ប៉ូលិសខេត្តបាត់ដំបងឃាត់ខ្លួនមេខ្យល់ម្នាក់និងពលករខ្មែរ៣១នាក់
2011.08.17
ពលករខ្មែរចំនួន ៣១នាក់ ត្រូវបានគេបញ្ជូនទៅឲ្យតុលាការខេត្តបាត់ដំបង សាកសួរនៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០១១ នេះ ដើម្បីផ្ដល់ចម្លើយចោទប្រកាន់ទៅលើមេខ្យល់ម្នាក់ដែលបានព្យាយាមនាំពួកគេឆ្លងដែនពីទឹកដីខ្មែរទៅរកការងារធ្វើនៅក្នុងប្រទេសថៃ។
លោកឧត្ដមសេនីយ៍ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងរួចរាល់ហើយ ដើម្បីបញ្ជូនអ្នកទាំងនោះទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៖ «យើងបញ្ជូនទាំងអស់ហ្នឹងទៅ ដើម្បីគាត់សាកសួរព័ត៌មានបន្ថែមដើម្បីដាក់បន្ទុកទៅលើមេខ្យល់ហ្នឹង ពេលសាកសួរហើយបានបញ្ជូនទៅឲ្យសង្គមកិច្ច ដើម្បីអប់រំឲ្យទៅផ្ទះវិញ អាហ្នឹងចំពោះពលករ។ រីឯមេខ្យល់វិញមិនដឹងគាត់មានចំណាត់ការយ៉ាងម៉េចទេ»។
នាយការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន លោក កុយ ហៀង បានមានប្រសាសន៍ថា ពលករទាំងនោះត្រូវបានមេខ្យល់ឈ្មោះ សុវណ្ណ សុភា អាយុ ៣៦ឆ្នាំ ប្រើប្រាស់ឯកសាររបស់ក្រុមហ៊ុនមួយឈ្មោះ C.T. ASIA LABOR នាំឆ្លងដែនទៅធ្វើការនៅរោងចក្រ និងធ្វើជាកម្មករផ្លូវដែកនៅប្រទេសថៃ ដោយក្នុងមួយថ្ងៃពលករទាំងនោះត្រូវទទួលបានប្រាក់ឈ្នួល ២៣៥បាត។ ពលករទាំង ៣១នោះ ពុំមានឯកសារ និងលិខិតឆ្លងដែនទេ តែមេខ្យល់ឈ្មោះ សុវណ្ណ សុភា ប្រាប់ពួកគេឲ្យរង់ចាំធ្វើលិខិតឆ្លងដែននៅក្នុងប្រទេសថៃ។
លោកបន្តថា មេខ្យល់ឈ្មោះ សុវណ្ណ សុភា ធ្លាប់បាននាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួនពីរដង ក្នុងមួយដងៗមានមនុស្សជាង ១០នាក់ ៖ «ចោទក្នុងមាត្រា១១ ស្ដីពីនាំយកចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន មួយទៀតនៅក្នុងមាត្រា ៣៧៧ និង ៣៧៨ ស្ដីពីបទឆបោក បើតាមស្ថានទម្ងន់ទោសនៅក្នុងមាត្រាទី១១ ពី ៧ឆ្នាំ ទៅ ១៥ឆ្នាំ បើសិនជានៅក្នុងមាត្រាទី១១ បើសិនជាមានអនីតិជនទៀត គឺមានទោសពី ១៥ឆ្នាំ ទៅ ២០ឆ្នាំ»។
លោក យិន ម៉េងលី ប្រធានសម្របសម្រួលនៃសមាគមអាដហុក ប្រចាំខេត្តបាត់ដំបង បានថ្លែងថា ការទប់ស្កាត់លំហូរពលករខ្មែរឆ្លងដែនខុសច្បាប់ទៅក្រៅប្រទេស គឺការងាររួមទាំងអស់គ្នា ជាពិសេសនៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដែលការងារនេះទាមទារឲ្យមានវិធានការទប់ស្កាត់ឲ្យបានតឹងរ៉ឹង ជៀសវាងការយកថវិកាបន្តិចបន្តួចជាកត្តាសំខាន់។
លោកបន្តថា ៖ «ហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋធ្វើការពិចារណាឲ្យមែនទែនក្នុងការធ្វើចំណាកស្រុកនេះ បើកាលណាយើងធ្វើចំណាកស្រុកមិនបានត្រឹមត្រូវទេ វាមិនបានផលមកលើយើងវិញទេ វាមិនមែនធ្វើឲ្យជីវភាពយើងបានធូរធារ វាធ្វើឲ្យយើងខូចអនាគត ជួនកាលអាចបាត់បង់អាយុជីវិតយើងថែមទៀតក៏មានដែរ»។
លោកបានបន្តថា នៅក្នុងឆ្នាំ២០១១នេះ សមាគមអាដហុក បានទទួលពាក្យបណ្ដឹងទាក់ទងករណីជួញដូរចំនួនបីករណី ក្នុងនោះមានពាក់ព័ន្ធទៅនឹងការធ្វើចំណាកស្រុក ហើយត្រូវបានមេខ្យល់នាំយកទៅលក់ធ្វើជាទាសករនៅលើទូកក្នុងប្រទេសម៉ាឡេស៊ី។ ករណី២ គឺមានពលករខ្មែរត្រូវចាញ់បោកជនជាតិថៃ តាមរយៈការធ្វើលិខិតឆ្លងដែនក្លែងក្លាយនាំទៅប្រទេសម៉ាឡេស៊ី និងករណីទី៣ មានពលករខ្មែរដែលបានទៅតាមរយៈក្រុមហ៊ុន ប៉ុន្តែរហូតមកដល់ពេលនេះមានការផុតកំណត់ហើយ ឪពុកម្តាយរបស់ពួកគេនៅមិនទាន់ឃើញកូនៗ វិលត្រឡប់ពីប្រទេសម៉ាឡេស៊ីម កប្រទេសកម្ពុជាវិញនោះឡើយ៕