ហេតុអ្វីមានគម្រោងនេះ?
ក្នុងប្រវត្តិសាស្ត្រទំនើប គ្មានប្រទេសណាដែលលេចត្រដែត និងរីកកាន់តែធំនៅក្នុងប្រទេសកម្ពុជា ដូចប្រទេសចិននោះទេ។ ទីក្រុងប៉េកាំង មកដល់ពេលនេះ នៅតែរក្សាបាននូវការសាយភាយឥទ្ធិពល មកលើប្រទេសក្រីក្រកម្ពុជា ដែលស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសចិន រាប់ចាប់តាំងពីការជះឥទ្ធិពលមនោគមវិជ្ជា ការគាំទ្រក្រុមខ្មែរក្រហម ចលនាបដិវត្តន៍រ៉ាឌីកាល់ ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ការផ្ដល់ទីស្នាក់នៅសម្រាប់ការភៀសព្រះកាយនៃក្សត្រដែលត្រូវគេទម្លាក់ពីតំណែង រហូតដល់ការបោះទុនវិនិយោគ និងការទទួលស្គាល់ភាពស្របច្បាប់នៃរដ្ឋាភិបាលប្រជាធិបតេយ្យបែបផ្ដាច់ការ របស់លោក ហ៊ុន សែន សព្វថ្ងៃ។ សម្រាប់លោក ហ៊ុន សែន ប្រទេសចិន ផ្ដល់ជំនួយដល់កម្ពុជា ដោយមិនដាក់លក្ខខណ្ឌ បានជួយស្រោចស្រង់ប្រទេសកម្ពុជា ដែលត្រូវបានហែកហួរដោយសារសង្គ្រាម ឲ្យមានសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទំនើប ហើយសម្រាប់លោក ហ៊ុន សែន ទីក្រុងប៉េកាំងនេះឯង ដែលជួយផ្ដល់ការគាំទ្រផ្នែកការទូតដល់លោក នៅពេលប្រទេសលោកខាងលិច រិះគន់ពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយចុះ ស្របពេលនេះដែរ ប្រជាជនកម្ពុជា កាន់តែច្រើនឡើងផ្ដើមសង្ស័យ ពីវត្តមាននៃប្រទេសចិននៅកម្ពុជា ថាមានទំហំធំជ្រុលឬយ៉ាងណា? ប្រជាជនមូលដ្ឋានរស់នៅតាមជនបទ កំពុងប្រឈមពីផលប៉ះពាល់ នៃការបំពុលបរិសា្ថន និងការបំផ្លាញព្រៃឈើ ដែលបង្កឡើងពីអាជីវកម្មរបស់ចិន រុករកធនធានធម្មជាតិរបស់កម្ពុជា ហើយមិនមែនក្រុមហ៊ុនរបស់ចិនទាំងអស់ ប្រតិបត្តិអាជីវកម្មរបស់ខ្លួន ស្របទៅតាមច្បាប់នោះទេ។ កសិករ ព្រួយបារម្ភពីការរស់នៅរបស់ពួកគាត់ ខណៈប្រព័ន្ធសាងសង់ទំនប់វារីអគ្គីសនី របស់ក្រុមហ៊ុនចិន បណ្តាលឲ្យកម្រិតទឹកហូរនៃទន្លេមេគង្គ ប្រែប្រួល។
ប្រទេសជិតខាងកម្ពុជា និងបណ្ដាប្រទេសសមាជិកអាស៊ាន មើលឃើញថា រដ្ឋាភិបាលទីក្រុងភ្នំពេញ ជាដៃជើងរបស់ទីក្រុងប៉េកាំង ពិសេសជំហររបស់កម្ពុជា ដែលឈរខាងប្រទេសចិន លើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង រវាងសមាជិកអាស៊ានមួយចំនួន ជាមួយចិន។
គម្រោងសិក្សាស្រាវជ្រាវនេះ មានគោលបំណងពិនិត្យស៊ីជម្រៅលក្ខណៈជាប្រព័ន្ធ ពីរបៀបដែលទីក្រុងប៉េកាំង ដាក់ឥទ្ធិពល និងបន្ដកើនឡើងឥទ្ធិពលរបស់ខ្លួន មកលើប្រទេសកម្ពុជា ពីជំនួយយោធា ដល់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ អាជីវកម្មរុករកនិងជីកយករ៉ែ និងការកាប់ព្រៃឈើ រហូតដល់លំហូរជនជាតិចិនមកកម្ពុជា។ ក្រុមការងារវិទ្យុអាស៊ីសេរីជាភាសាខ្មែរ នឹងជីកឲ្យជ្រៅ ដើម្បីស្វែងយល់អំពីទំនាក់ទំនងរវាងកម្ពុជា និងចិន ដ៏ស្មុគស្មាញនេះ។