ប័ណ្ណសារព័ត៌មាន
2013-12-31
កម្មកររាប់ពាន់នាក់នៅបន្តតវ៉ាទាមទារប្រាក់ខែគោល នៅខាងមុខក្រសួងការងារ នៅថ្ងៃទី៣១ ធ្នូ បើទោះបីជារដ្ឋាភិបាលព្រមានចាត់វិធានការតាមច្បាប់ក៏ដោយ។
2013-12-30
កម្មកររាប់ម៉ឺននាក់ប្រមូលផ្ដុំមុខក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បិទផ្លូវសហព័ន្ធរុស្ស៊ី ក្នុងរាជធានីភ្នំពេញ ទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ នៅព្រឹកថ្ងៃ៣០ ធ្នូ ខណៈមានកិច្ចប្រជុំរវាងមេសហជីពនិងមន្ត្រីក្រសួងការងារ។ កិច្ចប្រជុំបានបញ្ចប់ទៅដោយពុំមានលទ្ធផលអ្វីទេ ដោយសារភាគីរោងចក្រមិនចូលរួមប្រជុំ។ ក្រុមកម្មកររាប់ម៉ឺននាក់ ក៏បន្តដំណើរមកតវ៉ានៅខាងមុខទីស្ដីការគណៈរដ្ឋមន្ត្រី រួចក៏មានការប្រឈមមុខគ្នាជាមួយកម្លាំងសមត្ថកិច្ចនៅរសៀលថ្ងៃដដែល។
2013-12-29
មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ឈានចូលដល់ថ្ងៃទី១៥ហើយ នៅថ្ងៃទី២៩ ធ្នូ នេះ។ មេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រកាសថា ក្បួនមហាបាតុកម្មថ្ងៃនេះមានមនុស្សចូលរួមរាប់សែននាក់។
2013-12-29
ក្រុមសង្គមស៊ីវិលជាច្រើនស្ថាប័ន ប្រជាសហគមន៍ដែងរងគ្រោះដោយសារដីធ្លី ព្រមទាំងប្រជាពលរដ្ឋមកពីបណ្ដាខេត្តនានា នៅព្រឹកថ្ងៃទី២៩ ធ្នូ ដង្ហែក្បួននៅលើដងផ្លូវក្នុងរាជធានីភ្នំពេញ ទាមទារឲ្យរដ្ឋាភិបាលបញ្ចុះតម្លៃទំនិញលើទីផ្សារ ជាពិសេសតម្លៃសាំង។
2013-12-26
កម្មករតាមបណ្ដារោងចក្រមួយចំនួននៅរាជធានីភ្នំពេញ ប្រមូលផ្ដុំគ្នាហែក្បួនចូលរួមបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នាទីលានប្រជាធិបតេយ្យ ដើម្បីទាមទារដំឡើងប្រាក់ខែគោលឲ្យបាន ១៦០ដុល្លារក្នុងមួយខែ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣។
2013-12-25
កម្មកររាប់ម៉ឺននាក់ប្រមូលផ្ដុំគ្នានៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួន ធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែគោលឲ្យបាន ១៦០ដុល្លារក្នុងមួយខែ នៅថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៣។
2013-12-22
អ្នកចូលរួមធ្វើបាតុកម្មបក្សសង្គ្រោះជាតិ នៅថ្ងៃអាទិត្យ ទី២២ ធ្នូ នេះ មានចំនួនច្រើនជាងថ្ងៃមុន។ ចំនួននេះកើនឡើង បន្ទាប់ពីថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ ប្រកាសថា បក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្មធំរៀងរាល់ថ្ងៃអាទិត្យ ក្រៅពីធ្វើមហាបាតុកម្មរៀងរាល់ថ្ងៃក្នុងរយៈពេល ៣ខែ ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និងសុំឲ្យ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចុះពីតំណែង។ ខាងក្រោមជារូបភាពខ្លះៗនៃសកម្មភាពហែក្បួនបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ តាមបណ្ដាផ្លូវសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ៖
2013-12-18
គណបក្សសង្គ្រោះជាតិ បន្តបាតុកម្មចូលដល់ថ្ងៃទី៤ នៅថ្ងៃទី១៨ ខែធ្នូ។ បាតុករជាច្រើននាក់បន្តស្នាក់នៅទីលានប្រជាធិបតេយ្យទាំងយប់ទាំងថ្ងៃ។
2013-12-17
ព្រះសង្ឃនិងពុទ្ធបរិស័ទប្រហែលជាង ២០០អង្គនិងនាក់ ដង្ហែក្បួនចេញពីទីលានប្រជាធិបតេយ្យឆ្ពោះទៅកាន់សាលសន្និសីទចតុមុខ ជាទីកន្លែងដែលក្រសួងធម្មការកំពុងធ្វើអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ដើម្បីដាក់ញត្តិទាមទារឲ្យរដ្ឋមន្ត្រីក្រសួងធម្មការ និងសុំឲ្យសម្ដេចសង្ឃទាំងពីគណៈ ស្វែងរកឲ្យឃើញជនដែលបានលួចសុវណ្ណកោដ្ឋព្រះបរមសារីរិកធាតុនៅភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គកន្លងមក។ ព្រះសង្ឃគង់ឈរតវ៉ាបិទផ្លូវព្រះស៊ីសុវត្ថិ។
2013-12-16
មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ ឈានចូលដល់ថ្ងៃទី២ ហើយ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣។ នៅថ្ងៃនេះ នៅវេលាម៉ោង ៥ល្ងាច នឹងមានការដង្ហែក្បួនម៉ូតូចេញពីទីលានប្រជាធិបតេយ្យឆ្ពោះទៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ។
2013-12-15
គណបក្សសង្គ្រោះជាតិ ចាប់ផ្ដើមធ្វើមហាបាតុកម្មអហិង្សា នៅថ្ងៃអាទិត្យ ទី១៥ ខែធ្នូ នាទីលានប្រជាធិបតេយ្យ ដែលមានមនុស្សចូលរួមរាប់ពាន់នាក់ ក្នុងនោះក៏មានព្រះសង្ឃនិមន្តចូលរួមផង។
2013-12-09
សម្ព័ន្ធអង្គការសង្គមស៊ីវិល តំណាងប្រជាសហគមន៍មកពីគ្រប់ខេត្តក្រុង មន្ត្រីរាជការ និងក្រុមគណបក្សប្រឆាំង នាំគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបទី៦៥ ១០ ធ្នូ ២០១៣ ដោយក្រុមខ្លះជួបជុំគ្នានៅរមណីយដ្ឋានវត្តភ្នំ ដើម្បីប្រារព្ធពិធីនេះ និងខ្លះទៀតបានហែក្បួន ដោយមានលើកបដាទាមទារផ្សេងៗ ក្នុងរាជធានីភ្នំពេញ។
2013-12-06
កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣ ក្រុមអ្នកភូមិ គ្រូបង្រៀន និងសិស្សសាលាជាច្រើនរយនាក់ បាននាំគ្នាលើកបដាតវ៉ាប្រឆាំងជំទាស់ទៅនឹងម្ចាស់រថយន្តដឹកដីធុនធំ ដែលធ្វើដំណើរឆ្លងកាត់មុខសាលារៀនរបស់ខ្លួន។ ក្រុមអ្នកតវ៉ាទាំងនោះបានស្នើសុំឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ បញ្ឈប់ការធ្វើចរាចរណ៍របស់រថយន្តធុនធំ ដែលដឹកជញ្ជូនដីឆ្លងកាត់ខាងមុខវិទ្យាល័យសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ អូរអំបិល។ ខាងក្រោមជារូបភាពខ្លះៗនៃការតវ៉ា រូបភាពដោយ សួន សុផលមុន្នី៖
2013-11-29
ក្នុងរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី២៨ វិច្ឆិកា នៃយុទ្ធនាការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើតំបន់ព្រៃឡង់ សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ បានរកឃើញគំនរឈើមានតម្លៃរាប់រយម៉ែត្រគូប រាយប៉ាយក្នុងព្រៃឡង់ ដែលឈ្មួញបម្រុងដឹកចេញពីព្រៃ។ ខាងក្រោមជារូបភាពខ្លះនៃសកម្មភាពកាប់ឈើនៅព្រៃឡង់។ រូបភាពផ្ដល់ដោយសហគមន៍ព្រៃឡង់
2013-11-22
ប្រជាពលរដ្ឋជាង ១.០០០នាក់ រស់នៅក្នុងភូមិចំនួន៣ គឺភូមិខ្ទរ ភូមិបាក់ខែង និងភូមិព្រែកលៀប នៃសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ បាននាំគ្នាដុតបំផ្លាញគ្រឿងចក្រឈូសឆាយដី ឬអេស្កាវ៉ាទ័រមួយគ្រឿង និងបំពង់ទីបជ័រធំៗសម្រាប់បូមខ្សាច់ជាច្រើនដើម ព្រមទាំងបានយករថយន្តដឹកសពមួយគ្រឿង រនាំងដែក និងបំពង់ទីបជ័រធំៗសម្រាប់បូមខ្សាច់ទៅគរបិទផ្លូវជាតិលេខ៦អា (6A) នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ត្រង់ចំណុចមុខវត្តខ្ទរ ក្បែរសាលាបឋមសិក្សាខ្ទរ។