បទ​វិភាគ៖ ប្រភព​នៃ​សង្គ្រាម​ពាក្យ​សម្ដី​រវាង​លោក ហ៊ុន សែន និង​មន្ត្រី​សង្គម​ស៊ីវិល

ដោយ វណ្ណ វិចារ
2014-08-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​៥។
អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​៥។
Photo: RFA

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ប្រតិកម្ម​រឿយៗ​ទៅ​កាន់​មន្ត្រី​សង្គម​ស៊ីវិល ដែល​បាន​បញ្ចេញ​ទស្សនៈ​រិះគន់​ប្រសាសន៍​របស់​លោក តាម​រយៈ​បណ្ដាញ​សារព័ត៌មាន។ លោក ហ៊ុន សែន ហៅ​អ្នក​ទាំង​នោះ​ថា អស់​លោក ពេល​ខ្លះ​ហៅ​ថា អា​ល្ងង់ ឬ​ហៅ​ថា អា​ព្រហើន។

ការ​ជេរ​ប្រទេច​នេះ ប្រហែល​ដោយសារ​លោក​គិត​ថា មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​កាសែត​សែត​យល់​ខុស​ពី​ខ្លឹមសារ​នៃ​ប្រសាសន៍​របស់​លោក។

តើ​កត្តា​អ្វី​ខ្លះ​ជា​ប្រភព​នៃ​សង្គ្រាម​ពាក្យ​សម្ដី​ទាំង​នេះ?

យូរៗ​ម្តង ប្រជាពលរដ្ឋ​កម្ពុជា បាន​ស្តាប់​អាយ៉ៃ​ឆ្លើយ​ឆ្លង​រវាង​មេ​ដឹក​នាំ​កំពូល​នៃ​រាជ​រដ្ឋាភិបាល និង​មន្ត្រី​សង្គម​ស៊ីវិល មួយ​រោង។ ខុស​ពី​អាយ៉ៃ​ដែល​ធម្មតា​ដែល​អ្នក​ច្រៀង ច្រៀង​លែបខាយ​អោយ​គ្នា អ្នក​មើល​សប្បាយ​ចិត្ត តួ​សម្ដែង​ដែល​ជា​ប្រមុខ​ដឹក​នាំ​កំពូល​របស់​ជាតិ កាន់​ក្បាល​មេក្រូ​ស្រែក​ជេរ​ប្រទេច​គេ​ឯង​ដោយ​សម្ដី​គំរោះគំរើយ រួច​អួត​អាង​ថា ខ្លួន​មាន​លទ្ធភាព​គ្រប់​យ៉ាង​ក្នុង​ការ​ផ្សព្វផ្សាយ។

ទោះ​ជា​អួតអាង​យ៉ាង​នេះ​ក្តី ទំនាស់​ពាក្យ​សម្ដី​នេះ​អាច​បណ្ដាល​មក​ពី​ការ​មិន​បាន​ផ្តល់​ព័ត៌មាន​ពិត​ជូន​សាធារណជន និង​សមត្ថភាព​ថ្លែង​សន្ទរកថា​របស់​លោក​នាយក​រដ្ឋមន្ត្រី។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ព្រមាន និង​គំរាម​មន្ត្រី​របស់​ខ្លួន​ជុំវិញ​រឿងរ៉ាវ​ទំនាស់​ដីធ្លី​នៅ​ក្រចេះ ថា កុំ​ស្ទក់​ពេក។ ស្ទក់​រហូត​ដល់​ប្រជាពលរដ្ឋ​មក​ដល់​នាំ​គ្នា​ខ្ទប់ យក​ប៉ូលិស​ទៅ​ខ្ទប់ រួច​ហើយ​ទទួល​យក​ញត្តិ។ ញត្តិ​នេះ​មិន​ដឹង​ទៅ​ដល់​កន្លែង​ណា​ទេ? លោក​ក៏​ប្រាប់​ពលរដ្ឋ​ថា ញត្តិ​នោះ​មិន​ដល់​ដៃ​លោក​ទេ។ ផ្អែក​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​បែប​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ ក៏​ចាប់​ផ្តើម​បាញ់​ផ្ទួនៗ​តាម​បណ្ដាញ​សារព័ត៌មាន និង​បណ្ដាញ​សង្គម​ភ្លាមៗ។ អ្នក​ខ្លះ​ថា​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច។ អ្នក​ខ្លះ​ក៏​ឆ្ងល់​ថា លោក​នាយក​រដ្ឋមន្ត្រី​មាន​ចារកិច្ច​រាប់​ពាន់​នាក់ ម៉េច​ក៏​មិន​ដឹង? អ្នក​ខ្លះ​ក៏​ថា ផ្ទះ​របស់ លោក ហ៊ុន សែន បំពាក់​កាមេរ៉ា​រាប់​ភ្លេច ម៉េច​លោក​មិន​មើល? រហូត​ដល់​មាន​អ្នក​ខ្លះ​សង្ស័យ​ពី​កម្រិត​វិជ្ជាជីវៈ​ក្នុង​ការ​បំពេញ​ការងារ​របស់​មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ទៀត​ផង។ ថា​ហេតុ​អ្វី​ក៏​មន្ត្រី​ទាំង​នោះ​ថ្លើម​ធំ ហ៊ាន​លាក់​ព័ត៌មាន​បែប​នេះ? មិន​ខ្លាច​បាត់ ២២​កៅអី​ដូច​អាណត្តិ​មុន​ទេ​ឬ?

ជា​ការ​ឆ្លើយ​តប​នឹង​មតិ​រិះគន់​ទាំងអស់​នេះ នៅ​ថ្ងៃ​ទី​២១ ខែ​សីហា លោក ហ៊ុន សែន គំរាម​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល​ម្នាក់​ឲ្យ​ប្រយ័ត្ន កុំ​ចេះ​តែ​ហ៊ាន​មាត់​ផ្ដេសផ្ដាស។ លោក​ហៅ​មន្ត្រី​សង្គម​ស៊ីវិល​ម្នាក់​នោះ​ថា អា​ក្មេង​ព្រហើន អា​ក្មេង​ភ្លើ ដែល​មិន​ស្គាល់​ប្រវត្តិ​របស់​លោក​ច្បាស់ ថា​លោក​ជា​នរណា។ លោក​ក៏​លើក​ពី​ប្រវត្តិ​របស់​លោក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ជាច្រើន​កន្លែង រហូត​ដល់​លោក​បង្កើត​ក្រុម​និស្សិត ចុះ​វាស់​ដីធ្លី​ជូន​ពលរដ្ឋ​បាន​ជាង ១​លាន​ហិកតារ ដើម្បី​បញ្ចប់​ឫសគល់​នៃ​បដិវត្តន៍​ដីធ្លី​នៅ​ស្រុក​ខ្មែរ​ទៀត។ ប៉ុន្តែ គ្រាន់​តែ​សាធារណជន​មិន​បាន​ដឹង​ថា លោក​នាយក​រដ្ឋមន្ត្រី​ដោះស្រាយ​វិវាទ​បាន​ច្រើន​កន្លែង​រួច​ហើយ​នោះ​ទេ។ ការ​នេះ ទំនង​ជា​លោក​មិន​បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​សម្បូរ​បែប​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព។ ម្យ៉ាង មក​ពី​ទំនាស់​ដីធ្លី​នៅ​ក្រោម​ក្លៀក​ធំៗ​ពីរ​កន្លែង គឺ​ដី​នៅ​តំបន់​បុរីកីឡា និង​នៅ​បឹងកក់ មិន​ត្រូវ​បាន​ដោះស្រាយ។

ចំពោះ​ប្រសិទ្ធភាព​នៃ​ការ​ផ្សាយ​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្រ​បក្ស​កាន់​អំណាច​វិញ គឺ​ដល់​ចិត្ត​តា​ហ្មង។ ពលរដ្ឋ​មិន​សូវ​ជឿ​នោះ​ឡើយ។ តាម​ការ​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​សាធារណៈ​រដ្ឋ អាយ.អ.អាយ (IRI) ឆ្នាំ​២០១៣ បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ទុក​ចិត្ត​លើ​វិទ្យុ​អន្តរជាតិ ដែល​ផ្សាយ​ជា​ភាសា​ខ្មែរ ជាង​ស្ថាប័ន​ផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក។ ស្ថាប័ន​ផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​ភាគ​ច្រើន និយម​ផ្សាយ​ព័ត៌មាន​បែប​លើក​ជើង ព័ត៌មាន​បែប​ពិធីការ និង​ស្ថិត​ក្រោម​សម្ពាធ​នយោបាយ​ទៀត​ផង។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នក​កាសែត​នៅ​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ថា មាន​ឯកឧត្តម​ម្នាក់​នោះ​បាន​បង្គាប់​ឲ្យ​ទូរទស្សន៍​ជាតិ​កម្ពុជា ទ.ទ.ក ផ្សាយ​ព័ត៌មាន​ពី​ពិធី​បុណ្យ​ឆ្លង​ចេតិយ​របស់​ឪពុក​ម្ដាយ​ខ្លួន។ លោក​រដ្ឋមន្ត្រី​ទទួល​ស្គាល់​ថា ការ​ផ្សាយ​ព័ត៌មាន​បែប​នេះ ធ្វើ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​របស់​ជាតិ​មួយ​ទាំង​មូល​ងាប់ ព្រោះ​តែ​ពលរដ្ឋ​លែង​មើល និង​លែង​ជឿ។ ពលរដ្ឋ​លែង​សូវ​មើល លែង​សូវ​ជឿ​ស្ថាប័ន​ផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ប៉ុណ្ណឹង​ហើយ មន្ត្រី​រដ្ឋាភិបាល​ភាគ​ច្រើន​ក៏​មិន​សូវ​និយាយ​ជាមួយ​អ្នក​កាសែត​ឯករាជ្យ​ទៀត​ផង។

នៅ​ស្រុក​ខ្មែរ មាន​អ្នក​កាសែត​មិន​ច្រើន​ទេ ដែល​ហ៊ាន​សួរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ផ្ទាល់​នោះ ព្រោះ​ថា បើ​បុរស​ដ៏​មាន​អំណាច​មិន​សប្បាយ​ចិត្ត គាត់​នឹង​ជេរ​មិន​ប្រណី​មាត់​ឡើយ។ អ្នក​កាសែត​ទាំង​នោះ អាច​នឹង​ត្រូវ​ស្ពឹក​មុខ​ជា​យថាហេតុ។ មួយ​វិញ​ទៀត អស់​លោក​មន្ត្រី​ធំៗ​ទាំង​នោះ ក៏​មិន​មាន​ទម្លាប់​និយាយ​ជាមួយ​អ្នក​កាសែត​នោះ​ដែរ។ សូម្បី​តែ​ពេល​ប្រជុំ​អាស៊ាន​នៅ​កម្ពុជា មន្ត្រី​ការទូត​ប្រទេស​ដទៃ​ទៀត ពេល​មុន​ប្រជុំ គេ​ជួប​អ្នក​កាសែត ពេល​ប្រជុំ​ចប់ ក៏​មក​និយាយ​ពី​ខ្លឹមសារ​ប្រាប់​អ្នក​កាសែត ព្រម​ទាំង​ត្រៀម​ឯកសារ​ហើយ​ស្រេច​សម្រាប់​ចែក​ឲ្យ​អ្នក​កាសែត។ រីឯ​ឯកឧត្តម​អស់​លោក​មន្ត្រី​របស់​កម្ពុជា វិញ ដល់​ក​ហើយ ឯកសារ​ក៏​មិន​សូវ​មាន និង​ថែម​ទាំង​ដើរ​គេច​អ្នក​កាសែត​ទៀត មិន​ដឹង​ថា តើ​ពួក​គាត់​ខ្លាច​ជ្រុះ​មាស​ពី​មាត់ ឬ​ខ្លាច​ត្រូវ​ព្រនូង ពេល​បង្ហើប​ព័ត៌មាន​ប្រាប់​អ្នក​កាសែត​នោះ?

មិន​តែ​ប៉ុណ្ណោះ​ទេ រាជ​រដ្ឋាភិបាល​សម័យ​កែ​ទម្រង់​ស៊ី​ជម្រៅ​នេះ បាន​បង្កើត​ឲ្យ​មាន​អ្នក​នាំ​ពាក្យ​គ្រប់​ក្រសួង​ស្ថាប័ន​រួច​ហើយ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ដែល​ឆ្លើយ​សំណួរ​អ្នក​កាសែត មាន​តែ​ប៉ុន្មាន​ស្ថាប័ន​ប៉ុណ្ណោះ។ កាសែត​ឧស្សាហ៍​សម្ភាស​បាន​នោះ​មាន អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន និង​លោក ជាម យៀប អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ប៉េអិម​ផ្ទៃ​ប្រទេស លោក ខេង ទីតូ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​ជំនាន់​ថ្មី​របស់​ក្រសួង​អប់រំ លោក រស់ សាលីន។ ម្តងម្កាល អ្នក​នាំ​ពាក្យ​ទាំង​នោះ ក៏​រៀប​ឫក​ជា​គ្រូ​កាសែត រៀប​ឫក​ជា​អ្នក​ចេះ​ដឹង ពេល​ខ្លះ​ក៏​ព្រលះ​អ្នក​កាសែត​មិន​សំចៃ​មាត់ ឯ​អ្នក​កាសែត​ចេះ​តែ​ទ្រាំ​ទៅ ព្រោះ​ថា​អស់​ជម្រើស​ទៅ​ហើយ។ ចំពោះ​ក្រសួង​ស្ថាប័ន​រដ្ឋ​ដទៃ​ទៀត ភាគ​ច្រើន​មិន​និយាយ​ជាមួយ​អ្នក​កាសែត​តា​ហ្មង។ អ្នក​ខ្លះ​យក​លេស​ថា​រវល់ អ្នក​ខ្លះ​ប្រាប់​ថា​កំពុង​ហាត់​ប្រាណ អ្នក​ខ្លះ​មិន​លើក​ទូរស័ព្ទ ហើយ​បើ​លើក​ទូរស័ព្ទ​វិញ និយាយ​ប៉ាតណាប៉ាតណី យក​ជា​ការ​មិន​បាន។

មិន​មែន​តែ​មន្ត្រី​ទេ គេហទំព័រ​ក្រសួង​មួយ​ចំនួន​ធំ និង​អាជ្ញាធរ​ជាតិ​នានា ក៏​អសកម្ម​ដែរ។ គេហទំព័រ​សវនកម្ម​ជាតិ​ដែល​ជា​ស្ថាប័ន​ត្រួត​ពិនិត្យ​ថវិកា​ជាតិ​មួយ​ទាំង​មូល បែរ​ជា​បង្ហោះ​ព័ត៌មាន​តាំង​ពី​ជាង ១​ឆ្នាំ​មុន ហើយ​មិន​មាន​ផុស​ព័ត៌មាន​ថ្មី​ណា​មួយ​សោះ។ អាជ្ញាធរ​ឯករាជ្យ​ដែល​ចាយ​លុយ​ជាតិ​វាល់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​នេះ បែរ​ជា​បង្ហោះ​របាយការណ៍​សវនកម្ម​ជាតិ​តាំង​ពី​ឆ្នាំ​២០០៦។

មន្ត្រី​អ្នក​នាំ​ពាក្យ​ភាគ​ច្រើន មិន​និយាយ​ជាមួយ​អ្នក​កាសែត គេហទំព័រ​ក្រសួង​ស្ថាប័ន​នានា​មិន​មាន​ព័ត៌មាន រដ្ឋមន្ត្រី​ក្រសួង​នីមួយៗ​ក្លាយ​ជា​អធិរាជ​ក្នុង​ក្រសួង។ ប្រការ​ទាំង​នេះ ជា​ហេតុផល​គ្រប់គ្រាន់​ធ្វើ​ឲ្យ​អ្នក​កាសែត​ភាគ​ច្រើន​ផ្សាយ​ព័ត៌មាន​មិន​មាន​តុល្យភាព​គ្រប់​ជ្រុងជ្រោយ និង​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​មន្ត្រី​បក្ស​ប្រឆាំង ក្នុង​ការ​ប្រជែង​យក​ឈ្នះ​លើ​សមរភូមិ​សារព័ត៌មាន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ថា មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​មន្ត្រី​អាក្រក់ៗ​របស់​លោក។ ប៉ុន្តែ​បើ​បក្ស​ប្រឆាំង មន្ត្រី​សង្គម​ស៊ីវិល អ្នក​កាសែត​រិះគន់​លោក លោក​នឹង​ព្រមាន​គំរាម​បំបែក​កញ្ចក់​វិញ​ភ្លាម។ លោក​តែង​ថ្លែង​សុន្ទរកថា​វែង​អន្លាយ ហើយ​ពេល​ខ្លះ​គ្រាន់​តែ​ចំណាយ​ពេល​ជេរ​គេ​ឯង ក៏​អស់​រាប់​សិប​នាទី​ដែរ។ សន្ទរកថា​មួយ​ចំនួន​បាន​ព្រៀង​ទុក និង​មួយ​ចំនួន​ទៀត លោក​មាន​ប្រសាសន៍​ស្រេច​តែ​ចិត្ត​តែ​ម្តង។ ជេរ​ស្តី​បន្ទោស ព្រមាន​ដក​មន្ត្រី ជា​ប្រធានបទ​ក្តៅ​ដែល​អ្នក​កាសែត​ស្រង់​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល យក​ទៅ​ផ្សាយ​បន្ត ចំណែក​ឯ​ពលរដ្ឋ​ខ្មែរ​ដែល​ស្ងាត់ៗ​កេះ​ឆ្នាំង​បាយ​ធ្លុះ ក៏​ចាំ​បោះ​ឆ្នោត​ទម្លាក់​នៅ​ពេល​ដែល​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី មិន​មាន​ប្រសិទ្ធភាព។ បើ​សិន​ជា​រដ្ឋាភិបាល​នៅ​តែ​ត្បៀត​ព័ត៌មាន មិន​ទម្លាយ ហើយ​ចាំ​តែ​ប្រតិកម្ម​នោះ ការ​ចូលរួម​របស់​ពលរដ្ឋ នឹង​មិន​បាន​ពេញលេញ​ឡើយ។ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៣ ក៏​ទំនង​ជា​មិន​ជោគជ័យ​ដែរ។ ហើយ​បើ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​នេះ​មិន​ជោគជ័យ​ហើយ កុំ​ស្រមៃ​ថា គណបក្ស​ប្រជាជន​កម្ពុជា អាច​រក្សា​អាសនៈ​សភា​បាន ៦៨​អាសនៈ​ទៀត​ឲ្យ​សោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (27)
Share

អាជ័យ

ពី ភ្នំដូនពេញ

អ្នកទាំងអស់មិនយល់ពីអារម្មណ៍សម្តេចដេកជោគទេ ពីព្រោះអ្នកដែលទិទៀនលោកគឺជាពួកអគតិ អីចឹងហើយបានជាលោកគាត់ឡូ ឡាជេរប្រទិចនោះអី តែពាក្យដែលោកបានប្រើនោះមិនមែនអគតិទេ គឺជាពាក្យប្រកបដោយគតិបណ្ឌិតនិងឧត្តុងឧត្តមទៅវិញទេ គួរស្តាប់សម្តេចផង ហេហេ!

Aug 30, 2014 05:06 AM

អ្នក​អាន​អនាមិក

សញ្ញាប័ត្របណ្ឌិតរាប់ភ្លេចមិនសមនិយាយ
ស្តីប្រើភាសាអសុរោះរបៀបនេះសោះ។

Aug 27, 2014 03:06 AM

អ្នក​អាន​អនាមិក

សំដីសជាតិមាយាទសពូជ។

Aug 25, 2014 02:41 AM

អ្នក​អាន​អនាមិក

Daredevil dictator bloodsucker from Cambodian people. Traitor!

Aug 24, 2014 11:27 PM

អ្នក​អាន​អនាមិក

PM's duties & responsibilities are to serve & protect Khmer people. Currently, Khmer people face a lot of social problems. As Prime Minister, you should find solutions to solve all these problems. You shouldn't take your precious time away to verbally attack some no name reporters unless you are part of the problem. You shouldn't your responsibility lightly! Look around you and learn from other leaders like Thai land & South Korea. These Prime Ministers don't take their responsibilities lightly. For example, South Korea's leader left his post because of ferry accident & only 300 of Korean people die. How about you? Koh Pich stampede accident, the 1997 killing, the shooting of factory workers & countless of other Khmer people that had slaughter! You take no responsibility. You're not a leader. You're just an uneducated cruel leader. The end is near for you. You have ICC's cage to look forward to!

Aug 24, 2014 09:08 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល