បទ​វិភាគ៖ តើ​រដ្ឋាភិបាល​បាន​ធានា​សិទ្ធិ​នយោបាយ​ពលរដ្ឋ​ដែរ​ឬ​យ៉ាងណា?

ដោយ សុ ជីវី
2016.06.24
ចាប់​ខ្លួន​​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ៨៥៥-១ សកម្មភាព​របស់​សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ឡើង​ឡាន ពេល​ពួកគេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ចំណុច​ស្ដុប​ផ្សារ​ដើមគរ មុន​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នៅ​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

ការ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ការ​ផ្ដល់​សច្ចាប័ន​ដល់​បទដ្ឋាន​ច្បាប់​អន្តរជាតិ​ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស​បង្ហាញ​ថា រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ធានា​សិទ្ធិ​នយោបាយ​ដល់​ពលរដ្ឋ​គ្រប់​រូប។

មាន​មូលដ្ឋាន​ច្បាប់​ជាតិ​មិន​តិច​ទេ ដែល​បង្ហាញ​ថា សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ត្រូវ​បាន​ធានា ដោយ​អនុលោម​តាម​សន្ធិសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស ឬ​សេចក្ដី​ប្រកាស​ជា​សាកល​របស់​អង្គការ​សហប្រជាជាតិ។

មាត្រា​៤២ នៃ​រដ្ឋធម្មនុញ្ញ​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​គ្រប់រូប​មាន​សិទ្ធិ​បង្កើត​សមាគម និង​គណបក្ស​នយោបាយ ហើយ​សិទ្ធិ​នេះ​ត្រូវ​កំណត់​ក្នុង​ច្បាប់។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងឡាយ​អាច​ចូលរួម​ក្នុង​អង្គការ​មហាជន ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ការពារ​សមិទ្ធផល​ជាតិ និង​សណ្ដាប់ធ្នាប់​សង្គម។

ក្នុង​ការគ្រប់គ្រង​រដ្ឋាភិបាល​អស់​រយៈកាល​៥​អាណត្តិ​មក​នេះ​គឺ​ប្រាកដ​ណាស់​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រឹងប្រែង​ធានា​សិទ្ធិ​របស់​ពលរដ្ឋ​ទៅតាម​អ្វី​ដែល​លោក​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​បាន​ស្បថស្បែ​មុន​ចូល​កាន់​តំណែង។ សម្បថ​នោះ​បញ្ជាក់​ថា​នាយក​រដ្ឋមន្ត្រី​ធានា​សិទ្ធិ​ពលរដ្ឋ​ដូច​មាន​ចែង​ក្នុង​សេចក្ដី​ប្រកាស​ជា​សកល​របស់​អង្គការ​សហប្រជាជាតិ​ដែរ។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ក៏​ប្រឹងប្រែង​ជួយ​បំពេញ​កាតព្វកិច្ច​នេះ​ដែរ។

ចាប់​តាំង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ក្នុង​គ្រួសារ​មន្ត្រី​គណបក្ស​ប្រជាជន​ប្រឹងប្រែង​ជ្រោមជ្រែង​បក្ស​នេះ ដោយ​ព្យាយាម​អោយ​មន្ត្រី​រាជការ​ក្រោម​ឱវាទ និង​សមាជិក​គ្រួសារ​ចូលរួម​ជីវភាព​នយោបាយ​របស់​បក្ស​នេះ ដោយ​ចំណាយ​ទាំង​ពេលវេលា និង​ធនធាន។

មន្ត្រី​រាជការ​ដែល​ចង់​រក្សា​តំណែង​សុទ្ធ​សឹង​តែ​ចូលរួម​ប្រមែ​ប្រមូល​ធនធាន​ចូល​បក្ស និង​ចុះ​តាម​មូលដ្ឋាន ដើម្បី​ពង្រឹង​បក្ស​ថែមទៀត។ មិន​ថា​ដើរ ដេក ឈរ អង្គុយ អ្នក​ទាំង​នោះ​តែង​គិត​ដល់​គណបក្ស​កាន់​អំណាច​មួយ​នេះ ពេល​ខ្លះ​បាន​ដាក់​កំហិត​ខ្លួន​ឯង​មិន​អោយ​និយាយ​ជា​មួយ​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ផង​ដោយ​ភ័យខ្លាច​ប៉ះពាល់​ដល់​ឈ្មោះ​ខ្លួន ភាព​ស្អាតស្អំ​របស់​ខ្លួន​ជា​មួយ​បក្ស។

ក្រុម​ចុះ​ពង្រឹង​បក្ស​តាម​មូលដ្ឋាន​គ្រប់ជាន់ថ្នាក់​នោះ​ទៀត​សោត​ក៏​ត្រូវ​កែសម្រួល​ដែរ ដោយ​អ្នក​មាន​ស្រុក​កំណើត​នៅ​ឯណា​ភាគច្រើន​វិល​ទៅ​ចុះ​ពង្រឹង​មូលដ្ឋាន​តាម​ទី​កំណើត​របស់​ខ្លួន ធ្វើ​យ៉ាងណា​អោយ​ការងារ​កាន់​តែ​មាន​ប្រសិទ្ធភាព​ទាក់ទាញ​ពលរដ្ឋ​អោយ​គាំទ្រ​គណបក្ស​កាន់អំណាច​តទៅ​ទៀត។

នៅ​តាម​មូលដ្ឋាន​វិញ​អាជ្ញាធរ​ដឹកនាំ​មូលដ្ឋាន​ភាគច្រើន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បំពេញ​តួនាទី​ពង្រឹង​បក្ស​ដែរ ដោយ​ជួយ​សម្រួល​ការងារ​ជានិច្ច​ដល់​ពលរដ្ឋ​ណា​ដែល​បង្ហាញ​ថា ចូលរួម​ជាមួយ​បក្ស​នេះ។ ពួកគេ​បាន​កំណត់​គោលដៅ​រួចជាស្រេច និង​មាន​ផែនការ​ជានិច្ច​ក្នុង​ការ​បង្កើន​ចំនួន​អ្នកគាំទ្រ​គណបក្ស​នេះ នៅ​ក្នុង​ចំណោម​យុវជន​ដែល​គ្រប់​អាយុ​បោះឆ្នោត។ មេភូមិ​តែង​ចុះ​ទៅ​តាម​គ្រួសារ​នីមួយៗ ហើយ​បញ្ចុះ​បញ្ចូល​អោយ​គ្រួសារ​ទាំងនោះ​ផ្ដល់​រូបថត​សមាជិក​គ្រួសារ ដែល​គ្រប់​អាយុ ដើម្បី​បំពេញ​បែបបទ​ចូល​ជា​សមាជិក​បក្ស ហើយ​ពេល​ខ្លះ​ម្ចាស់​ខ្លួន​មិន​ទាំង​ដឹង​ថា​បាន​ចូល​ជា​សមាជិក​គណបក្ស​នេះ​ផង។ ដើម្បី​ជួយ​ដល់​ការងារ​នេះ​គេ​បាន​ជ្រើសរើស​មនុស្ស​ម្នាក់​ក្នុង​គ្រួសារ​ភាគច្រើន​ជា​ស្ត្រី​មេផ្ទះ​អោយ​ធ្វើ​ជា​ប្រធាន​ក្រុម​គ្រប់គ្រង​សមាជិក​ក្នុង​គ្រួសារ ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​នោះ។ ប្រធាន​ក្រុម​នេះ​តែង​បាន​អំណោយ ឬ​ប្រាក់​នៅ​ពេល​ទៅ​ចូលរួម​ប្រជុំ​ជាមួយ​ក្រុម​អ្នក​រាជការ ដែល​ចុះ​ទៅ​ពង្រឹង​មូលដ្ឋាន ឬ​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​របស់​បក្ស។

ក្រៅ​ពី​នេះ​ក៏​នៅ​មាន​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ក្រុម​សហជីព​ជាច្រើន​ទៀត​ដែល​តែង​ចេញ​មុខ​គាំទ្រ​វិធានការ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន។ យូរៗ​ម្ដង​សហជីព និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំង​នោះ​បន្ត​កន្ទុយ​គ្នា​ចេញ​សេចក្ដី​ថ្លែងការណ៍​ហៃ​អើ​តាម​ប្រសាសន៍​របស់​នាយក​រដ្ឋ​មន្ត្រី ឬ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​នេះ។

ចំណែក​ស្ថាប័ន​ដែល​ត្រូវ​ឋិត​នៅ​ឯករាជ្យ​មួយ​ចំនួន ទាំង​កងកម្លាំង​ប្រដាប់​អាវុធ​ផង​ក៏​បង្ហាញ​ថា​ក្រុម​គេ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ន័យ​នយោបាយ​នេះ​ដោយ​ធ្លាប់​ប្រកាស​ការពារ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច​នេះ​ថែម​ទៀត។

ប៉ុន្តែ​បើ​ទោះ​ជា​សកម្មភាព​ទាំង​នេះ​បង្ហាញ​ថា​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​បាន​ធានា​ក៏​ពិត​មែន​ក៏​មតិ​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​បែរ​ជា​បន្ត​រិះគន់​មិន​ឈប់​មិន​ឈរ​ទេ​ថា​រដ្ឋាភិបាល​រំលោភ​លើ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ទៅវិញ។

បើ​ពិនិត្យ​មើល​តាម​ជ្រុង​មួយទៀត​នឹង​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ជាច្រើន​ទៀត​បែរ​ជា​ត្រូវ​រង​សម្ពាធ ការរើសអើង ឬ​មិន​ត្រូវ​យកចិត្ត​ទុកដាក់​នៅ​ពេល​អាជ្ញាធរ​មូលដ្ឋាន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដឹង​ថា មាន​ទំនោរ​ទៅ​រក​គណបក្ស​នយោបាយ​ផ្សេង។

កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​បើ​គេ​ដឹង​ថា មាន​ទំនោរ​ទៅ​រក​គណបក្ស​ប្រឆាំង។

ពាក្យ​ថា ចេតនា​នយោបាយ​ត្រូវ​គេ​ប្រើប្រាស់​ជា​ទៀងទាត់​ដាក់​ទៅ​ក្រុម​ណា ដែល​ងាក​ទៅ​រក​គណបក្ស​ប្រឆាំង ឬ​ត្រូវ​គេ​ចាត់​ទុក​ថា ជា​គូកន​នឹង​បក្ស​ប្រឆាំង បើ​ទោះបី​ជា​ពួកគេ​ឋិត​នៅ​កណ្ដាល​ក៏​ដោយ។ ក្រុម​ទាំង​នោះ​រាប់​ទាំង​ពលរដ្ឋ​សាមញ្ញ សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី ប្រព័ន្ធ​ផ្សព្វផ្សាយ វិស័យ​ឯកជន សហជីព និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ ប៉ុន្តែ​ពាក្យ​ចេតនា​នយោបាយ​នេះ​គេ​មិន​ដែល​ជះ​ត្រឡប់​ទៅ​ក្រុម​មនុស្ស ដែល​ស្រប​នឹង​រដ្ឋាភិបាល​ទេ។

ពាក្យ​ថា ចេតនា​នយោបាយ ឬ​មាន​និន្នាការ​នយោបាយ​ប្រឆាំង​នេះ​កាន់តែ​ពេញ​និយម​ណាស់​នៅ​ពេល​ការបោះឆ្នោត​ខិត​ជិត​មក​ដល់។

មក​ដល់​ពេល​នេះ​មនុស្ស​មិន​តិច​ទេ ដែល​ត្រូវ​រងគ្រោះ​ព្រោះតែ​ពាក្យ​នេះ ហើយ​កាន់​តែ​យ៉ាប់​ទៅទៀត​ចំពោះ​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​បង្ហាញ​ថា​គាំទ្រ​នយោបាយ​គណបក្ស​ប្រឆាំង។ នៅ​ក្រោយ​ការធ្វើបាប និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ណាមួយ សាធារណមតិ​ចាប់​ផ្ដើម​រិះគន់​ភ្លាមៗ​ថា នេះ​ហើយ​នៅ​មិន​នៅ​ទៅ​ប្រឡូក​នឹង​នយោបាយ ប៉ុន្តែ​គេ​កម្រ​នឹង​រិះគន់​បែប​នេះ​ទៅ​អ្នក​ដែល​គាំទ្រ​ទៅ​គណបក្ស​កាន់​អំណាច។ រូបភាព​នៃ​ការ​គំរាម​កំហែង​ក៏​មាន​មិន​តិច​ដែរ ដោយ​ប្រើ​របៀប​អារ​ក​មាន់​បំភ័យ​ស្វា។ ថ្មីៗ​នេះ​ការពិនិត្យ​ស្នាម​មេដៃ​ពលរដ្ឋ ដែល​​បក្ស​កាន់អំណាច​ហៅថា ជា​រឿង​បច្ចេកទេស​សុទ្ធសាធ​នោះ​​បង្ហាញ​ថា​អ្វីៗ​គឺ​គណបក្ស​នេះ​គ្រប់គ្រង​បើ​ទោះ​ជា​ស្នាម​មេដៃ​នោះ​ថ្វាយ​ទៅ​ព្រះ​មហាក្សត្រ​ក៏​ដោយ។​

ជា​រួម​ទៅ​រដ្ឋាភិបាល ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ពិត​ជា​បាន​ប្រឹងប្រែង​ធានា​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ខ្លួន ហើយ​ការធានា​នេះ​ទំនង​មិនមែន​សម្រាប់​ពលរដ្ឋ​អ្នកគាំទ្រ​គណបក្សប្រឆាំង​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។