ពលករខ្មែរ៧នាក់នឹងត្រូវបញ្ជូនមកស្រុកវិញ
2011.07.01
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១១ បានអះអាងថា ស្ថានទូតកម្ពុជា នៅក្នុងប្រទេសម៉ាឡេស៊ី បានរៀបចំឯកសារឆ្លងដែនដើម្បីបើកផ្លូវឲ្យពលករកម្ពុជា ចំនួន ៧នាក់ វិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅពេលឆាប់ៗនេះ នៅគ្រាដែលនគរបាលម៉ាឡេស៊ី បានស៊ើបអង្កេតរកឃើញថា ពលករទាំងនោះជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងកម្លាំងពលកម្ម គឺមិនមែនជាពលករចូលក្នុងប្រទេសម៉ាឡេស៊ី ដោយខុសច្បាប់ទេ។
ស្ថានទូតកម្ពុជា កំពុងតែសហការជាមួយអង្គការ អាយ.អូ.អ៊ឹម (IOM) និងអាជ្ញាធរម៉ាឡេស៊ី ដើម្បីបញ្ជូនពលករចំនួន ៧នាក់នោះមកកម្ពុជាវិញ។ ចំណែកឯពេលវេលា គេនឹងបញ្ជាក់ជាក្រោយ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១១ ថា ស្ថានទូតកម្ពុជា កំពុងតែផ្ដោតលើការដោះស្រាយបញ្ហានេះ ៖ «ស្ថានទូតយើងឥឡូវនេះ គឺបានរៀបចំឯកសារ គេហៅថា លិខិតបើកផ្លូវ ពីព្រោះពួកគាត់ហ្នឹងអត់មានលិខិតឆ្លងដែន។ អ៊ីចឹងយើងបានរៀបចំលិខិតបើកផ្លូវជូនគាត់រួចហើយ។ នៅតែអ្វីដែលសំខាន់ គឺសំបុត្រយន្តហោះ»។
មន្ត្រីស៊ើបអង្កេតរបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ហ៊ុយ ពេជ្រសុវណ្ណ ដែលបានទៅជួប និងចូលរួមសង្គ្រោះពលករទាំងនោះនៅក្នុងប្រទេសម៉ាឡេស៊ី កន្លងមក បានមានប្រសាសន៍ថា ពលករទាំងនោះគឺជាជនរងគ្រោះសុទ្ធសាធនៃការជួញដូរមនុស្ស និងកម្លាំងពលកម្ម ៖ «ខ្ញុំបានធ្វើការទំនាក់ទំនងជាមួយនឹងប៉ូលិសអន្តោប្រវេសន៍នៅម៉ាឡេស៊ីនោះហើយ។ គេថា ពួកអ្នកទាំង ៧នាក់ហ្នឹង ក្រោយពីការស៊ើបអង្កេត គេចាត់ទុកថា ជាជនរងគ្រោះ នៃការជួញដូរ»។
បច្ចុប្បន្នពលករទាំងនោះកំពុងតែស្ថិតក្រោមការគ្រប់គ្រងរបស់នគរបាលអន្តោប្រវេសន៍នៅក្នុងប្រទេសម៉ាឡេស៊ី នៅឡើយ។
ពលករទាំង ៧នាក់នោះ មានឈ្មោះ ៖ ទី១ ទិត សុភ័ក្រ នៅខេត្តបាត់ដំបង ទី២ ស រ៉ា នៅខេត្តបាត់ដំបង ទី៣ ផាត សុផៃ នៅខេត្តពោធិ៍សាត់ ទី៤ ហ៊ុន បារាំង នៅប៉ោយប៉ែត ទី៥ នៅ វុទ្ធី នៅខេត្តកំពត ទី៦ ផាន សុរ៉ាត់ នៅខេត្តសៀមរាប និងទី៧ គ្រៀល រតនៈ នៅខេត្តបន្ទាយមានជ័យ។
ប្រភពពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានឲ្យដឹងថា ពលករទាំង ៧នាក់នេះបានចូលក្នុងប្រទេសថៃ ដោយខុសច្បាប់នៅឆ្នាំ២០១០ និងឆ្នាំ២០១១ តាមរយៈមេខ្យល់ជនជាតិខ្មែរទៅធ្វើការងារនៅប្រទេសថៃ ប៉ុន្តែថៅកែថៃ បានលក់កម្លាំងពលកម្មបន្តឲ្យថៅកែជនជាតិម៉ាឡេស៊ី ឲ្យធ្វើការងារជាអ្នកនេសាទនៅសមុទ្រ។
លោក កុយ គួង និងលោក ហ៊ុយ ពេជ្រសុវណ្ណ បានមានប្រសាសន៍ថា អង្គការជាដៃគូ ស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ី និងនគរបាលប្រទេសម៉ាឡេស៊ី កំពុងតែស្វែងរកពលករខ្មែរចំនួន ៥នាក់ទៀត ដែលកំពុងតែបាត់ខ្លួននៅឡើយ។
របាយការណ៍ប្រចាំឆ្នាំ២០១១ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានដាក់ឈ្មោះប្រទេសកម្ពុជា ក្នុងលំដាប់លេខ២ គឺល្អបង្គួរក្នុងការប្រឆាំងការជួញដូរមនុស្ស ប៉ុន្តែរបាយការណ៍បានកត់សម្គាល់ថា ប្រទេសកម្ពុជា គឺជាប្រភពនៃការជួញដូរមនុស្ស ជាកន្លែងឆ្លងកាត់ការជួញដូរមនុស្ស និងជាទិសដៅនៃការជួញដូរមនុស្សសម្រាប់ការងារដោយបង្ខំ និងការជួញដូរផ្លូវភេទ។
ជនរងគ្រោះមានដូចជា បុរស ស្រ្តី និងកុមារ ត្រូវបានគេជួញដូរ ឬធ្វើចំណាកស្រុកទៅប្រទេសម៉ាឡេស៊ី ប្រទេសថៃ និងប្រទេសដទៃទៀត តាមរយៈមេខ្យល់ និងក្រុមហ៊ុនជ្រើសរើសពលករ៕