លោក សម រង្ស៊ី ថា ថ្នាក់ដឹកនាំសហភាពអឺរ៉ុប មានគោលដៅមួយយ៉ាងច្បាស់ គឺ ធ្វើឲ្យលទ្ធិប្រជាធិបតេយ្យរស់ឡើងវិញ
2019.06.27
នៅទន្ទឹមនិងលោក កឹម សុខា សំដែងការមិនស្ដាយក្រោយដែល របបលោក ហ៊ុន សែន ចាប់លោកឃុំឃាំងដើម្បីទាមទារប្រជាធិបតេយ្យ និងសិទ្ធិសេរិភាពនេះ លោក សម រង្ស៊ី និងគណៈប្រតិភូគណបក្សសង្គ្រោះជាតិវិញ បានជួបជុំជាមួយមេដឹកនាំសហភាពអឺរ៉ុប នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិករយៈពេលពីរថ្ងៃ គឺថ្ងៃទី២៥ និងថ្ងៃទី២៦មិថុនានេះ។
លោក សម រង្ស៊ី បញ្ជាក់ថា ថ្នាក់ដឹកនាំសហភាពអឺរ៉ុប មានគោលដៅមួយយ៉ាងច្បាស់ គឺ ធ្វើឲ្យលទ្ធិប្រជាធិបតេយ្យរស់ឡើងវិញ នៅប្រទេសកម្ពុជា ពីព្រោះគេយល់ថា មិនអាចមានលទ្ធិប្រជាធិបតេយ្យបានទេ បើគ្មានគណបក្សប្រឆាំង។
ហើយពុំមានគណបក្សប្រឆាំងណាពិតប្រាកដនៅកម្ពុជា ក្រៅពីគណបក្ស សង្គ្រោះជាតិដែរ។
លោក សម រង្ស៊ី អះអាងថា លោក ហ៊ុន សែន បានបរាជ័យ ៣ លើកហើយ ក្នុងការប៉ុនប៉ងកម្ចាត់គណបក្សសង្គ្រោះជាតិ ពីបេះដូងប្រជារាស្ត្រខ្មែរ និងក្នុងការប៉ុនប៉ងបង្កើតគណបក្សប្រឆាំងក្លែងក្លាយ។
លោក សម រង្ស៊ី បានរៀបរាប់ថា បរាជ័យទី១ គឺអូសទាញសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ៥០០៧ រូប មកពីគណបក្សសង្គ្រោះជាតិ ឲ្យចុះចូលគណបក្សកាន់អំណាចសព្វថ្ងៃ តែសាមីខ្លួនជាង ៩០ ភាគរយ មិនព្រមដាច់ខាត។
បរាជ័យទី២ គឺរៀបចំការបោះឆ្នោតក្លែងក្លាយ នៅឆ្នាំ ២០១៨ ដោយបង្កើតគណបក្សប្រឆាំងក្លែងក្លាយ រហូតដល់ទៅ ១៩ គណបក្ស តែគណបក្សប្រឆាំងក្លែងក្លាយទាំងនោះ ត្រូវបានប្រជារាស្ត្រខ្មែរទាត់ចោលទាំងអស់ គ្មានទទួលបានអសនៈទាល់តែសោះ នៅក្នុងរដ្ឋសភាទីងមោងសព្វថ្ងៃ។
បរាជ័យទី៣ គឺចង់អូសទាញថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ១១៨ នាក់ ឲ្យក្បត់គណបក្សខ្លួន ដោយទៅសុំច្បាប់ពី ហ៊ុន សែន ដើម្បីធ្វើនយោបាយឡើងវិញ ក្រោមបញ្ជា ហ៊ុន សែន តែក្នុងចំណោមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទាំង ១១៨ នាក់នោះ មានតែ ៩ នាក់ទេ ដែលចាញ់បោក ហ៊ុន សែន ឬព្រមលក់ខ្លួន ឲ្យគេ។
លោក សម រង្ស៊ី បន្ថែមថា ដើម្បីជៀសវាងទណ្ឌកម្មពាណិជ្ជកម្ម ពីសហភាពអឺរ៉ុប ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBAនោះ លោក ហ៊ុន សែន ដាច់ខាតត្រូវតែដោះលែងលោក កឹម សុខា ដោយទម្លាក់ចោលការចោទប្រកាន់ទាំងអស់ មកលើប្រធានគណបក្សសង្គ្រោះជាតិ ហើយបើកផ្លូវឲ្យគណបក្សប្រឆាំង ដំណើរការឡើងវិញជាបន្ទាន់៕