ជម្លោះ​រវាង​អ្នក​កាសែត​៣​នាក់​និង​យោធា​នៅ​ក្រចេះ

មាន​សេចក្ដី​រាយ​ការណ៍​ពី​ខេត្ត​ក្រចេះ​មក​ថា ជម្លោះ​រវាង​អ្នក​កាសែត​ក្នុង​ស្រុក ៣​នាក់ ជា​មួយ​មន្ត្រី​យោធា​ខេត្ត​ម្នាក់ ពី​បញ្ហា​រថ​យន្ត​ដឹក​ឈើ​ខុស​ច្បាប់​មួយ​គ្រឿង កាល​ពី​យប់​ទី​២៩ តុលា រហូត​ធ្វើ​ឲ្យ​អ្នក​កាសែត​ទាំង​នោះ បាន​ដាក់​ពាក្យ​ប្ដឹង​ចោទ​ប្រកាន់​មន្ត្រី​យោធា​នោះ​ថា​បាន​គំរាម​ប៉ុនប៉ង​ធ្វើ​ឃាត​ពួក​ខ្លួន។
ដោយ ឱ ភារិទ្ធ
2010-10-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អ្នក​កាសែត​ក្នុង​ស្រុក​បី​នាក់ គឺ​កាសែត​រស្មី​បុរី កាសែត​មាតុភូមិ និង​កាសែត​ជាតិ កំពុង​សរសេរ​ពាក្យ​បណ្ដឹង​ដាក់​ជូន​គ្រប់​ស្ថាប័ន​នៅ​ខេត្ត​ក្រចេះ ដោយ​ចោទ​ប្រកាន់​មន្ត្រី​យោធា​អនុ​សេនា​ធំ​លេខ​៣ ថា​បាន​គំរាម​ប្រមាថ​ប៉ុនប៉ង​ធ្វើ​ឃាត​ពួក​គេ កាល​ពី​យប់​ទី​២៩ តុលា ដោយសារ​ជម្លោះ​រឿង​រថ​យន្ត​ដឹក​ឈើ​មួយ​គ្រឿង ដែល​ពួក​គេ​តាម​សួរ​មិន​ទាន់។

លោក ហង់ សុវណ្ណា កាសែត​រស្មី​បុរី​បាន​ផ្ដល់​សម្ភាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ តុលា ថា​ប្រមាណ​ជា​ម៉ោង ៨​និង​៣០​នាទី​យប់ ក្រុម​ការ​ងារ​ពួក​គាត់​ដែល​មាន​គ្នា​៣​នាក់ បាន​ប្រទះ​រថ​យន្ត​ដឹក​ឈើ​មួយ​គ្រឿង នៅ​ចំណុច​គីឡូ​ម៉ែត្រ​លេខ​១៣២ ច្រក​ចូល​ក្រុមហ៊ុន TTY ដោយ​មាន​រថយន្ត Land cruiser មួយ​រត់​ការ​ប្រាប់​ពួក​គេ​ថា ជា​ឈើ​របស់​មន្ត្រី​យោធា​ឈ្មោះ ជា ណាក់ ហើយ​ពួក​ខ្លួន​ក៏​ទាក់​ទង​ទៅ​លោក ជា ណាក់ ដើម្បី​សាក​សួរ រួច​រឿង​ហេតុ​ក៏​កើត​ឡើង​ដែល​លោក​អះអាង​ថា ៖ «លោក ណាក់ ហ្នឹង​គាត់​បើក​ឡាន Lexus កូន​កាត់ ចុះ​មក​ដក​កាំភ្លើង​ពី​ចង្កេះ​អា​មេ​គំរាម​ខ្ញុំ​ថា ហ្អែង​ចេះ​តែ​រំខាន​អញ អញ​បាញ​ហ្អែង​អា​យះ​ក្បាល ពួក​ហ្អែង​ថោក​ទាប​គ្មាន​គិត​ការ​ងារ​រក​ស៊ី ដើរ​តែ​រក​រឿង​គេ​យក​លុយ​គេ»

លោក សម ជឿន កាសែត​ជាតិ ជា​អ្នក​បាន​ទូរស័ព្ទ​ផ្ទាល់​ទៅ​កាន់​លោក ជា ណាក់ បាន​បំភ្លឺ​ថា ពេល​ទាក់​ទង​តាម​ទូរស័ព្ទ​លោក ជា ណាក់ បាន​បដិសេធ​ថា រថ​យន្ត​ដឹក​ឈើ​នោះ មិន​មែន​ជា​របស់​លោក​ទេ ៥​នាទី​ក្រោយ​មក ជា ណាក់ ក៏​មក​ដល់​កន្លែង​ពួក​លោក ទាញ​កាំភ្លើង​ប្រមាថ​បាញ់​ក្បាល​ពួក​គេ​តែ​ម្ដង ដោយ​ខឹង​ថា ពួក​គេ​រំខាន​ពេល​លោក​សម្រាក​ស្ដាប់​វិទ្យុ។ លោក ជា ធា កាសែត​មាតុភូមិ​បាន​ថត​អាត់​សំឡេង​ដែល​លោក ជា ណាក់ ជេរ​ប្រមាថ​ពួក​គេ​ទៀត​ផង ៖ «អញ​មិន​យល់​ហ្អែង​នៅ​ក្រៅ​តំបន់​ហ្នឹង​បាញ់​ហ្អែង​បែក​ក្បាល វា​ធ្វើ​ដូច​ហួស​ហេតុ ពួក​អា​កាសែត​នេះ​ម៉្ងៃៗ វា​អុក​ឡុក​អ៊ីចឹង លុយ​ម៉ែ​ឱ​ហ្អែង​ទុក​នៅ​អញ​ហ្អែ​បើ​កុំ​តែ​ពួក​ហ្អែង​នៅ​តំបន់​នេះ នៅ​ក្រៅ អញ​បាញ់​ហ្អែង​បំបែក​ក្បាល​ទាំង​អស់​តែ​ម្ដង»

ដោយ​ផ្អែក​លើ​ភស្តុតាង​ទាំង​នេះ​ហើយ ទើប​អ្នក​កាសែត​ទាំង​បី​នាក់​នោះ សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​មន្ត្រី​យោធា​ឈ្មោះ ជា ណាក់ នោះ។ ប៉ុន្តែ​លោក ជា ណាក់ មន្ត្រី​យោធា​ដែល​ត្រូវ​គេ​ចោទ​ប្រកាន់ បាន​បដិសេធ​ថា អ្នក​កាសែត​ទាំង​នោះ​ចោទ​ថា រថ​យន្ត​ដឹក​ឈើ​របស់​លោក ហើយ​ជំរិត​ទារ​ប្រេង​សាំង​លោក​មួយ​កាន នៅ​ពេល​ដែល​លោក​កំពុង​ស្ដាប់​ព័ត៌មាន​ទើប​ធ្វើ​ឲ្យ​លោក​ខឹង​ឡើង ៖ «គាត់​តេ​ម៉ោង​៨​កន្លះ​យប់ ខ្ញុំ​ដេក​ស្ដាប់​ប៉ុស្តិ៍​អាស៊ី​សេរី​អាមេរិក គាត​គំរាម​ខ្ញុំ​ថា គាត់​ប្ដឹង​ថា​ឡាន​ឈើ​ខ្ញុំ។ ខ្ញុំ​ថា​បើ​បង​ឯង​ថា​ឡាន​ឈើ​ខ្ញុំ បង​ឯង​ចាប់​ទុក​ឲ្យ​ខ្ញុំ ពួក​អា​បី​នាក់​ហ្នឹង​ខូច​ណាស់​បង​អាង​តែ​សារព័ត៌មាន​គំរាម​កំហែង​គេ​យក​លុយ បើ​មិន​ឲ្យ​ថា​ចុះ​ផ្សាយ​អី»

លោក ជា ណាក់ សារភាព​ថា​ពី​មុន​លោក​រក​តិច​តួច​មែន ហើយ​ធ្លាប់​ផ្ដល់​ប្រាក់​ឲ្យ​អ្នក​ទាំង​បី ជួន ៥០ ឬ​១០០​ដុល្លារ តែ​ក្រោយ​ប្រកាស​បទ​បញ្ជា​របស់​នាយក​រដ្ឋ​មន្ត្រី លោក​បាន​ឈប់​ហើយ។ លោក ហ៊ត់ ប៊ុនគីម មេ​បញ្ជាការ​លើ​លោក ជា ណាក់ បាន​អះអាង​ថា ពេល​លោក​ទៅ​ទាន់​ពុំ​ឃើញ ជា ណាក់ មាន​កាន់​អាវុធ​ទេ តែ​លោក​អះអាង​ថា ជា ណាក់ ឈប់​រក​ស៊ី​ឈើ​ខុស​ច្បាប់​ទៀត​មែន ៖ «ពី​មុន​មក​គាត់​រក​មែន តែ​ឈប់​តាំង​ពី​គេ​ហាម​មក ឡាន​អីៗ ពពាយនាយ​លក់​អស់​ហើយ»

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល