អ្នក​ភូមិ​បឹង​កក់​បន្ត​ការ​តវ៉ា​នៅ​ទីលាន​សេរីភាព

សំឡេង​ស្រែក​ថា សុំ​ធ្វើ​ការ​ចរចា​របស់​អ្នក​ភូមិ​បឹង​កក់​នៅ​ឯ​ទី​លាន​សេរីភាព ឬ​ទី​កន្លែង​បាតុកម្ម​បញ្ចេញ​មតិ នៅ​ក្បែរ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក នា​ទីក្រុង​ភ្នំពេញ នៅ​បន្ត​កើត​មាន​រហូត​មក​ដល់​ថ្ងៃ​ទី​៥ មករា នេះ ដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះ​ស្រាយ​ឲ្យ​ពួក​គេ​នៅ​ខណៈ​ដែល​ ក្រុមហ៊ុន​អភិវឌ្ឍន៍​បឹង​កក់​ស៊ូកាគួ (Shukaku) កំពុង​មាន​វិធានការ​បណ្ដេញ​ពួក​គេ​ចេញ​ពី​លំនៅឋាន ដោយ​គ្មាន​ការ​ដោះ​ស្រាយ​សំណង​សមរម្យ​នោះ។
ដោយ ទីន ហ្សាការីយ៉ា
2011.01.05

ប្រជា​ពល​រដ្ឋ​មួយ​រួប​ឈ្មោះ ណុន សុខេង ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​ប្រមាណ​ជាង ១០០​នាក់ នៅ​ឯ​ទីលាន​សេរីភាព បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ មករា ថា​ពួក​គេ​នៅ​តែ​បន្ត​ការ​តវ៉ា​រហូត​ដល់​ថ្ងៃ​ទី​៩ មករា ឆ្នាំ​២០១១ ខាង​មុខ​នៅ​ទីលាន​សេរីភាព ទៅ​តាម​កាល​បរិច្ឆេទ ដែល​អ្នក​ភូមិ​បឹង​កក់​បាន​ស្នើ​សុំ​ទៅ​សាលា​រាជ​ធានី​ភ្នំពេញ ទើប​គេ​ឈប់​ធ្វើ​កូដកម្ម​អហិង្សា​នេះ។

អ្នក​ស្រី ណុន សុខេង បាន​បញ្ជាក់​ថា អ្នក​ភូមិ​បឹង​កក់​បាន​ធ្វើ​ការ​តវ៉ា​នេះ អស់​រយៈ​ពេល​ជា​ច្រើន​លើក ច្រើន​សារ​មក​ហើយ ដើម្បី​សុំ​ឲ្យ​អភិបាល​រាជ​ធានី​ភ្នំពេញ ដោះ​ស្រាយ​ជួន​ពួក​គាត់​នូវ​ការ​អភិវឌ្ឍន៍​បឹង​កក់ ដែល​ប៉ះ​ពាល់​ផ្ទះ​ពួក​គាត់​នេះ ប៉ុន្តែ​ពុំ​មាន​ខាង​ណា​ចេញ​មុខ​ដោះ​ស្រាយ​ជួន​នោះ​ទេ។

ណុន សុខេង បាន​អះអាង​ថា នៅ​ក្នុង​ករណី​នេះ មាន​តែ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន បើ​សិន​ជា​លោក ហ៊ុន សែន មាន​ឆន្ទៈ​ដោះ​ស្រាយ​ជួន​ប្រជា​ពល​រដ្ឋ​នោះ ៖ "អ៊ីចឹង​ខ្ញុំ​តស៊ូ​រហូត​ដល់​ថ្ងៃ​ស្លាប់​របស់​ពួក​ខ្ញុំ (នៅ​ផ្ទះ​មិន​ព្រម​ចាក​ចេញ) ព្រោះ​ថា ខ្ញុំ​យក ៨៥០០​ដុល្លារ ក៏​ស្លាប់ ខ្ញុំ​ចេញ​ទៅ​ក្រៅ​ក៏​ស្លាប់​ដូច​គ្នា តស៊ូ​ស្លាប់​នៅ​ផ្ទះ​របស់​ខ្លួន​ឯង សូម​ធ្វើ​ការ​អភិវឌ្ឍ​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌"

អ្នក​ភូមិ​បឹង​កក់ ដែល​នាំ​គ្នា​មក​តវ៉ា​នៅ​ទីលាន​សេរីភាព​នេះ តាំង​ពី​ថ្ងៃ​ទី​៣ មករា​មក ដែល​ពួក​គេ​មក​ពី ៧​ភូមិ​នៃ​អ្នក​ភូមិ​បឹង​កក់ ក្នុង​គោល​បំណង​ទាម​ទារ​ចំនួន​ពីរ​ចំណុច គឺ​សុំ​ឲ្យ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ផ្ដល់​ដី​ឲ្យ​ពួក​គេ​ទំហំ ១៥​ហិកតារ សម្រាប់​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង និង​ផ្ដល់​សំណង​ឲ្យ​អ្នក​ចាក​ចេញ​ចំនួន ១៥០០​ដុល្លារ​ក្នុង​ផ្ទៃ​ដី ១​ម៉ែត្រ​ការ៉េ។ ប៉ុន្តែ​រហូត​មក​ទល់​ថ្ងៃ​ទី​៣ នៃ​ថ្ងៃ​ធ្វើ​តវ៉ា​របស់​អ្នក​ភូមិ​នេះ មិន​ទាន់​មាន​មន្ត្រី​រដ្ឋាភិបាល​ណា​មួយ​ចេញ​មុខ​មក​ដោះ​ស្រាយ​ជា​មួយ​អ្នក​ភូមិ​នៅ​ឡើយ​ទេ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។