បទ​វិភាគ៖ តើ​មន្ត្រី​រាជការ​អនុវត្ត​តួនាទី​បម្រើ​រាស្ត្រ​ឬ​ផ្គាប់​ចិត្ត​លោក ហ៊ុន សែន?

នៅ​កម្ពុជា វា​សឹង​ក្លាយ​ទៅ​ជា​ប្រពៃណី​ទៅ​ហើយ​ដែល​មន្ត្រី​រាជការ​សាធារណៈ​មួយ​ចំនួន បាន​ភ្លេច​ខ្លួន​ឯង​ថា​ជា​មន្ត្រី​សាធារណៈ បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ។ ក៏ប៉ុន្តែ អ្វី​ដែល​គេ​មើល​ឃើញ​គ្រប់​គ្នា​នោះ គឺ​ពួក​គាត់​ភាគ​ច្រើន​ធ្វើ​ការ​បម្រើ​គណបក្ស​កាន់​អំណាច និង​លើក​តម្កើង​មេ​ដឹក​នាំ ពិសេស​គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ធ្វើ​ទុក្ខ​ទោស​ប្រជាពលរដ្ឋ​ដែល​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​វិញ។
ដោយ ទីន ហ្សាការីយ៉ា
2014.01.29
កម្មករ ប៉ូលិស ៦១០ កម្មករ ព្រះសង្ឃ និង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ប្រឈម​មុខ​ជាមួយ​សមត្ថកិច្ច​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សុំ​ឲ្យ​ដោះ​លែង លោក វន់ ពៅ និង​មនុស្ស​មួយ​ចំនួន​ទៀត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
RFA/Ouk Savborey

ពួក​គេ​មិន​ហ៊ាន​រិះគន់ ឬ​មិន​ហ៊ាន​និយាយ​ប្រឆាំង​នោះ​ឡើយ។ ពេល​ខ្លះ​ពួក​គាត់​បាន​អនុវត្ត​ផែន​ការ​មួយ​ចំនួន​លើស​ពី​ច្បាប់ ដើម្បី​ផ្គាប់​ចិត្ត​ចៅហ្វាយ​នាយ​របស់​ខ្លួន។

តើ​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មន្ត្រី​រាជការ​ទាំង​នោះ មិន​បាន​អនុវត្ត​តួនាទី​បម្រើ​រាស្ត្រ​របស់​ខ្លួន​តែ​បែរ​ជា​ទៅ​បម្រើ​បុគ្គល និង​លើក​តម្កើង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​វិញ?

មន្ត្រី​រដ្ឋាភិបាល​បាន​អនុវត្ត​ការងារ​លើស​ពី​បញ្ជា​ថ្នាក់​លើ ទោះ​បី​ការ​អនុវត្ត​ការងារ​នោះ​ខុស​ច្បាប់ ឬ​ត្រូវ​ច្បាប់​ក៏ដោយ សំខាន់​ឲ្យ​តែ​ថ្នាក់​លើ​របស់​ពួក​គាត់​ពេញ​ចិត្ត។ ក៏ប៉ុន្តែ ការ​អនុវត្ត​បែប​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម និង​សិទ្ធិ​មនុស្ស​ជាដើម។

នៅ​ខណៈ​ដែល​ស្ថានភាព​នយោបាយ​កំពុង​ជាប់​គាំង​ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ មក​នោះ សន្ទុះ​បាតុកម្ម​ទាក់ទង​នឹង​រឿង​នយោបាយ ក្រុម​កម្មករ និង​សហគមន៍​រងគ្រោះ​ដីធ្លី ក៏​បាន​ផ្ទុះ​ឡើង​ព្រមៗ​គ្នា​ដែរ។

ការ​ធ្វើ​បាតុកម្ម​ជា​ញឹកញាប់ ត្រូវ​បាន​បង្ក្រាប​ពី​អាជ្ញាធរ​រដ្ឋាភិបាល​រហូត​ដល់​ផ្ទុះ​ហិង្សា និង​បាញ់​សម្លាប់​ជាដើម។ ក៏ប៉ុន្តែ ខាង​ក្រសួង​មហាផ្ទៃ តែង​តែ​បដិសេធ​ជា​បន្តបន្ទាប់​ថា គោលការណ៍​ថ្នាក់​លើ​មិន​បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​ប្រើ​អំពើ​ហិង្សា​ទេ ហើយ​ការ​បាញ់​បង្ក្រាប​នោះ ថា​ជា​ការ​បាញ់​ការពារ​ខ្លួន ឬ​ក៏​ជន​ទី​បី​ជា​អ្នក​បាញ់​បាតុករ​ជាដើម។

ជាង​នេះ​ទៅ​ទៀត មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ឯក​បក្ស ឬ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ពី​ការ​មិន​គាំទ្រ​សកម្មភាព​របស់​គណបក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​នេះ​ទេ។ ទន្ទឹម​នឹង​នេះ មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន ដើម្បី​រក្សា​តួនាទី និង​អ្នក​បកស្រាយ​តាម​ទូរទស្សន៍​ដែល​គាំទ្រ​រដ្ឋាភិបាល​នោះ បាន​ថ្កោលទោស​ចំពោះ​ក្រុម​បាតុករ ទោះ​បី​ជា​ឃើញ​សកម្មភាព​បាញ់​សម្លាប់​ក្ដី ក៏​ពួក​គាត់​មិន​ចាត់​ទុក​ថា ជា​ទង្វើ​ខុស​ច្បាប់ និង​រំលោភ​សិទ្ធិ​មនុស្ស​នោះ​ទេ។ បញ្ហា​សំខាន់​នៅ​ត្រង់​ថា ការ​ប្រកាស​ថ្កោលទោស​ក្រុម​បាតុករ​នោះ គឺ​ដើម្បី​ធ្វើ​បំពេញ​ចិត្ត និង​ផ្គាប់​ចិត្ត​មេ​ដឹក​នាំ​របស់​ខ្លួន នៅ​ខណៈ​ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ កំពុង​ចោទ​ប្រកាន់​ថា ការ​បោះ​ឆ្នោត​ជាតិ​កន្លង​ទៅ​មិន​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ ហើយ​គណបក្ស​ប្រឆាំង​បាន​ប្រកាស​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​នោះ។

ជាង​នេះ​ទៅ​ទៀត ចំពោះ​អ្នក​ធ្វើ​ការ​អធិប្បាយ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​មួយ​ចំនួន ទោះ​ជា​មិន​មាន​តួនាទី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ក្ដី ក៏ប៉ុន្តែ​ពួក​គាត់​មួយ​ចំនួន​នោះ​អាច​មាន​ផល​ប្រយោជន៍​ពី​គណបក្ស​កាន់​អំណាច ពួក​គាត់​មួយ​ចំនួន​នេះ បាន​ដើរ​តួ​មិន​ខុស​ពី​អ្នក​នយោបាយ​នោះ​ដែរ គឺ​បាន​ធ្វើ​ការ​អធិប្បាយ​អំពី​រឿង​នយោបាយ ឬ​ស្ដី​បន្ទោស​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​អំពី​ការ​ដឹក​នាំ​គណបក្ស​ប្រឆាំង និង​ខ្លះ​ទៀត ខំ​ប្រឹង​បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ព្យាយាម​ពន្យល់​ប្រជាពលរដ្ឋ​ថា រដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ គោរព​រដ្ឋធម្មនុញ្ញ រីឯ​គណបក្ស​ប្រឆាំង​មិន​គោរព​រដ្ឋធម្មនុញ្ញ។ល។

មនោគមន៍​វិជ្ជា​ដ៏​ជ្រាលជ្រៅ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូល​ជ្រួតជ្រាប​ដល់​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន រាល់​សកម្មភាព​របស់​លោក​ទាំងអស់ តាម​មើល​ទៅ​ហាក់​គ្មាន​កំហុស ដោយសារ​មន្ត្រី​ថ្នាក់​ក្រោម តែង​តែ​លើក​សរសើរ​អំពី​ស្នាដៃ​របស់​លោក​ឥត​ឈប់​ឈរ រហូត​ដល់​ហ៊ាន​រាយការណ៍​កុហក​ទៀត​ក៏​មាន ដើម្បី​បំពេញ​ចិត្ត​លោក​នាយក​រដ្ឋមន្ត្រី ដូច​ជា​កាល​ពី​មុន​បោះ​ឆ្នោត មន្ត្រី​ក្រោម​បង្គាប់​របស់​លោក​បាន​រាយការណ៍​ប្រាប់​ថា ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​គាំទ្រ លោក ហ៊ុន សែន មាន​សន្ទុះ​ច្រើន​ដដែល។ ក៏ប៉ុន្តែ នៅ​ក្រោយ​លទ្ធផល​បោះ​ឆ្នោត ទើប លោក ហ៊ុន សែន នឹក​ស្មាន​មិន​ដល់​ដែល​គណបក្ស​ប្រជាជន​កម្ពុជា មាន​អ្នក​បោះ​ឆ្នោត​ជូន​ថយ​ចុះ​ជាង ២០​អាសនៈ​នោះ។

ក្រៅ​ពី​នេះ នរណា​ក៏​ដឹង​ដែរ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ឥទ្ធិពល​គ្រប​ដណ្ដប់​លើ​ស្ថាប័ន​រដ្ឋ​ទាំងអស់ មិន​ថា​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ។ កាល​ពី​ឆ្នាំ​២០១២ លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា អ្នកស្រី យ៉ោម បុប្ផា ជា​អ្នក​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​គេ ទោះ​បី​ជា​អ្នកស្រី​មាន​ភស្តុតាង​បញ្ជាក់​ថា​មិន​មែន និង​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​អ្នកស្រី​ក៏ដោយ។ នៅ​ទី​បំផុត តុលាការ​កាត់​ទោស​ឲ្យ​អ្នកស្រី​ជាប់​គុក​ជាង ២​ឆ្នាំ។ តែ​ក្រោយ​មក តុលាការ​កំពូល​ដោះ​លែង​អ្នកស្រី​វិញ។

ករណី លោក សម រង្ស៊ី រឿង​បង្គោល​តម្រុយ​ព្រំដែន​វិញ ក៏​មិន​ខុស​គ្នា​ដែរ មាន​ប្រជាពលរដ្ឋ​ជាច្រើន​អះអាង​ថា វៀតណាម បាន​បង្គោល​ចូល​មក​លើ​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង។ តែ​នៅ​ពេល​រដ្ឋាភិបាល​ប្ដឹង លោក សម រង្ស៊ី តុលាការ​ក៏​កាត់​ទោស​ឲ្យ លោក សម រង្ស៊ី ជាប់​គុក​ជាង ១០​ឆ្នាំ។ នៅ​មុន​បោះ​ឆ្នោត​ជាតិ លោក ហ៊ុន សែន បាន​សម្ដែង​ជា​តួ​ចិត្ត​ល្អ សុំ​ទៅ​ព្រះមហាក្សត្រ​លើក​លែង​ទោស​ឲ្យ លោក សម រង្ស៊ី ជាដើម។

ទាក់ទង​នឹង​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំលឹក​អំពី​បញ្ហា​ដែល​លោក​បាន​សុំ​ព្រះរាជ​ប្រទាន​ទោស​ដល់​ព្រះមហាក្សត្រ​ជូន លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខណៈ​លោក​កំពុង​កាន់​ទុក្ខ​នៅ​ពេល​ឪពុក​របស់​លោក​ទទួល​មរណភាព។

«សំឡេង»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ចាត់​ការ​របស់​តុលាការ​នេះ មាន​សំណួរ​ជាច្រើន​បាន​ចោទ​សួរ​ថា តើ​តុលាការ​ចាត់​ការ​លើ​សំណុំ​រឿង​ទាំង​នេះ ដើម្បី​បំពេញ​ចិត្ត​មេ​ដឹក​នាំ ឬ​មន្ត្រី​តុលាការ​ខ្លាច​ការ​ដក​តួនាទី​ពី​ចៅហ្វាយ​របស់​ខ្លួន?

នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ នៅ​ពេល​ស្ថានភាព​នយោបាយ​កំពុង​ជាប់​គាំង មន្ត្រី​រដ្ឋាភិបាល​ហាក់​ដូច​អនុវត្ត​កិច្ចការ​មួយ​ចំនួន​របស់​ថ្នាក់​លើ​របស់​ខ្លួន​ជាង​អនុវត្ត​ច្បាប់​ទៅ​ទៀត ដូច​ជា ពេល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹក​នាំ​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់​នោះ លោក ហ៊ុន សែន ប្រកាស​ព្រមាន​ថា ការ​ធ្វើ​បាតុកម្ម​ប្រយ័ត្ន​បាត​ដៃ​ទី​បី។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ក៏​មាន​ការ​បង្ក្រាប​កម្មករ និង​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ រហូត​ដល់​មាន​ការ​បាញ់​សម្លាប់​កម្មករ និង​ប្រជាពលរដ្ឋ។ល។

ការ​ផ្ទុះ​អំពើ​ហិង្សា​នេះ ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​នេះ មន្ត្រី​រដ្ឋាភិបាល​មិន​បាន​រក​ឃាតក​ឃើញ​ទេ ហើយ​ថា​មាន​ជន​ទី​បី​ជា​អ្នក​បាញ់​សម្លាប់ និង​ផ្សេងៗ​ទៀត។

មួយ​វិញ​ទៀត លោក ហ៊ុន សែន បាន​ប្រកាស​ថា គណបក្ស​ប្រជាជន​កម្ពុជា ក៏​មាន​អ្នក​គាំទ្រ ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ វិញ​ដែរ។ នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ស្រាប់​តែ​មាន​បាតុកម្ម​ដែល​រៀប​ចំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​កំពង់ចាម ធ្វើ​បាតុកម្ម​ប្រាំង និង​ការ​ជួប​ជុំ​គ្នា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីស្នាក់ការ​គណបក្ស​នេះ​នៅ​ទី​រួម​ខេត្ត​កំពង់ចាម។

នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម ខ្មែរ​ក្រហម​បាន​ពង្វក់​អ្នក​នៅ​ថ្នាក់​ក្រោម​របស់​ខ្លួន​ឲ្យ​សម្លាប់​អ្នក​ដែល​ហ៊ាន​តវ៉ា និង​អ្នក​ដែល​ចេះ​ដឹង​ដែល​គេ​លាប​ពណ៌​ថា​ជា​ខ្មាំង។ ការ​លាប​ពណ៌​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម ត្រូវ​បាន​សម្លាប់​ជន​ស្លូត​ត្រង់​អស់​រាប់​លាន​នាក់។ កម្មាភិបាល​ថ្នាក់​ក្រោម បាន​អនុវត្ត​បញ្ជា​ថ្នាក់​លើ​ហួស​ពី​ការ​កំណត់​ទៅ​ទៀត។ ក៏ប៉ុន្តែ នៅ​សម័យ​នោះ កម្មាភិបាល ឬ​មេ​កង​មាន​មោទនភាព​ណាស់​នៅ​ពេល​សម្លាប់​ជន​ស្លូត​ត្រង់​ដែល​គេ​ចាត់​ទុក​ថា​ខ្មាំង ដោយ​ពួក​គាត់​មិន​បាន​ពិចារណា​ថា ការ​សម្លាប់​នោះ​ត្រូវ​ជា​បង​ប្អូន​សាច់ញាតិ ឬ​ជាតិ​សាសន៍​ដូច​គ្នា​នោះ​ឡើយ។

ដោយ​ឡែក​នៅ​ក្នុង​សម័យ​កាល​នេះ​វិញ ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ទៅ​លើ​កម្មករ ពួក​គាត់​ហាក់​បី​ដូច​ជា​មិន​បាន​គិត​ថា តើ​កម្មករ ឬ​ក្រុម​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ទាមទារ​យុត្តិធម៌ ឬ​ទាមទារ​ប្រាក់​ឈ្នួល​រស់​នៅ​សមរម្យ​នោះ​ទេ សំខាន់ គឺ​អនុវត្ត​ទៅ​តាម​បញ្ជា​របស់​មេ​បញ្ជា​ជា​រឿង​សំខាន់​បំផុត ទោះ​បី​ត្រូវ​ប្រើ​អំពើ​ហិង្សា ឬ​បាញ់​សម្លាប់។

ម្យ៉ាង​ទៀត ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ក៏​ដូច្នោះ​ដែរ ពួក​គាត់​ហាក់​ចាត់​ទុក​អ្នក​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​តាម​ច្បាប់​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នោះ ថា​ជា​អ្នក​បង្ក​អសន្តិសុខ ធ្វើ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​សង្គម និង​ចោទ​ប្រកាន់​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​អ្នក​ញុះញង់​ឲ្យ​ជាដើម។ ការ​ពិត គឺ​ការ​មិន​ផ្តល់​យុត្តិធម៌​សង្គម​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ពី​សំណាក់​មន្ត្រី​ដែល​ចេះ​តែ​លើក​ជើង​មេ​របស់​ខ្លួន​នេះ​ហើយ ដែល​អាច​បង្ក​អោយ​មាន​ការ​ខក​ចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ ហើយ​ដែល​នាំ​អោយ​មាន​ការ​តវ៉ា និង​បាតុកម្ម​មិន​ឈប់​ឈរ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។