ប៉ូលិសឃាត់ខ្លួនមនុស្ស៣នាក់ពាក់ព័ន្ធនឹងការចែកចាយគ្រឿងញៀន
2011.08.06
មនុស្សចំនួន ៣នាក់ និងគ្រឿងញៀនប្រភេទម៉េតំហ្វេតាមីន (Methamphetamine) ឬ យ៉ាម៉ាគ្រាប់ ពណ៌ក្រហមក្បឿង ចំនួន ៧០គ្រាប់ ត្រូវប៉ូលិសរកឃើញ និងឃាត់ខ្លួនក្នុងបទជាប់ពាក់ព័ន្ធចែកចាយគ្រឿងញៀន។
ក្នុងចំណោមជនជាប់សង្ស័យទាំងបីនាក់ដែលប៉ូលិសឃាត់ខ្លួន មានម្នាក់ជាបុរសឈ្មោះ ជួង សុគន្ធា អាយុ ២៩ឆ្នាំ ជាគ្រូបង្រៀននៅសាលាបឋមសិក្សាភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង និងភរិយាឈ្មោះ សូ សុខណៃ អាយុ ២៥ឆ្នាំ រួមទាំងស្ត្រីឈ្មោះ យ៉ែម ដាវី អាយុ ២៩ឆ្នាំ។ អ្នកទាំងបីរស់នៅផ្ទះជាមួយគ្នានៅភូមិបី សង្កាត់ឡាបានសៀក ក្រុងបានលុង ត្រូវប៉ូលិសចាប់ខ្លួនកាលពីថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០១១។
អធិការប៉ូលិសក្រុងបានលុង លោក ឯម វុន មានប្រសាសន៍បញ្ជាក់ថា ជនទាំងបីគឺជាមុខសញ្ញាសង្ស័យចែកចាយគ្រឿងញៀនក្នុងមូលដ្ឋានប្រមាណមួយឆ្នាំហើយ ក៏ប៉ុន្តែប៉ូលិសមិនអាចស្វែងរកវត្ថុតាងដើម្បីបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀននេះបាន។
លោកបន្តថា នៅថ្ងៃចាប់ខ្លួន ប៉ូលិសបានព័ទ្ធលំនៅឋានអ្នកទាំងបីស្នាក់នៅ ទើបពួកគេដាក់គ្រឿងញៀនដែលពួកគេវេចខ្ចប់មួយគ្រាប់ៗក្នុងក្រដាសពណ៌លឿង ហើយដាក់ក្នុងកំប៉ុងមួយដើម្បីបញ្ចៀសពីការឆែកឆេររបស់ប៉ូលិស ៖ «ថ្នាំញៀន ៧០គ្រាប់នេះ គឺគេខ្ចប់សម្រាប់ធ្វើការលក់បន្ត ហើយទុកនៅផ្ទះ។ ផ្ទះហ្នឹងសភាពមិនធំទេ ប្រហែលបួនម៉ែត្របួនជ្រុង កម្ពស់ពីដីប្រហែល ៦តឹកប៉ុណ្ណឹង ហើយគេទម្លាក់តាមប្រហោងមកក្រោម ដល់ពេលសមត្ថកិច្ចយើងរុករកទៅឃើញអាប្រអប់ហ្នឹង យើងបើកមើលទៅឃើញថ្នាំញៀននៅក្នុងហ្នឹង»។
ជនសង្ស័យចែកចាយគ្រឿងញៀនឈ្មោះ ជួង សុគន្ធា បញ្ជាក់ឲ្យដឹងថា ពួកគេពិតជាបានចែកចាយគ្រឿងញៀននោះមែន ក៏ប៉ុន្តែបានបដិសេធថា មិនបានចែកចាយគ្រឿងញៀននោះដល់សិស្សសាលានោះទេ។
ប្រភពបន្តថា ខ្លួនក៏ជាអ្នកប្រើប្រាស់គ្រឿងញៀននោះដែរ ក៏ប៉ុន្តែបដិសេធថា គេមិនស្គាល់អត្តសញ្ញាណ និងអាសយដ្ឋានរស់នៅច្បាស់លាស់ពីប្រភពលក់ចែកចាយគ្រឿងញៀនមកឲ្យខ្លួននោះទេ ៖ «ដំបូងខ្ញុំថា អីវ៉ាន់ដែលទិញហ្នឹងបំណងពិតប្រាកដថា ប្រុងទុកលេងខ្លួនឯង ប៉ុន្តែអ្នកដែលគេចូលមក អ្នកដែលស្គាល់ខ្ញុំពីមុន ខ្ញុំធ្លាប់ទៅទិញគេ អ៊ីចឹងគេចំណាំខ្ញុំថា ខ្ញុំអ្នកប្រើ អ៊ីចឹងគេមកសូរខ្ញុំ ខ្ញុំចេះតែចែកចាយឲ្យគេមួយពីរៗទៅ។ អ្នកដែលស្ទាវដើរលេង»។
ចំណែកស្ត្រីឈ្មោះ យ៉ែម ដាវី ក៏បានទទួលស្គាល់ដូចគ្នាថា ខ្លួនគឺជាអ្នកប្រើប្រាស់គ្រឿងញៀន ហើយក៏បានចូលរួមធ្វើការចែកចាយគ្រឿងញៀននោះមែន ដើម្បីជាមុខរបររកប្រាក់ចិញ្ចឹមជីវិត។
ប្រភពបន្តថា គ្រឿងញៀនប្រភេទយ៉ាម៉ាមួយគ្រាប់ទិញចូលតម្លៃ ២០.០០០រៀល ហើយលក់ចេញតម្លៃ ២៥.០០០រៀល ៖ «ខ្ញុំធ្លាប់ចេះលេងដែរ អ៊ីចឹងដល់ពេលគេណោះគេឃើញអត់អ៊ីចឹងក៏ឃើញគេចេះតែមករកៗអ៊ីចឹងក៏ខ្ញុំទៅយកពីគេមក យកមកឲ្យគាត់ ដល់ពេលចំណេញដកតែដើមឲ្យគេ»។
ចាប់ពីដើមឆ្នាំ២០១១ រហូតបច្ចុប្បន្ន មន្ត្រីប៉ូលិសក្រុងបានលុង ខេត្តរតនគិរី បង្ក្រាបករណីចែកចាយគ្រឿងញៀនបាន ៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធ ១១នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ និងរឹបអូសគ្រឿងញៀនបាន ៦៨៦គ្រាប់។
កាលពីវេលាអាធ្រាត្រថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១១ ពិរុទ្ធជនជាប់ចោទចែកចាយគ្រឿងញៀនភេទស្រីឈ្មោះ ធឿន ចាន់ណា អាយុ ៣២ឆ្នាំ បានដោះសោចេញពីជើង ខណៈដែលឆ្មាំពន្ធនាគារចាក់ជាប់គ្រែនៅបន្ទប់មន្ទីរពេទ្យខេត្ត ដោយសារពិរុទ្ធជននោះមានជំងឺបញ្ជូនមកមន្ទីរពេទ្យ និងមានឪពុកម្ដាយបានមកកំដរជំងឺ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ក្រុមចែកចាយគ្រឿងញៀនក្នុងខេត្តនេះ គីជាបណ្ដាញរបស់ក្រុមជួញដូរគ្រឿងញៀន ដែលពាក់ព័ន្ធបុគ្គលមានអំណាចជាបង្អែក។
លោកបានចាត់ទុកការរត់គេចខ្លួនរបស់ពិរុទ្ធជនគ្រឿងញៀននោះថា ជាករណីមិនប្រក្រតី ខណៈពេលក្រុមប៉ូលិសខេត្តកំពុងចាប់ខ្លួនក្រុមចែកចាយគ្រឿងញៀនបានជាបន្តបន្ទាប់នៅរយៈពេលប៉ុន្មានខែកន្លងទៅនេះ៕