ស្ថាបនិក​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ ទាមទារ​ឲ្យ​របប​លោក​ ហ៊ុន សែន ​ងាក​មក​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ

ដោយលោក​ មាន ឫទ្ធិ
2018.03.09
GarethEvans ស្ថាបនិក​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ សាស្ត្រាចារ្យ​​​ហ្ការ៉េត អេវ៉ាន​ (Gareth Evans) និង​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ អ្នកស្រី មូរ សុខហួ នៅ​សាកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី​ (Australian National University) ​កាល​ពី​ថ្ងៃ​ទី​០៩​ មីនា ឆ្នាំ២០១៨។
រូបភាពពីហ្វេសប៊ុក

ស្ថាបនិក​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ និង​ជា​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី លោក​សាស្ត្រាចារ្យ​​​ហ្ការ៉េត អេវ៉ាន​ (Gareth Evans) ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​របស់​លោក​នាយករដ្ឋមន្ត្រី​ ម៉ាល់ខុម ធឺនប៊ល​ (Malcolm Turnbull) ​ត្រូវ​តែ​ទាមទារ​ឲ្យ​របប​លោក​ ហ៊ុន សែន ងាក​មក​គោរព​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឡើង​វិញ​ ដើម្បី​ធានា​ថា​ ប្រទេស​កម្ពុជា ​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​។​

​សំណើ​របស់​លោក​សាស្ត្រាចារ្យ​ ហ្ការ៉េត អេវ៉ាន ​ធ្វើ​ឡើង​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី​ ថ្ងៃ​ទី​១៧-១៨​ មីនា​ខាង​មុខ​នេះ​ ដែល​អូស្ត្រាលី​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​សន្និសីទ​កំពូល​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ជាមួយ​ក្រុម​ប្រទេស​ប្លុក​អាស៊ាន​ទាំង​១០​។ កិច្ច​ប្រជុំ​កំពូល​នេះ ក៏​ជា​ឱកាស​មួយ​ ដែល​មាន​ការ​រំពឹង​ទុក​ថា​ អាច​នឹង​មាន​ជំនួប​ទ្វេភាគី​ រវាង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ លោក ​ម៉ាល់ខុម ធឺនប៊ល ​និង​លោក​ ហ៊ុន សែន​។​

ថ្លែង​ក្នុង​សន្និសីទ​សាធារណៈ​មួយ​ស្តី​ពី​បញ្ហា​កម្ពុជា ដែល​រៀបចំ​ឡើង​ដោយ​សាកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី​ (Australian National University) ​កាល​ពី​ថ្ងៃ​ទី​០៩​ មីនា​ ម្សិលម៉ិញ​ លោក​ ហ្ការ៉េត អេវ៉ាន បាន​សង្កត់​ធ្ងន់ៗ​ថា​​ ម្តង​ហើយ​ម្តង​ទៀត​ សហគមន៍​អន្តរជាតិ​បាន​បិទ​ភ្នែក​ បណ្តែត​បណ្តោយ​ឲ្យ​របប​លោក​ ហ៊ុន​ ​សែន​ រួច​ខ្លួន​ តាម​រយៈ​ការ​បំពារបំពាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ ដូច្នេះ​ លោក​ថា​ ល្មម​ដល់​ពេល​ហើយ​ ដែល​សហគមន៍​អន្តរជាតិ​ ត្រូវ​តែ​រួម​គ្នា​ប្រឈម​នឹង​ការ​ពិត​មួយ​នេះ​ និង​ត្រូវ​ធ្វើ​យ៉ាង​ណា​រិះរក​វិធី​ឆ្លើយ​តប​យ៉ាង​សមស្រប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​អំពើ​ផ្តាច់​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​តម្រូវ​ឲ្យ​លោក​ ហ៊ុន​ សែន ងាក​មក​គោរព​គោល​ការណ៍​ប្រជាធិបតេយ្យ​ឡើង​វិញ​។​

ក្នុង​ឱកាស​នៃ​សន្និសីទ​សាធារណៈ​មិន​ធ្លាប់​មាន​ពី​មុន​មក​នេះ​ ដែល​ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​ និង​រៀបចំ​នៅ​ក្រៅ​ប្រទេស​ ជា​ពិសេស​ក្រោយ​ពេល​ដែល​របប​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​សម្រេច​គាស់​រម្លើង​ និង​រម្លាយ​លទ្ធិ​ប្រជាធិបតេយ្យ​ជា​ស្ថាពរ​នៅ​កម្ពុជា និង​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​ «​កម្ពុជា​កំពុង​ស្ថិត​នៅ​មាត់​ជ្រោះ​នៃ​គ្រោះថ្នាក់​ និង​ដំណោះ​ស្រាយ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​» ​លោក​សាស្ត្រាចារ្យ​ ហ្ការ៉េត អេវ៉ាន​ ក៏​បាន​ថ្លែង​ថ្កោលទោស​រដ្ឋាភិបាល​អូស្ត្រាលី​ ដែល​ជា​ភាគី​ហត្ថលេខី​ដ៏​សំខាន់​មួយ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ដែល​លោក​ថា​ មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​និយាយ​រិះគន់​ទៅ​កាន់​របប​លោក​ ហ៊ុន សែន​ អំពី​បញ្ហា​ធ្លាក់​ចុះ​ដុនដាប​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​បច្ចុប្បន្ន​នេះ​ ​ដោយ​សារ​តែ​រដ្ឋាភិបាល​នេះ​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ទទួល​យក​ជន​ភៀស​ខ្លួន​ជាមួយ​ប្រទេស​កម្ពុជា​។​

លោក​សាស្ត្រាចារ្យ​ ហ្ការ៉េត អេវ៉ាន​ បន្ត​ថា​ ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ ​ធឺនប៊ល ត្រូវ​តែ​អង្គុយ​និយាយ​ដោយ​ត្រង់​អំពី​បញ្ហា​កម្ពុជា​នេះ​ ក្នុង​ជំនួប​ប្រជុំ​ទ្វេភាគី​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នា​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​-អូស្ត្រាលី​ខាង​មុខ​នេះ​។​ ​លោក​សង្កត់​ធ្ងន់​ៗ​ថា​ ដល់​ពេល​វេលា​ហើយ​ដែល​សហគមន៍​អន្តរជាតិ​ និយាយ​ចំ​ឈ្មោះ​ ធ្វើ​ឲ្យ​អាម៉ាស់​ បើក​ការ​ស៊ើប​អង្កេត​ និង​ដាក់​ទណ្ឌកម្ម​ណា​មួយ​ មក​លើ​ក្រុម​មេ​ដឹកនាំ​របប​ក្រុង​ភ្នំពេញ​បច្ចុប្បន្ន​នេះ​។​

ដោយ​ឡែក​ អ្នកស្រី​ មូរ​ សុខហួរ​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ជា​វាគ្មិន​សំខាន់​ម្នាក់​ទៀត ដែល​បាន​ចូលរួម​ជា​កិត្តិយស​ក្នុង​សន្និសីទ​នេះ​ បាន​រំឭក​ពី​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​លើ​ពលរដ្ឋ​ក្នុង​ជម្លោះ​ដី​ធ្លី​ក្នុង​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​ កាល​ពី​ថ្ងៃ​ទី​០៨​ មីនា​ ។

អ្នកស្រី​ មូរ សុខហួរ​ បាន​ថ្លែង​អំណរ​គុណ​លោក​សាស្ត្រាចារ្យ​ ហ្ការ៉េត អេវ៉ាន ​ដែល​ជា​ស្ថាបនិក​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ និង​ប្រទេស​អូស្ត្រាលី ​ដែល​បាន​ផ្តួចផ្តើម​នាំ​មក​នូវ​សន្តិភាព​ជូន​ប្រទេស​កម្ពុជា​កាល​ពី​ជាង​២៥​ឆ្នាំ​មុន​ ដែល​អ្នកស្រី​ថា នេះ​គឺ​ជា​កេរ​ដំណែល​ប្រវត្តិសាស្ត្រ​ដែល​អូស្ត្រាលី​បាន​បន្សល់​ទុក​ជូន​ប្រទេស​កម្ពុជា​ និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​រួម​។​ អ្នកស្រី​ មូរ សុខហួរ ​គូស​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ប្រាប់​អង្គ​សន្និសីទ​ថា​ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​គឺ​នៅ​មិន​ទាន់​ស្លាប់​នៅ​ឡើយ​ទេ​ ហើយ​ថា ប្រទេស​អូស្ត្រាលី​ និង​ក្រុម​មន្ត្រី​រៀបចំ​គោល​នយោបាយ​អូស្ត្រាលី​ នៅ​តែ​ជាប់​កាតព្វកិច្ច​ក្នុង​ការ​ធ្វើ​យ៉ាង​ ត្រូវ​ការពារ​នូវ​រាល់​ខ្លឹមសារ​ និង​គោលការណ៍​ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ងាក​មក​រក​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​បាន​ពិត​ប្រាកដ​ឡើង​វិញ​។​

សំឡេង​អ្នកស្រី​ មូរ សុខហួរ​៖ ​«ខ្ញុំ​មក​ទី​នេះ​ ដើម្បី​រំឮក​ដល់​ក្រុម​មន្ត្រី​នៃ​រដ្ឋាភិបាល​អូស្ត្រាលី​ថា ​ប្រទេស​អូស្ត្រាលី​ បាន​បន្សល់​ទុក​នូវ​កេរដំណែល​មួយ​សម្រាប់​កម្ពុជា​ ដែល​បាន​ផ្តួច​ផ្តើម​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​។​ ដូច្នេះ​ អូស្ត្រាលី​ចាំបាច់​ត្រូវ​តែ​ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ វិល​ត្រលប់​មក​រក​ស្ថានភាព​ដូច​ប្រក្រតី​ឡើង​វិញ​។...​ ​សប្ដាហ៍​ក្រោយ​នេះ​ អូស្ត្រាលី ​នឹង​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី​ ហើយ​នេះ​ក៏​ជា​លើក​ទី​មួយ​ផង​ដែរ​ ដែល​អូស្ត្រាលី​ ជា​សមាជិក​មួយ​នៃ​សមាជិក​ចំនួន​៤៧ ​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​។​ នៅ​ថ្ងៃ​ទី២១​ ខែ​មីនា​ ខាង​មុខ​នេះ​ នឹង​មាន​ការ​ជជែក​គ្នា​អំពី​បញ្ហា​សិទ្ធិមនុស្ស​របស់​កម្ពុជា​ នៅ​ឯ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​។​ អូស្ត្រាលី​ ត្រូវ​តែ​ការពារ​កាតព្វកិច្ច​របស់​ខ្លួន​ ដែល​បាន​ចុះ​ហត្ថលេខា​ ជា​ភាគី​ហត្ថលេខី​មួយ​រូប​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​។​» ​

ក្រៅ​ពី​បាន​អំពាវ​នាវ​ឲ្យ​ក្រុម​មន្ត្រី ​និង​រដ្ឋាភិបាល​អូស្ត្រាលី​ត្រូវ​តែ​ការពារ​កេរដំណែល​ប្រវត្តិសាស្ត្រ​នេះ អ្នកស្រី​ មូរ សុខហួរ ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ បើ​ទោះ​បី​ជា​លោក​ ហ៊ុន សែន ​បាន​សម្រេច​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដោយ​ជោគជ័យ​មែន​ក៏​ដោយ​ ក៏​ប៉ុន្តែ​គណបក្ស​នេះ ​នៅ​តែ​បន្ត​រស់រាន​ក្នុង​ផ្នត់​គំនិត​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ ដែល​អ្នកស្រី​ហៅថា​ នេះ​គឺ​ជា​សិទ្ធិ​អំណាច​សីលធម៌​មួយ ​ដែល​មិន​ចេះ​ស្លាប់​ ឬ​រីង​ស្ងួត​នៅ​កម្ពុជា​ឡើយ​។​

សម្រាប់​លោក​ ហុង លីម ​ជា​តំណាង​រាស្ត្រ​ខ្មែរ-អូស្ត្រាលី​ និង​ជា​វាគ្មិន​មួយ​រូប​នៃ​អង្គ​សន្និសីទ​នេះ​ដែរ ​លោក​ក៏​បាន​ថ្លែង​សារ​ថ្កោល​ទោស​រដ្ឋាភិបាល​អូស្ត្រាលី​យ៉ាង​ធ្ងន់​ៗ​ ដែល​បាន​បន្ត​ការពារ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​របប​លោក​ ហ៊ុន សែន ​បច្ចុប្បន្ន​នេះ​។​ លោក​ថ្លែង​យ៉ាង​មុតមាំ​ថា ​សហគមន៍​អន្តរជាតិ​ចាំបាច់​ត្រូវ​បញ្ចប់​ការ​ស្ងៀមស្ងាត់​នេះ​ និង​ថា​ពិភពលោក​មិន​អាច​ចូល​ដៃ​ចូល​ជើង​ជាមួយ​នឹង​អំពើ​ឃោរឃៅ​ដែល​បាន​ប្រព្រឹត្តិ​ដោយ​របប​លោក​ ហ៊ុន សែន ​នា​ពេល​បច្ចុប្បន្ន​នេះ​ឡើយ។

អង្គ​សន្និសីទ​ បាន​បិទ​បញ្ចប់​ទៅ​ក្នុង​ថ្ងៃ​ដដែល​ ជាមួយ​នឹង​ក្តី​សង្ឃឹម​ថា ​រដ្ឋាភិបាល​អូស្ត្រាលី​នឹង​លើក​យក​ពី​បញ្ហា​កម្ពុជា​ មក​ពិភាក្សា​ដោយ​ត្រង់ៗ​ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​ ហ៊ុន សែន ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី​នា​ថ្ងៃ​ទី​១៧-១៨​ ខាង​មុខ​នេះ។​ ក្រុម​អ្នក​ចូលរួម​ ប្ដេជ្ញា​ថា​ នឹង​បន្ត​តាមដាន​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុកដាក់​ពី​ដំណើរ​វិវត្ត​នៃ​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ ជា​បន្ត​ទៅ​ទៀត​។

កិច្ច​ប្រជុំកំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី​ និង​ដឹកនាំ​ធ្វើ​ម្ចាស់​ផ្ទះ​ដោយ​នាយករដ្ឋ​មន្ត្រី​អូស្ត្រាលី​លោក​ ម៉ាល់ខុម​ ធឺនប៊ល។ ​នេះ​ជាលើក​ទីមួយ​ហើយ​ដែល​ប្រទេស​អូស្ត្រាលី​ រៀបចំ​ឲ្យ​មាន​ឡើង​នូវកិច្ច​ប្រជុំ​ពិសេស​មិន​ធ្លាប់​មាន​ពី​មុន​មក ​ជាមួយ​ក្រុម​ប្រទេស​ជា​រដ្ឋសមាជិក​ប្លុក​អាស៊ាន​នេះ។ កិច្ច​ប្រជុំ​នេះ ​ក៏​ជា​ឱកាស​មួយ​សម្រាប់​ប្រទេស​ក្នុង​ប្លុក​អាស៊ាន​ ពង្រឹង​ដៃ​គូ​យុទ្ធសាស្ត្រ​ និង​ឱកាស ទាំង​ផ្នែក​សេដ្ឋកិច្ច ​និង​សន្តិសុខ​ក្នុង​តំបន់​ជាមួយ​ប្រទេស​អូស្ត្រាលី​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។