ថៃ​៥​នាក់​រង់ចាំ​បំពេញ​នីតិវិធី​ដើម្បី​ត្រឡប់​ទៅ​ស្រុក​វិញ

ជនជាតិ​ថៃ​ចំនួន ៥​នាក់ ដែល​តុលាការ​ក្រុង​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​គុក​ម្នាក់ៗ ៩​ខែ និង​ផាក​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន ១​លាន​រៀល ស្មើ​នឹង ២៥០​ដុល្លារ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា បច្ចុប្បន្ន​កំពុង​តែ​រង់ចាំ​ការ​បំពេញ​នីតិវិធី​ដើម្បី​ចាកចេញ​ពី​ប្រទេស​កម្ពុជា ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​វិញ។
ដោយ សុខ សេរី
2011.01.22
Share on WhatsApp
Share on WhatsApp

ការ​មាន​សេរីភាព​វិញ​នេះ គឺ​ដោយសារ​តែ​ចៅក្រម សួស សំអាត នៃ​តុលាការ​ក្រុង​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ព្យួរ​ទោស​ទាំង​អស់​ដែល​នៅ​សល់ គិត​ចាប់​តាំង​ពី​ថ្ងៃ​អាជ្ញាធរ​កម្ពុជា បាន​ចាប់​ឃុំ​ខ្លួន​តាំង​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០ រហូត​ដល់​ខែ​មករា ឆ្នាំ​២០១១។

មេធាវី​របស់​ជនជាតិ​ថៃ ៣​នាក់ នៅ​ក្នុង​ចំណោម ៥​នាក់ គឺ​លោក ប៉ិច វិច្ឆិកា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​២២ ខែ​មករា​ថា លោក​កំពុង​តែ​ជួយ​សម្រួល​នីតិវិធី​ជាមួយ​ស្ថានទូត​ថៃ នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បញ្ជូន​អ្នក​ទាំង ៥​នាក់​នេះ​ទៅ​កាន់​ប្រទេស​ថៃ​វិញ ៖ «គឺ​ត្រូវ​គាត់​ត្រទ្បប់​ទៅ​វិញ​ហើយ។ យើង​កំពុង​តែ​រៀបចំ​ឯកសារ​ជូន​គាត់»

ជនជាតិ​ថៃ​ចំនួន ៥​នាក់​នេះ មាន​ឈ្មោះ​ទី​១ ផានិក វិគិតសេត (Panich Vikitsreth) អាយុ ៤៧​ឆ្នាំ ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ ក្រុង​បាងកក ភេទ​ប្រុស ទី​២​មាន​ឈ្មោះ គុជពុនថន ជូសាណាសេរ៉ី (Kochpontorn Chusanaseree) ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ ទី​៣​មាន​ឈ្មោះ សែមឌីន ទ្បឺតប៊ួឆា (Samdin Lertbusa) ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ ទី​៤​មាន​ឈ្មោះ តាយណែ មួងម៉ាកចន (Taynae Moongmachon) ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ និង​ទី​៥​មាន​ឈ្មោះ ណារឿមមុល ជីតវ៉ារ៉ាត់តាណា (Naruemol Chitwaratana) ភេទ​ស្រី អាយុ ៤៨​ឆ្នាំ។

ប្រធាន​អង្គការ​ខារ៉ាម​កម្ពុជា (Caram-Cambodia) លោក យ៉ា ណាវុធ ដែល​តែងតែ​តាម​ដាន​ស្ថានការណ៍​ពលករ​ចំណាក​ស្រុក​កម្ពុជា ទៅ​បរទេស បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា អាជ្ញាធរ​ថៃ គប្បី​មាន​ការ​ប្រោសប្រណី​ដូច​អាជ្ញាធរ​កម្ពុជា​ផង​ដែរ ចំពោះ​ពលករ​ខ្មែរ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ប្រទេស​ថៃ​នោះ។

លោក យ៉ា ណាវុធ បន្ថែម​ថា ៖ «ហើយ​អ៊ីចឹង​រដ្ឋាភិបាល​ថៃ គួរ​តែ​មាន​ការ​យោគយល់​សម្រាប់​ពលរដ្ឋ​កម្ពុជា​ដែរ ពីព្រោះ​អ្នក​ទាំង​នោះ​ជួនកាល​គ្មាន​ជម្រើស​ទេ ហើយ​អ្នក​ខ្លះ​ទៀត​ក៏​ត្រូវ​ចាញ់​បោក»

ចៅក្រម​ជម្រះ​ក្តី​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សួស សំអាត បាន​អាន​សាលក្រម​ចំពោះ​មុខ​ជន​ជាប់​ចោទ​ថៃ​ចំនួន ៥​នាក់​នោះ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា ថ្មីៗ​នេះ ដោយ​ផ្អែក​លើ​មាត្រា​ទី​២៩ នៃ​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា ក្រោម​បទ​ចូល​ក្នុង​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់ និង​មាត្រា​ទី​៤៧៣ នៃ​ក្រមព្រហ្មទណ្ឌ ក្រោម​បទ​ចូល​ក្នុង​ទីលាន​យោធា​ក្នុង​បំណង​ទុច្ចរិត។

ជន​ជាប់​ចោទ​ចំនួន ២​នាក់​ផ្សេង​ទៀត​មាន​ឈ្មោះ វីរៈ ស៊ុំក្វាមឃីត (Veera Somkwamkid) ភេទ​ប្រុស និង​ឈ្មោះ រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន (Ratree Paiptanapaiboon) ភេទ​ស្រី នឹង​ត្រូវ​កាត់​ទោស​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១១ ខាង​មុខ នៅ​វេលា​ម៉ោង ៧​កន្លះ​ព្រឹក ក្រោម​បទ​ចារកម្ម ប្រមូល​ផ្គុំ​ព័ត៌មាន​សម្ងាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ចូល​ក្នុង​ទឹក​ដី​កម្ពុជា ខុស​ច្បាប់៕

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
ព័ត៌មាន​ថ្មីៗ
គណបក្ស​ចំនួន​៣ ចូលរួម​ប្រកួត​ដណ្ដើម​កៅអី​ក្រុមប្រឹក្សា​ស្រុក​ក្រុង​ទើប​បំបែក​ថ្មី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។