ពលរដ្ឋ៣នាក់ត្រូវជាប់ឃុំដោយសារមានជម្លោះជាមួយមេភូមិ
2011.07.07
អ្នកភូមិ ១០នាក់កំពុងស្វះស្វែងរកជំនួយផ្លូវច្បាប់ពីអង្គការក្រៅរដ្ឋាភិបាល ក្រោយពីតុលាការខេត្តបាត់ដំបង បានចេញដីកាចាប់អ្នកភូមិចំនួនបីនាក់យកទៅឃុំខ្លួននៅក្នុងពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតទៅលើលោកមេភូមិចំការតាប៊ុន ស្ថិតនៅក្នុងឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីឆ្នាំ២០០៩។
លោក វ៉ាន់ សឿន អាយុ ៥២ឆ្នាំ រស់នៅភូមិចំការតាប៊ុន ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានថ្លែងឲ្យដឹងកាលពីថ្ងៃពុធ ទី៦ ខែកក្កដា ថា កងកម្លាំងមានសមត្ថកិច្ចជាច្រើននាក់ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១១ បានចុះទៅចាប់អ្នកភូមិបីនាក់យកទៅឃុំខ្លួននៅពន្ធនាគារខេត្តបាត់ដំបង។
លោកបន្តថា អ្នកភូមិទាំងបីនាក់ មានឈ្មោះ ចិន ជឿន អាយុ ៥៣ឆ្នាំ ឈ្មោះ នុល អន អាយុ ៥៤ឆ្នាំ និងឈ្មោះ ជឿន ចិត្រ អាយុ ២៤ឆ្នាំ មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់លោកមេភូមិចំការតាប៊ុន នោះឡើយ ៖ «គាត់រស់នៅ គាត់មិនបានប្រព្រឹត្តបទល្មើសណាមួយទេ។ ខ្ញុំក្នុងនាមអាជ្ញាធរមូលដ្ឋានបានស៊ើបអង្កេតគ្រប់យ៉ាង។ គាត់ដាក់ពាក្យបណ្ដឹងទៅកន្លែងណាៗ ឯកសារគាត់មានគ្រប់ចំនួន។ ឯកសារហ្នឹងខ្ញុំបានប្រគល់ដល់លោក អ៊ុំ ចាន់ថុល (ចៅក្រមស៊ើបសួរ) ហើយ ក៏ប៉ុន្តែគាត់អត់បានយកឯកសារទៅត្រិះរិះពិចារណា គាត់បែរទៅជាថា តុលាការមិនមែនយកពាក្យរបស់អាជ្ញាធរឃុំស្រុកហ្នឹងទេ ព្រោះតុលាការជាតុលាការឯករាជ្យ។ អ៊ុំ ចាន់ថុល បែរជានិយាយថា ឥឡូវហ្នឹងចាប់អាបីនាក់ហ្នឹងហើយ ចុះចាប់អា ៥នាក់បន្តទៀត»។
លោក អ៊ុំ ចាន់ថុល ចៅក្រមស៊ើបសួរតុលាការខេត្តបាត់ដំបង នៅមិនទាន់អាចទាក់ទងសុំសេចក្ដីបញ្ជាក់បន្ថែមជុំវិញការចាប់ខ្លួន និងការលើកឡើងរបស់អ្នកភូមិនេះបានទេ។ ប៉ុន្តែលោក សុខ កឿន មេភូមិចំការតាប៊ុន និងជាភាគីដើមបណ្ដឹង បានបញ្ជាក់ថា អ្នកភូមិទាំងបីនាក់បានប៉ុនប៉ងសម្លាប់រូបលោក នៅគ្រាដែលលោកបានចូលទៅសួរនាំក្នុងជម្លោះដែលកើតចេញពីទំនាស់ដីធ្លីមួយនៅក្នុងភូមិកាលពីឆ្នាំ២០០៩។
លោក សុខ កឿន បន្តថា ៖ «ទៅសួរបានមួយម៉ាត់ពីរម៉ាត់ គេមកចោមរោមមកកាប់ខ្ញុំហ្នឹង មិនបីនាក់ទេ រហូតដល់ ១៤នាក់ មានពូថៅ មានកាំបិត មានដាវសាម៉ូរ៉ៃ ហើយមកកាប់ខ្ញុំពីរដាវសាម៉ូរ៉ៃ ហើយខ្ញុំគេចផុត។ សាក្សីខ្ញុំក៏មានគ្រប់គ្រាន់ដែរ។ អំពើនេះមានតាំងពីឆ្នាំ២០០៩។ វាមានដីកាកោះឲ្យទៅជួបអត់ទៅទេ គ្រប់បីដងបានដីកាហ្នឹងចេញបង្គាប់នាំខ្លួន។ វាបានគេចខ្លួនទៅខេត្តឧត្តរមានជ័យ»។
លោក អ៊ឹម ឆន អាយុ ៥៩ឆ្នាំ សាក្សីក្នុងភូមិម្នាក់ទៀតបានច្រានចោលការចោទប្រកាន់របស់លោកមេភូមិ។ លោកថា លោក សុខ កឿន ធ្លាប់មានគំនុំគំកួនជាមួយក្រុមអ្នកភូមិក្នុងបញ្ហាទំនាស់ដីធ្លី ទើបប្រឌិតរឿងចោទប្រកាន់ទៅលើអ្នកភូមិទាំង ៣នាក់ ៖ «មេភូមិវាចេះតែមួលបង្កាច់ប្រជាពលរដ្ឋស្លូតត្រង់ មួលបង្កាច់ថា ពួកកូនភូមិទាំងអស់សុទ្ធតែជាពួកក្បត់។ កាលពីដើមឡើយមានឈ្មោះ សេង អ៊ុយ មានទំនាស់ជាមួយ សុខ កឿន ហ្នឹង ដល់ប្រជាពលរដ្ឋទៅទិញអីវ៉ាន់ សេង អ៊ុយ អ្នកនិយាយរក សេង អ៊ុយ ចោទថា គ្នាក្បត់»។
មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី បានមានប្រសាសន៍ថា សមាគមអាដហុក នៅមិនទាន់បានធ្វើការស៊ើបអង្កេតក្នុងករណីនេះទេ ប៉ុន្តែលោកបញ្ជាក់ថា អ្នកភូមិទាំងបីនាក់ត្រូវបានតុលាការចេញដីកាកោះ និងដីកាឃុំខ្លួន ដែលជាប់ចោទពីបទមនុស្សឃាត ដូច្នេះហើយក្រុមគ្រួសារអាចរកមេធាវីការពារក្ដីតាមគោលការណ៍ច្បាប់ ៖ «ហើយមេធាវី គេមានសិទ្ធិក្នុងការធានាកូនក្ដីគេ អ៊ីចឹងចំណុចសំខាន់របស់ប្រជាពលរដ្ឋទាំងអស់នេះ គាត់ត្រូវស្វះស្វែងរកមេធាវីដើម្បីការពារ»។
បច្ចុប្បន្នអ្នកភូមិទាំងបីនាក់កំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តបាត់ដំបង ក្រោយពីកងកម្លាំងប៉ូលិសបានចុះទៅកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១១ នៅភូមិចំការតាប៊ុន ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង៕