ជន​សង្ស័យ​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​៣​នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១០ បាន​បញ្ជូន​ជន​សង្ស័យ​ជា​បង​ប្អូន​បង្កើត​បី​នាក់​ទៅ​ឲ្យ​តុលាការ​ខេត្ត​នេះ ដើម្បី​ចាត់​វិធានការ​តាម​នីតិ​វិធី​ច្បាប់ បន្ទាប់​ពី​បង​ប្អូន​បង្កើត​ទាំង​បី​នាក់​នោះ ត្រូវ​គេ​ចាប់​ខ្លួន​ទាក់​ទិន​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ក្រុង​ប៉ោយប៉ែត។
ដោយ សួន សុផលមុន្នី
2010-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក​ឧត្ដមសេនីយ៍ ឱ បូរិន មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ ទី​២៧ ខែ​សីហា​ថា ជន​សង្ស័យ​បង​ប្អូន​បង្កើត​បី​នាក់​នោះ មាន​ឈ្មោះ អ៊ុច ឆយ អាយុ ៣៣​ឆ្នាំ ឈ្មោះ អ៊ុច ចិន អាយុ ២៦​ឆ្នាំ និង​ឈ្មោះ អ៊ុច ស្រស់ អាយុ ២០​ឆ្នាំ។

លោក ឱ បូរិន ឲ្យ​ដឹង​ដូច្នេះ ៖ «ឲ្យ​សញ្ញា​ថា វា​មាន​គ្រឿង​ញៀន ដល់​យើង​ត្រួត​ពិនិត្យ​ទៅ តាម​លោក​ព្រះរាជ​អាជ្ញា ឃើញ​គ្រឿង​ញៀន​នៅ​ក្នុង​កូន​កញ្ចប់ មាន​មេតំហ្វេតាមីន ប្រភេទ​ទឹក​កក។ ក្នុង​មួយ​កញ្ចប់​ហ្នឹង ១៧០០​បាត ក្មេង​វា​សួរ។ ឃើញ​ជញ្ជីង​ថ្លឹង​គ្រឿង​ញៀន​មួយ»

បង​ប្អូន​បង្កើត​ទាំង​បី​នាក់​ខាង​លើ​នេះ រស់​នៅ​ភូមិ​មណ្ឌល៨ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​កង​កម្លាំង​រាជ​អាវុធ​ហត្ថ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​សីហា ឆ្នាំ​២០១០។

ព្រះ​រាជ​អាជ្ញាធរ​រង​តុលាការ​ខេត្ត​បន្ទាយមានជ័យ លោក តន់ សីហៈតេជះ បាន​មាន​ប្រសាសន៍​ថា លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​កង​រាជ​អាវុធហត្ថ​បញ្ជូន​ជន​សង្ស័យ​ជា​បង​ប្អូន​បង្កើត​ទាំង​បី​នាក់​នោះ​ទៅ​ឲ្យ​តុលាការ ប៉ុន្តែ​មិន​ទាន់​បាន​ធ្វើ​សេចក្ដី​សម្រេច​ក្នុង​ការ​ចោទ​ប្រកាន់​ទេ ដោយសារ​លោក​កំពុង​ជាប់​រវល់៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល