ទាហាន​១​ក្រុម​នៅ​សៀមរាប​ត្រូវ​បាន​ចោទ​ថា​បាញ់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​ក្រឡាញ់​មួយ​រូប បាន​ទទួល​រង​ការ​បាញ់​គំរាម​ដោយ​អាវុធ ប៉ុន​ប៉ង​ផ្ដាច់​ជីវិត​ពី​ទាហាន​មួយ​ក្រុម ដែល​ជា​អ្នក​ពាក់ព័ន្ធ​និង​ការ​រក​ស៊ី​ដឹក​ជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ ច្បាប់ នៅ​ម្ដុំ​ឃុំ​ស្រែណូយ ស្រុក​វ៉ារិន ចម្ងាយ​ប្រមាណ ៧០​គីឡូ​ម៉ែត្រ ភាគ​ឧត្តរ​ពី​ខេត្ត​សៀមរាប កាល​ពី​រាត្រី​ឆ្លង​ចូល​ថ្ងៃ​ទី​៣០ ខែ​តុលា។
ដោយ ហង្ស សាវយុត
2010-10-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក ថោង សុខៃ មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​ក្រឡាញ់ ដែល​មាន​តួនាទី​បំពេញ​ប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ប្រចាំ​តំបន់​ឃុំ​ស្រែណូយ បាន​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​តុលា​ថា រូប​លោក​បាន​ទទួល​រង​អំពើ​បាញ់​ប៉ុនប៉ង​ជីវិត ដោយ​ទាហាន​មួយ​ក្រុម កាល​ពី​វេលា​ម៉ោង​ប្រមាណ​១២ និង​៥០​នាទី​យប់ បន្ទាប់​ពី​លោក​ពួន​ស្ទាក់​ចាប់​បាន​រថយន្ត​ម៉ាក​នីសាន់ (Nissan) ១​គ្រឿង ដឹក​ឈើ​ប្រភេទ​លេខ​១ ចំនួន​ប្រមាណ ២​ម៉ែត្រ​គូប ដែល​ដឹក​ជញ្ជូន​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់។

មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ដដែល បាន​អះអាង​ថា រថយន្ត​របស់​លោក​ម៉ាក​កាមរី​ចង្កូត​ស្ដាំ ១​គ្រឿង ដែល​ឲ្យ​កូន​ចៅ​របស់​លោក​បើក ត្រូវ​បាន​ក្រុម​ទាហាន​រក​ស៊ី​ឈើ​ខុស​ច្បាប់​ទាំង​នោះ​បាញ់​រះ​បណ្ដាល​ឲ្យ​បែក​កញ្ចក់​មុខ។ មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​រូប​នោះ បាន​អះអាង​ថា ក្នុង​ចំណោម​ទាហាន​ដែល​ប្រើ​អាវុធ​បាញ់​មក​លើ​រថ​យន្ត​របស់​លោក​នោះ មាន​ខ្លះ​ជា​មន្ត្រី​យោធា​ក្នុង​កងពល​តូច​លេខ​៥ ដែល​មាន​បន្ទាយ​នៅ​ជិត​ឃុំ​ស្រែណូយ។

ទោះ​យ៉ាង​ណា​មិន​អាច​ទំនាក់​ទំនង​ក្រុម​ទាហាន​ដែល​កំពុង​ទទួល​រង​ការ​ចោទ​ប្រកាន់ ដើម្បី​បំភ្លឺ​ទាក់​ទិន​នឹង​បញ្ហា​នោះ​បាន​ទេ។

មន្ត្រី​ប៉ូលិស​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​វ៉ារិន ដែល​កំពុង​ស៊ើប​អង្កេត​ករណី​នោះ បាន​មាន​ប្រសាសន៍​ថា មន្ត្រី​យោធា​ម្នាក់ ឈ្មោះ រុំ សាអៀម ដែល​មាន​បន្ទាយ​ជិត​ឃុំ​ស្រែណូយ​នោះ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រើ​អាវុធ​ខ្លី​បាញ់​រថយន្ត​របស់​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​នោះ។ ប៉ូលិស​បាន​ឲ្យ​ដឹង​ថា នៅ​លើ​ផ្លូវ​ជាតិ​លេខ​៦៧ ត្រង់​ចំណុច​ស្ពាន​អូរ​យាង ភូមិ​ស្រែ​ពោធិ ឃុំ​ស្រែ​ណូយ គេ​បាន​រក​ឃើញ​សំបក​គ្រាប់​កាំភ្លើង​ខ្លី​ម៉ាក K54 ដែល​ប៉ូលិស​អះអាង​ថា ការ​បាញ់​រះ​នោះ​ចំនួន​៣​គ្រាប់។

ប៉ូលិស​បាន​សន្និដ្ឋាន​ថា ការ​ប្រើ​អាវុធ​បាញ់​ទៅ​លើ​រថយន្ត​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​នោះ គឺ​ជា​អំពើ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន ប៉ុន្តែ​មិន​បាន​សម្រេច៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល