ហេតុផល ១២​យ៉ាង ​​ដែល​​​ការ​បោះ​​ឆ្នោត​​​ថ្ងៃ​​​ទី២៩ កក្កដា ២០១៨ គឺ​​​ជា​​​ការ​​​បោះ​​ឆ្នោត «ក្លែងក្លាយ»

ដោយ មាន ឫទ្ធិ
2018-07-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ចូល​រួម​បោះ​ឆ្នោត​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ នា​មណ្ឌល​បោះ​ឆ្នោត ក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ នៅ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣។
ពលរដ្ឋ​ចូល​រួម​បោះ​ឆ្នោត​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ នា​មណ្ឌល​បោះ​ឆ្នោត ក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ នៅ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣។
RFA

ការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះ ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិចាត់ទុក​ថា​ជា​កា​របោះ​ឆ្នោត «ក្លែង​ក្លាយ»។ ពួកគេថា ថ្ងៃ២៩ កក្កដានេះ មិនគួរចាត់ទុក​ជា​ថ្ងៃ​បោះឆ្នោតឡើយ ក៏ប៉ុន្តែគឺជា «ទិវាបញ្ចុះ​សព នៃ​មរណភាព​ប្រជាធិបតេយ្យ» នៅ​កម្ពុជា ព្រោះ​ការ​បោះ​ឆ្នោត​នេះ ធ្វើឡើងគ្រាន់តែដើម្បី​បង្គ្រប់​កិច្ច មិន​ស្រប​តាម​​ដំណើរ​​ការ​​ប្រជាធិបតេយ្យ ខណៈ​​ដែល​​លទ្ធផល​​នៃ​​ការ​​បោះ​ឆ្នោត​នេះ ត្រូវ​បាន​គេ​ដឹង​ទុក​ជា​មុន​រួច​ទៅ​ហើយ​ថា បុរសខ្លាំងខាង​ប្រើ​អំពើ​ហិង្សា គឺលោក ហ៊ុន សែន និងគណបក្សកាន់អំណាចរបស់លោក គឺគណបក្សប្រជាជនកម្ពុជា នឹង​នៅ​តែ​​បន្ត «ឈ្នះ» និង​ដឹក​នាំ​ប្រទេស ដោយសារ​តែ​គ្មាន​គូប្រកួតប្រជែងពិតប្រាកដ។

ត​ទៅ​នេះ​ជា​បទវិភាគ​របស់​លោក មាន ឫទ្ធិ ដែល​លោក​នឹង​ពិនិត្យ​មើល​ហេតុផល​ចម្បងៗ មួយ​ចំនួន ដែល​​ធ្វើ​ឲ្យ​​ការ​​បោះ​​ឆ្នោត​​ថ្ងៃ​ទី​២៩ កក្កដា​​នេះ គ្រាន់​​តែ​​​ជា​​ការ​​បោះ​ឆ្នោត​ «ក្លែងក្លាយ»

ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រនៃរដ្ឋសភាអាណត្តិទី៦ នៅ​ថ្ងៃ​ទី២៩ កក្កដា​នេះ គឺជា​វិញ្ញាសារ​ដ៏​ធំមួយ​សម្រាប់​ជីវិត​នយោបាយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបន្ត​ក្តោបក្តាប់​អំណាចរបស់លោក ដែល​លោក​បាន​ខិតខំ​ថែ​រក្សា​អស់​រយៈ​ពេល​ជាង ៣៣​ឆ្នាំ​មក​ហើយ។ ការបោះ​ឆ្នោតនេះក៏ជាវិញ្ញាសារមួយកំណត់ជោគវាសនាអនាគតនៃសេនារីយ៉ូ ដែល​លោក​បាន​ខិតខំ​​គូស​វាស​​កែ​ច្នៃ​លៃ​លក​រក​ពេល ដើម្បីធានាផ្ចុងផ្តើមរៀបចំទុកដាក់អនាគតនាយករដ្ឋមន្ត្រីបន្តវេនពីរូប​លោក ដែល​នោះ​គឺ​ទំនង​ជា​គ្មាន​នរណា​ក្រៅ​ពី​កូន​ប្រុស​ច្បង​របស់​លោក គឺលោក ហ៊ុន ម៉ាណែត នោះ​ឡើយ។

ប្រសិនបើលោកប្រឡងមិនជាប់វិញ្ញាសារនេះទេ គ្មានឡើយសុបិនដែលលោកចង់ឃើញកូនប្រុស​របស់​លោក​រូប​នេះ ឡើង​បន្ត​វេន​ក្រោយ​ពី​រូប​លោក​ប្រកាស​ចូល​និវត្តន៍​នៅ​រយៈ​ពេល ១០ឆ្នាំខាងមុខ​ទៀត​នេះ។ នេះប្រសិនបើលោកមានសំណាង​អាច​រក្សា​អំណាច​បាន​រហូត​ដល់​ទៅ ១០​​ឆ្នាំ​​ខាង​​មុខ​​ទៀត។

ប្រាកដណាស់ ពេលវេលា ១០​ឆ្នាំ គឺយូរសែនយូរសម្រាប់ប្រជាពលរដ្ឋខ្មែរដែលស្រេកឃ្លានការផ្លាស់​ប្តូរ និង​ចង់​បាន​មេ​ដឹក​នាំ​ថ្មី​មក​គ្រប់គ្រង​នាវា​កម្ពុជា។​ ក៏ប៉ុន្តែ ពេលវេលា១០ឆ្នាំ នាពេលនេះ វាហាក់​ដូច​ជា​ខ្លីណាស់សម្រាប់លោក ហ៊ុន សែន ព្រោះ​ថា ពីមួយវិនាទីទៅមួយវិនាទី ប្រសិនបើលោក​ដើរ​ខុស​ផ្លូវ​តែ​បន្តិច គ្មានឡើយត្រកូលហ៊ុនដើម្បីបន្តវេនពីលោក ដែល​មាន​ន័យ​ម៉្យាង​ទៀត​ថា គ្មាន​​ឡើយ​​លោក ហ៊ុន ម៉ាណែត ជាអនាគតនាយករដ្ឋមន្ត្រីបន្ទាប់ពីលោក ហ៊ុន សែន នោះ។ ក៏មិន​ប្រាកដ​ដែរ​ថា លោកអាចបញ្ចប់តំណែងជានាយករដ្ឋមន្ត្រីទៅបានដោយសន្តិវិធី ដោយគ្មានការគុំគួន ឬចង​អាឃាត​ពី​ក្រុម​មនុស្ស​ដទៃ​ទៀត ដែល​លោក​ធ្លាប់​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញឥតស្រាកស្រាន្ត ក្នុង​អំឡុង​ពេលដែលលោក​កាន់​អំណាច។ ថា​មិន​ត្រូវ ជោគ​វាសនា​អនាគត​ចុង​ក្រោយ​នៃជីវិត​នយោបាយ​របស់លោក អាចនឹងត្រូវបញ្ចប់ នៅក្នុងរង្វង់ក្រចកសេះ នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ខណៈ​ទ្រព្យ​សម្បត្តិ​មហាសាល និងក្រុមគ្រួសារត្រកូលហ៊ុនរបស់លោក អាចនឹងត្រូវតុលាការរឹបអូស បង្កក ឬ​ត្រូវ​តុលាការ​​ប្រជាជន​ថ្កោល​ទោស​ជាដើម។

ខុសពីលើកណាៗ ទាំង​អស់ វិញ្ញាសារឆ្នាំ២០១៨​នេះ មិន​មែន​ជា​វិញ្ញាសារ​មួយ​ដែលតម្រូវឲ្យលោក​ត្រូវ​រត់ទៅ​ពឹង​វៀតណាម​ឲ្យ​ចូល​មក​​ឈ្លានពាន​​ប្រទេស​​កំណើត​​ខ្លួន​​ឯង ដើម្បីផ្តួលរំលំរបប​ខ្មែរក្រហម​នោះ​ឡើយ ឬក៏វិញ្ញាសារដែលតម្រូវឲ្យលោក ត្រូវ​គំរាម​ពុះ​ជ្រៀកទឹកដីកម្ពុជាធ្វើជាតំបន់អបគមន៍​នោះ​ទេ។ ហើយរឹតតែមិនមែនទៅទៀត ដែល​ថា ជា​វិញ្ញាសារ​​ដែល​​តម្រូវ​ឲ្យ​លោក​ត្រូវ​ដឹក​នាំ​កម្លាំង​ធ្វើ​​រដ្ឋប្រហារ​​យោធា​ដ៏​បង្ហូរ​ឈាម​នៅ​កណ្តាលក្រុងភ្នំពេញនោះ ក៏ទេដែរ ពីព្រោះថា វិញ្ញាសារ​អស់​ទាំង​នេះ លោក​បាន​ហែល​ឆ្លង​កាត់​អស់​ហើយ។ ក៏ប៉ុន្តែ វិញ្ញាសារនៅពេលនេះ គឺជាវិញ្ញាសារដែល​មាន​​លក្ខណៈ​គ្រាន់​តែ​ជា​​ឆាក​​ល្ខោន សម្តែង​ឡើង​ក្នុង​បំណង​ធ្វើ​យ៉ាង​ណាបោកប្រាស់ក្រសែភ្នែក មតិជាតិ និងអន្តរជាតិ​ថា នេះ​គឺ​ជា​ការ​បោះ​ឆ្នោត​ពិត​ប្រាកដ​​​មួយ ធ្វើ​ឡើង​ប្រកប​ដោយភាពសេរី ត្រឹមត្រូវ និង​យុត្តិធម៌ស្របតាម​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ ខណៈ​​​ដែល​​​តាម​​​ការ​​​ពិត លទ្ធផល​​ត្រូវ​​បាន​​​លោក និង​ក្រុមបក្ខពួករបស់លោក រៀបចំទុកមុនរួចជាស្រេចទៅហើយ។ គ្មាន​ឡើយ​ពាក្យ​ថា​ចាញ់ ឬ​​ជម្រើស​​ដ៏​តូច​ សូម្បី​តែ​ប៉ុន​សរសៃ​សក់​មួយ ដែល​បើក​ផ្លូវ​ឲ្យ​គណបក្ស​ដទៃ អាច​យក​ប្រៀប​ទៅ​​​លើ​​គណបក្ស ប្រជាជន​​កម្ពុជា របស់​​លោក​​បាន។

អ្វីដែលពិបាកបំផុតសម្រាប់រូបលោកនៅពេលនេះ គឺថា វិញ្ញាសាររបស់លោកលើកនេះ អ្វីៗទាំងអស់ ត្រូវ​បាន​ពិភព​​លោក​​ដឹង​​ឮ​គ្រប់ៗ គ្នា​អស់​ទៅ​ហើយ​ថា ការបោះឆ្នោតនេះ គឺជាឆាកល្ខាន ហើយ​លោក​កំពុង​តែត្រូវការតួអង្គដ៏សំខាន់ ដែល​នោះ​គឺ​ជា​ប្រជាពលរដ្ឋ​ខ្មែរ គ្រប់រូបឲ្យទៅចូលរួម​លេង​សម្តែង​ជា​មួយ​បក្ខពួករបស់លោក ខណៈដែលពួកគេជិតមួយ​ចំហៀង​ប្រទេស បាន​ប្រកាស​រួច​ទៅ​ហើយ​ថា នឹង​​មិន​ចូលរួមលែងល្បែងបែបឆ្ពឹនភ្នែកមួយនេះឡើយ តាមរយៈការធ្វើពហិការការបោះឆ្នោតនេះ ដោយ​មិនទៅបោះឆ្នោត។

តើមូលហេតុអ្វីបានជាការបោះឆ្នោតលើកនេះ គ្រាន់តែជាការបោះឆ្នោត «ក្លែងក្លាយ» និងជាឆាក​ល្ខោន ធ្វើ​ឡើង​ដើម្បី​តែ​បង្គ្រប់​កិច្ច?

មានហេតុផលចម្បងៗចំនួន ១២ យ៉ាង ដែលថាការបោះឆ្នោតនេះ គឺជាការបោះឆ្នោតក្លែងក្លាយ និង​​ធ្វើ​ឡើង​ដើម្បី​គ្រាន់​តែ​ជា​ការ​បង្គ្រប់​កិច្ច។

ហេតុផល​ទី ១៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មុន​ការ​បោះ​ឆ្នោត តែង​ប្រើប្រាស់​នូវ​សារ​នយោបាយ​ដែល​មាន​លក្ខណៈ​ជា​ការ​គំរាម​កំហែង​គ្រប់​បែប​យ៉ាង។ នរណាៗ ក៏​ដឹង​ដែរ​ថា សារ​ទាំង​អស់​នេះ គឺជា​កម្មសិទ្ធិ​បញ្ញា​​ផ្ដាច់​មុខ​​របស់​​លោក ហ៊ុន សែន និង​ក្រុម​មន្ត្រី​របស់​លោក ក្នុង​នោះ​រួម​មាន សារ​អំពី​សង្គ្រាម សារ​​សំពង​​ក្បាល​​នឹង​​គល់​​ឫស្សី សារ​​វាយ​​បំបាក់​​ធ្មេញ ឬ​​ក៏​​កម្ចាត់​​មនុស្ស​ ១០០ ​ទៅ ​២០០​​នាក់ ព្រម​ទាំង​សារ​ដែល​ថា​ឲ្យ​ត្រៀម​ក្ដារមឈូស​ជា​ដើម។

ហេតុ​ផល​ទី២៖ ភាព​លម្អៀង និង​មិន​អព្យាក្រឹត្យ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ដែល​បង្ហាញ​​ឲ្យ​​ឃើញ​តាម​រយៈ​​សមាជិក​​ក្បាល​​ម៉ាស៊ីន​​ដឹក​នាំ​​ទាំង ​៩​រូប​​របស់​​ស្ថាប័ន​មួយ​នេះ ដែល​សុទ្ធ​តែ​ជា​ក្រុម​មន្ត្រី​ដែល​មាន​ទំនោរ​ទៅ​រក​គណបក្ស​ ប្រជាជន​​កម្ពុជា ខណៈ​ដែល​ស្ថាប័ន​នេះ ពុំ​មាន​​តំណាង​​មក​ពី​​អង្គការ​​សង្គម​ស៊ី​វិល ឬ​​គណបក្ស​​ប្រឆាំង ដើម្បី​​ធានា​​ពី​​ឯករាជភាព និង​​អព្យាក្រឹតភាព​​របស់​​ស្ថាប័ន​​មួយ​នេះ​នោះ​ឡើយ។

ហេតុផល​ទី ៣៖ ការ​បង្កើត​​ច្បាប់​ដែល​មាន​លក្ខណៈ​ជា​ការ​រឹតត្បិត និង​គាប​សង្កត់។ រដ្ឋសភា​ដែល​គ្រប់គ្រង​​​ដោយ​​គណបក្ស​ ប្រជាជន​​កម្ពុជា បាន​​ចំណាយ​​រយៈ​ពេល​​​ពេញ​មួយ​អាណត្តិ​៥​ឆ្នាំ តាក់តែង និង​បង្កើត​​ច្បាប់​ថ្មី​ៗ​ជា​ច្រើន ក្នុង​គោលបំណង​​ដើម្បី​បង្កើន​ការ​គ្រប់គ្រង​​របស់​រដ្ឋាភិបាល និង​រឹតត្បិត​លំហ​ប្រជាធិបតេយ្យ សេរីភាព របស់​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល អង្គការ​​មិន​​មែន​​រដ្ឋាភិបាល សហជីព​​ឯករាជ្យ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សំឡេង​ប្រឆាំង​ដទៃ​ទៀត។ ច្បាប់​ដ៏​ប្រទាញ​ប្រទង់​ទាំង​នេះ រួម​មាន៖

) ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ។ ច្បាប់​ទាំង​នេះ តម្រូវ​​ឲ្យ​​គណបក្ស​នយោបាយ​​ជាប់​​ឆ្នោត​​ទាំង​អស់ ត្រូវ​តែ​ទទួល​យក​លទ្ធផល​បោះឆ្នោត​ស្ថាពរ ព្រោះ​បើ​មិន​ដូច្នោះ​ទេ អាសនៈ​របស់​គណបក្ស​ជាប់​ឆ្នោត​ដែល​ចង់​តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត អាច​នឹង​ត្រូវ​ដកហូត​យក​មក​បែង​ចែក​ឲ្យ​គណ​បក្ស​​នយោបាយ​​ដទៃ​​ទៀត។ មាត្​រា​នេះ រារាំង​​គណបក្ស​​នយោបាយ មិន​ឲ្យ​មាន​ឱកាស​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត ប្រើប្រាស់​សិទ្ធិ​ធ្វើ​ពហិការ ឬ​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ការ​លួច​បន្លំ​សន្លឹកឆ្នោត​ណា​មួយ​​នោះ​ឡើយ។ បន្ថែម​ពី​នេះ ក៏​​មាន​​មាត្​រា​ចែង​​ថា គណបក្ស​​នយោបាយ​​ដែល​​ត្រូវ តុលាការ​កំពូល​រម្លាយ​ចោល អាសនៈ​របស់​គណ​បក្ស​នោះ នឹង​ត្រូវ​យក​ទៅ​បែង​ចែក​ឲ្យ​គណបក្ស​​ដទៃ បើ​ទោះ​គណបក្ស​ដទៃ​មិន​ត្រូវ​បាន​ពលរដ្ឋ​បោះឆ្នោត​ផ្ដល់​សំឡេង​គាំទ្រ​ឲ្យ​មាន​អាសនៈ ជាប់​​ក្នុង​​រដ្ឋសភា​​ក៏​​ដោយ។ មាត្រា​​ថ្មី​​នៃ​​វិសោធនកម្ម​​ច្បាប់​​ស្តី​ពី​​គណបក្ស​​នយោបាយ ចែងថា បុគ្គល​ដែល​ជាប់​ពិរុទ្ធភាព មិន​អាច​ធ្វើ​ជា​ប្រធាន​គណបក្ស​​នយោបាយ​បាន​ឡើយ ព្រោះ​បើ​មិន​ដូច្នោះ​ទេ គណបក្ស​របស់​ខ្លួន​នឹង​រង​នូវ​ការ​រម្លាយ​ចោល។

) ច្បាប់​ស្តី​ពី​សហជីព និង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល៖ ច្បាប់​ទាំង​នេះ មាន​​គោលដៅ​​គ្រប់​គ្រង​​​រាល់​​ការ​​សុំ​ចុះ​​បញ្ជី ការ​​បង្កើត​សហជីព ឬ​​សមាគម ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល ការ​ទទួល​ហិរញ្ញប្បទាន ឬ​ប្រភព​ថវិកា​ពីរ​ដ្ឋ​បរទេស ដែល​ផ្ដល់​ដល់​សហជីព សមាគម ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​នេះ។

) ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្តី​ពី​ការ​រៀបចំ​អង្គការ​​តុលាការ៖ ច្បាប់​ទាំង​នេះ ផ្ដល់​សិទ្ធិ និង​​អំណាច​​ច្រើន​លើស​​លប់​​ដល់​​រដ្ឋមន្ត្រី​​​ក្រសួង​​យុត្តិធម៌ ក្នុង​ការ​ចាត់​ចែង និង​គ្រប់​គ្រង​​ប្រព័ន្ធ​​យុត្តិធម៌​របស់​រដ្ឋ ដែល​ធ្វើ​ឲ្យ​បាត់​បង់​ភាព​ឯករាជ្យ​របស់​ស្ថាប័ន​រដ្ឋ​មួយ​នេះ។

) ការ​ធ្វើ​វិសោធនកម្ម​លើ​ក្រម​ព្រហ្មទណ្ឌ ដោយ​បន្ថែម​ប្រការ​ស្តី​ពី​ទោស​ទណ្ឌ​នៃ​ការប្រមាថ​ព្រះមហាក្សត្រ៖ ការ​បន្ថែម​ប្រការ​នេះ បង្កើត​​​ឡើង​​ក្នុង​​គោលដៅ​​បំបិទ​​មាត់​​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល និង​សំឡេង​ប្រឆាំង។

) ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ រួម​មាន​បទប្បញ្ញត្តិ តម្រូវ​ឲ្យ​គណបក្ស​នយោបាយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ ហើយ​​មិន​​ត្រូវ​​ធ្វើ​​សកម្មភាព​​ណា​​មួយ​ ដោយ​ប្រយោល ឬ​ដោយ​ផ្ទាល់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ឡើយ។ បន្ថែម​ពី​លើ​នេះ ក៏​មាន​បទប្បញ្ញត្តិ​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​របស់​រដ្ឋ​បរទេស​មក​លើ​កិច្ចការ​ផ្ទៃ​ក្នុង​​កម្ពុជា និង​​ការ​​ដក​ហូត​​សិទ្ធិ​​បោះ​ឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ឲ្យ របស់​បុគ្គល​ឬ​អ្នក​នយោបាយ​ណា​មួយ​ ដែល​បាន​រំលោភ​បទប្បញ្ញត្តិ​នេះ។

ហេតុផល​ទី​ ៤៖ អ្នក​សង្កេតការណ៍​ការ​បោះឆ្នោត​ភាគ​ច្រើន មកពី​ប្រទេស​ដែល​មិន​មាន​ការ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ ឬ​​ជា​​ក្រុម​​ប្រទេស​​ប្លុក​​កុម្មុយនិស្ត​ ដែល​​មិន​​ធ្លាប់​​រៀបចំ​​ការ​​បោះ​ឆ្នោត​​ពិត​ប្រាកដ៖ អង្គការ​សហប្រជាជាតិ សហរដ្ឋ​អាមេរិក សហភាព​​​អឺរ៉ុប និងប្រទេសជប៉ុន សម្រេច​ច្បាស់​ហើយ​ថា នឹង​មិន​ចូល​រួម​តាមដាន​ដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ​ទេ។ ក្នុង​​​ចំណោម​​​អ្នក​​សង្កេត​​ការណ៍​​​ជាង ៥​​ម៉ឺន​នាក់​​ដែល​គ..ប បាន​ប្រកាសជាបណ្តោះអាសន្ន​នា​ពេល​កន្លង​មក​នេះ អ្នក​សង្កេត​ការណ៍​​អន្តរជាតិ​ ១៧​ស្ថាប័ន​ មកពី​ប្រទេស​កុម្មុយនិស្ត​ចិន ប្រទេស​សិង្ហបុរី ប្រទេស​រូម៉ានី ប្រទេស​រុស្សី ជា​ដើម​។ល។

ហេតុផល​ទី​ ៥៖ ការ​ទិញ​សន្លឹកឆ្នោត និង​នយោបាយ​ប្រជាភិថុតិ៖ លោក ហ៊ុន សែន បាន​ចំណាយ​ពេល ធ្វើ​​យុទ្ធនាការ​​ឃោសនា​​រក​​សំឡេង​​ឆ្នោត​​ឲ្យ​​គណបក្ស​​ប្រជាជន​កម្ពុជា​របស់​លោក យ៉ាង​ហោច​ណាស់​ពេញ ១ ឆ្នាំ នៅ​មុន​ពេល​ថ្ងៃ​បោះឆ្នោត​ជាតិ​មក​ដល់ ដោយ​លោក​បាន​ចុះ​ជួប​ផ្ទាល់​ជា​មួយ​កម្មករ​-​កម្មការិនី​រោងចក្រ​​កាត់ដេរ​ជិត ៧០​ម៉ឺន​នាក់ ហើយ​ចែក​​ថវិកា​​ដល់​​ពួក​​គេ​​ក្នុង​​ម្នាក់​ៗ ៥​ដុល្លារ។ ថវិកា​​ជាតិ​​មិន​តិច​ជាង ៣,៥ លាន​ដុល្លារ​អាមេរិក​ទេ ត្រូវ​បាន​លោក ហ៊ុន សែន យក​មក​ចាយ​វាយ​​ដើម្បី​ទាក់ទាញ និង​ទិញ​ទឹក​ចិត្ត​ក្រុម​កម្មករ​-​កម្មការិនី ធ្វើ​យ៉ាង​ណា​ឲ្យ​ពួកគេ​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ ប្រជាជន​​កម្ពុជា ​របស់​​លោក។ លោក ហ៊ុន សែន ក៏​​បាន​​ដាក់​​ចេញ​​នូវ​កញ្ចប់​គោល​នយោបាយ «គាំពារ​សង្គម» បែប​ទាក់​ទាញ​ប្រជាប្រិយ​ភាព​ដទៃ​ទៀត​ដូចជា ការ​ដំឡើង​ប្រាក់​ខែ ដល់​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ និង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​មាន​​ផ្ទៃ​ពោះ ជន​​ពិការ និង​​ចាស់​​ជរា ព្រម​ទាំង​​ការ​​ផ្ដល់​​សេវា​​ដឹក​​ជញ្ជូន​កម្មករ​-​កម្មការិនី និង​ប្រជា​ពលរដ្ឋ​នៅ​តំបន់​មួយ​ចំនួន ដោយ​មិន​គិត​ថ្លៃ​ជា​ដើម​។

ហេតុផល​ទី ៦៖ ការ​កំណត់​ព្រំដែន ឬ​បង្កើត​​មណ្ឌល​បោះឆ្នោត​ថ្មី​​ដើម្បី​កេង​ចំណេញ​នយោបាយ៖ នៅ​ក្នុង​ការ​​បោះ​ឆ្នោត​​ជាតិ​​ឆ្នាំ​២០១៣ ក្រោយ​​ពី​​គណ​បក្ស ​ប្រជាជន​​កម្ពុជា បាន​ចាញ់​ឆ្នោត និង​របូត​អាសនៈ​សភា​អស់​ជា​ច្រើន​ទៅ​គណ​បក្ស​ប្រឆាំង ខេត្ត​កំពង់ចាម​ត្រូវ​បាន​ពុះ​ច្រៀក​ជា​ពីរ ដោយ​មួយ​ចំហៀង​ភាគ​បូព៌ា​នៃ​ខេត្ត​នេះ ដែល​សុទ្ធ​តែ​ជា​អ្នក​គាំទ្រ​គណ​បក្ស​ ប្រជាជន​​កម្ពុជា បាន​​ក្លាយ​​ជា​​ទឹក​​ដី​​ខេត្ត​​ថ្មី​​មួយ គឺ​​ខេត្ត​ត្បូងឃ្មុំ។ ដោយ​ឡែក​សម្រាប់​ក្រុង​ភ្នំពេញ​​វិញ ខណ្ឌ​ថ្មី​ចំនួន ៣ រួម​មាន ខណ្ឌ​ច្បារអំពៅ ព្រែកព្នៅ និង​ខណ្ឌ​ជ្រោយចង្វារ ត្រូវ​បាន​បង្កើត​​បន្ថែម​ពី​លើ​ខណ្ឌ​សរុប​ចំនួន​៩ ដែល​មាន​ស្រាប់​​នៅ​​ក្រុង​​ភ្នំពេញ​ នៅ​​រយៈ​ពេល​​តែ​​ប៉ុន្មាន​​ខែ​​មុន​​ការ​​បោះឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី​-​ខេត្ត​-​ក្រុង ស្រុក​/ខណ្ឌ មក​ដល់ កាលពី​ខែ​ឧសភា ឆ្នាំ​២០១៤ កន្លង​ទៅ។

ហេតុផល​ទី ៧៖ ដំណើរ​ឈាន​ទៅ​រក​របប​គ្រប់គ្រង​តពូជ៖ នៅ​រយៈពេល​​ប៉ុន្មាន​ខែ​មុន​ការ​បោះឆ្នោត កូន​ប្រុស​​ច្បង​​របស់​​លោក ហ៊ុន សែន គឺ​​លោក ហ៊ុន ម៉ាណែត បាន​ជួប​ជាមួយ​ក្រុម​មេ​ដឹកនាំ​ថ្នាក់​​តំបន់​ក្នុង​ជំនួប​ឯកជន​មិន​ធ្លាប់​មាន​ពី​មុន​មក រួម​មាន​នាយក​រដ្ឋ​មន្ត្រី​​ជប៉ុន លោក ស៊ិន ហ្សូអាបេ (Shinzo Abe) និង​នាយក​រដ្ឋ​មន្ត្រី​​សិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) ជា​​ដើម​។ ជំនួប​​ដ៏​​កម្រ​​នេះ ទំនង​ជា​លោក ហ៊ុន សែន ចង់​បង្ហាញ​មុខ និង​​ណែនាំ​កូន​ប្រុស​របស់​លោក​រូប​នេះ ឲ្យ​មេ​ដឹក​នាំ​ក្នុង​តំបន់​ទាំង​នោះ ស្គាល់​ជា​បណ្ដើរៗ ហើយ​ក៏​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក យក​ទៅ​​ចុះ​​ផ្សាយ​​យ៉ាង​​ព្រោងព្រាត​​ផង​​ដែរ។ របប​​លោក ហ៊ុន សែន កាលពី​ពេល​ថ្មីៗ​នេះ​ទៀត​សោត ក៏​គ្រោង​នឹង​ដំឡើង​ឋានន្តរសក្ដិ​លោក ហ៊ុន ម៉ាណែត ជា​​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ ស្រប​ពេល​ដែល​នៅ​មិន​ដល់​១ខែ​មុន​ការ​បោះ​ឆ្នោត លោក​​ក៏​​ត្រូវ​​បាន​​ដំឡើង​​តំណែង​​ឲ្យ​​ក្លាយ​​ជា​​នាយ​​សេនាធិការ​​ចម្រុះ​ស្ដីទី និង​ជា​មេ​បញ្ជាការ​កង​ទ័ព​​ជើង​គោក​ស្ដីទី បន្ថែម​លើ​មុខ​ងារ​បច្ចុប្បន្ន​របស់​លោក ដែល​ជា​មេ​បញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម។

ហេតុផល​ទី ៨៖ ការ​បង្ក្រាប​ឥត​ស្រាកស្រាន្ត មក​លើ​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល៖ គណបក្ស​ប្រឆាំង​ធំ​ជាង​គេ គឺ​​គណបក្ស​ សង្គ្រោះ​​​ជាតិ ត្រូវ​​បាន​​របប​​លោក ហ៊ុន សែន រម្លាយ​ចោល​នៅ​មុន​ពេល​បោះឆ្នោត​មិន​ដល់​មួយ​ឆ្នាំ ក្រោម​លេស​ថា​ គណបក្ស​​នេះ​បាន​ចូល​ដៃ​ចូល​ជើង​ជា​មួយ​ក្រុម​ប្រទេស​បស្ចិម​លោក ប៉ុនប៉ង​ធ្វើ «បដិវត្ត​ពណ៌» ​ដើម្បី​ផ្ដួល​​រំលំ​​រដ្ឋាភិបាល​​ស្រប​​ច្បាប់។ សមាជិក​ សមាជិកា​​ជាន់​​ខ្ពស់​​គណបក្ស​​នេះ​​ចំនួន ១១៨​រូប ត្រូវ​បាន​ហាមប្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​ប្រាំ​ឆ្នាំ។ បន្ថែម​ពីលើ​នេះ អាសនៈ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​​ជាតិ​ជាប់​ឆ្នោត​ទាំង ៥៥ រូប ក្នុង​រដ្ឋសភា និង​​អាសនៈ​​ក្រុម​​ប្រឹក្សា​​ឃុំ-​សង្កាត់​​​របស់​​គណបក្ស ​សង្គ្រោះ​​​ជាតិ ​ជាប់​​ឆ្នោត​សរុប​ចំនួន ៥.០០៧​អាសនៈ នៅ​ទូទាំង​​ប្រទេស ត្រូវ​បាន​គណបក្ស​​កាន់​​អំណាច បែងចែក និង​យក​ទៅ​ចែក​ឲ្យ​គណបក្ស​នយោបាយ​មិន​ជាប់​ឆ្នោត​ដទៃ​ទៀត​ដែល​មាន​ទំនោរ​ទៅ​រក​របប​លោក ហ៊ុន សែន ក្រោយ​ការ​រម្លាយ​នៃ​គណបក្ស​សង្គ្រោះ​​ជាតិ។ មន្រី្ត និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន រួម​ទាំង​ប្រធាន​​គណបក្ស​​នេះ​​ផង​​ដែរ គឺ​លោក កឹម សុខា ត្រូវ​បាន​របប​លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ​​រហូត​​មក​​ទល់​​ពេល​​បច្ចុប្បន្ន ដោយ​​មិន​​ទាន់​​បើក​​សវនាការ​លើ​អង្គ​សេចក្តី។ ដោយ​ឡែក អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ លោក សម រង្ស៊ី ក៏​បាន​ធ្វើ​ឲ្យ​ជាប់​ពាក់ព័ន្ធ​​ក្នុង​បណ្ដឹង​ក្តី​ក្ដាំ​តាម​ផ្លូវ​​តុលាការ​មិន​តិច​ជាង​១០​បណ្ដឹង​ឡើយ បណ្ដាល​ឲ្យ​លោក​​ត្រូវ​​ប្រឈម​​ជាប់​​ពន្ធនាគារ​​ជា​​ច្រើន​​ឆ្នាំ និង​​ការ​​បង់​​ពិន័យ​​ជា​ប្រាក់​រាប់​លាន​រៀល។ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NDI របស់​សហរដ្ឋ​អាមេរិក ត្រូវ​បាន​រដ្ឋាភិបាល​បណ្ដេញ​ចេញ ខណៈ​ដែល​បន្ទប់​ស្ថានការណ៍ ដែល​ជា​បណ្ដុំ​​អង្គការ​​សង្គម​​​ស៊ីវិល​​​ឃ្លាំ​មើល​​ដំណើរ​​ការ​​បោះ​ឆ្នោត មក​​ពី​​ជាង ៤០​ស្ថាប័ន ត្រូវ​​បាន​បិទ​មិន​ឲ្យ​ដំណើរ​ការ។ អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ឈ្មោះ មាតា​ធម្មជាតិ ក៏​ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ​ឈប់​ប្រតិបត្តិការ​ផង​ដែរ។

ហេតុផល​ទី ​៩៖ ការ​បង្ក្រាប​លើ​ប្រព័ន្ធ​​ផ្សព្វផ្សាយ៖ កាសែត ឌឹ ខែមបូឌ៊ា ដេលី (The Cambodia Daily) បាន​​ប្រកាស​បិទ​ទ្វារ ក្រោយ​​ពី​​បាន​​ប្រតិបត្តិ​ការ​​អស់​​រយៈ​ពេល​​​ជាង ២៤​ឆ្នាំ រួច​មក ដោយសារ​តែ​ជំពាក់​ប្រាក់​ពន្ធ​ដ៏​ច្រើន​លើស​លុប​កំណត់​ដោយ​​របប​លោក ហ៊ុន សែន។ ការិយាល័យ​វិទ្យុ​អាស៊ី​សេរី ប្រចាំ​ក្រុង​ភ្នំពេញ​ ក៏​ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ ក្រោយ​ដំណើរ​ការ​​អស់​​រយៈ​ពេល​​​ជិត ២០​ឆ្នាំ ក្រោម​​ហេតុផល​​ស្រដៀង​​គ្​នា​នេះ។ កាសែត​ភ្នំពេញ​​ប៉ុស្តិ៍ ដែល​ជា​អង្គភាព​ព័ត៌មាន​ឯករាជ្យ​ចុង​ក្រោយ​នៅ​កម្ពុជា បាន​ស្ថិត​ក្នុង​ភាព​ច្របូក​ច្របល់ ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​ទិញ​លក់​ជា​មួយ​ម្ចាស់​​ហ៊ុន​ថ្មី ដែល​មាន​​ទំនោរ​​ទៅ​​រក​​របប​​លោក ហ៊ុន សែន។ ស្ថានីយ​​វិទ្យុ​​ផ្សាយ​​សំឡេង​​​ក្នុង​​ស្រុក​ជិត ២០​ស្ថានីយ ត្រូវ​បាន​របប​លោក ហ៊ុន សែន តម្រូវ​ឲ្យ​បញ្ឈប់​ការ​ផ្សាយ ខណៈ​សារព័ត៌មាន​អនឡាញ និង​បណ្ដាញ​សង្គម ក៏​កំពុង​ប្រឈម​នឹង​ការ​រឹតត្បិត និង​​តាម​​ឃ្លាំ​មើល​​យ៉ាង​​ដិត​​ដល់​​ពី​​របប​​លោក ហ៊ុន សែន នៅ​​អំឡុង​​ពេល​បោះ​ឆ្នោត។

ហេតុផល​ទី​ ១០៖ យុទ្ធនាការ​មួលបង្កាច់​ព័ត៌មាន និង​ការ​បង្កើត​​ព័ត៌មាន​ក្លែង​ក្លាយ៖ នៅ​មុន​ពេល​ឈាន​ទៅ​រក​​ការ​​បោះ​ឆ្នោត គណបក្ស​​កាន់​​អំណាច បាន​​ចាប់​​ផ្ដើម​​បើក​យុទ្ធនាការ​​មួល​បង្កាច់​ព័ត៌មាន​ជា​ហូរហែរ ដែល​រួម​មាន​ទាំង​ការ​ចែក​រម្លែក​ព័ត៌មាន​ក្លែង​ក្លាយ ដើម្បី​វាយ​ប្រហារ​មក​លើក្រុម​មន្ត្រី​គណ​បក្ស​ប្រឆាំង សកម្មជន​សិទ្ធិ​មនុស្ស សមាជិក​អង្គការ​​សង្គម​​ស៊ី​វិល​​នានា​​ជា​​ដើម​។ យុទ្ធនាការ​​នេះ ប្រែ​​ក្លាយ​​រឹត​តែ​​អាក្រក់ ដោយ​សារអង្គភាព​ព័ត៌មាន ហ្វេ្រសញ៉ូវ (Fresh News) បាន​ក្លាយ​ជា​មធ្យោបាយ ឬ «រោង​ចក្រ​» ចែក​ចាយ​ព័ត៌មាន​ក្លែង​ក្លាយ ការ​បែក​ធ្លាយកិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាលក្ខណៈ​ឯកជន និង​​ព័ត៌មាន​​ឯកជន​​ដទៃ​​ទៀត ពាក់​ព័ន្ធ​​​បុគ្គល​​មួយ​​ចំនួន ដែល​របប​លោក ហ៊ុន សែន កំណត់​គោល​ដៅ​ធ្វើ​ការឃ្លាំ​មើល​ជា​ប្រចាំ។

ហេតុផល​ទី​ ១១៖ គណបក្ស «អំពិលអំពែក» ឬ​គណបក្ស​ដែល​មាន​និន្នាការ​ប្រឆាំង​មិន​ច្បាស់លាស់៖ រួម​ទាំង​គណបក្ស ​ប្រជាជន​​កម្ពុជា មាន​​គណបក្ស​​នយោបាយ​​ចំនួន ២០ ប្រកាស​​ចូលរួម «ប្រកួត​ប្រជែង» នៅ​ក្នុង​ការ​បោះឆ្នោត​នេះ។ ក៏​ប៉ុន្តែ គណបក្ស​ចំនួន​១៩​ទៀត សុទ្ធ​សឹង​តែ​ជា​គណបក្ស​ដែល​ភាគ​ច្រើន​គេ​មិន​សូវ​ស្គាល់ ឬ​ជា​គណបក្ស​ទើប​បាន​បង្កើត​​ថ្មី ជា​​គណបក្ស​​តូចតាច ឬ​​ដែល​​មិន​​សូវ​​មាន​​ឥទ្ធិពល ហើយ​ដែល​តែង​តែ​មាន​វត្តមាន តែ​ក្នុង​រដូវ​កាល​នៃ​ការ​បោះឆ្នោត ហើយ​បាត់​ស្រមោល​ទៅ​វិញ​នៅ​ក្រោយ​ការ​បោះឆ្នោត​រួច។ គណបក្ស​ទាំង​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​គណបក្ស «អំពិល​អំពែក» ឬ​​គណបក្ស «អាប» ហើយ​​ភាគ​​ច្រើន ជា​​គណបក្ស​​ដែល​​មាន​​សម្ព័ន្ធភាព​​ល្អ​​ជា​មួយ ឬ​មាន​ទំនោរ​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បង្កើត​​ឡើង​ក្នុង​គោលបំណង​​ដើម្បី​បំភ័ន្ត​មតិ​អន្តរជាតិ​ ថា​ជា​ការ​បោះឆ្នោត​ដែល​មាន​ការ​​ប្រកួត​​ប្រជែង​​តាម​​លក្ខណៈ​​ប្រជាធិបតេយ្យ។

ហេតុផល​ទី​ ១២៖ ប្រព័ន្ធ​​នយោបាយ​ទាំង​មូល​នៅ​កម្ពុជា គឺ​បង្កើត​​ឡើង​​ដើម្បី​គាំទ្រ​ដល់​ក្បាល​ម៉ាស៊ីន​​នយោបាយ​​របស់​​លោក ហ៊ុន សែន និង​​គណបក្ស​​កាន់​​អំណាច ដើម្បី​​ធានា​​ថា​ គ្មាន​ឡើយ​ឱកាស​នៃ​ការ​ចាញ់​ឆ្នោត ពោល​គឺ​ដូច​អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន តែង​តែ​និយាយ​ជា​ច្រើន​លើក​ជា​ច្រើន​សារ​ថា៖ «គណបក្ស ​ប្រជាជន​​កម្ពុជា នឹង​​ឈ្នះ និង​​បន្ត​​គ្រប់គ្រង​​​ប្រទេស​​កម្ពុជា​​ជា​​រៀង​​រហូត»។

តាមរយៈ​ហេតុផល​ទាំង​១២​នេះ គេ​អាច​ដឹង​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន និង​គណបក្ស ​ប្រជាជន​​កម្ពុជា នឹង​​នៅ​​តែ​​ឈ្នះ​​ការ​​បោះ​ឆ្នោត​ជាតិ ថ្ងៃ​​ទី​២៩ ខែ​​កក្កដា​​នេះ ព្រោះ​​តែ​​គ្មាន​​គូ​​ប្រកួត​​ពិត​ប្រាកដ ហើយ​​ធ្វើ​​ឡើង​​​ដើម្បី​​ជា​​ការ​​បង្គ្រប់​​កិច្ច បោក​បញ្ឆោត​​មតិ​​ជាតិ និង​​អន្តរជាតិ ដើម្បី​​ទទួល​​បាន​​ភាព​​ស្រប​​ច្បាប់​​តែ​​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល