កុមារ២នាក់ស្លាប់ដោយសារទូកបុកគ្នានៅកំពង់ឆ្នាំង
2011.01.20
ជនរងគ្រោះឈ្មោះ គង់ ឆាយ អាយុ ៣៩ឆ្នាំ ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី១៩ ខែមករាថា កាលពីថ្ងៃទី១៧ ខែមករា គ្រួសារគាត់បានធ្វើដំណើរដោយទូកម៉ាស៊ីនទៅកាន់ចម្ការ។ ពេលដែលគាត់កាច់ចង្កូតទូកបម្រុងចូលចត ស្រាប់តែកប៉ាល់ដឹកអ្នកដំណើរប្រភេទល្បឿនលឿនឈ្មោះ ញ៉ូវ រ៉ូយាល់ បើកមកបុកទូកគាត់តែម្ដង។
លោក គង់ ឆាយ បន្ថែមថា ៖ «ខ្ញុំបើកកាណូតពីផ្ទះខ្ញុំមកហ្នឹង មកចូលចម្ការ។ ខ្ញុំចូលមកដល់កៀនខាងហើយហ្នឹង ស្រាប់តែអារ៉ូយ៉ាល់វាបើកមកបុកខ្ញុំនៅកៀនខាងនេះតែម្ដង។ កូនខ្ញុំ ២នាក់ លិចក្រឡាប់រកអត់ទាន់ឃើញទេ។ របស់ទ្រព្យខ្ញុំនៅលើទូកបាត់អស់ ហើយទូកក៏បែកជា២ ឥឡូវគេអូសយកមកទុកនៅកំពង់ឆ្នាំង»។
មេភូមិកោះឫស្សី លោក ណែត ស្រូយ ដែលបានទៅដល់ទីកើតហេតុមុនគេបំផុតនោះ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកមួយនេះបានកើតឡើងនៅចំណុចភូមិកោះឫស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ លោកមេភូមិក៏បានឲ្យដឹងផងដែរថា ក្នុងឧបទ្ទវហេតុនេះ បានបណ្ដាលឲ្យកុមារា ២នាក់ ម្នាក់ឈ្មោះ ឈុន សម្បត្តិ អាយុ ៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឈុន សំបូរ អាយុ ៤ឆ្នាំ ដែលត្រូវជាកូនរបស់ជនរងគ្រោះត្រូវបានបាត់ខ្លួន។
លោក ណែត ស្រូយ បន្តថា ៖ «ឃើញទិដ្ឋភាពទូកក៏បាក់បែក និងលិច ទាំងប្ដី និងប្រពន្ធរងរបួសអីវ៉ាន់លើទូកបាត់អស់។ កូន ២នាក់ក៏បាត់មិនដឹងយ៉ាងណា។ ខ្ញុំក៏បានជួយបញ្ជូនគាត់មកកាន់ទីបញ្ជាការនគរបាលជើងទឹកខេត្តរួចហើយ មិនដឹងជាគេចាត់ចែងយ៉ាងណាទៀតនោះទេ»។
នាយការិយាល័យនគរបាលចរាចរណ៍ជើងទឹកខេត្តកំពង់ឆ្នាំង គឺលោក ហែម ហៀង មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅល្ងាចថ្ងៃទី១៩ ខែមករាថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកនេះមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស ដូច្នេះលោកបានបញ្ជូនទៅឲ្យតុលាការហើយ ៖ «ខ្ញុំបានបញ្ជូនទៅព្រះរាជអាជ្ញាតាមសមត្ថកិច្ចរបស់ខ្ញុំរួចហើយ»។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ពេញ វិបុល មានប្រសាសន៍ថា លោកបានទទួលសំណុំរឿងខាងលើនេះរួចហើយ ជនបង្កគ្រោះថ្នាក់កំពុងត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន រង់ចាំការការដោះស្រាយតាមនីតិវិធីនៃច្បាប់។
គួរបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែមករានេះ សាកសពកុមាររងគ្រោះម្នាក់ត្រូវបានរកឃើញ តែគេមិនអាចសម្គាល់បានថា ជាកុមារ ឈុន សម្បត្តិ ឬកុមារ ឈុន សំបូរ នោះឡើយ ដោយសាកសពត្រូវបានហើមខូចទ្រង់ទ្រាយដែលមិនអាចសម្គាល់បាន៕