ប៉ូលិស​ខែត្រ​ស្ទឹងត្រែង​ចាប់​អ្នក​ចែកចាយ​គ្រឿង​ញៀន​២​នាក់

មន្ត្រី​ប៉ូលិស​ខេត្ត​ស្ទឹងត្រែង លោក យ៉ន ឌីន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​មករា ឆ្នាំ​២០១០ ថា បុរស​ពីរ​នាក់​ប្តី​ប្រពន្ធ​រស់​នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ពី​បទ​ចែកចាយ​គ្រឿង​ញៀន។
ដោយ រដ្ឋា វីសាល
2010-01-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ស្នងការ​រង​ប៉ូលិស​ខេត្ត​មាន​ប្រសាសន៍​បញ្ជាក់​ថា ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់ ប្តី​ឈ្មោះ គ្រុយ ប្រពន្ធ​ឈ្មោះ ម៉ាប់ ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​មករា កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន និង​សួរ​ចម្លើយ​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត។

អ្នក​ភូមិ​ព្រែក​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អ្នក​ភូមិ​រីករាយ​ដោយសារ​ប៉ូលិស​បាន​បង្ក្រាប​ចំ​ទីតាំង​ចែកចាយ​គ្រឿង​ញៀន។

អ្នក​ភូមិ​ទាំង​នោះ​សង្ឃឹម​ថា ការ​បង្រ្កាប​នេះ​នឹង​ធ្វើ​ឲ្យ​កូន​ចៅ​អ្នក​ភូមិ​នៅ​តំបន់​នោះ​គេច​ផុត​ពី​គ្រោះថ្នាក់ ដោយ​ការ​ប្រើប្រាស់​គ្រឿង​ញៀន។ ក្រុម​អ្នក​ភូមិ​បាន​បញ្ជាក់​ថា ការ​ចែកចាយ​គ្រឿង​ញៀន​ធ្វើ​ឲ្យ​កូន​ចៅ​អ្នក​ភូមិ​កំពុង​ក្លាយ​ជា​មនុស្ស​ញៀន​គ្រឿង​ញៀន​កាន់​តែ​ច្រើន​ឡើង និង​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត។

មន្ត្រី​ប៉ូលិស​ខេត្ត​ស្ទឹងត្រែង លោក យ៉ន ឌីន ឲ្យ​ដឹង​បន្ថែម​ថា គេ​បាន​រក​ឃើញ​ថ្នាំ​ញៀន​ជាង ៤០០​គ្រាប់​ជា​វត្ថុ​តាង​នៅ​ផ្ទះ​ជន​ជាប់​ចោទ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល