​ដែល​តុលាការ​ខេត្ត​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​២៤ មីនា​កន្លង​មក អាច​មាន​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ នៅ​ថ្ងៃ​ទី​២៩ មីនា​ខាង​មុខ​នេះ។

លោក ប៉ែន សំបូរ បាន​បញ្ជាក់​ថា ៖ «បើ​សិន​ថ្ងៃ​ស្អែក​ជា​ថ្ងៃ​ធ្វើ​ការ នឹង​ខិតខំ​ធ្វើ​ឲ្យ​បាន​នៅ​ថ្ងៃ​ស្អែក ប៉ុន្តែ​ថ្ងៃ​ស្អែក​ជា​ថ្ងៃ​ដែល​សម្រាក ថ្ងៃ​អាទិត្យ​ជា​ថ្ងៃ​សម្រាក​ទៀត។ អ៊ីចឹង​ថ្ងៃ​ច័ន្ទ​ពេល​ព្រឹក​នេះ គឺ​សុំ​ឲ្យ​តែ​តំណាង​មក​បាន​ហើយ មិន​បាច់​អញ្ជើញ​មក​(ទាំង​អស់)​ទេ។ តំណាង​ក្រុម​គ្រួសារ​អញ្ជើញ​មក​ដើម្បី​ទទួល​ប្ដី ទទួល​កូន ទទួល​ប្អូន ត្រឡប់​ទៅ​វិញ​ទៅ!»

ការ​ព្រមព្រៀង​ដោះលែង​អ្នក​ភូមិ​ឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ពេល​អ្នក​ភូមិ​ប្រមាណ ៤០០​នាក់​មក​ពី​ឃុំ​អមលាំង បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ទីស្នាក់ការ​តុលាការ​ខេត្ត ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​គ្នា​គាត់​ចំនួន ២​នាក់ អស់​ចំនួន ២​យប់ ៣​ថ្ងៃ តែ​មន្ត្រី​តុលាការ​ខេត្ត​មិន​យល់​ព្រម ហើយ​មន្ត្រី​ទទួល​ខុស​ត្រូវ​ខេត្ត​កំពង់ស្ពឺ​មិន​ព្រម​មក​ជួប​អ្នក​ស្រុក​ដោះស្រាយ។

ដោយ​មិន​មាន​មន្ត្រី​យល់​ព្រម​ជួប អ្នក​ស្រុក​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​ស្ពាន​មួយ តាម​ដង​ផ្លូវ​ជាតិ​លេខ​៤ ក្បែរ​សាលា​ខេត្ត ហើយ​បិទ​ចរាចរណ៍​រថយន្ត​នានា​តាម​ផ្លូវ​ជាតិ​នោះ​អស់​រយៈពេល ២​ម៉ោង ទើប​មាន​អភិបាល​រង​ខេត្ត​ចំនួន ២​នាក់​បាន​យល់ព្រម​ជួប​តំណាង​អ្នក​ស្រុក​ចំនួន ១០​នាក់ ដើម្បី​ពិភាក្សា និង​ទទួល​យក​សំណូមពរ​នានា​របស់​ក្រុម​អ្នក​តវ៉ា។

ប្រជាពលរដ្ឋ​មួយ​រូប​ជា​អ្នក​តវ៉ា​ឈ្មោះ ស សុខ បាន​និយាយ​ឲ្យ​ដឹង​ថា ការ​បិទ​ផ្លូវ​ជាតិ​នោះ​ជា​ជម្រើស​ចុង​ក្រោយ​របស់​អ្នក​ស្រុក ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​គ្នា​គាត់​ចំនួន ២​នាក់ ឈ្មោះ យូ ថូ និង ឃឹម វុទ្ធី ដែល​តុលាការ​ខេត្ត​បាន​កោះហៅ​មក​សាកសួរ ហើយ​ចាប់​ខ្លួន។

លោក ស សុខ បាន​ឲ្យ​ដឹង​ថា ៖ «ពួក​យើង​ខ្ញុំ​នៅ​កណ្ដាល​ថ្ងៃ កណ្ដាល​ភ្លៀង ត្រូវ​សមត្ថកិច្ច​គេ​ដេញ ២​ថ្ងៃ ៣​ថ្ងៃ មក​ដល់​ថ្ងៃ​នេះ​ហើយ។ ជម្រើស​ចុង​ក្រោយ​ពួក​ខ្ញុំ​សម្រេច​ចិត្ត​ថា ឈរ​លើ​ស្ពាន ដើម្បី​ដាក់​លក្ខខណ្ឌ​រក​ដំណោះស្រាយ»

ការ​ចាប់​ខ្លួន​អ្នក​ស្រុក​បាន​កើត​មាន ក្រោយ​ពេល​មាន​ត្រាក់ទ័រ​របស់​ក្រុមហ៊ុន កំពង់ស្ពឺ Sugar បាន​ទៅ​ឈូស​ឆាយ​ប៉ះពាល់​លើ​ដី​អ្នក​ស្រុក​ជាង ១០​ហិកតា ក្នុង​ចំណោម​ដី​ប្រមាណ ១​ម៉ឺន​ហិកតា កាល​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ ដែល​ក្រុមហ៊ុន​បាន​អះអាង​ថា បាន​ទទួល​សិទ្ធិ​សម្បទាន​ពី​រដ្ឋាភិបាល​ក្នុង​ការ​ដាំ​ដំណាំ​អំពៅ។

អ្នក​ស្រុក​បាន​តវ៉ា​សុំ​ឲ្យ​ឈប់​ឈូស​ឆាយ តែ​មិន​មាន​ការ​យល់ព្រម ទើប​អ្នក​ស្រុក​បាន​ដុត​រោង​ស្នាក់នៅ​របស់​ក្រុមហ៊ុន​ចំនួន ៦ កាល​ពី​ថ្ងៃ​ទី​១៨ មីនា​កន្លង​មក ហើយ​តំណាង​ក្រុមហ៊ុន​បាន​ប្ដឹង​អ្នក​ស្រុក​ទៅ​តុលាការ​ខេត្ត​កំពង់ស្ពឺ។

ប្រភព​អ្នក​ស្រុក​បាន​ឲ្យ​ដឹង​ថា តំណាង​ក្រុមហ៊ុន កំពង់ស្ពឺ Sugar ឈ្មោះ​អ្នក​ស្រី ឈាង គឹមស៊ុន ធ្លាប់​បាន​ចុះ​ទៅ​ដល់​ដី​ឈូស​ឆាយ​ដែល​អ្នក​ស្រុក​តវ៉ា និង​បាន​ប្រាប់​អ្នក​ស្រុក​ថា ក្រុមហ៊ុន​នឹង​ចេញ​សង​ចំពោះ​ដី​អ្នក​ស្រុក​ដែល​ឈូស​ប៉ះពាល់ ក្នុង​នោះ ដី​មាន​គុម្ព​ស្រូវ​សង ២០០​ដុល្លារ ក្នុង ១​ហិកតា និង​ដី​មាន​ដើម​ឈើ សង ១០០​ដុល្លារ ក្នុង ១​ហិកតា។ តែ​អ្នក​ស្រុក​មិន​យល់ព្រម​លក់​ក្នុង​តម្លៃ​នោះ​ទេ។

អ្នក​ស្រុក​បាន​អះអាង​ថា ៖ «ទី​១ គាត់​ថា បើសិនជា​ក្រុមហ៊ុន​ឈូស​ទៅ ចំ​លើ​ដី​បង​ប្អូន ដី​ស្រែ គាត់​នឹង​ដោះស្រាយ... ឲ្យ​តម្លៃ​ក្នុង ១​ហិកតា ២០០​ដុល្លារ ហើយ​បើ​ដី​ចម្ការ គាត់​ឲ្យ​តែ ១០០​ដុល្លារ»

មក​ទល់​នឹង​ពេល​នេះ មាន​តែ​ការ​ដោះស្រាយ​តែ​លើ​ការ​ដោះលែង​អ្នក​ភូមិ​ចំនួន ២​នាក់​ប៉ុណ្ណោះ តែ​មិន​ទាន់​មាន​ការ​ដោះស្រាយ​លើ​ការ​ឈប់​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​នៅ​ឡើយ​ទេ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Mar 26, 2010 02:43 AM

Bravo our courageous people.