ខ្មែរ៦នាក់បាត់ខ្លួនក្នុងទឹកដីលាវ ត្រូវបានរកឃើញហើយ
2011.01.24
លោក រដ្ឋា វីសាល អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីរាយការណ៍ឲ្យដឹងថា តម្រួតព្រំដែនប្រចាំការនៅតំបន់កើតហេតុ និងយោធាស្រុកសៀមប៉ាង បានស្វែងរកឃើញពួកគេនៅតំបន់ក្បែរទីកើតហេតុ តំបន់មួយក្នុងទឹកដីលាវ ហើយបានប្រមូលពួកគេឲ្យត្រឡប់ចូលមកក្នុងទឹកដីខ្មែរវិញ។
អភិបាលស្រុកសៀមប៉ាង លោក ស៊ី សូន មានប្រសាសន៍ឲ្យដឹងដែរថា ពលរដ្ឋខ្មែរទាំង ៦នាក់ នោះបានវង្វេងក្នុងព្រៃ ខណៈពេលមានការបាញ់រះមកក្រុមពលរដ្ឋខ្មែរទាំងនោះ ដែលកំពុងធ្វើដំណើរចូលទៅក្នុងទឹកដីលាវ។
លោកបន្តថា ពលរដ្ឋខ្មែរទាំងនោះឆ្លងដែនចូលដីលាវដោយខុសច្បាប់ ហើយករណីនេះអាជ្ញាធរស្រុកចាត់វិធានការជាមួយតម្រួតព្រំដែនខ្មែរ និងជួបពិភាក្សាជាមួយអាជ្ញាធរស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសលាវ ទប់ស្កាត់មិនឲ្យមានការលួចឆ្លងដែនខុសច្បាប់ចូលទៅដីលាវបន្តទៀត ៖ "យើងចាត់កម្លាំង ជាមួយវរការពារព្រំដែនហ្នឹង ទៅដេញគាត់ចេញ ប្រមូលគាត់មកស្រុក ឲ្យត្រឡប់ទៅវិញម៉ាង៉ៃពីរង៉ៃហើយតើ ព្រោះកម្លាំងឈរចាំជើងនៅហ្នឹងជាមួយយោធាស្រុក"។
កាលពីថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០១១ សាក្សីដឹងហេតុការណ៍ឲ្យដឹងថា ពលរដ្ឋខ្មែរមួយក្រុម មានគ្នា ៩នាក់ មានទីលំនៅខេត្តក្រចេះ បានលួចឆ្លងដែននៅចំណុចអូរឡែរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចូលទៅទឹកដីលាវ ក្នុងស្រុកមឿងខូង ខេត្តចំប៉ាសាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០១១ ហើយត្រូវគេបាញ់ ក្នុងនោះពលរដ្ឋខ្មែរបីនាក់រត់រួចចូលមកទឹកដីខ្មែរវិញ ប៉ុន្តែពលរដ្ឋម្នាក់ក្នុងចំណោមបីនាក់រងរបួស បាញ់ត្រូវស្មាឆ្វេង ចំណែកពលរដ្ឋ ៦នាក់ទៀតរត់ចូលទៅទឹកដីលាវ។
ប្រភពមន្ត្រីស្រុកសៀមប៉ាងមួយរូបសុំមិនឲ្យបញ្ចេញឈ្មោះ ឲ្យដឹងថាពលរដ្ឋខ្មែរដែលលួចឆ្លងចូលទឹកដីលាវ ភាគច្រើននាំគ្នាប្រកបរបរខុសច្បាប់ មានការលូចកាប់ឈើ ប្រមាញ់សត្វ និងជួញដូរគ្រឿងញៀនជាដើម៕