សម​រង្ស៊ី​ប្រកាស​ការពារ​ឯកសារ​ផែនទី​ខ្លួន​ថា​ត្រឹមត្រូវ

លោក សម រង្ស៊ី នៅ​ថៃ្ង​ពុធ​នេះ​បាន​ប្រកាស​ការពារ​ឯកសារ​ផែនទី​របស់​លោក​ថា ជា​ការ​ត្រឹមត្រូវ​ដែល​បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​បាត់បង់​ទឹក​ដី​រវាង​២០០​ម៉ែត្រ ទៅ ៥០០​ម៉ែត្រ​ពី​ត្រង់​ចំណុច​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​ចូល​មក​ក្នុង​ដី​ខ្មែរ ក្នុង​​​ស្រុក​ចន្រ្ទា ខេត្ត​ស្វាយរៀង។
ដោយ សុខ សេរី
2010-02-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៤-កុម្ភៈ-២០១០: ប្រធាន​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត​តាម​រយៈ​វីដេអូ​ពី​ប្រទេស​បារាំង នៅ​ឯ​ទីស្នាក់ការ​បក្ស ក្នុង​រាជធានី​ភ្នំពេញ។
២៤-កុម្ភៈ-២០១០: ប្រធាន​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត​តាម​រយៈ​វីដេអូ​ពី​ប្រទេស​បារាំង នៅ​ឯ​ទីស្នាក់ការ​បក្ស ក្នុង​រាជធានី​ភ្នំពេញ។
RFA/Sok Serey

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ​ដែរ បាន​ព្រមាន​ថា រដ្ឋាភិបាល​នឹង​ប្តឹង​លោក សម រង្ស៊ី ក្រោម​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ឬ​ផែនទី​ក្លែង​បន្លំ។

ការ​ថ្លែង​ការពារ​របស់​លោក សម រង្ស៊ី បាន​ធ្វើ​ទ្បើង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​តាម​រយៈ​វីដេអូ​ពី​ប្រទេស​បារាំង ភ្ជាប់​តាម​រយៈ​ប្រព័ន្ធ​អ៊ិនថឹណិត នៅ​ឯ​ទីស្នាក់ការ​ធំ​របស់​គណបក្ស​សមរង្ស៊ី ក្នុង​ទីក្រុង​ភ្នំពេញ។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ៖ «អ្វី​ដែល​គណបក្ស​សមរង្ស៊ី​បាន​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ គឺ​ត្រឹមត្រូវ​ទាំង​អស់ អ៊ីចឹង​ហើយ​បាន​យើង​ស្នើ​ឲ្យ​អ្នក​ដែល​ចោទ​ប្រកាន់​យើង​ថា ឯកសារ​ទាំង​នោះ​មិន​ត្រឹមត្រូវ តួលេខ​ទាំង​នោះ​មិន​ត្រឹមត្រូវ។ សូម​ឲ្យ​បង្ហាញ​មក​ថា​អ្វី​ដែល​ហៅ​ថា ត្រឹមត្រូវ​នោះ? ដែល​ខ្លួន​ចាត់​ថា​ត្រឹមត្រូវ បង្ហាញ​មក! ដើម្បី​យើង​ប្រៀបធៀប វា​ខុស​គ្នា​កន្លែង​ណា? ហើយ​ដែល​ហៅ​ថា​ត្រឹមត្រូវ​នេះ​គឺ​មូលដ្ឋាន​វិទ្យាសាស្ត្រ។ ក្នុង​វិទ្យាសាស្ត្រ​វា​មាន​ដំណោះស្រាយ​តែ​មួយ​ទេ វា​មិន​ដែល​មាន​ច្រើន​លើស​ពី​មួយ​ទេ!»

លោក​បាន​មាន​ប្រសាសន៍​អះអាង​ទៀត​ថា ផែនទី​ដែល​ត្រឹមត្រូវ​នោះ គឺ​ត្រូវ​បាន​ក្រុម​ជំនាញ​ឬ​វិស្វករ​ជាតិ​និង​អន្តរជាតិ បាន​ចូល​រួម​សិក្សា​និង​ទទួល​ស្គាល់។ ក្រៅ​ពី​នេះ មាន​អ្នក​ជំនាញ​ភូមិសាស្រ្ត ប្រវត្តិសាស្រ្ត​និង​អ្នក​ជំនាញ​កុំព្យូទ័រ​បាន​ចូល​រួម​ផង​ដែរ​មក​ពី​មហាវិទ្យាល័យ​នៅ​សហភាព​អឺរ៉ុប។

លោក​បាន​បន្ទោស​ថា រដ្ឋាភិបាល​កម្ពុជា បាន​យក​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​វាស់​និង​បោះ​តម្រុយ​ព្រំដែន​នោះ។ ប៉ុន្តែ​រូប​លោក​យក​ផែនទី​ឆ្នាំ​១៩៥២ តម្កល់​នៅ​ឯ​អង្គការ​សហ​ប្រជាជាតិ​ធ្វើ​ជា​មូលដ្ឋាន។

កាល​ពី​ខែ​មករា​កន្លង​ទៅ លោក សម រង្ស៊ី បាន​ចេញ​ផ្សាយ​របាយការណ៍​ជា​ច្រើន​ទំព័រ ដោយ​ផ្អែក​លើ​ឯកសារ​ផែនទី​រូបភាព​ផ្កាយ​រណប​ឈ្មោះ Google Earth បាន​បង្ហាញ​ថា តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​លេខ​១៨៤ លេខ​១៨៥ លេខ​១៨៦ និង​លេខ​១៨៧ បាន​បង្ខិត​ចូល​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា។

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ដោះស្រាយ​វិវាទ​ព្រំដែន​នៃ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថៃ្ង​ទី​២២ ខែ​កុម្ភៈ កន្លង​ទៅ​ថ្មីៗ​នេះ បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​ឯ​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​បង្ហាញ​ឯកសារ​នានា​លាត​ត្រដាង​ឲ្យ​ដឹង​ថា ផែន​ទី​សំអាង​របស់​លោក សម រង្ស៊ី នោះ​មិន​ត្រឹម​ត្រូវ បំភ្លៃ​ការពិត។

លោក វ៉ា គឹមហុង បាន​ប្រកាស​ប្តឹង​លោក សម រង្ស៊ី មួយ​ករណី​ទៀត​ក្រោម​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​របស់​រដ្ឋ​ជុំវិញ​រឿង​ផែន​ទី​នោះ។

នៅ​ថៃ្ង​ពុធ ២៤ កុម្ភៈ​នេះ​ទៀត ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ព្រមាន​ឲ្យ​ដឹង​ជា​ចំហ​ដោយ​មាន​ប្រសាសន៍​ធ្ងន់ៗ​ថា ៖ «ផែនទី​ក្លែងក្លាយ​ត្រូវ​បាន​ឯកឧត្ដម វ៉ា គឹមហុង បក​ស្រាយ​ហើយ។ រាជ​រដ្ឋាភិបាល​ជំពាក់​ត្រូវ​តែ​ប្ដឹង​ខាង​ផ្លូវ​ច្បាប់ ព្រោះ​ជា​ការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ។ បង្គោល​១៨៦ អត់​ទាន់​ទៅ​ធ្វើ​អី​ផង​ស្រាប់​តែ​មាន​ក្នុង​ផែនទី​នឹង​គេ​ដែរ។ រាជ​រដ្ឋាភិបាល​ជំពាក់ ត្រូវ​ធ្វើ​សកម្មភាព​ផ្លូវ​ច្បាប់​ដើម្បី​ការពារ​កិត្យានុភាព​របស់​រាជ​រដ្ឋាភិបាល»

នៅ​មិន​ទាន់​មាន​មន្រ្តី​រដ្ឋាភិបាល​ឬ​មេធាវី​របស់​រដ្ឋាភិបាល​ណា​បញ្ជាក់​ថា គេ​នឹង​ដាក់​ពាក្យ​បណ្ដឹង​នោះ​នៅ​ពេល​ណា​នៅ​ទ្បើយ​ទេ​ក្រោយ​ពី​ការ​ប្រកាស​នេះ។

លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង បាន​កាត់​ទោស​កំបាំង​មុខ កាល​ពី​ថៃ្ង​ទី​២៧ ខែ​កមរា កន្លង​ទៅ​នេះ ឲ្យ​ជាប់​គុក​២​ឆ្នាំ ក្រោម​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​ជាតិ​សាសន៍ ដោយសារ​តែ​លោក​បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ រវាង​កម្ពុជា​វៀតណាម នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ថៃ្ង​ទី​២៥ ខែ​តុលា ឆ្នាំ​២០០៩។

ប្រជាពលរដ្ឋ​២​នាក់ គឺ​លោកស្រី មាស ស្រី និង​លោក ព្រំ ជា ដែល​បាន​ចូល​រួម​ដក​តម្រុយ​បង្គោល​ព្រំដែន​នោះ ត្រូវ​បាន​តុលាការ​ដដែល​កាត់​ទោស​ចំពោះ​មុខ​ឲ្យ​ជាប់​គុក​ម្នាក់ៗ​១​ឆ្នាំ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Vietnam and Thais'd never called his natoinalist is traitor. Sam Raisy and his father should born in Vietnam or Thailand. Both of you born in the wrong place my friend. All of country around the world look like difference family. Some families are too bad but they alway say "Don't open our family to other families know because it is our family matter". They are so bad, want you to shut up, and don't change. Wow So nice!

Feb 25, 2010 05:20 PM

គេហទំព័រ​ទាំងមូល