ប័ណ្ណសារព័ត៌មាន
2016-12-31
អាស៊ីសេរី សូមជូនកម្រងរូបភាពខ្លះៗទាក់ទងនឹងព្រឹត្តិការណ៍ធំៗប្រចាំឆ្នាំ២០១៦។ នៅក្នុងឆ្នាំនេះ មានរឿងរ៉ាវជាច្រើនកើតឡើងក្នុងប្រទេសកម្ពុជា។ ក្នុងនោះរឿងរ៉ាវដ៏លេចធ្លោជាងគេ គឺការបាញ់សម្លាប់បណ្ឌិត កែម ឡី និងការចាប់ចងសកម្មជនសិទ្ធិមនុស្ស។
2016-12-29
សហគមន៍ការពារព្រៃឈើបួនខែត្រ បណ្ដាញព្រះសង្ឃឯករាជ្យ យុវជន និងមន្ត្រីបរិស្ថាន បានរួមគ្នាធ្វើយុទ្ធនាការចុះល្បាតព្រៃឡង់ទ្រង់ទ្រាយធំរយៈពេល ៤យប់ ៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦។
2016-12-25
ក្រសួងការពារជាតិ រៀបចំការប្រឡងជ្រើសរើសនាយទាហានជំនាន់ថ្មីចំនួន ៣វគ្គ គឺវគ្គនាយទាហានសកម្មជំនាន់ទី២១ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី៩ និងវគ្គនាយទាហានបន្តវេនជំនាន់ទី១០ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។
2016-12-23
លំហាត់នាគមាសលើកទី១ ត្រូវបានបិទនៅថ្ងៃទី២៣ ខែធ្នូ នាវិទ្យាស្ថានកងទ័ពជើងគោក ខេត្តកំពង់ស្ពឺ។ រដ្ឋាភិបាលកម្ពុជា និងចិន លើកឡើងថា ទំនាក់ទំនងផ្នែកយោធាទ្វេភាគីកំពុងរីកចម្រើនដល់ចំណុចថ្មីមួយ។ ភាគីទាំងពីរប្ដេជ្ញាពង្រឹងចំណងការទូតយោធានេះ ឲ្យកាន់តែរឹងមាំថែមទៀត។
2016-12-15
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធីរត់ប្រណាំងសង្គមមួយគ្មានពិការភាព នៅថ្ងៃទី១៥ ខែធ្នូ នាពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានអ្នកចូលរួមប្រមាណជិត ២ពាន់នាក់។
2016-12-10
ក្រុមអង្គការសង្គមស៊ីវិល ប្រារព្ធទិវាសិទ្ធិមនុស្សលើកទី៦៨ ១០ ធ្នូ នៅទីលានប្រជាធិបតេយ្យ ក្រោមប្រធានបទ "ការលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបជុំ" ដែលមានព្រះសង្ឃ កម្មករ កម្មការិនី ពលរដ្ឋមានជម្លោះដីធ្លី រាប់រយនាក់ចូលរួម ក្រោមការឃ្លាំមើលរបស់កងកម្លាំងសមត្ថកិច្ចជាច្រើននាក់។
2016-12-08
ពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ និងអង្គការសង្គមស៊ីវិល បារម្ភពីការបន្លាស់ទីរបស់សត្វផ្សោតពីអន្លង់អភិរក្សឈើទាល ខេត្តស្ទឹងត្រែង ទៅរស់នៅខ្សែទឹកខាងលើនៃព្រំដែនប្រទេសឡាវ។ ពួកគេអះអាងថា ការបន្លាស់ទីរបស់សត្វផ្សោត ដោយសារការរំខានដោយសំឡេងរំញ័រ និងបំផ្ទុះថ្មនៃការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) នៅក្បែរនោះ។
2016-12-06
ឈើមូលរាប់រយដើមក្នុងតំបន់ព្រៃការពារសហគមន៍ភូមិតឺន ក្នុងឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី កំពុងរងការកាប់នាំចេញទៅទីផ្សារ។ ចាស់ទុំជនជាតិដើមភាគតិចនៅតំបន់នោះអស់សង្ឃឹមទៅលើចំណាត់ការរបស់គណៈកម្មការសហគមន៍ និងសមត្ថកិច្ចមូលដ្ឋានថា មិនយកចិត្តទុកដាក់ទប់ស្កាត់ ប៉ុន្តែរួមចំណែកឃុបឃិតជាមួយឈ្មួញទាក់ទិនការកាប់យកឈើមានតម្លៃនេះទៅវិញ។
2016-12-06
នៅមជ្ឈមណ្ឌលបុប្ផាណា មានការដាក់តាំងរូបដែលថតដោយអ្នកកាសែតជនជាតិអាមេរិកាំងម្នាក់ បង្ហាញពីស្ថានភាពរស់នៅរបស់ពលរដ្ឋខ្មែររាប់ម៉ឺននាក់ ដែលភៀសខ្លួនទៅតាមជំរំលើទឹកដីថៃ ជាប់ព្រំដែន ក្រោយពីរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំដោយក្រុមរណសិរ្សរួបរួមសង្គ្រោះជាតិកម្ពុជា ដែលគាំទ្រដោយកងទ័ពវៀតណាម នៅឆ្នាំ១៩៧៩។ ពិព័រណ៍រូបថតនេះចាប់ផ្ដើមពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧។
2016-12-04
សម្ដេចព្រះសង្ឃរាជ ទេព វង្ស ថ្វាយព្រះភ្លើងបូជាព្រះសពព្រះតេជព្រះគុណ សំ ប៊ុនធឿន នៅវេលាម៉ោង ៧យប់កាលពីថ្ងៃទី៣ ខែធ្នូ។ ពិធីបូជាព្រះសពនេះ មានព្រះសង្ឃប្រមាណជាង ៤ពាន់អង្គ និងពលរដ្ឋប្រមាណ ២ម៉ឺននាក់ចូលរួម ដែលប្រារព្ធនៅភ្នំព្រះរាជទ្រព្យ (ភ្នំឧត្ដុង្គ) ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។
2016-12-01
ព្រះសង្ឃ និងពុទ្ធបរិស័ទភាគច្រើនជាសីលវន្ត សីលវតី ជាង១ម៉ឺននាក់ ចូលរួមដង្ហែព្រះសពព្រះតេជព្រះគុណ សំ ប៊ុនធឿន ជុំវិញភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្ដុង្គ ក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល នៅថ្ងៃទី១ ខែធ្នូ។
2016-11-30
ថ្ងៃទី២៩ វិច្ឆិកា ជាថ្ងៃកំណត់ចុងក្រោយនៃកាលបរិច្ឆេទចុះឈ្មោះបោះឆ្នោតរយៈពេល ៣ខែ គឺចាប់ពីថ្ងៃទី១ ខែកញ្ញា។ ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបន្ថែមរយៈពេល ១ថ្ងៃទៀត គឺថ្ងៃទី៣០ ខែវិច្ឆិកា។ សម្រាប់ថ្ងៃបន្ថែមចុងក្រោយនេះ បុគ្គលិក គ.ជ.ប បន្តធ្វើការរហូតដល់ម៉ោង ១២យប់។
2016-11-29
អាជ្ញាធរពាក់ព័ន្ធពីក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រួមនឹងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងកែច្នៃវល្លិរមៀតរបស់ក្រុមហ៊ុនចិន មួយ នៅឃុំឫស្សីជ្រំ ស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា។ ការចុះពិនិត្យនេះ ក្រោយពីក្រសួងបរិស្ថាន កាលល្ងាចពីថ្ងៃទី២៤ ខែវិច្ឆិកា បានបញ្ជាឲ្យផ្អាកទីតាំងកែច្នៃនោះជាបន្ទាន់។
2016-11-27
យុវជនជាង ២០០នាក់មកពីជាង ១០រាជធានី-ខេត្ត ចូលរួមបោះជំរំយុវជនអង្គរលើកទី៨។ ការបោះជំរំលើកនេះ ផ្ដោតសំខាន់លើប្រធានបទ «ការគ្រប់គ្រងធនធានធម្មជាតិ និងការការពារបរិស្ថាន» ធ្វើនៅខេត្តកោះកុង ចាប់ផ្ដើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
2016-11-16
អាជ្ញាធរបានអះអាងថា ព្រះរាជពិធីបុណ្យអុំទូក ចប់ទៅដោយមានបរិយាកាសល្អប្រសើរ បើទោះបីជាមានបញ្ហាខ្លះបានកើតឡើងក្ដី។ ទោះបីជាយ៉ាង អ្វីដែលជាការកត់សម្គាល់ និងរកការរិះគន់ក្នុងពិធីបុណ្យឆ្នាំនេះ គឺបញ្ហាសំរាម។