ពលករខ្មែរគេចរួចខ្លួនពីថៃ២៩នាក់ជួបអង្គការលីកាដូ
2011.07.06
ពលករដែលត្រូវបានមេខ្យល់នាំទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃ កាលពីខែឧសភា កន្លងទៅ ហើយបានរត់គេចខ្លួនរួចមកដល់ស្រុកភូមិវិញចំនួន ២៩នាក់ បានទទួលជំនួយឧបត្ថម្ភដើម្បីជួយសម្រាលការខ្វះខាតបណ្ដោះអាសន្នពីអង្គការលីកាដូ នៅឯទីស្នាក់ការខេត្តពោធិ៍សាត់។
ពលករឈ្មោះ អ៊ូ សារ៉ាន អាយុ ២៧ឆ្នាំ បានឲ្យដឹងបន្ទាប់ចេញពីទទួលអំណោយនោះថា នៅពេលចេញដំណើរទៅប្រទេសថៃ គាត់ត្រូវចំណាយលុយឲ្យមេខ្យល់ម្ដងរួចហើយ ហើយពេលរត់ត្រឡប់មកវិញនេះ ពួកគាត់ត្រូវចំណាយលុយទៀតទម្រាំបានមកដល់ស្រុកភូមិវិញ ហើយប្រាក់ទាំងនេះសុទ្ធតែជាប្រាក់ចងការគេទាំងអស់។ គាត់ថា អំណោយនេះអាចជួយសម្រាលការខ្វះខាតរបស់គ្រួសារគាត់បានមួយរយៈទម្រាំគាត់រកបានការងារធ្វើ។
ពលករ អ៊ូ សារ៉ាន បន្តថា ៖ «ថ្ងៃនេះអង្គការលីកាដូ ផ្ដល់ដំណឹងឲ្យពួកខ្ញុំមកជួបជុំគ្នាដើម្បីរៀបរាប់ពីការលំបាកកាលពីខ្ញុំទៅធ្វើការនៅថៃ ដោយការចាញ់បោកមេខ្យល់ ហើយអង្គការក៏មានផ្ដល់អំណោយសង្គ្រោះបន្ទាន់ដល់ពួកខ្ញុំខ្លះ។ អំណោយនេះអាចជួយជីវភាពពួកខ្ញុំបណ្ដោះអាសន្ន ទម្រាំរកបានការងារធ្វើ...»។
អំណោយចំនួន ១៥មុខ ដែលរួមមានអង្ករ ១០គីឡូក្រាម ត្រីខកំប៉ុង ១០កំប៉ុង ប្រេងឆា១លីត្រ ទឹកត្រី និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន និងប្រាក់ពី ១៤ ទៅ ១៦ដុល្លារក្នុងម្នាក់ៗ ត្រូវបានអង្គការលីកាដូ ចែកជូនទៅឲ្យពលករទាំង ២៩រូបដែលទើបតែបានរត់គេចខ្លួនរួចមកដល់មាតុភូមិវិញ កាលពីប៉ុន្មានថ្ងៃមុននេះ។
កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១១ កន្លងទៅ មេខ្យល់ឈ្មោះ សំ ឈុនឡេង មានទីលំនៅក្នុងភូមិផ្ទះស្លា ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ បាននាំមនុស្ស ៥៧នាក់ឲ្យទៅធ្វើការនៅប្រទេសថៃ ដោយក្លែងបន្លំថា ខ្លួនជាបណ្ដាញក្រុមហ៊ុន ថប មែន ផៅវឺរ៍ (TOP MAN POWER)។មេខ្យល់រូបនេះបានតម្រូវឲ្យពលករម្នាក់ៗបង់ប្រាក់ជាមុនចំនួន ១៧០ដុល្លារដើម្បីធ្វើលិខិតឆ្លងដែន និងរត់ការឯកសារផ្សេងៗ។ ប៉ុន្តែលុះទៅដល់កន្លែងធ្វើការនៅឯប្រទេសថៃ មេការក្នុងរោងចក្រប្រាប់ថា ពួកគេត្រូវបានយកមកលក់ ដែលតម្រូវឲ្យធ្វើការចំនួន ១ឆ្នាំ ដើម្បីកាត់លុយសិនទើបអាចបើកប្រាក់ខែបាន។
មន្ត្រីផ្នែកអង្កេតអង្គការលីកាដូ ខេត្តពោធិ៍សាត់ លោក សឹង សែនករុណា មានប្រសាសន៍ថា ការផ្ដល់អំណោយបន្តិចបន្តួចនេះ គឺគ្រាន់តែជាផ្នែកមួយបង្ហាញពីការយកចិត្តទុកដាក់របស់អង្គការលីកាដូ ដែលតែងតែជួយប្រជាពលរដ្ឋក្រីក្រត្រូវរងគ្រោះពីការជួញដូរពលកម្មប៉ុណ្ណោះ។
លោកថា ប្រការសំខាន់គឺអង្គការបានសហការជាមួយដៃគូផ្សេងទៀត ដើម្បីជួយប្រជាពលរដ្ឋទាំងនេះលើផ្លូវច្បាប់បន្ថែមទៀត ៖ «គោលបំណងសំខាន់ថ្ងៃនេះ គឺយើងចង់ឲ្យបងប្អូនដែលរងគ្រោះហើយបានត្រឡប់មកវិញនេះ បានពឹងពាក់មេធាវីតាមផ្លូវច្បាប់ ដើម្បីជួយការពារ និងរកយុត្តិធម៌ជូនបងប្អូនក្នុងដំណើរការតាមនីតិវិធីតុលាការនាពេលខាងមុខ»។
ប្រភពពីពលករដែលបានរត់គេចខ្លួនរួចមកដល់ស្រុកភូមិវិញ បានឲ្យដឹងថា នៅសល់កម្មករចំនួន ២៨នាក់ទៀតកំពុងជាប់នៅក្នុងប្រទេសថៃ នៅឡើយ ហើយខ្លះកំពុងត្រូវបានថៅកែថៃ លក់បន្តទៅកន្លែងផ្សេង និងខ្លះទៀតបានបាត់ខ្លួនមិនដឹងជានៅទីណា៕